ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះអគារភ្លោះរោងចក្រទាំងមូល អស់​ជាង​៥លានដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ធំ​មួយ ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ទទួល​រង​នូវ​ការ​ខូចខាត​ទាំងស្រុង រួម​ទាំង​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម សម្លៀក​បំពាក់ ផលិតផល​សម្រេច ម៉ាស៊ីនសង្វា​ក់​ផលិតកម្ម…

រាជធានី​ភ្នំពេញ ៖ រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ធំ​មួយ ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ ត្រូវ​បាន​អគ្គិភ័យ​ឆេះ​យ៉ាង​សន្ធោសន្ធៅ បណ្ដាល​ឲ្យ​ទទួល​រង​នូវ​ការ​ខូចខាត​ទាំងស្រុង រួម​ទាំង​ក្រណាត់​ដែល​ជា​វត្ថុធាតុដើម សម្លៀក​បំពាក់ ផលិតផល​សម្រេច ម៉ាស៊ីនសង្វា​ក់​ផលិតកម្ម និង​សម្ភារ​ឧបករណ៍​ជា​ច្រើន​ទៀត​ផង​ដែរ ។ ទោះបីជា​បែប​ណា​មិន​ទាន់​ដឹង​ថា​ទំហំ​នៃ​ការ​ខូចខាត​គិត​ជា​ទឹកប្រាក់ មាន​ចំនួន​ប៉ុន្មាន​នៅឡើយ​ទេ ប៉ុន្តែ​តាម​ការ​ប៉ាន់ស្មាន​អាច​មាន​ចំនួន​រាប់​សិប​ម៉ឺន​ដុល្លារ​ឯណោះ ។

ដោយឡែក​មូលហេតុ​នៃ​ការ​ឆេះ​ខាងលើ​នោះ ក៏​នៅ​មិន​ទាន់​ត្រូវ​បានដឹង​នៅឡើយ តែ​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​មានការ​សង្ស័យ​បណ្ដាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ដោយសារ​បានឮ​សំឡេង​ផ្ទុះ ហើយ​បន្ទាប់​មក​ក៏​មាន​អណ្តាតភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង និង​ការ​សង្ស័យ​មួយទៀត ត្រូវ​បាន​គេ​ចោទ​ទៅ​លើ​ជាង​ផ្សារ​ដែក ។ ទោះបីជា​បែប​នេះ​ក្តី ហេតុ ការណ៍​អគ្គិភ័យ​នេះ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​គ្រោះ​ទេ គឺ​មាន​តែ​មន្ត្រី​នគរ បាល​ផ្នែក​ពន្លត់​អគ្គិភ័យ​ម្នាក់ បាន​ដួល​សន្លប់​ដោយសារ​តែ​ខ្យល់គរ និង​ត្រូវ​បាន​ជួយ​សង្គ្រោះ​បឋម រហូត​ដឹងខ្លួន​ឡើង​វិញ​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត ។ បន្ទាប់​ពី​មាន​ហេតុការណ៍​ដ៏​ភ្ញាក់ផ្អើល​នោះ​កើតឡើង​ភ្លាម កម្លាំង​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​អន្តរាគមន៍​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​បាញ់​ទឹក​ពន្លត់ ។ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ជិត​ភ្លឺ ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ ។ រោងចក្រ​កាត់ដេរ​នេះ​យីហោ​«​ម៉ា​កា​ឡូត​ហ្គា​មេន ខេ​ម​បូ​ឌា​» មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សួន​ឧស្សាហ៍កម្ម​វឌ្ឍនៈ ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

តាម​ប្រភព​ពី​ក្រុម​សន្តិសុខ​យាម​នៅ​រោងចក្រ​នោះ បាន​និយាយ​ថា អគារ​ដែល​ត្រូវ​ឆេះ​នេះ​ជា​អគារ​ភ្លោះ​២​ជាប់​គ្នា អគារ​នីមួយ​ៗ​មាន​ទំហំ​ទទឹង​ប្រវែង​២៤​ម៉ែត្រ​និង​បណ្ដោយ​ប្រវែង​១២០​ម៉ែត្រ សរុប​ទាំង​ពីរ​អគារ​មាន​ទំហំ​៤៨​ម៉ែត្រ​គុណ​នឹង​១២០​ម៉ែត្រ មាន​កម្មករ​-​កម្មការិនី​បម្រើ​ការងារ​ជាង​១​ពាន់​នាក់ និង​ធ្វើការ​តែ​នៅ​ពេល​ថ្ងៃ​ប៉ុណ្ណោះ ។ ដោយឡែក​នៅ​ពេល​យប់​មិន​មាន​កម្មករ​ធ្វើការ​ទេ ។ តាម​ប្រភព​ថា កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា មាន​ភ្លើង​ឆេះ​ម្ដង​មក​ហើយ ដោយសារ​តែ​ជាង​ផ្សារ​ដែក​ធ្វើ​កន្លែង​សម្រាប់​ដាក់​បំពង់​ពន្លត់​អគ្គិភ័យ ហើយ​បាន​ធ្លាក់​កម្ទេច​ផ្កាភ្លើង​ទៅ​លើ​ក្រណាត់ ប៉ុន្តែ​ខណៈនោះ​ត្រូវ​បាន​ពន្លត់​ទាន់​ទើប​គ្មាន​ការ​ឆេះ រាលដាល​បង្ក​ឲ្យ​មាន​មហន្តរាយ​កើតឡើង​នោះ​ទេ ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយមក​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល បន្ទាប់​ពី​ជាង​ផ្សារ​រួច ក្រុម​ជាង ដែល​បម្រើ​ការងារ​បាន​ចាកចេញ​ទៅ​បាត់​អស់ ហើយ​រោងចក្រ​ក៏​បាន​បិទទ្វារ គ្មាន​អ្នក​នៅ​ក្នុង​នោះ​ទៀត​ទេ ដូច្នេះ​ការ​ឆេះ​នេះ​ពុំ​ដឹង​ថា អាច​បណ្ដាល​មក​ពី​អ្វី​នោះ​ឡើយ បើ​ថា​ឆេះ​ដោយសារ​តែ​កម្ទេច​ផ្កាភ្លើង​ដែល​ជាង​ផ្សារ​នោះ​ក៏​មិន​សម​ដែរ ព្រោះ​ជាង​ឈប់​ធ្វើការ​តាំងពី​វេលា​ល្ងាច​មក​ម្ល៉េះ ។

ដោយឡែក​នៅ​មុន​ពេល​ឆេះ សន្តិសុខ​ប្រចាំការ​និយាយ​ថា​បានឮ​ស្នូរ​ផ្ទុះ​នៅ​ក្នុង​អគារ​ខាងលើ​នោះ ដែល​សង្ស័យ​ថា ស្នូរ​ទុ​ស្សេ​ចរន្តអគ្គិសនី ហើយ​បន្ទាប់​មក​មិនយូ​ប៉ុន្មាន​ស្រាប់តែ​មានការ​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង​សន្ធោសន្ធៅ និង​មាន​ផ្សែងហុយ​ឡើង​លើ​យ៉ាង​ឃ្មួ​ល​ខ្មាញ់​តែ​ម្ដង ដែល​កម្លាំង​ឆេះ​នេះ​ខ្លាំងក្លា​និង​ឆាប់រហ័ស​បំផុត​ក្នុង​មួយ​ប៉​ព្រិច​ភ្នែក​ប៉ុណ្ណោះ អណ្តាតភ្លើង​បាន​ហោះ​ឡើង​លើ​យ៉ាង​ក្រហមរន្ទាល គ្រប់​ដណ្តប់​ពេញ​អគារ​រោងចក្រ ខណៈនោះ​ពួក​គាត់​បាន​រាយការណ៍​ជូន​កម្លាំង​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ចេញ​អន្តរាគមន៍​ភ្លាម​ៗ​ដែរ ។

មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​គ្រោះ​អគ្គិភ័យ​នេះ មាន​រថយន្ត​ពន្លត់​ចំនួន​៣២​គ្រឿង​ទៅ​បាញ់​ទឹក ក្នុង​នោះ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ពី​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​២០​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១​កងពលតូច​លេខ​៧០ ចំនួន​៥​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ទីក្រុង​រណប​ជ្រោយចង្វា ចំនួន​៤​គ្រឿង​, រថយន្ត​ពន្លត់​អគ្គិភ័យ​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ១​គ្រឿង និង​រថយន្ត​ពន្លត់​អគ្គិភ័យ​សួន​ឧស្សាហកម្ម​កា​ណា​ឌី​យ៉ា ២​គ្រឿង បាន​ប្រើ​ពេល​ក្នុង​ការ​ពន្លត់​អស់​រយៈពេល​ប្រមាណ​៤​ម៉ោង រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ វិច្ឆិកា​ទើប​រលត់ ។ ប៉ុន្តែ​ក្រុម​ពន្លត់​អគ្គិភ័យ​បាន​បន្ត​បាញ់​ពន្លត់​រងើកភ្លើង ដែល​នៅ​សេសសល់​រហូត​ដល់​វេលា​ម៉ោង​១០​ព្រឹក ទើប​បញ្ចប់​ជា​ស្ថាពរ និង​បាន​ប្រើប្រាស់​ទឹក​អស់​ចំនួន​១៣៤​ស៊ីទែន។
ចំពោះ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ​រក​មូលហេតុ តើ​បណ្តាល​មក​ពី​អ្វី​ឱ្យ​ពិតប្រាកដ ។

តំណាង​រោងចក្រ​បាន​អះអាង​ប្រាប់ VOD ថា អគ្គិភ័យ​នេះ​បង្ក​ឲ្យ​មានការ​ខាតបង់​ទ្រព្យ សម្បត្តិ​គិត​ជា​តម្លៃ​សរុប​ជាង​៥​លាន​ដុល្លារ ។អ្វី​ដែល​ចូលរួម​ព្រួយបារម្ភ​នោះ គឺ​ការបាត់​បត់​ការងារ​របស់​កម្មករ​កម្មការិនី​រោងចក្រ​ជាង​១​ពាន់​នាក់ ដែល​ក្រោយ​ពេល​រោងចក្រ​ត្រូវ​ភ្លើង​ឆេះ ក្រុម​កម្មករ​បាន​បង្ហាញ​ការ​ព្រួយបារម្ភ និង​មិនដឹង​ថា ភាគី​រោងចក្រ​នៅ​តែ​បន្ត​ឲ្យ​ពួក​គេ​ធ្វើ​ការងារ​ទៀត​ឬ​យ៉ាងណា​នោះ ។តំណាង​កម្មករ​មួយ​រូប​និយាយ​ថា ប្រសិនបើ​ថៅកែ​រោងចក្រ​កាត់​បុគ្គលិក​ចោល​ខ្លះ​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្មករ ព្រោះ​ភ្លាម​ៗ​នៅ​ចំពោះ​មុខ​នេះ ពួក​គាត់​មិន​អាច​រក​ការងារ​បាន​ធ្វើ​នោះ​ឡើយ ។

តំណាង​ដដែល​បាន​សុំ​ឲ្យ​ថៅកែ​រោងចក្រ និង​ភាគី​ពាក់ព័ន្ធ​ជួយ​ដោះស្រាយ ធ្វើ​យ៉ាងណា​ជួយ​សម្រួល​ឲ្យ​កម្មករ​បាន​បន្តការងារ ដោយ​មិន​មានការ​កាត់​បន្ថយ​កម្មករ​ចេញ ។ និយាយ​ទៅ ពួក​ខ្ញុំ​សោកស្តាយ​ខ្លាំង​ណាស់ ដោយសារ​នៅ​ថ្ងៃ​សុក្រ​ខាង​មុខ​ហ្នឹង រោងចក្រ​ប្រជុំ​កម្មករ​ដើម្បី​រក​វិធី​ថា អ្នក​ណា​បន្ត​ធ្វើ​ខ្លះ ហើយ​អ្នក​ណា​ត្រូវ​ទៅ ហើយ​ខ្ញុំ​ជឿជាក់​ថា ថៅកែ​មិន​ចោល​កូនចៅ​ទេ ព្រោះ​រោងចក្រ​នេះ​កម្មករ​សុទ្ធតែ​ល្អ​ៗ​ទាំងអស់ មិន​មាន​បញ្ហា​ទេ ។

ប្រធាន​ក្រុម​អធិការកិច្ច​ការងារ​ទី​៣ នៃ​ក្រសួងការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​ចុះ​សង្កេត​ដល់​កន្លែង​កើតហេតុ​ផ្ទាល់ លោក អ៊ូ រតនា ត្រូវ​បាន VOD ដកស្រង់​សម្តី​ថា ពីរ​បី​ថ្ងៃ​ខាង​មុខ​ទៀត ក្រសួង​នឹង​កោះហៅ​ភាគី​រោងចក្រ និង​តំណាង​កម្មករ ពិភាក្សា​ដោះ ស្រាយ​បញ្ហា​របស់​កម្មករ​ក្នុងអំឡុងពេល​សម្រាក​ជួសជុល​រោងចក្រ​ឡើង​វិញ ។ ក្នុង​នាម រូប​លោក​ជា​តំណាងក្រសួង​ការងារ ក៏​បាន​ពិភាក្សា​ជាមួយ​លោកនាយក​ក្រុមហ៊ុន​ហើយ​ថា នឹង​មានការ​បើកកិច្ចប្រជុំ​មួយ​ដើម្បី​ពិភាក្សា​ពី​បញ្ហា​ត្រូវ​សម្រាករង់ចាំ​ការ​ជួស ជុល​រោងចក្រ​ឲ្យ​ហើយ ហើយលោកនាយក​ក៏​មាន​ឆន្ទៈ​ចូលរួម​ដោះស្រាយបញ្ហា​ ហ្នឹង​ដែរ ។តំណាង​ក្រុមហ៊ុន​រោងចក្រ​ម៉ា​កា​ឡូ​៥​បាន​បដិសេធ​មិន​បកស្រាយ​យ៉ាង ណា​នោះ​ទេ ទាក់ទង​ទៅ​នឹង​អនាគត​របស់​ក្រុម​កម្មករ ក្រោយ​ពី​មាន​ហេតុការណ៍​អគ្គិភ័យ​លេប​ត្របាក់​រោងចក្រ​នេះ​៕

អត្ថបទសរសេរ ដោយ