ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​ចរចា​បើក​ទីផ្សារ​តា​ង៉ែ​ន​ទៅ​ប្រទេស​ចិន​នៅ​ចុងឆ្នាំ​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ខណៈ​នេះ ក្រសួង​កំពុង​ចាត់ចែង​ស្វែងរក​ទីផ្សារ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ជូន​ប្រជា​កសិករ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បញ្ជាក់​ថា ខណៈ​នេះ ក្រសួង​កំពុង​ចាត់ចែង​ស្វែងរក​ទីផ្សារ​មៀន​ប៉ៃលិន (​តា​ង៉ែ​ន​) ជូន​ប្រជា​កសិករ ហើយ​នៅ​ខែធ្នូ ខាង​មុខ​នេះ ក្រសួង​នឹង​ចរចា​បើក​របាំង​ទីផ្សារ​នៅ​ប្រទេស​ចិន (​អនាម័យ និង​ភូតគាម​អនាម័យ​) ដើម្បី​នាំ​ចេញ ។

លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ប្រសាសន៍​ថា ៖«​យើង​មិន​ត្រឹមតែ​និយាយ​ជាមួយ​ភាគី​ថៃ​ប៉ុណ្ណោះ​ទេ នៅ​ខែធ្នូ​ខាង​មុខ​នេះ ថ្នាក់ដឹកនាំ​ក្រសួង​នឹង​ទៅ​ចរចា​បញ្ហា​អនាម័យ និង​ភូតគាម​អនាម័យ​ដើម្បី​បើក​ទីផ្សារ​នៅ​ប្រទេស​ចិន » ។

លោក​សង្កត់ធ្ងន់​ថា ៖« សព្វ​ថ្ងៃនេះ របាំង​ទីផ្សារ​ដែល​ធំ​បំផុត​នោះ គឺ​អនាម័យ និង​ភូតគាម​អនាម័យ » ។

លោក​បណ្ឌិត​បញ្ជាក់​ថា ៖« នៅ​ពេល​យើង​ចរចា​បើក​របាំង​អនាម័យ និង​ភូតគាម​អនា​ម័យ​រួច​ហើយ​នោះ កសិករ​មិន​ត្រឹមតែ​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​ប៉ុណ្ណោះ​ទេ កសិករ​ត្រូវ​តែ​គោរព​តាម​គោលការណ៍​បច្ចេកទេស ធ្វើ​យ៉ាងណា នៅ​ពេល​ប្រមូល​ផល កុំ​បន្សល់​នូវ​ជាតិពុល​ផ្សេង​ពី​ការ​ប្រើប្រាស់​ក្នុង​ផលិតកម្ម ជា​ពិសេស ថ្នាំ​កម្ចាត់​សត្វល្អិត ដើម្បី​កុំឱ្យ​វា​មាន​អ្វីមួយ​រារាំង​ទៅ​នឹង​អ្វី​ដែល​យើង​ខំប្រឹង​ប្រែង​នេះ » ។

ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​មៀន ប៉ៃលិន បានឱ្យ​ដឹង​ថា បច្ចុប្បន្ន កសិករ​ដាំ​ដំណាំ​នេះ បាន​យល់​ដឹង​ប្រហែល​៦០% ហើយ​ម្នាក់​ៗ​កំពុង​ព្យាយាម​កែប្រែ​ការ​ប្រើ​ប្រាស់​ទាំង​ជី ថ្នាំ​គីមី ធនធាន និង​រូបមន្ត​នៃ​ការ​ប្រើប្រាស់ ។

លោក ស្រេង ស្រៀ​ង ប្រធាន​ក្រុមប្រឹក្សាភិបាល​រូប​នេះ​បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១១ វិច្ឆិកា ថា មៀន​ប៉ៃលិន​ភាគច្រើន​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ហើយ​មិន​បាន​នាំ​ចេញ​ដោយ​ផ្ទាល់​ទៅ​កាន់​ប្រទេស​ចិន​នោះ​ទេ ។ បញ្ហា​នេះ បាន​ធ្វើ​ឱ្យ​ខាតបង់​ទៅ​លើ​ច្រកព្រំដែន និង​តម្លៃ​ដឹក​ជញ្ជូន ដែល​នាំ​ឲ្យ​មានការ​ប្រែប្រួល​តម្លៃនៅលើទីផ្សារ​។ នៅ​ថ្ងៃ​ខាង​មុខ ប្រសិនបើ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម អាច​ចរចា​បើក​ទីផ្សារ​នៅ​ប្រទេស​ចិន​បានជា​ផ្លូវការ វា​នឹង​អាច​ជួយ​ដល់​កសិករ​ដាំ​មៀនបាន​នៅ​ទូ​ទាំង​ប្រទេស ។

លោក​បន្ត​ថា ៖« ឆ្នាំ​នេះ ការ​ប្រមូល​ផល​មៀន​ប៉ៃលិន​ល្អ​ជាង​ឆ្នាំ​មុន ហើយ​យើង​មិន​ត្រឹម​តែ​ចែករំលែក​ចំណេះដឹង​បច្ចេកទេស​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​ប៉ុណ្ណោះ​ទេ តែ​សហគមន៍​បាន​ចែករំលែក​ទៅ​ដល់​អ្នក​ដាំ​មៀននៅ​ខេត្តបាត់ដំបង និង​បន្ទាយ​មាន​ជ័យ​ផង​ដែរ ហើយ​ថែម​ទាំង​ជួយ​រក​ទីផ្សារ​ជូន​ពួក​គាត់​ទៀត » ។

លោក​បញ្ជាក់​ថា ៖« គិត​មក​ដល់​ពេល​នេះ ទំហំ​ផ្ទៃដី​ដាំ​ដុះ​មៀន​ប៉ៃលិន​របស់​សហគមន៍ មាន​ចំនួន​ជាង​១​ពាន់​ហិ​កតា និង​នៅ​ក្រៅ​សហគមន៍​ដែល​មិន​ទាន់​ចូល​ជា​សមាជិក ប្រហែល​២​ពាន់​ហិ​កតា » ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​បង្ហាញ​ថា កម្ពុជា​មាន​ផ្ទៃដី​ដាំ​មៀន​ប៉ៃលិន​ប្រមាណ​៨.៨១៦​ហិ​កតា ក្នុង​នោះ​ខេត្ត​ប៉ៃលិន​មាន​៤០%, បាត់ដំបង​៤០%, កំពត​៨% និង​ខេត្តពោធិ៍សាត់ ៣% ។ ចំណែក​ខេត្ត​ផ្សេង​ៗ​មាន​ផ្ទៃដី​ដាំ​ដុះ​តិចតួច​ប៉ុណ្ណោះ ។

របាយការណ៍​បញ្ជាក់​ថា ក្នុង​ឆ្នាំ​២០១៦-២០១៧ កម្ពុជា​អាច​ប្រមូល​ផល​មៀន​ប៉ៃលិន​បាន​ប្រមាណ​១៩.២១៨​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ