ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ រោគ​សញ្ញា និង​វិធី​បង្ការ​ជំងឺ​ពុក​ឆ្អឹង

6 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ​ជំងឺ​ពុក​ឆ្អឹង​គឺជា​រឿង​ធម្មតា​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ។ ទោះ​ជា​យ៉ាងណា​ក្តី មិន​មាន​មនុស្ស​ច្រើន​នាក់​ដឹង​ទេ​ថា​ ស្ត្រី​វ័យក្មេង​ជា​ច្រើន​កំពុង​រង​ផល​​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ រួម​ទាំង​ស្ត្រី​មុន​អាយុ​អស់​រដូវ​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ ៣០​ឆ្នាំ និង ៤០​ឆ្នាំ…

យើង​ទាំងអស់​គ្នា​ដឹង​ហើយ​ថា ​ជំងឺ​ពុក​ឆ្អឹង​គឺជា​រឿង​ធម្មតា​ចំពោះ​មនុស្ស​វ័យ​ចំណាស់ ។ ទោះ​ជា​យ៉ាងណា​ក្តី មិន​មាន​មនុស្ស​ច្រើន​នាក់​ដឹង​ទេ​ថា​ ស្ត្រី​វ័យក្មេង​ជា​ច្រើន​កំពុង​រង​ផល​​ប៉ះពាល់​ដោយសារ​ជំងឺ​នេះ រួម​ទាំង​ស្ត្រី​មុន​អាយុ​អស់​រដូវ​ដែល​មាន​អាយុ​ជាង​២០​ឆ្នាំ ៣០​ឆ្នាំ និង ៤០​ឆ្នាំ ។ ទោះបីជា​ស្តាប់​ទៅ​មិន​គួរ​ឲ្យ​ជឿ តែ​មាន​ករណី​មួយ​ចំនួន​ដែល​ស្ត្រី​វ័យក្មេង​មាន​ដង់ស៊ីតេ​ឆ្អឹង​ទាប​ដែល​បង្កើន​ឱកាស​នៃ​ជំងឺ​ពុក​ឆ្អឹង​នៅ​ពេល​ក្រោយ ។

ហេតុ​អ្វី​បានជា​មាន​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង​ចំពោះ​ស្ត្រី​វ័យក្មេង ?
ស្ត្រី​វ័យក្មេង​ដែល​មាន​និន្នាការ​កំណត់​នូវ​អ្វី​ដែល​ពួក​គេ​បរិភោគ​ដើម្បី​សម្រក​ទម្ងន់ គឺ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង និង​ការ​ប្រេះ​ឆ្អឹង ។ បញ្ហា​នេះ​ក៏​រាប់​បញ្ចូល​ទាំង​ស្ត្រី​មាន​ផ្ទៃពោះ​ផង​ដែរ​នៅ​ពេល​ដែល​ទារក​លូតលាស់​នៅ​ក្នុង​ស្បូន​របស់​ម្តាយ​ត្រូវការ​ជាតិ​កាល់ស្យូម​ច្រើន​សម្រាប់​សុខភាព​ឆ្អឹង និង​ការ​អភិវឌ្ឍ ជា​ពិសេស​ក្នុង​រយៈពេល​៣​ខែ​ដំបូង ។ ក្នុង​ករណី​មួយ​ចំនួន​ស្ត្រី​មាន​ជំងឺ​ពុក​ឆ្អឹង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​បំបៅ​ដោះ​កូន ទោះបីជា​វា​កម្រ​ក៏​ដោយ ។ ស្របគ្នា​នេះ​ដែរ មាន​ករណី​ជា​ច្រើន​ដែល​ម្តាយ​ដែល​បាន​បាត់បង់​ម៉ាស​ឆ្អឹង​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​ពួក​គេ​ឈប់​បំបៅ​ដោះ​កូន ។ ទោះបីជា​យ៉ាងណា​ក្តី គេ​មិន​ច្បាស់​ទេ​ថា​តើ​ការ​បាត់បង់​ម៉ាស់​ឆ្អឹង​របស់​អ្នក​ម្តាយ​វ័យក្មេង​អាច​មាន​ភាព​ប្រសើ​ឡើង​វិញ រឺ​យ៉ាងណា​នោះ​ទេ ។

រោគ​សញ្ញា​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​ចង​ចាំ​៖
-​ឈឺចង្កេះ​បណ្តាល​មក​ពី​ឆ្អឹង​កង​ខ្នង​ប្រេះ ឬ​បាក់
-​ការ​បាត់បង់​កម្ពស់
-​ឥរិយាបថ​អោន​ទៅ​មុខ
-​ការ​ប្រេះ​ឆ្អឹង​អាច​កើត​មាន​ឡើង​ច្រើន​ជាង​ការ​រំពឹង​ទុក

គន្លឹះ​មួយ​ចំនួន​ដែល​អ្នក​ត្រូវ​តែ​អនុវត្ត​តាម​ដើម្បី​រក្សា​សុខភាព​ឆ្អឹង​ឲ្យ​បាន​ល្អ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ពេល​បំបៅ​ដោះ​កូន និង​មុន​អស់​រដូវ ។

កាល់ស្យូម ៖ តម្រូវការ​ជាតិ​កាល់ស្យូម​ក្នុង​រាង​កាយ​អំឡុង​ពេល​មាន​ផ្ទៃពោះ​កើនឡើង​យ៉ាង​ខ្លាំង ។ National Academy of Sciences បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ស្ត្រី​បំបៅ​ដោះ​កូន​គួរតែ​ទទួលទាន​ជាតិ​កាល់ស្យូម​១.០០០​មី​ល្លី​ក្រាម​រាល់ថ្ងៃ ។ ចំពោះ​អ្នក​ម្តាយ​វ័យក្មេង ការ​ទទួលទាន​ជាតិ​កាល់ស្យូម​គឺ​១.៣០០​មី​លី្ល​ក្រាម​ក្នុង​១​ថ្ងៃ ។ អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​មាន​ដូច​ជា​ផលិតផល​ទឹកដោះគោ​មាន​ជាតិ​ខ្លាញ់​ទាប បន្លែ​ស្លឹក​មាន​ពណ៌​បៃតងចាស់ ត្រី​កំប៉ុង តៅហ៊ូ គ្រាប់​អាល់​ម៉ុ​ន និង​អាហារ​ដែល​មាន​ជាតិ​កាល់​ស្យូម​គួរតែ​ទទួលទាន​ឲ្យ​បាន​ញឹកញាប់ ។

ធ្វើ​លំ​ហាត់ប្រាណ ៖ វេជ្ជបណ្ឌិត​ស្ទើរតែ​ទាំងអស់​បាន​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​លំ​ហាត់ប្រាណ ។ ទោះជា​យ៉ាងណា​ក្តី ការ​ធ្វើ​លំ​ហាត់ប្រាណ​នេះ​ត្រូវ​តែ​ធ្វើ​តាម​ការ​ណែនាំ​របស់​អ្នកជំនាញ ។

យោង​តាម​ការ​សិក្សា​របស់ American College of Obstetricians and Gynecologists ការ​មាន​សកម្មភាព​អំឡុង​ពេល​មាន​ផ្ទៃពោះ​អាច​ជួយ​កាត់​បន្ថយ​ការ​ឈឺចង្កេះ ទល់​លាមក ហើមពោះ និង​ហើម​លើ​រាង​កាយ និង​ការពារ ឬ​ព្យាបាល​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​មាន​ផ្ទៃពោះ ។ វា​ក៏​ជួយ​បង្កើន​ថាមពល ធ្វើ​ឱ្យ​អារម្មណ៍ និង​ឥរិយាបថ​កាន់តែ​ប្រសើរ​​ឡើង និង​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល ។ វា​ជួយ​លើកកម្ពស់​ដល់​សាច់ដុំ កម្លាំង និង​ការ​ស៊ូទ្រាំ និង​ជួយ​ឲ្យ​អ្នកមាន​រាង​ស្អាត​បន្ទាប់​ពី​សម្រាលកូន ។

របៀប​រស់នៅ​ដែល​ល្អ​ចំពោះ​សុខភាព ៖ ការ​ជក់បារី​មាន​ផល​អាក្រក់​សម្រាប់​សុខភាព​របស់​​អ្នក​ក៏​ដូច​ជា​កូន​របស់​អ្នក ។ វា​ត្រូវ​បាន​គេ​បង្ហាញ​ថា​មិនល្អ​ចំពោះ​សុខភាព​បេះដូង សួត និង​ឆ្អឹង ។ សារធាតុ​អាល់កុល​ក៏​មិនល្អ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​បំបៅ​ដោះ​កូន ព្រមទាំង​ទារក​របស់​ពួក​គេ ហើយ​ការ​ផឹកស្រា​ច្រើន​ពេក​មិនល្អ​ចំពោះ​សុខភាព​ឆ្អឹង ។

ដូច្នេះ​​ត្រូវ​ប្រាកដ​ថា​អ្នកមាន​របៀប​រស់នៅ​ដែល​ល្អ​ចំពោះ​សុខភាព​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​ពុក​ឆ្អឹង និង​ជំងឺ​ពុក​ឆ្អឹង​ក្នុងអំឡុងពេល​ដែល​អ្នក​រាំងរដូវ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ