ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សវនការ​​រឿងកូនប្រុស​នាយ​ហុងដា​និងសង្សារ លើកពេលដោយមិនកំណត់​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​វិច្ឆិកា បាន​លើក​យក​សំណុំរឿង​កូនប្រុស​នាយ​ហុងដា​ និងសង្សារ ក្នុង​បទ​សម្លាប់​ម្តាយចុង​ប្លន់​យក​ទ្រព្យ​សម្បត្តិ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​វិច្ឆិកា បាន​លើក​យក​សំណុំរឿង​កូនប្រុស​នាយ​ហុងដា​ និងសង្សារ ក្នុង​បទ​សម្លាប់​ម្តាយចុង​ប្លន់​យក​ទ្រព្យ​សម្បត្តិ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស ។ ប៉ុន្តែ​ដោយសារ​លោក សួ​ស ចិន្តា មេធាវី​​ការពារ​ក្តី​ឱ្យ​ជនជាប់ចោទ​ដាក់​ពាក្យ​ស្នើ​សុំ​ពន្យារពេល ទើប​សវនាការត្រូវ​បាន​លើក​ទៅ​ថ្ងៃក្រោយ​វិញ ​ដោយ​មិន​កំណត់ ។

សំណុំរឿង​ឃាតកម្ម​ដែល​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល ​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ មាន​ជនជាប់​ចោទ​ឈ្មោះ ខា សុ​ខេន ហៅ និ​ច ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កូនប្រុស​បង្កើត​របស់​នាយ​ហុងដា និង​ឈ្មោះ នេ​ត រស្មី​កន្និកា ភេទ​ស្រី អាយុ១៧​ឆ្នាំ ត្រូវជា​សង្សារ​របស់​កូន​នាយ​ហុងដា​។ពួក​គេ​ជាប់ចោទ​ពី​បទ​ឃាតកម្ម តាម​មាត្រា​១៩៩​នៃ​ក្រមព្រហ្មទណ្ឌ ។

ជនជាប់ចោទ​ទាំង២​នាក់ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយសមត្ថកិច្ច​មូលដ្ឋាន អាវុធហត្ថ​ខណ្ឌដង្កោ និង​ខណ្ឌ​ជ្រោយចង្វា ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១២ ខែឧសភា ឆ្នាំ​២០១៧ កន្លង​ទៅ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​គឺឈ្មោះ ខា សុ​ខេន បាន​សារភាព​ថា រូបគេ​ពិតជា​បាន​សម្លាប់​ម្តាយចុង​ឈ្មោះ ស៊ឹ​ម ច​ន្ធី អាយុ​១៩​ឆ្នាំ ប្រាកដ​មែន ដោយ​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង កាលពី​យប់​ថ្ងៃ​ទី​១០ ឧសភា ឆ្នាំ​២០១៧ នៅ​បន្ទប់​ខុន​ដូរ​បស់​ឪពុក​បង្កើត​(​នាយ​ហុងដា​) ។

ក្រោយ​ពេល​សម្លាប់​រួច ដោយ​សង្សារ​របស់​ខ្លួន​មក​ពី​ធ្វើការ​វិញ​ទាន់ ខ្លួន​ក៏​អង្វរ​សង្សារ​កុំ​ឲ្យ​ឆោឡោ និង​ជួយ​យក​ភួយ​មក​រុំ​សព​អូស​ទៅ​ទុក​នៅ​បន្ទប់ទឹក ព្រមទាំង​ដោះ​យក​កងដៃ​២១​វង់ ចិញ្ចៀន​១​វង់ ទូរស័ព្ទ​ណូ​គៀ​១​គ្រឿង និង​ម៉ូតូ​១​គ្រឿង​ចាកចេញ​តែ​ម្តង ដែល​រឿង​នេះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។

ជន​ឈ្មោះ ខា សុ​ខេន រៀបរាប់​ថា រូបគេ​បាន​មក​រស់នៅ​ខុន​ដូ​ជាមួយ​ឪពុក​និង​ម្តាយចុង​ប្រហែល​៤​ទៅ​៥​ខែ​មក​ហើយ ព្រោះ​ម្តាយបង្កើត​ឈ្មោះ រ៉េ​ន សុធា​រី ហៅ​ឃ្មឹ​ប ដែល​ត្រូវជា​ប្រពន្ធ​មុន​របស់​នាយ​ហុងដា​មាន​ប្តី​ថ្មី ។ ក្នុង​ពេល​មក​រស់នៅ​ជាមួយ​ឪពុក គឺ​ខ្លួន​បាន​នាំ​សង្សារ​ឈ្មោះ នេ​ត រស្មី​កន្និកា មក​នៅ​ជាមួយ​ដែរ ហើយ​ខ្លួន​មិនសូវ​ចូល​ចិត្ត​ម្តាយចុង​ទេ ដោយសារ​នៅ​ពេល​ដែល​ឪពុក​ខ្លួន​មិន​នៅផ្ទះ ម្តាយចុង​តែងតែ​ស្តីបន្ទោស​ឲ្យ​ខ្លួន​ជា​ញឹកញាប់ ធ្វើ​ឲ្យ​ខ្លួន​មាន​គំនុំ​រហូត​មក ។

ក្រោយ​ពេល​សម្លាប់​ម្តាយចុង​រួច​ហើយ ខ្លួន​បាន​ទៅ​សម្រាក​នៅផ្ទះ​ម្តាយ​សង្សារ​១​យប់ នៅ​ខណ្ឌឫស្សីកែវ លុះ​ព្រឹក​ឡើង​ទើប​នាំ​សង្សារមក​ដេក​ស្នាក់​នៅ​ជក់​ថ្នាំ​ញៀន​នៅផ្ទះ​គ្មាន​លេខ ក្នុងភូមិ​១ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា ។ រីឯ​គ្រឿងអលង្ការ​ដែល​ខ្លួន​ប្លន់​បាន គឺ​យក​ទៅ​បញ្ចាំ​បាន​៤​ម៉ឺន​រៀល ព្រោះ​អ្នក​បញ្ចាំ​ប្រាប់​ថា​ជារបស់​កាឡៃ ហើយ​ម៉ូតូ​បញ្ចាំ​បាន​១០០​ដុល្លារ រួច​យក​លុយ​នោះ​ទិញ​ថ្នាំ​ញៀន​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ