ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ដកហូត​បាន​ទំនិញ​ខូចគុណភាព​ជា​ច្រើន

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន​ក្នុង​ផ្សារ​ឈើ​កាច់ ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៣…

ខេត្តព្រៃវែង ៖ ទំនិញ​ខូចគុណភាព​ជា​ច្រើន​មុខ ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំកុងត្រូល​សាខា​ខេត្តព្រៃវែង រក​ឃើញ និង​ដកហូត​ទុក​យក​ទៅ​បំផ្លាញ​ចោល ក្នុង​ពេល​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​ស្តង់​លក់ដូរ​ជា​ច្រើន​ក្នុង​ផ្សារ​ឈើ​កាច់ ក្នុងស្រុក​បាភ្នំ ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ វិច្ឆិកា ២០១៧​នេះ​។ សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នេះ ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ការពារ​សុខមាលភាព​ជូន​ប្រជាពលរដ្ឋ និង​រួមចំណែក​លើក​ស្ទួយ​សេដ្ឋកិច្ចជាតិ​ផង​ដែរ។

ជាមួយ​គ្នា​នេះ​មន្ត្រី​កាំកុងត្រូល​បាន​ធ្វើការ​ពន្យល់​ណែនាំ និង​បង្ហាញ​ដល់​ក្រុម​អាជីវករ​អំពី​វិធីសាស្ត្រ​ថែទាំ ការ​ដាក់​តាំង​លក់ និង​ការ​រក្សា​ទុក​មុខទំនិញ​ឲ្យ​ស្រប​ទៅ​តាម​លក្ខខណ្ឌ និង​ផ្តោត​ទៅ​លើ​អនាម័យ​ផង​ដែរ ព្រមទាំង​បាន​បង្រៀន​ក្រុម​អាជីវករ និង​ប្រជាពលរដ្ឋ អំពី​របៀប​មើល​កាលបរិច្ឆេទ​នៃ​ទំនិញ សម្រាប់​ជា​គុណប្រយោជន៍​ដល់​សុខភាព​របស់​អ្នក​ប្រើប្រាស់​ទៀត​ផង​។ ដោយឡែក​សម្រាប់​ទំនិញ​ខូចគុណភាព ដែល​ត្រូវ​បាន​មន្ត្រី​ជំនាញ​កាំ​កុង​ត្រូវ​រក​ឃើញ និង​ដកហូត​បាន​នោះ​មាន​ចំនួន​៥​មុខ ស្មើនឹង​ទម្ងន់​១៧៥,៦៤​គីឡូក្រាម ដែល​ក្នុង​នោះ​រួម​មាន​ទឹកក្រូច​ចំនួន​៨៤​ដប គោ​ជល់​ចំនួន​៤​កំប៉ុង ទឹកត្រី​ខ្មែរ​រុងរឿង​៦​ដប ទឹកក្រូច​ដប​តូច​ចំនួន​៦​ដប និង​នំ​ធុង​ចំនួន​១​ធុង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សកម្មភាព​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​ក្នុង​ផ្សារ​ឈើ​កាច់​នេះ គឺ​ទទួល​បានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ពួក​គាត់​បាន​ស្នើ​សុំ​ឲ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល បន្ត​ចុះ​ត្រួតពិនិត្យ​ទៅ​លើ​ចំណីអាហារ​ប្រភេទ​បន្លែ ផ្លែ​ឈើ​ផង ពីព្រោះ​ទំនិញ​ទាំងនោះ​គឺជា​អាហារ​ដែល​ពួក​គាត់ ត្រូវ​ទទួលទាន​រាល់ថ្ងៃ ហើយ​សម្រាប់​ផ្សារ​ឈើ​កាច់ ក៏​ដូច​ជា​ផ្សារ​ផ្សេង​ៗ​ទៀត​ក្នុង​ខេត្តព្រៃវែង​ដែរ បន្លែ​ផ្លែ​ឈើ​ទាំងអស់ គឺ​ត្រូវ​បាន​នាំ​ចូល​ពី​ខាងក្រៅ និង​ពី​ប្រទេស​វៀតណាម​ផង​ដែរ ហើយ​ប្រជាពលរដ្ឋ​មិន​អាច​មើល​ដឹង​ទេ​ថា​បន្លែ​ផ្លែ​ឈើ​ណាខ្លះ​ដែល​មិន​មាន​សារធាតុ​គីមី​នោះ​។ ដោយឡែក​ក្រុម​អាជីវករ​វិញ ក៏​មានការ​សហ​ការណ៍​ចូលរួម​បាន​យ៉ាង​ល្អ​ជាមួយ​មន្ត្រី​ជំនាញ​ដែល​ចុះ​ទៅ​ត្រួតពិនិត្យ​នោះ​ដែរ ពីព្រោះ​ពួក​គាត់​បាន​យល់​ច្បាស់​ពី​គុណប្រយោជន៍​នៃ​ការ​ចុះ​ត្រួតពិនិត្យ​នេះ​៕
https://youtu.be/P0327cds2b8

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ