ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចព្រមព្រៀង​ទិញ​លក់​អង្ករ​កម្ពុជា​-​បង់​ក្លា​ដែ​ស ត្រូវ​បាន​ពន្យារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​ទិញ​លក់​អង្ករ​រវាង​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បាន​ចុះហត្ថលេខា​កាលពី​ពាក់កណ្ដាល​ឆ្នាំ​នេះ ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​កម្ពុជា​មិន​ទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រក​ផលិតផល​សម្រាប់​នាំ​ចេញ និង​កត្តា​មួយ​ចំនួន​ទៀត​។ ទោះបី​យ៉ាងណា កិច្ចព្រមព្រៀង​នៅ​តែ​មាន​សុពលភាព…

រាជធានី​ភ្នំពេញ ៖ កិច្ចព្រមព្រៀង​ទិញ​លក់​អង្ករ​រវាង​កម្ពុជា និង​ប្រទេស​បង់​ក្លា​ដែ​ស ដែល​បាន​ចុះហត្ថលេខា​កាលពី​ពាក់កណ្ដាល​ឆ្នាំ​នេះ ត្រូវ​បាន​ពន្យារពេល ដោយសារ​តែ​កម្ពុជា​មិន​ទាន់​បាន​ត្រៀមខ្លួន​រួចរាល់​ដើម្បី​រក​ផលិតផល​សម្រាប់​នាំ​ចេញ និង​កត្តា​មួយ​ចំនួន​ទៀត​។ ទោះបី​យ៉ាងណា កិច្ចព្រមព្រៀង​នៅ​តែ​មាន​សុពលភាព និង​អាច​ចរចា​ឡើង​វិញ ។ នេះ​បើ​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​បញ្ជាក់ ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​លើក​ឡើង​ថា អនុស្សរណៈ​យោគយល់​គ្នា (MOU) រវាង​កម្ពុជា​និង​បង់​ក្លា​ដែ​ស ស្ដី​ពី​ការ​ទិញ​លក់​អង្ករ​នៅ​តែ​មាន​សុពលភាព​ដដែល ព្រោះ​ក្នុង​កិច្ចព្រមព្រៀង​នោះ មាន​សុពលភាព​រហូត​ដល់​៥​ឆ្នាំ​ឯណោះ ។

លោក​បញ្ជាក់​ថា ៖« យើង​មិន​បាន​លុប​ចោល​នូវ​កិច្ចព្រមព្រៀង​នេះ​ទេ តែ​យើង​គ្រាន់តែ​ពន្យារពេល​ក្នុង​ការ​ទិញ​លក់​ប៉ុណ្ណោះ ព្រោះ​ក្រោយ​ពិធី​ចុះ MOU មក យើង​បាន​ចរចា​ជាមួយ​ភាគី​បង់​ក្លា​ដែ​ស​ជា​ច្រើន តែ​ដោយសារ​ពេលវេលា​យើង​សម្រាប់​ធ្វើ​កិច្ចការ​នេះ វា​ហាក់ដូចជា​លឿន និង​ប្រថុចញ៉ុច​ពេក ទើប​យើង​មិន​ទាន់​កំណត់ពេល​ប្រគល់​ទំនិញ​ទៅ​បង់​ក្លា​ដែ​សបាន » ។

លោក​ឧកញ៉ា​បន្ត​ថា កម្ពុជា​បាន​ចុះ MOU​ជាមួយ​បង់​ក្លា​ដែ​ស កាលពី​ពេល​ពាក់កណ្ដាល​ឆ្នាំ​នេះ ហើយ​តាំងពី​នោះ​មក កម្ពុជា​បាន​ចរចា​ជាមួយ​ភាគី​ខាង​បង់​ក្លា​ដែ​ស​ជា​ច្រើន​ចំណុច ព្រមទាំង​ត្រៀម​ផលិតផល​សម្រាប់​គេ​ផង​ដែរ ប៉ុន្តែ​ដោយសារ​តែ​មិន​មាន​ពេល​គ្រប់គ្រាន់ និង​មាន​ចំណុច​ខ្លះ​ដែល​ភាគី​ទាំង​ពីរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា ទើប​ភាគី​ខាង​បង់​ក្លា​ដែ​ស​បង្វែរ​ការ​ទិញ​អង្ករ​ពី​កម្ពុជា ទៅ​ទិញ​ពី​បណ្ដា​ប្រទេស​ផ្សេង​សិន ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖« ពេល​ណា​កម្ពុជា​ត្រៀមខ្លួន​រួចរាល់ ហើយ​ចរចា​ត្រូវ​គ្នា​ពេល​ណា​នោះ កិច្ចសន្យា​ថ្មី​មួយទៀត​រវាង​ភាគី​ទាំង​ពីរ​នឹង​កើតឡើង​ម្ដងទៀត ហើយ​ពេល​នោះ អង្ករ​របស់​កម្ពុជា នឹង​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ដែល​បាន​ចុះហត្ថលេខា​ទិញ​ពី​កម្ពុជា​យើង » ។

លោក​ឧកញ៉ា​បន្ថែម​ថា ចំណុច​ដែល​កម្ពុជា​ត្រូវ​ចរចា​ជាមួយ​ភាគី​បង់​ក្លា​ដែ​ស​នោះ គឺ​ការ​ប្រមូល និង​ការ​ទូទាត់​រាល់​ឯកសារ​នានា​ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​របស់​ប្រទេស​ទាំង​ពីរ តែ​បង់​ក្លា​ដែ​ស​គេ​ចង់បាន​ភ្លាម​ៗ ដែល​កម្ពុជា​មិន​អាច​ផ្ដល់​ជូន​បាន​ទៅ​តាម​ការ​ចង់បាន​ភ្លាម​ទេ ។

សូម​បញ្ជាក់​ថា ដើម្បី​លើកកម្ពស់​វិស័យ​ស្រូវ​អង្ករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរ​ឡើង រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ធនាគារ​អភិ​វឌ្ឍន៍ជនបទ បាន​បញ្ចេញ​ទុន​បន្ថែម​ទៀត ដើម្បី​ផ្ដល់​ហិរញ្ញប្បទាន​ដល់​វិនិយោគិន​ក្នុង​វិស័យ​នេះ សង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​បន្ថែម​ទៀត ក្នុង​គោលបំណង​ទប់ស្កាត់​ការ​លក់​ស្រូវ​សើម និង​តម្លៃ​ទាប​ទៅ​ឈ្មួញ​បរទេស​ជិតខាង ។

កាលពី​ចុងខែ​មុន​នេះ ធនាគារ​អភិវឌ្ឍន៍ជនបទ ក៏​បាន​ផ្ដល់​កម្ចី​ចំនួន​១៥​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សង់​ឡ​ស​ម្ងួ​ត និង​ឃ្លាំង​ស្តុក​ស្រូវ​៣​ទីតាំង​ក្នុង​ខេត្ត​៣​ផ្សេង​គ្នា ។ ក្រោយ​ឡ​ស​ម្ងួ​ត​សង់​រួច កម្ពុជា​រំពឹង​ថា នឹង​អាច​ស​ម្ងួ​ត​ស្រូវ​បាន​កាន់តែ​ច្រើន និង​អាច​រក្សា​ស្រូវ​ក្នុង​ឃ្លាំង​បាន​បន្ថែម​ទៀត ហើយ​នៅ​ពេល​នោះ កម្ពុជា​នឹង​សល់​ស្រូវ​អង្ករ​ក្នុង​ឃ្លាំង​កាន់តែ​ច្រើន ដើម្បី​នាំ​ទៅ​កាន់​បណ្ដា​ប្រទេស​ដែល​មាន​តម្រូវការ ដូច​ករណី​ប្រទេស​បង់​ក្លា​ដែ​ស​នេះ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា ម្សិលមិញ​នេះ​ដែរ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​ជាមួយ​ភាគី​ចិន ក្នុង​ការ​លើកកម្ពស់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ផង​ដែរ ។ នៅ​ក្នុង​អនុស្សរណៈ​រវាង​ទាំង​ពីរ​ប្រទេស​នោះ នឹង​សាងសង់​ប្រព័ន្ធ​ឡ​ស​ម្ងួ​ត​ស្រូវ​បន្ថែម​ចំនួន​១៥​ទីតាំង នៅ​ក្នុង​ខេត្ត​សក្ដានុពល​ផលិត​ស្រូវ​ចំនួន​១១ ដែល​អាច​ស​ម្ងួ​ត​ស្រូវ​បាន​រហូត​ដល់​១៩.៥០០​តោន​ក្នុង​១​ថ្ងៃ ព្រមទាំង​អាច​ស្តុក​ស្រូវ​អង្ករ​បាន​រហូត​ដល់​១​លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ