ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខេត្តព្រះវិហារ ចុះ​ជួយ​ច្រូតស្រូវ​កសិករ

6 ឆ្នាំ មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ឃុំ​រស្មី ស្រុក​រវៀង ខេត្ត​ព្រះ​វិ​ហរ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា…

ខេត្តព្រះវិហារ ៖ ក្នុង​ឱកាស​ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចុះ​ជួយ​ច្រូតស្រូវ​ប្រជាពលរដ្ឋ នៅ​ឃុំ​រស្មី ស្រុក​រវៀង ខេត្ត​ព្រះ​វិ​ហរ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ នេះ អភិបាល​ខេត្តព្រះវិហារ បាន​ស្នើ​ដល់​កសិករ​ទាំងអស់​នៅ​ខេត្តព្រះវិហារ ប្តូរ​ពី​ការ​ដាំ​ដុះ​ស្រូវ លក្ខណៈ​ជា​ទម្លាប់​មក​ដាំ​ដុះ​តាម​បែប​បច្ចេកទេស​វិញ ដែល​អាច​ប្រមូល​ផល​បាន​ច្រើន​ជាង និង​មានគុណ​ភាពល្អ លើស​ពី​នេះ​ទៅ​ទៀត កសិករ​ដែល​ពុំ​ទាន់​បាន​ចុះ​កិច្ចសន្យា​ដាំ​ដុះ​ស្រូវ លក់​ឲ្យ​ក្រុមហ៊ុន គួរតែ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ដែល​កំពុង​វិនិយោគ​នៅ​ខេត្តព្រះវិហារ ដើម្បី​ធានា​បាន​នូវ​តម្លៃ​ថ្លៃ និង​មាន​តម្លៃ​ថេរ មិន​មានការ​ធ្លាក់​ចុះ​ឡើយ ។

លោក អ៊ុ​ន ចាន់​ដា អភិបាល​ខេត្តព្រះវិហារ មាន​ប្រសាសន៍​ថា ប្រជា​កសិករ​ទាំងអស់ ដែល​បាន​ដាំ​ដុះ​ស្រូវ តាម​លក្ខណៈ​ជា​ទម្លាប់​គួរតែ​បញ្ឈប់ និង​ប្តូរ​មក​ដាំ​ដុះ​ស្រូវ​លក្ខណៈ​បច្ចេកទេស​វិញ ដែល​មានការ​បង្ហាត់បង្រៀន​ត្រឹមត្រូវ​ពី​មន្ត្រី​កសិកម្ម​ស្រុក​នីមួយ​ៗ ។ លោក​ថា ការ​ដាំ​ដុះ​ស្រូវ​ដែល​មាន​លក្ខណៈ​ជា​ទម្លាប់​នោះ វា​បាន​ផ្តល់​ទិន្នផល​មក​តិច និង​ចំណាយ​ពេលវេលា​ថវិកា​អស់​ច្រើន ជាង​ការ​ដាំ​ដុះ​ស្រូវ​លក្ខណៈ​បច្ចេកទេស និង​ទទួល​បាន​ទិន្នផល​ខ្ពស់ គុណភាព​ល្អ ចំណាយ​ពេលវេលា​ថវិកា​មួយ​កម្រិត បើ​ប្រៀប​នឹង​ការ​ដាំ​ដុះ​ស្រូវ​បែប​ទម្លាប់ ។

ជាមួយ​គ្នា​នេះ​ដែរ លោក អ៊ុ​ន ចាន់​ដា ក៏​បាន​ជំរុញ​ឲ្យ​កសិករ​ទាំងអស់​នៅ​ខេត្តព្រះវិហារ ដែល​ពុំ​ទាន់​បាន​ចុះ​កិច្ចសន្យា​ដាំ​ដុះ​ដំណាំ​ស្រូវ​លក់​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ក្នុង​ខេត្តព្រះវិហារ ធ្វើ​យ៉ាងណា​នៅ​ឆ្នាំ​ក្រោយ​នេះ គួរ​នាំ​គ្នា​ទៅ​ចុះ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន ផលិត​ស្រូវ​លក់​ឲ្យ​ក្រុមហ៊ុន ដើម្បី​ធានា​បាន​នូវ​តម្លៃ​ថ្លៃ និង​ឋិតថេរ ចៀសវាង​ការ​លក់​ស្រូវ​ឲ្យ​ឈ្មួញ​ដទៃ ដែល​ទិញ​ស្រូវ​កសិករ​ក្នុង​តម្លៃ​ទាប និង​តែងតែ​សម្រុត​តម្លៃ ស្រូវ​ជា​ប្រចាំ ធ្វើ​ឲ្យ​កសិករ​ជួប​ការ​លំបាក​នឹង​សេដ្ឋកិច្ច​គ្រួសារ ។

លោក​អភិបាលខេត្ត បាន​រំឭក​ថា ខេត្តព្រះវិហារ កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៧​កន្លង​ទៅ បាន​ទទួល​រង​នូវ​ការ​បំផ្លាញ​សន្ទូង សំណាប របស់​កសិករ នៅ​ខេត្តព្រះវិហារ​មួយ​ចំនួន​ធំ ដោយ​គ្រោះ​ធម្មជាតិ​ជំនន់​ទឹកភ្លៀង ប៉ុន្តែ​ការ​ខូចខាត​នេះ បាន​ស្តារ​ឡើង​វិញ​ទាំងស្រុង ដោយ​អាជ្ញាធរ​ខេត្តព្រះវិហារ បាន​ចាត់​ឲ្យ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ ក្នុង​ការ​នាំ​យក​ពូជស្រូវ ចែក​ជូន​កសិករ​ដែល​រង​ផល​ប៉ះពាល់ ដើម្បី​ស្តា​រការ​ខូចខាត​ឡើង​វិញ ។ លោក​បញ្ជាក់​ថា ជា​លទ្ធផល​ទទួល​បាន​ជោគជ័យ ដោយ​កសិករ​បាន​ដាំ​ដុះ​ឡើង​វិញ​នូវ​ស្រូវ​ដែល​ខូចខាត រហូត​មក​ដល់​រដូវ​ប្រមូល​ផល​នេះ ទទួល​បាន​ទិន្នផល​ខ្ពស់​តាម​ការ​គ្រោងទុក ជាក់ស្តែង​ឆ្នាំ​នេះ ខេត្តព្រះវិហារ នឹង​អាច​នាំ​ចេញ​ស្រូវ​អង្ករ​ទៅ​លក់ លើ​ទីផ្សារ​ក្នុងស្រុក និង​ក្រៅប្រទេស រហូត​ដល់​ទៅ​២០​ម៉ឺន​តោន ដែល​សល់​ពី​ការ​ទុក​ហូប និង​ធ្វើ​ពូជ មានការ​កើនឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន​ក្នុង​ការ​នាំ​ចេញ​ស្រូវ ។

លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តព្រះវិហារ លើក​ឡើង​ថា បច្ចុប្បន្ន​នេះ ការ​ប្រមូល​ផល​ស្រូវ​របស់​កសិករ​ខេត្តព្រះវិហារ សម្រេច​បាន​៣០%​ហើយ និង​បន្ត​ប្រមូល​ផល​ជា​បន្តបន្ទាប់ ឲ្យ​រួចរាល់​នៅ​ស​ប្តា​ហ៍​ទី​៣ ឬ​ទី​៤ ខែធ្នូ ខាង​មុខ​នេះ ។ លោក​បន្ត​ថា តម្លៃ​ស្រូវ​សិរី​រា​ង្គ ដែល​កសិករ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា លក់​ឲ្យ​ក្រុមហ៊ុន អេ​ម​រុ​រាយ៍ ក្រុមហ៊ុន អង្គរ​អ៊ី​ន​ធើ​ត្រេ​ត និង​ក្រុមហ៊ុន ស៊ី​ញ៉េ​ឆើ អេ​ស៊ា ក្នុង​តម្លៃ​ទាប​បំផុត ជាង​១,៤០០​រៀល ក្នុង​១​គីឡូក្រាម ទៅ​តាម​គុណភាព​ស្រូវ បើ​ប្រៀប​នឹង​ការ​លក់​ឲ្យ​ឈ្មួញ​ផ្សេង​ៗ ខុស​គ្នា​៥​ទៅ​៦​រយ​រៀល ក្នុង​១​គីឡូក្រាម ។ លោក​បន្ថែម​ថា ប្រ​សិន​កសិករ​ផ្សេង​ទៀត​ចាប់អារម្មណ៍​ក្នុង​ការ​អនុវត្ត​កសិកម្ម​តាម​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន អាច​នឹង​ចុះ​កិច្ច សន្យា​បាន​នៅ​ឆ្នាំ​ក្រោយ​ជាមួយ​ក្រុមហ៊ុន ។

សូម​បញ្ជាក់​ផង​ដែរ ផ្ទៃដី​ប្រមូល​ផលដំណាំ​ស្រូវ នៅ​ខេត្តព្រះវិហារ ក្នុង​ឆ្នាំ​២០១៧​នេះ មាន​ប្រមាណ​៨៥,០០០​ហិ​កតា អាច​នាំ​ទៅ​លក់​លើ​ទីផ្សារ​ក្នុងស្រុក​ប្រមាណ​ជាង​២០​ម៉ឺន​តោន បើ​ធៀប​នឹង​ឆ្នាំ​២០១៦ កន្លង​ទៅ មាន​ត្រឹម​ជាង​៧​ម៉ឺន​ហិ​កតា ឬ​ឯការ​នាំ​ចេញ​ស្រូវ​មាន​ត្រឹម​១៧​ម៉ឺន​តោន​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ