ខេត្តកណ្ដាល ៖ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកអង្គស្នួល បានធ្វើការឃាត់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាជាមុខសញ្ញាជួញដូរ ដោយខុសច្បាប់នូវគ្រឿងញៀន ហើយនៅក្នុងខណៈនោះនគរបាលបានធ្វើការដកហូតបានគ្រឿងចំនួន៩កញ្ចប់រួមជាមួយវត្ថុតាង មួយចំនួនទៀត។ ការចាប់ខ្លួននោះបានធ្វើឡើងកាលពីវេលាម៉ោង២ និង២០នាទីរសៀល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅតាមផ្លូវបេតុង ស្ថិតនៅក្នុងភូមិព្រៃទំពូង ឃុំពើក អង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យដែលត្រូវឃាត់ខ្លួនខាងលើនោះឈ្មោះ សុន សុភ័ក្ត្រ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមក្រុមហ៊ុន មានទីលំនៅក្នុងភូមិស្រែអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
នគរបាលបានឲ្យដឹងថា មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យខាងលើ កម្លាំងបានធ្វើការស្រាវជ្រាវ ហើយបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅតាមផ្លូវបេតុង ស្ថិតនៅភូមិខាងលើ។ ភ្លាមៗនោះកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋានគរបាលស្រុក បានសហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានចុះទៅធ្វើការឃាត់ខ្លួន តែម្ដង។ ខណៈនោះកម្លាំងដកហូតបានវត្ថុតាងមួយចំនួន រួមមានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៩កញ្ចប់ ដែលក្នុងនោះមានកញ្ចប់ តូចចំនួន៨កញ្ចប់ និងកញ្ចប់មធ្យម១កញ្ចប់,ទូរសព្ទ័ដៃ១គ្រឿងម៉ាកណូកគា និងកូនកាបូបសម្រាប់ដាក់ថ្នាំញៀន១។
ក្រោយពេលចាប់ខ្លួនបានជនសង្ស័យខាងលើ បានសារភាពថា ខ្លួនបានទៅទិញគ្រឿងញៀនប្រភេទម៉ាទឹកកកនោះពីបុរសមិនស្គាល់ឈ្មោះម្នាក់ក្នុងតម្លៃ១០០,០០០រៀល(ដប់ម៉ឺនរៀល) នៅក្នុងភូមិសាស្ត្រសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីយកមករំលែកវេចខ្ចប់ លក់បន្តហើយក្នុង១កញ្ចប់តូចលក់បានតម្លៃ២០,០០០ រៀល (ពីរម៉ឺនរៀល) ទៅ៣០,០០០រៀល (បីម៉ឺនរៀល)។ ក្រោយពែលសួរនាំជនសង្ស័យរួចមក កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងខេត្តកណ្ដាល ដើម្បីចាតការតាមផ្លូវច្បាប់៕
https://youtu.be/w7mS5BTgAtI
ចែករំលែកព័តមាននេះ