ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​ពិតប្រាកដ​ចំពោះ​សេដ្ឋកិច្ច​ពិភពលោក

6 ឆ្នាំ មុន

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ទីផ្សារ​បច្ចុប្បន្ន​ងាយស្រួល​ពន្យល់​ទាក់ទង​នឹង​កត្តា​សំខាន់​ៗ​ដូច​ជា ប្រាក់​ចំណូល​​កំពុង​កើនឡើង ការ​ទប់ស្កាត់​អតិផរណា ហើយ​សេដ្ឋកិច្ច​សកល​ហាក់​មាន​ភាព​ទូលំទូ​លាយ និង​ពង្រីក ។ កាលពី​ខែតុលា មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទស្សនវិស័យ​សក​ល…

ទីក្រុង​វ៉ា​ស៊ី​ន​តោន ៖ ទីផ្សារ​បច្ចុប្បន្ន​ងាយស្រួល​ពន្យល់​ទាក់ទង​នឹង​កត្តា​សំខាន់​ៗ​ដូច​ជា ប្រាក់​ចំណូល​​កំពុង​កើនឡើង ការ​ទប់ស្កាត់​អតិផរណា ហើយ​សេដ្ឋកិច្ច​សកល​ហាក់​មាន​ភាព​ទូលំទូ​លាយ និង​ពង្រីក ។ កាលពី​ខែតុលា មូលនិធិ​រូបិយ​វត្ថុ​អន្ដរជាតិ​បាន​ធ្វើ​បច្ចុប្បន្នភាព​ទស្សនវិស័យ​សក​ល ដើម្បី​ទស្សន៍​ទាយ​ថា មាន​តែ​ប្រទេស​តូច​ៗ​មួយ​ចំនួន​ប៉ុណ្ណោះ​ដែល​នឹង​ទទួល​រង​នូវ​សេដ្ឋ​កិច្ច​ធ្លាក់​ចុះ​នៅ​ឆ្នាំ​ក្រោយ ខណៈ​ធនាគារកណ្តាល​ធំ​ៗ​កំពុង​រៀបចំ​ផែនការ ឬ​បាន​ចាប់ផ្តើម​រួច​ទៅ​ហើយ ដើម្បី​រឹត​បន្តឹង​គោលនយោបាយ​រូបិយប័ណ្ណ ហើយ​អត្រា​ការ​ប្រាក់​នឹង​នៅ​តែ​មាន​កម្រិត​ទាប​​ក្នុង​ពេល​បច្ចុប្បន្ន ។

ទោះជា​យ៉ាងណា វិបត្តិ​នយោបាយ​ទំនងជា​មិន​ផ្លាស់​ប្តូរ​ការ​គណនា​សេដ្ឋកិច្ច​របស់​វិនិយោគិន​ទេ ។ សូ​ម្បី​តែ​បន្ទាប់​ពី​គ្រោះ​មហន្តរាយ​ដ៏​ធំ​បំផុត​នៃ​សតវត្សរ៍​ទី​២០ ទីផ្សារ​បាន​ងើប​មក​វិញ​លឿន​គួរសម ។ បន្ទាប់​ពី​ការ​វាយប្រហារ​របស់​ជប៉ុន​លើ​កំពង់​ផែ Pearl Harbor ផ្សារ​ហ៊ុន​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​១០% ប៉ុន្តែ​បាន​ងើបឡើង​វិញ​ក្នុង​រយៈពេល​៦​ស​ប្តា​ហ៍ ។ ដូច​គ្នា​នេះ​ដែរ វាយប្រហារ​របស់​ភេរវ​ករ​នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០០១ ភាគហ៊ុន​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ជិត​១២% ប៉ុន្តែ​លោត​ឡើង​វិញ​ក្នុង​រយៈពេល​១​ខែ​។ បន្ទាប់​ពី​ការ​ធ្វើឃាត​ប្រធានាធិបតី John F. Kennedy តម្លៃ​ភាគហ៊ុន​បាន​ធ្លាក់​ចុះ​ជាង​៣% ហើយ​ងើបឡើង​វិញ​នៅ​ថ្ងៃ​បន្ទាប់ ។ វិបត្តិ​នយោបាយ​នីមួយ​ៗ គឺ​ខុស​គ្នា ។ លោក Jens Nystedt វិនិយោគិន​ទីផ្សារ​ជើង​ចាស់​បាន​ថ្លែង​ថា អ្នកចូលរួម​ទីផ្សារ​អាច​ពឹងផ្អែក​លើ​ការ​ឆ្លើយ​តប​ពី​អ្នក​បង្កើត​គោលនយោបាយ​។ ធនាគារកណ្តាល និង​ក្រសួង​ហិរញ្ញវត្ថុ នឹង​ប្រញាប់​លុប​ចោល​នូវ​អត្រា​ហានិភ័យ​កើនឡើង​តាម​រយៈ​ការ​កែតម្រូវ​អត្រា​ការ​ប្រាក់ ឬ​គោលនយោបាយ​សារពើពន្ធ ហើយ​វិនិយោគិន​ដាក់​ទ្រព្យសកម្ម​ត្រឡប់​ទៅ​រក​តម្លៃ​មុន​ពេល​មាន​វិបត្តិ ។

បច្ចុប្បន្ន ជម្លោះ​ជាមួយ​កូរ៉េ​ខាងជើង លើ​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​របស់​ប្រទេស​នេះ​ស្ថិត​នៅ​លើ​បញ្ជី​វិបត្តិ​ដ៏​មាន​សក្ដានុពល ។ ការ​វាយប្រហារ ឬ​ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ នឹង​បង្ក​ឱ្យ​មាន​គ្រោះ​មហន្តរាយ​មនុស្សធម៌ បង្អាក់​ពាណិជ្ជកម្ម​ជាមួយ​កូរ៉េ​ខាងត្បូង ដែល​ជា​ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​១៣​លើ​ពិភពលោក និង​បង្ក​វិបត្តិ​សេដ្ឋកិច្ច​នយោបាយ​នៅ​ជុំវិញ​ពិភពលោក ។ ក៏​ប៉ុន្តែ​គ្រោះ​មហន្តរាយ​បែប​នេះ ទំនងជា​មាន​រយៈពេល​ខ្លី ហើយ​លទ្ធផល​របស់​វា​ច្បាស់​ជា​កើតឡើង​ភ្លាម​ៗ ។ ប្រទេស​មហាអំណាច​សំខាន់​ៗ នៅ​លើ​ពិភពលោក​នឹង​នៅ​តែ​ចាប់អារម្មណ៍ ហើយ​លំហូរ​សាច់ប្រាក់​លើ​ការ​វិនិយោគ​ភាគច្រើន​នា​ពេល​អនាគត នឹង​គ្មាន​ការ​រំខាន ។ ស្របគ្នា​នេះ ព្រះមហាក្សត្រ​អា​រ៉ា​ប៊ី​សា​អូឌីត Mohammed bin Salman ទើបតែ​ដក​រដ្ឋាភិបាល និង​ផ្នែក​សន្តិសុខ​ចេញ​ដើម្បី​ពង្រឹង​អំណាច​របស់​ព្រះ​អង្គ ។ ទោះបីជា​មានការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ​នៅ​ក្នុង​ប្រទេស​មួយ​នេះ ដើម្បី​ផ្លាស់​ប្តូរ​តុល្យភាព​នៃ​អំណាច​នៅ​មជ្ឈិម​បូព៌ា​ក្តី ក៏​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​តែ​ចង់​រក្សា​ការ​នាំ​ចេញ​របស់​ខ្លួន​ដដែល ។

ស្រ​ដៀង​គ្នា​នេះ ការ​ដួល​រលំ​ផ្នែក​នយោបាយ ឬ​សេដ្ឋកិច្ច​យ៉ាង​ពេញលេញ​នៅ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា នឹង​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ក្នុង​តំបន់ ហើយ​អាច​បណ្តាល​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​កាន់តែ​ស៊ីជម្រៅ​នៅ​ទីនោះ ។ ប៉ុន្តែ​វា​ទំនងជា​គ្មាន​ឥទ្ធិពល​ច្រើន​ទេ​លើ​ថាមពល និង​ទីផ្សារ​ហិរញ្ញវត្ថុ ។ ទោះបី​នៅ​ពេល​មាន​វិបត្តិ​ដូច​ជា ការ​វាយប្រហារ​តាម​អ៊ី​ន​ធើ​រ​ណេ​ត ឬ​ការ​រីក​រាលដាល​នៃ​ជំងឺ​ផ្ទុះ​ឡើង​ដោយ​នឹក​ស្មាន​មិន​ដល់ ការ​ខាតបង់​ទីផ្សារ​ជា​ទូទៅ​មាន​រយៈពេល​យូរ ដរាបណា​វិនិយោគិន​វាយតម្លៃ​ឡើង​វិញ​នូវ​អត្រា​បញ្ចុះតម្លៃ និង​ការ​រក​ប្រាក់​ចំណេញ​នា​ពេល​អនាគត ។ ផ្ទុយ​ទៅ​វិញ ការ​ប្រែប្រួល​ក្នុង​ការ​សន្មត​សេដ្ឋកិច្ច ដែល​ចែករំលែក​យ៉ាង​ទូលំទូលាយ ទំនងជា​ធ្វើ​ឱ្យ​មានការ​លក់​បញ្ចុះតម្លៃ​កាន់តែ​ច្រើន ហើយ​ជំរុញ​ឱ្យ​វិនិយោគិន​វាយតម្លៃ​ឡើង​វិញ​នូវ​លទ្ធភាព​សម្រេច​បាន​នៃ​លំហូរ​សាច់ប្រាក់​។ វិនិយោគិន​នឹង​ចាប់ផ្តើម​ចាប់អារម្មណ៍​ពី​អត្រាកំណើន​កំពុង​ធ្លាក់​ចុះ ឬ​ធនាគារកណ្តាល​ខកខាន​ការ​កើនឡើង​នៃ​អតិផរណា​ជា​ថ្មី​ម្តងទៀត​។ ការ​ផ្លាស់​ប្តូរ​អាច​នឹង​កើតឡើង​ភ្លាម​ៗ​ទាក់ទង​នឹង​ប្រាក់​កម្ចី​ដ៏​ច្រើន ដែល​ទំនងជា​គ្មាន​ការ​សង​ត្រឡប់​មក​វិញ ។

បច្ចុប្បន្ន សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ឆ្លុះ​បញ្ចាំង​នូវ​តួនាទី​សកល​ថ្មី​មួយ​សម្រាប់​ខ្លួន  ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធានាធិបតី Donald Trump ។ តាម​រយៈ​ការ​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ និង​ការ​ព្យាយាម​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​មាន​ស្រាប់ សហរដ្ឋអាមេរិក​កាន់តែ​ពិបាក​ក្នុង​ការ​ទស្សន៍​ទាយ​ជាង​មុន ។ បើ​នា​ពេល​អនាគត លោក Trump និង​មេដឹកនាំ​អា​មេ​រិ​ក បន្ត​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ដទៃ តាម​រយៈ​ការ​ធ្វើ​ប្រតិបត្តិការ​ចំណេញ​-​ខាត ជា​ជាង​ការ​បង្កើត​ស្ថាប័ន​សហការ​គ្នា ពិភពលោក​នឹង​មិន​អាច​ប្រមូលផ្តុំ​ឆ្លើយ​តប​រួម​គ្នា​នឹង​ភាព​ចលាចល​ក្នុង​ទីផ្សារ​សកល​ក្រោយ​ទៀតបាន​ទេ​។ នៅ​ទីបំផុត ការ​ពឹងផ្អែក​លើ​អា​មេ​រិ​ក​កាន់តែ​តិច នឹង​តម្រូវ​ឱ្យ​មាន​អត្រា​បញ្ចុះតម្លៃ​កាន់តែ​ច្រើន​នៅ​គ្រប់​ទីកន្លែង លើកលែងតែ​វដ្ត​សេដ្ឋកិច្ច​ដទៃ​ទៀត​ធ្វើ​អន្តរាគមន៍ មុន​ពេល​ផ្លាស់​ប្តូរ​ការ​រំពឹង​ទុក​របស់​វិនិយោគិន ដែល​នឹង​ជាទី​បញ្ចប់​នៃ​ទីផ្សារ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន ៕ ដកស្រង់​ពី Project-syndicate

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ