ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក អាត់ ខែ​ម បើក​ការ​ប្រជុំ​បន្ទាន់​មួយ បង្កា​ទប់ស្កាត់​ការ​ធ្វើ​បាតុកម្ម

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្កា និង​ទប់ស្កាត់ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចំណាត់ការ​របស់​តុលាការ​រឿង​ក្តី​ប្តឹង​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​តុលាការ ដែល​គ្រោង​នឹង​បើក​សវនាការ​នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្តបន្ទាយមានជ័យ ៖ ដើម្បី​បង្កា និង​ទប់ស្កាត់ ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចំណាត់ការ​របស់​តុលាការ​រឿង​ក្តី​ប្តឹង​រលាយ​គណបក្ស​សង្គ្រោះ​ជាតិ​របស់​តុលាការ ដែល​គ្រោង​នឹង​បើក​សវនាការ​នា​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាង​មុខ​នេះ​។ នៅ​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​បើក​ការ​ប្រជុំ​បន្ទាន់​មួយ ដោយ​ក្នុង​នោះ​មានការ​ចូលរួម​ពី​លោក​ឧត្តមសេនីយ៍ វរសេនីយ៍​ជា​ស្នងការ​រង នាយការិយាល័យ​ជំនាញ លោក​អធិការ​គ្រប់ ស្រុក​-​ក្រុង លោក​មេបញ្ជាការ​វរ​សេនា​តូច​ទាំង​៤ ចូលរួម​។ លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ថ្លែង​ថា​៖ ការ​ប្រជុំ​ថ្ងៃនេះ គឺ​គោលបំណង ដើម្បី​រក្សា​ការពារ​ស្ថិរភាព​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ក្នុង​បរិបទ​នយោបាយ​ថ្មី ដែល​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ត្រូវ​រំលាយ​ដោយ​តុលាការ ដោយ​បង្កា ទប់ស្កាត់​មិន​ទុក​ឲ្យ​មានការ​ញុះញុង់ បំផុស​កៀងគរ ប្រជាពលរដ្ឋ​ប្រមូលផ្តុំ បង្កចលាចល​សង្គម​បាន​។

ក្តាប់​ឲ្យ​បាន​ទាន់​ពេលវេលា និង​វិភាគ​វាយតម្លៃ​ឲ្យ​បាន​ត្រឹមត្រូវ នូវ​រាល់​ឧបាយកល​របស់​កម្លាំង​អមិត្ត ជា​ពិសេស​គោលការណ៍​ផ្ទៃក្នុង​រស់​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ដំណើរការ​សវនាការ​តុលាការ​កំពូល​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ដាក់​ចេញ​នូវ​វិធានការ​បង្កា ទប់ស្កាត់​សម​ស្រប និង​មាន​ប្រសិទ្ធភាព​។ ត្រូវ​ក្តាប់​ឲ្យ​បាន រាល់​ការ​ប្រមូលផ្តុំ​មនុស្ស ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ចំណាត់ការ​របស់​តុលាការ​កំពូល​ចំពោះ​រឿង​ក្តី ប្តឹង​រំលាយ​គណបក្សប្រឆាំង​នេះ ដោយ​ត្រូវ​មាន​វិធានការ​រំសាយ​តាំងពី​ដំបូង ព្រមទាំង​ធ្វើការ​ទប់ស្កាត់​រាល់​ការ​បញ្ជូន​មនុស្ស មក​ពី​តាម​បណ្តា​ស្រុក មក​ខេត្ត និង​ឆ្ពោះទៅ​ភ្នំពេញ ដើម្បី​ប្រមូលផ្តុំ​តវ៉ា​ប្រឆាំង​។

លោក​ឧត្តមសេនីយ៍​ស្នងការ បាន​បន្ត​ថា​៖ គ្រប់​អធិការដ្ឋាន​នគរបាល​ស្រុក​-​ក្រុង និង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​ទាំង​៤ ត្រូវ​ប្រមូលផ្តុំ​មន្ត្រី​ក្រោម​ឱវាទ​ប្រជុំ​ជា​បន្ទាន់ ដើម្បី​ផ្សព្វផ្សាយ អប់រំ​ឲ្យ​បានដឹង​ពី​សភាពការណ៍​ថ្មី ចូលរួម​អនុវត្ត​ការងារ​អប់រំ​ដល់​សាច់ញាតិ មិត្តភក្តិ និង​ត្រៀមខ្លួន​អនុវត្ត​ភារកិច្ច​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម​។ ត្រូវ​មាន​វិធានការ​ត្រួតពិនិត្យ​តាម​ផ្លូវជាតិ និង​ផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​សំដៅ​រារាំង ទប់ស្កាត់​ការ​ធ្វើ​ដំណើរ​ចូល​ទៅ​ភ្នំពេញ ដើម្បី​ចូលរួម​ធ្វើ​បាតុកម្ម​។ ក្រោយ​ពី​ទទួល​បាន​នូវ​ផែនការ​នេះ គ្រប់​ថ្នាក់ដឹកនាំ​អង្គភាព​ទាំងអស់ ត្រូវ​ទទួលខុសត្រូវ តាម​ផែនការ​ដែល​បាន​ប្រគល់​ជូន​។ ជាមួយ​គ្នា​នោះ​ដែរ លោក​ឧត្តមសេនីយ៍​ស្នងការ​បាន​ផ្តាំផ្ញើ​ដល់​គ្រប់​ថ្នាក់ដឹកនាំ អធិការដ្ឋាន​ស្រុក​-​ក្រុង វរ​សេនា​តូ​វ​តូច​ទាំង​៤ ត្រូវ​ប្រើប្រាស់​នូវ​វិធានការ​សរុប កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ត្រៀម​ដោះស្រាយ​នូវ​បញ្ហា​កើតឡើង​។ នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ ស្នងការដ្ឋាន​ក៏​បាន​ឧ​ត្ថ​ម្ភ​អង្ករ​១​អង្គភាព​៥០០​គីឡូក្រាម ក្នុង​រយៈពេល​៥​ថ្ងៃនេះ ដែល​មាន​ចំនួន​២៤ ឈរជើង​តាម​គោលដៅ​៕

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ