ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ត្រូវ​ប្រយ័ត្ន​ចំពោះ​ការ​ទិញ​ដី ​ខណៈ​សកម្មភាព​ពុះ​ឡូត៍​លក់​កាន់តែ​ខ្លាំង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ជូន​អ្នក​ដែល​មិន​ទាន់​មានផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន ដើម្បី​សាងសង់​នៅ​ពេល​មាន​លទ្ធភាព ឬ​អ្នក​កំពុង​ស្វែងរក​ការ​វិនិយោគ​ដើម្បី​ទាញ​ផល​ចំណេញ បាន​និង​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ជា​ពិសេស នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​សក្ដានុពល ។…

រាជធានី​ភ្នំពេញ ៖ សកម្មភាព​ពុះ​ដី​ឡូត៍​លក់​ជូន​អ្នក​ដែល​មិន​ទាន់​មានផ្ទះ​សម្បែង​ផ្ទាល់​ខ្លួន ដើម្បី​សាងសង់​នៅ​ពេល​មាន​លទ្ធភាព ឬ​អ្នក​កំពុង​ស្វែងរក​ការ​វិនិយោគ​ដើម្បី​ទាញ​ផល​ចំណេញ បាន​និង​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង ជា​ពិសេស នៅ​តំបន់​ជាយ​រាជធានី​ភ្នំពេញ និង​បណ្ដា​ខេត្ត​សក្ដានុពល ។ សកម្មភាព​ទាំងនេះ មាន​ក្រុមហ៊ុន​ខ្លះ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ ឯ​ក្រុមហ៊ុន​ខ្លះ​គ្មាន​អាជ្ញាប័ណ្ណ និង​ច្បាប់ទម្លាប់​ពី​អាជ្ញាធរ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ស្វែងរក​ដី​សម្រាប់​សង់ផ្ទះ​ខាតបង់ ទទួល​រង​នូវ​ការ​បោកប្រាស់​ពី​ក្រុមហ៊ុន​ទាំងនោះ ។

រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់ លោក ជា សុ​ផា​រ៉ា បាន​ក្រើន​រំលឹក​​ដល់​ពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ដីធ្លី​សម្រាប់​សង់ផ្ទះ ជា​ពិសេស​ដី​ឡូត៍ សូម​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ និង​ស៊ើប​ឲ្យ​បាន​ច្បាស់ មុន​នឹង​សម្រេចចិត្ត​ទិញ​គម្រោង​ដី​ឡូត៍​ពី​អ្នក​វិនិយោគ​ទាំងនោះ ។

លោក​បាន​មាន​ប្រសាសន៍​ថា កន្លង​មក សកម្មភាព​បោកប្រាស់​បងប្អូន​ប្រជាពលរដ្ឋ​ពី​សំណាក់​អ្នកលក់​ដី​ឡូត៍ បាន​កើតឡើង​រួច​ហើយ និង​មានការ​តវ៉ា​ជា​ច្រើន​ផង​ដែរ​ពី​បងប្អូន​រង​នូវ​ការ​បោកប្រាស់​នោះ ។

លោក​បញ្ជាក់​ថា ៖« មាន​អ្នកខ្លះ​អត់​ទាំង​មាន​ដី​ខ្លួនឯង អត់​ទាំង​មាន​ទុន​ផង ស្រាប់តែ​ចេញ​ប្លង់​ពុះ​ដី​ឡូត៍​លើក​ស្លាក​ប្រកាស​លក់​ឲ្យ​ប្រជាពលរដ្ឋ ហើយ​ហ៊ាន​ទទួលយក​ប្រាក់​កក់​ពី​អតិថិជន​ទៅ​ទៀត ។ នៅ​ពេល​ទទួល​បាន​ប្រាក់​កក់​ច្រើន​គួរសម​ហើយ​ក៏​រត់​បាត់ ទុក​ឲ្យ​អ្នក​បង់ប្រាក់​កក់​នាំ​គ្នា​ស្រែក​តវ៉ា » ។

លោក​បន្ត​ថា ប្រជាពលរដ្ឋ គួរតែ​យល់​ដឹង​និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដោយ​ស៊ើប​ឲ្យ​បាន​ច្បាស់​មុន​នឹង​សម្រេចចិត្ត​ទិញ កុំ​ឃើញ​ដី​រាង​ធូរ​ថ្លៃ​នាំ​គ្នា​ដាក់​កក់ ដោយ​មិនដឹង​ថា ទីតាំង​ដី​នោះ​នៅឯណា មាន​ប្លង់​ត្រឹមត្រូវ​ឬ​ក៏​អត់ ។

លោក​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​កំពុង​ស្វែងរក​ទិញ​គម្រោង​ផ្ទះល្វែង ឬ​គម្រោង​នានា​ផង​ដែរ សូម​ប្រុង​ប្រយ័ត្ន​ដូច​គ្នា ព្រោះ​មិន​ថា​ដី​ឡូត៍​ទេ​ដែល​មាន​បញ្ហា​នោះ គម្រោង​ផ្ទះល្វែង​មួយ​ចំនួន​ក៏​មាន​បញ្ហា​ដែរ ដែល​តែងតែមាន​ជនខិលខូច​ចង់រក​ស៊ីចំណេញ​រហ័ស ។

លោក​ថ្លែង​ថា ៖« បងប្អូន​ប្រជាពលរដ្ឋ ដែល​រក​ទិញ​ផ្ទះល្វែង ឬ​ដី​ឡូត៍ សូម​ទាក់ទង​ទៅ​អាជ្ញាធរ ឬ​សមត្ថកិច្ច បើសិនជា​គម្រោង​ណាមួយ​ដែល​បងប្អូន​មិន​ទុកចិត្ត តែ​ចង់​ទិញ​គម្រោង​នោះ » ។

អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​ជា​ច្រើន ក៏​បាន​ឲ្យ​ជា​យោបល់​មួយ​ចំនួន​ដល់​ប្រជា​ពលរដ្ឋ​ដែល​ស្វែងរក​ទិញ​គម្រោង​អចលនទ្រព្យ ដូច​ជា ដីធ្លី និង​ផ្ទះសម្បែង​ផង​ដែរ ហើយ​អ្វី​ដែល​ពលរដ្ឋ​ត្រូវ​គិត​មុន​នឹង​ទិញ​គម្រោង​អចលនទ្រព្យ​នោះ ត្រូវ​មើល​ថា តើ​អ្នក​ណា​ជា​អ្នក​អភិវឌ្ឍន៍​គម្រោង ។ ជា​ការ​កត់សម្គាល់ អ្នកមាន​ប្រវត្តិ​ល្អ​ក្នុង​វិស័យ​អចលន​ទ្រព្យ តែងតែ​បញ្ចប់​គម្រោង និង​ផ្ដល់​ជូន​នូវ​គម្រោង​អតិថិជន​ដែល​ទិញ​នោះ​ដោយ​ជោគជ័យ និង​គ្មាន​បញ្ហា​អ្វី​ទេ ប៉ុន្តែ​សម្រាប់​អ្នក​គ្មាន​បទ​ពិសោធន៍ និង​មិនដឹង​ប្រភព​មកពីណា មក​វិនិយោគ​គម្រោង​អចលនទ្រព្យ​ទាំង​ដី​ឡូត៍ និង​ផ្ទះសម្បែង តែងតែ​ទាម​ទារ​ពី​ពលរដ្ឋ​ឲ្យ​សង​ប្រាក់​ទៅ​វិញ ដោយសារ​មិន​គោរព​តាម​កិច្ចសន្យា ឬ​មាន​តែ​គម្រោង ប៉ុន្តែ​គ្មាន​ការ​អភិវឌ្ឍ​ពិតប្រាកដ ។

លោក ង៉ែត ជូ ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន Emerging Markets Consulting បាន​ឲ្យ​ដឹង​ថា អ្វី​ដែល​ប្រជាពលរដ្ឋ​ត្រូវ​សួរ​រក​ពេល​ទិញ​ផ្ទះ ឬ​គម្រោង​ដី​ឡូត៍​ពី​ក្រុមហ៊ុន​អភិវឌ្ឍន៍​នោះ គឺ​ប្លង់ និង​ភាព​ស្របច្បាប់​នៃ​គម្រោង ។ ពេល​ខ្លះ បុគ្គល​អ្នកលក់ និង​ម្ចាស់​អចលនទ្រព្យ​ជា​មនុស្ស​ផ្សេង​គ្នា ហើយ​ពេល​ខ្លះ អ្នក​ទាំង​ពីរ​អាច​គ្មាន​ទំនាក់ទំនង​អ្វី​នឹង​គ្នា​ក៏​មាន​ដែរ ។ ដូចនេះ​ហើយ បើសិនជា​មិន​បាន​សួរនាំ​ឲ្យ​បាន​ច្បាស់​មុន​នឹង​ទិញ​ទេ វា​អាច​នឹង​មាន​បញ្ហា​នៅ​ក្រោយ​ពេល​ទិញ​រួច ។

លោក​ថា ៖« មាន​គម្រោង​ខ្លះ​យក​ប្លង់​ទៅ​ដាក់​នៅ​ធនាគារ​បាត់ ដើម្បី​យក​លុយ​មក​ពុះ​ដី​ឡូត៍ ឬ​ឈូស​ឆាយដី រួច​ហើយ​ប្រកាស​លក់ ហើយ​នៅ​ពេល​គម្រោង​នោះ​មិន​ជោគជ័យ ម្ចាស់​រត់​បាត់ ធ្វើ​ឲ្យ​ធនាគារ​មក​រឹបអូស​យក​ក៏​មាន​ដែរ » ។

លោក ប៉ូ អ៊ា​វ​គង់ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អចលនទ្រព្យ Advance បាន​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ក៏​គួរតែ​មើល​ឲ្យ​បាន​ច្បាស់​ផង​ដែរ មុន​នឹង​សម្រេចចិត្ត​ទិញ​គម្រោង​ដី​ឡូត៍​។

គម្រោង​​ដី​ឡូត៍​ខ្លះ​ពុះ​លក់​ព្រោងព្រាត ទាំង​ដែល​មិន​ទាន់​មាន​ប្រព័ន្ធ​ទឹក​ភ្លើង​ទៅ​ដល់ ឬ​គ្មាន​ប្រព័ន្ធ​លូ​ត្រឹមត្រូវ ។ អ្វី​ដែល​ពលរដ្ឋ​ត្រូវ​មើល​បន្ថែម​ទៀត​គឺ គម្រោង​នោះ​មាន​សក្ដានុ​ពល​លើ​អ្វី ហើយ​អ្នកទិញ​នោះ​គាត់​មាន​បំណង​រស់នៅ ឬ​សម្រាប់​វិនិយោគ​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ