ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាករ​3​រូប​ស្រឡាញ់​សាច់ដុំ​ជាង​អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​កីឡា​កាយវប្បកម្ម​គេ​កត់សម្គាល់​កីឡាករ​ល្បីឈ្មោះ​៣​រូប បើ​ទោះជា​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្ដី ក៏ពួក​គាត់​នៅ​តែ​យកចិត្តទុកដាក់​ហ្វឹកហាត់​លើក​​សម្រស់​សាច់ដុំ​របស់​ខ្លួន​មិន​ដែល​ធ្វេសប្រហែស​នោះ​ដែរ ។ អ្នក​ទាំង​បី​បាន​អះ​អាង​​ថា សុខ​ចិត្ត​មិន​ខ្វល់​ពី​ការងារ​ផ្សេង​ឱ្យ​តែ​បាន​ហ្វឹកហាត់​ធ្វើ​ឱ្យ​សាច់ដុំ​ឡើង​ធំ ថែម​ទាំង​ជំទាស់​នឹង​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​ដែល​ថា ការ​ពង្រីក​សាច់ដុំ​ឱ្យ​ធំ​ជា​រឿង​អាក្រក់​មើល​…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​កីឡា​កាយវប្បកម្ម​គេ​កត់សម្គាល់​កីឡាករ​ល្បីឈ្មោះ​៣​រូប បើ​ទោះជា​មាន​វ័យ​ជ្រេ​បន្តិច​ទៅ​ហើយ​ក្ដី ក៏ពួក​គាត់​នៅ​តែ​យកចិត្តទុកដាក់​ហ្វឹកហាត់​លើក​​សម្រស់​សាច់ដុំ​របស់​ខ្លួន​មិន​ដែល​ធ្វេសប្រហែស​នោះ​ដែរ ។ អ្នក​ទាំង​បី​បាន​អះ​អាង​​ថា សុខ​ចិត្ត​មិន​ខ្វល់​ពី​ការងារ​ផ្សេង​ឱ្យ​តែ​បាន​ហ្វឹកហាត់​ធ្វើ​ឱ្យ​សាច់ដុំ​ឡើង​ធំ ថែម​ទាំង​ជំទាស់​នឹង​ការ​យល់​ឃើញ​របស់​មនុស្ស​មួយ​ចំនួន​ដែល​ថា ការ​ពង្រីក​សាច់ដុំ​ឱ្យ​ធំ​ជា​រឿង​អាក្រក់​មើល​ និង​បាត់បង់​ភាព​សង្ហារ​នោះ​ផង ។ កីឡាករ​៣​រូប​ដែល​ស្រឡាញ់​សាច់​ដុំ​​ខ្លាំង​ជាង​អ្វី​ៗ​ទាំងអស់​នោះ​គឺ​៖

សុខ សុ​ភ័ក្ត្រ ៖ គឺជា​កីឡាករ​កាយ​វប្បកម្ម​ម្នាក់​ដែល​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​មិន​ធម្មតា​ដោយសារ​តែ​លោក​មានឱកាស​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ក្នុង​ព្រឹត្តិ​ការណ៍​​ដណ្ដើម​ជើងឯក​បុរស​ដែល​មាន​សាច់ដុំ​ល្អ​ញឹកញាប់​ហើយ​ក៏​ទទួល​បាន​ពាន​ច្រើន​​ដែរ ។ លោក​ជា​កីឡាករ​ម្នាក់​ដែល​យកចិត្តទុកដាក់​នឹង​ការ​ហ្វឹកហាត់​ដំឡើង​សាច់​ដុំ​ជា​រៀងរាល់ថ្ងៃ ទោះបី​សាច់ដុំ​របស់​លោក​ត្រូវ​គេ​កត់​សម្គាល់ថា មាន​ទំហំ​ធំ​ទៅ​ហើយ​ក្ដី។ លោក​និយាយ​ថា ខ្លួន​សុខចិត្ត​អត់បាយ និង​អត់​មាន​លុយ​ដើរ​លេង តែ​មិន​សុខចិត្ត​អត់​លុយ​ទៅ​ហ្វឹកហាត់​ដំឡើង​សាច់ដុំ និង​ទិញ​ថ្នាំ​បំប៉ន​សាច់ដុំ​នោះ​ទេ ដោយសារ​តែ​លោក​យល់​ថា សាច់ដុំ​ដែល​លោក​ចង់បាន​គឺ​មិន​ទាន់​គ្រប់គ្រាន់ និង​នៅ​តែ​ចង់ឱ្យ​មាន​សាច់ដុំ​ស្អាត​ជាង​នេះ​ទៅ​ទៀត ។

លោក​ថា អ្នកខ្លះ​ថា​លោក​នឹង​បាត់​រូបរាង​ទាក់ទាញ បើ​បន្ត​ហ្វឹកហាត់​ធ្វើ​ឱ្យ​សាច់ដុំ​ឡើង​ធំ​ជាង​នេះ តែ​លោក​អត់​ខ្វល់​នោះ​ទេ ក្នុង​ពេល​មហិច្ឆតា​របស់​លោក​ចង់បាន​សាច់ដុំ​ណែន និង​ធំ​ជាង​នេះ​បន្ថែម​ទៀត ដោយ​លោក​យល់​ថា សាច់ដុំ​កាន់តែ​ធំ គឺ​កាន់តែ​ធ្វើ​ឱ្យ​លោក​លេចធ្លោ ។ សម្រាប់​បុរស​ភាគច្រើន​ដែល​គ្រាន់​តែ​ចង់បាន​រូបរាង​សង្ហារ លោ​កថា​បញ្ហា​សាច់ដុំ​គឺ​មិន​ចង់បាន​ធំ​នោះ​ទេ ប៉ុន្តែ​សម្រាប់​លោក​បើ​ទោះ​មិន​មាន​គម្រោង​ចេញ​ប្រកួត​ក៏​នៅ​តែ​ចង់បាន​សាច់ដុំ​ធំ ស្ងួត និង​ណែន​ល្អ​ជាង​នេះ ។ លោក​បាន​ចំណាយពេល​មិន​តិច​ជាង​១០​ឆ្នាំ​នោះ​ទេ ទម្រាំ​ទទួល​បាន​លទ្ធផល​មាន​សាច់ដុំ និង​រាង​កាយ​ដូចដែល​បានឃើញ ។

អ៊ីចឹង​ហើយ​ទើប​លោក​ប្រឆាំង​ដាច់ខាត​ចំពោះ​បុគ្គល​ដែល​បាន​ហាមប្រាម​មិន​ឱ្យ​លោក​បន្ត​ហាត់​យក​សាច់ដុំ​បន្ថែម ដោយ​សូ​ម្បី​តែ​ក្រុម​គ្រួសារ និង​ភរិយា​របស់​លោក​ផ្ទាល់ ក៏​មិន​ហ៊ាន​ដាក់​បម្រាម​មួយ​នេះ​ចំពោះ​លោក​នោះ​ដែរ ដោយសារ​តែ​លោក​ស្រឡាញ់​សាច់​ដុំ​ជាង​អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត ។ លោក​អះអាង​ថា​ត្រឹមតែ​ហាត់​យក​សាច់ដុំ​ស្មា ក្រោយ​ឆ្អឹង​ស្មា និង​ដើមទ្រូង​ជាដើម​គឺ​មិន​គ្រប់គ្រាន់​ទេ ប្រសិនបើ​ហាត់​បាន​សាច់ដុំ​ទាំងនោះ​ហើយ​មិន​បន្ត​បង្វឹក​ខ្លួន​រក្សា​សាច់ដុំ​នោះ​ឱ្យ​កាន់តែ​ធំ​កាន់តែ​ណែន ដើម្បី​ឱ្យ​ពេញ​លក្ខណៈ​​ជា​កីឡាករ​ផ្នែក​កាយ​វប្បកម្ម ។

លោក​បាន​ចំណាយពេល​ក្នុង​វិស័យ​មួយ​នេះ​ដោយ​ការ​អត់ធ្មត់​បំផុត​តាំងពី​ឆ្នាំ​២០០៥ ដោយ​លោក​សុខចិត្ត​ទម្លាក់​ចោលការ​ងារ ព្រោះតែ​ស្រឡាញ់​សាច់ដុំ ហើយ​ខំ​ហាត់​ប្រាណ​​យ៉ាង​យកចិត្តទុកដាក់​ដោយ​ការ​តាំងចិត្ត​រហូត​បាន​ក្លាយជា​កីឡាករ​អាជីព បន្ទាប់​ពី​លោក​ប្រឹង​ហាត់​យក​សាច់ដុំ​បាន​ស្អាត ហើយ​ក៏​ត្រូវ​បាន​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ជ្រើសរើស​ជា​សមាជិក ។ លោក​បាន​រំលឹក​ថា កាលពី​ដំបូង​លោក​គ្រាន់តែ​ជា​យុវវ័យ​មួយ​រូប​ដែល​ចង់បាន​រាង​ស្អាត​ពី​ការ​ហាត់ប្រាណ​តែ​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ក្រោយ​ៗ​មក​លោក​ក៏​បែរជា​ស្រឡាញ់​សាច់ដុំ​ទៅ​វិញ ដោយ​ខំ​ហ្វឹកហាត់​រហូត​ទទួល​បាន​សាច់ដុំ​ប៉ោង​ធំ ហើយ​​បាន​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស ។ លោក​ប្រកាស​ក្ដែ​ង​ៗ​ថា អត់​អី​អត់​ចុះ​ឱ្យ​តែ​​បាន​សាច់ដុំ​ប៉ោង​ធំ ដោយ​លោក​ថែម​ទាំង​ជំរុញ​យុវវ័យ​ក្មេង​ៗ​ឱ្យ​បង្កើន​ការ​ហ្វឹកហាត់​ដូច​លោក​ដើម្បី​ឱ្យ​បាន​សាច់ដុំ​ធំ​ស្អាត​ពេញ​លក្ខណៈ​ជា​បុរស​នោះ​ផង ។ លោក សុខ សុ​ភ័ក្ត្រ បញ្ជាក់​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​សម្រាប់​អ្នក​ហាត់​យក​សាច់ដុំ​ដោយ​មិន​ខ្វល់​ពី​រឿង​ប្រែប្រួល​រូបរាង​សង្ហារ​ច្រើន​ឡើង ប៉ុន្តែ​សម្រាប់​នារី​វិញ​នៅ​មិន​ទាន់​មាន​នោះ​ទេ ទើប​លោក​យល់​ថា​វិស័យ​មួយ​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​រីក​ចម្រើន​ពេញលេញ​ដូច​គ្នា​នឹង​ប្រទេស​ជិតខាង ដែល​គ្មាន​ការ​រើសអើង ។ លោក​ថា មនុស្ស​ភាគច្រើន​នៅ​តែ​យល់​ថា អ្នកមាន​សាច់ដុំ​ដូច​លោក គឺ​មើលទៅ​ដូច​កង្កែប ទើប​អ្នកខ្លះ​នៅ​តែ​មិនសូវ​ឱ្យ​តម្លៃ​លើ​បញ្ហា​នេះ​ដូច​លោក ។

– រស់ សោ​ភ័​ណ្ឌ ៖ លោក​ជា​គ្រូបង្វឹក​ផ្នែក​សាច់ដុំ​នៅ​តាម​ក្លិប​ធំ​ៗ និង​ត្រូវ​បាន​គេ​កត់​សម្គាល់ថា​ជា​កីឡាករ​មួយ​រូប​ដែល​ស្រឡាញ់​សាច់ដុំ​មិន​ចាញ់​ស្រឡាញ់​ជីវិត​ខ្លួន​នោះ​ផង ដោយសារ​តែ​លោក​បញ្ជាក់​ថា សាច់ដុំ​គឺជា​ឆ្នាំងបាយ​របស់​លោក ព្រោះតែ​លោក​មាន​សាច់ដុំ​ធំ​ៗ​នោះ​ហើយ ទើប​មាន​គេ​ជួល​ឱ្យ​បង្ហាត់​តាម​ក្លិប​ជា​ប្រចាំ និង​មាន​ប្រាក់​ចំណូល​រាល់ថ្ងៃ ។

លោក​ថា ខ្លួន​ស្រឡាញ់​សាច់ដុំ​តាំងពី​ក្មេង ហើយ​ដោយសារ​តែ​ហ្វឹកហាត់​ទៅ​ស្រាប់តែ​មាន​គេ​ទាក់ទង​ឱ្យទៅ​បង្ហាត់​ពី​របៀប​ហាត់​សាច់ដុំ​ឱ្យ​ស្អាត ទើប​លោក​កាន់តែ​ស្រឡាញ់​សាច់ដុំ​ហើយ​ប្រឹងប្រែង​ហ្វឹកហាត់​មិន​ដែល​ប្រហែស​ខ្លួន ។ ជាក់ស្ដែង បើ​ទោះជា​លោក​ចាប់ផ្ដើម​មាន​ទីផ្សារ​ក្នុង​ការ​ថតកុន ក្រោយ​ពី​បាន​សម្ដែង​ជា​តួអង្គ​ស្ដេច​កន ក្នុង​រឿង​«​ហ្លួង​ព្រះស្ដេច​កន​» ទៅ​ហើយ​ក្ដី ក៏​លោក​នៅ​តែ​យល់​ថា ត្រូវ​តែ​ហាត់​យក​សាច់ដុំ​ឱ្យ​ធំ​បន្ថែម​​ទៀត ដោយ​មិន​ខ្វល់​រឿង​សាច់ដុំ​ឡើង​ធំ​នឹង​ធ្វើ​ឱ្យ​លោក​បាត់បង់​រាង​សង្ហារ​នោះ​ទេ ។ លោក​ថា រាល់ថ្ងៃ​អត់​ខ្វល់​រឿង​អត់​ការងារ​សម្ដែង​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​លោក​ត្រូវ​គិត​គឺ​អត់​មានការ​ងារ​ជា​គ្រូបង្វឹក​លើក​សាច់ដុំ ដែល​ជា​ឆ្នាំងបាយ​រាល់ថ្ងៃ ។

អ៊ីចឹង​ហើយ​ទើប​លោក​ស្រវាស្រទេញ​នឹង​ការ​ហ្វឹកហាត់​បែប​នេះ​ច្រើន​ជាង​ការងារ​ផ្សេង ដោយសារ​តែ​ពេល​លោក​បាន​បង្ហាត់​សិស្ស ក៏​បាន​ហ្វឹកហាត់​ខ្លួនឯង​ជាមួយ​ឧបករណ៍​ទំនើប​ៗ​ក្នុង​ក្លិប ដើម្បី​ដំឡើង​សាច់ដុំ​ឱ្យ​ធំ​ស្អាត​នោះ​ដែរ ។ លោក រស់ សោ​ភ័​ណ្ឌ
និយាយ​​ថា រាល់ថ្ងៃ​លោក​មមាញឹក​នឹង​ការ​បង្ហាត់​កូនសិស្ស​លើក​សាច់ដុំ និង​រវល់​លើក​សាច់ដុំ​ថែរក្សា​រូបរាង​របស់​ខ្លួន​ច្រើន​ជាង ដោយ​ក្នុង​មួយ​ថ្ងៃ​ៗ​លោក​ត្រូវ​បែងចែក​ពេល​វេលា​​ហ្វឹកហាត់​ខ្លួនឯង​ផង និងរ​ត់ទៅ​បង្ហាត់​កូនសិស្ស​៤-៥​កន្លែង​បណ្ដាក់​គ្នា​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​ត្រូវ​ដាក់​ម៉ោង​បង្ហាត់​អ្នក​នេះ​បង្ហាត់​អ្នក​នោះ និង​បង្ហាត់​នៅ​ក្នុង​ក្លិប​នេះ​ក្លិប​នោះ​មិនសូវ​ទំនេរ​នោះ​ទេ ទើប​លោក​ទទួល​បាន​ប្រាក់ខែ​ជា​ប្រចាំ​ច្រើន​គួរសម ដែល​ធ្វើ​ឱ្យ​លោក​មិនសូវ​ខ្វល់​រឿង​មាន​គេ​ហៅ​សម្ដែង ឬ​មិន​ហៅ ។

លោក​នៅ​តែ​អះអាង​ថា ការ​សម្ដែង​គ្រាន់តែ​ជា​ចំណូលចិត្ត​មួយ​ដែល​លោក​ចង់​ប្រឡូក​ឱ្យ​តែ​មានបទពិសោធន៍​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ការ​ហាត់ប្រាណ​គឺជា​អ្វី​ដែល​លោក​ចូល​ចិត្ត​ផុត​លេខ ហើយ​មិន​អាច​បោះបង់​បាន លើកលែងតែ​លោក​ជរា​ជាង​នេះ ហើយ​បន្ត​អាជីព​មួយ​នេះ​លែង​បាន ។

– សំបូរ ណា​ន ៖ កីឡាករ​រូប​នេះ​រឹតតែ​យកចិត្តទុកដាក់​នឹង​ការ​ដំឡើង​សាច់ដុំ​ដងខ្លួន ព្រោះ​​លោក​គឺជា​សមាសភាព​របស់​កម្ពុជា​ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅប្រទេស​ជា​ប្រចាំ​មិន​ដែល​ខាន ដោយសារ​តែ​ប្រភេទ​ទម្ងន់​លោក​ត្រូវ​ស្ដង់ដារ​អន្តរជាតិ ហើយ​មាន​សាច់ដុំ​ធំ​ប៉ោង ណែន និង​ស្ងួត​ល្អ ។ លោក​ថា រាល់ថ្ងៃ​បើ​មិន​ឱ្យ​លោក​បាន​ហូប​មួយ​ពេល​ក៏​មិន​អី​ដែរ តែបើ​ឱ្យ​លោក​ខាន​ហាត់ គឺ​អត់​តែ​ម្ដង ។ លោក​បាន​ទាំង​ប្រកាស​ថា សុខចិត្ត​បាត់បង់​ឱកាស​ការងារ​ផ្សេង សំខាន់​កុំឱ្យ​តែ​លោក​លាឈប់​ពី​ការងារ​កាយ​វប្បកម្ម គឺ​គ្រប់គ្រាន់​ហើយ ។

លោក​សំបូរ ណា​ន បន្ត​ថា រាល់ថ្ងៃ​ស្រឡាញ់​ការ​ហាត់ប្រាណ​ខ្លាំង​ណាស់ ហើយ​ការ​ស្រឡាញ់​របស់​លោក​គឺ​មិនមែន​ដើម្បី​ឱ្យ​បាន​រាង​ស្អាត​សង្ហារ​នោះ​ទេ ប៉ុន្តែ​គឺ​ចង់បាន​សាច់ដុំ​ធំ​ៗ បើ​ទោះជា​ត្រូវ​គេ​ចោទ​ថា​មាន​រាង​ដូច​កង្កែប​មិនសូវ​ទាក់ទាញ​នោះ​ក៏​ដោយ។ លោក​ថា អត់​ខ្វល់​រឿង​អ្នក​ណា​ថា​ហាត់​ដូច​លោក​មាន​រាង​មិន​ស្អាត ប៉ុន្តែ​អ្វី​ដែល​លោក​ចង់បាន​គឺ​រាង​កាយ​មាន​សាច់ដុំ​ធំ​ៗ​តាំងពី​ដើមដៃ​រហូត​ដល់​ទ្រូង ។ លោក​ថា សម្រាប់​រូប​លោក​គឺ​មាន​ក្ដី​សុខ​បំផុត​បើ​អាច​ហ្វឹកហាត់​ហើយ​ធ្វើ​ឱ្យ​រាង​កាយ​មាន​សាច់ដុំ​ធំ អ៊ីចឹង​ហើយ​ប​ទើប​លោក​សម្រេចចិត្ត​បើក​ជា​ក្លិប​ហាត់ប្រាណ​នៅ​ស្រុក​នោះ​ផង ក្រោយ​ពី​ឈប់​​ធ្វើការ​នៅ​ថៃ ដោយសារ​តែ​លោក​ចង់​មាន​ឧបករណ៍​ហ្វឹកហាត់​គ្រប់គ្រាន់ កុំឱ្យ​ពិបាកធ្វើ​ដំណើរ​ទៅ​ហាត់​នៅ​ក្លិប​ឆ្ងាយ​ផ្ទះ ដែល​បង្ក​ឱ្យ​លោក​ខកខាន​នូវ​ការ​ហ្វឹកហាត់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ