ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​លើ​ទឹក​ពុំ​ទាន់​មាន​ទីផ្សារ តែ​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​មហាជន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្លែ​លើ​ទឹក ឬ​ហៅ​ថា បន្លែ Hydroponics ចាប់តាំងពី​មានការ​នាំ​ចូល​បច្ចេកទេស​នេះ​មក គឺ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ប៉ុន្ដែ​ទីផ្សារ​បន្លែ​នេះ​ហាក់​ស្ងប់​ស្ងាត់ បើ​ទោះបីជា​ការ​ដាំ​ដុះ​គ្មាន​ការ​ប្រើ​ជីគីមី​ក៏​ដោយ…

រាជធានី​ភ្នំពេញ ៖ បន្លែ​លើ​ទឹក ឬ​ហៅ​ថា បន្លែ Hydroponics ចាប់តាំងពី​មានការ​នាំ​ចូល​បច្ចេកទេស​នេះ​មក គឺ​មាន​រយៈពេល​ជិត​១០​ឆ្នាំ​ហើយ ប៉ុន្ដែ​ទីផ្សារ​បន្លែ​នេះ​ហាក់​ស្ងប់​ស្ងាត់ បើ​ទោះបីជា​ការ​ដាំ​ដុះ​គ្មាន​ការ​ប្រើ​ជីគីមី​ក៏​ដោយ ។ ទោះជា​យ៉ាងណា សព្វថ្ងៃ មាន​ប្រជាពលរដ្ឋ​កាន់តែ​ច្រើន​ឡើង​កំពុង​ចាប់អារម្មណ៍​ចង់​ចេះ​ដាំ​ដុះ​បន្លែ​លើ​ទឹក​នេះ ។

បើ​តាម​អ្នកជំនាញ​ដាំ​បន្លែ​លើ​ទឹក អ្នកស្រី ប៉ា វី​ណា បាន​ប្រាប់​កោះសន្ដិភាព​ថា សម្រាប់​បច្ចេកទេស​ដាំ​បន្លែ​លើ​ទឹក​នេះ គឺ​កំពុង​មានការ​ចាប់អារម្មណ៍​ខ្លាំង ។

អ្នកស្រី​បន្ដ​ថា បច្ចុប្បន្ន កសិដ្ឋាន​របស់​អ្នកស្រី មិន​បាន​នាំ​ចេញ​បន្លែ​នេះ​ទេ គឺ​គ្រាន់តែ​លក់​ជូន​ភ្ញៀវ និង​ទុក​សម្រាប់​ផ្គត់ផ្គង់​តាម​ការ​បញ្ជា​ទិញ​នៅ​តាម​ភោជនីយដ្ឋាន​ប៉ុណ្ណោះ ព្រោះ​កសិដ្ឋាន​របស់​អ្នកស្រី​ផ្ដោត​ទៅ​លើ​ការ​បណ្ដុះបណ្ដាល​ជំនាញ​ដាំ​ដុះ ។ បើ​ទោះបី​ជា​ទីផ្សារ​មិន​ទូលំទូលាយ ប៉ុន្ដែ​មាន​អ្នក​មក​ចូល​រៀន​ពី​បច្ចេកទេស​ដាំ​ដុះ​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ។ ចំណែក​បន្លែ​មាន​ច្រើន​មុខ ដូច​ជា ស្ពៃ សាឡា​ត់ ការ៉ុត ខាត់ណា និង​បន្លែ​ផ្សេង​ទៀត ។

អ្នកស្រី​បញ្ជាក់​ថា ៖« ចំពោះ​ការ​ដាំ​ដុះ យើង​ធ្វើការ​ដាំ​ជា​រង ដោយ​ប្រើ​ទុយោ​នៅ​តាម​កន្លែង​ផ្សេង​ៗ និង​ប្រើ​ទឹក​ជំនួស​ដី ជា​ពិសេស មាន​ទទួល​បង្រៀន​សិស្ស​ដោយ​តម្លៃ​សមរម្យ​ទៅ​តាម​វគ្គ​នីមួយ​ៗ » ។

គ្រូបង្រៀន​សាលា​បច្ចេកទេស ដុន បូ​ស្កូ ខេត្ត​កែប ផ្នែក​ផលិតកម្ម និង​បសុព្យាបាល បាន​ឲ្យ​ដឹង​ថា ការ​ដាំ​បន្លែ​លើ​ទឹក ជា​បច្ចេកទេស​ថ្មី​ដែល​បាន​នាំ​ចូល​មក​កម្ពុជា​ក្នុង​អំឡុង​ឆ្នាំ​២០១១​ដោយសារ​ការ​មើលឃើញ​នៃ​ភាព​ជឿនលឿន និង​ចំណាយពេល​តិច​ក្នុង​ការ​ដាំ​ដុះ ។

លោក សំ ផា​ណា គ្រូបង្រៀន​ផ្នែក​បច្ចេកទេស​នេះ បាន​បន្ដ​ថា ៖« បច្ចេកទេស​នៃ​ការ​ដាំ​បន្លែ​លើ​ទឹក​នេះ វា​អាច​ថា​ជា​វិធីសាស្ត្រ​ថ្មី ដែល​ប្រទេស​កម្ពុជា​យើង​ចាប់ផ្ដើម​ក្នុង​អំឡុង​ឆ្នាំ​២០១១ ។ ចំណែក​ប្រទេស​ដទៃ ការ​ប្រើ​បច្ចេកទេស​ដាំ​បន្លែ​លើ​ទឹក​នេះ គឺ​ប្រហែលជា​មុន​ឆ្នាំ​២០០០ » ។

លោក​បន្ត​ថា ការ​ដាំ​បន្លែ​លើ​ទឹក គឺ​វា​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ដូច​ជា សត្វល្អិត ទីកន្លែង កម្លាំង​ពលកម្ម និង​ឆាប់​ទទួល​បាន​ផល​ជាង​ការ​ដាំ​លើ​ដី ។ ប៉ុន្តែ​សម្រាប់​ការ​ផ្គត់ផ្គង់​ទីផ្សារ​វិញ មិន​ទាន់​អាច​នាំ​ចេញ​បាន​ទេ ។

លោក​បញ្ជាក់​ថា ៖« សព្វថ្ងៃ យើង​ដាំ​ដុះ​បន្លែ​នេះ គ្រាន់តែ​ផ្គត់ផ្គង់​នៅ​ក្នុង​សាលា​ប៉ុណ្ណោះ ប៉ុន្ដែ​អ្វី​សំខាន់ សាលា​យើង​ចង់​ឲ្យ​សិស្ស​ដែល​ចាប់​យក​ជំនាញ​នេះ ចេះ​ប្រើ​បច្ចេកទេស​ដាំ​ដុះ​ដូច​បណ្ដា​ប្រទេស​ជឿនលឿន​ដទៃ​ទៀត » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ