ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលក្រុង​ដឹកនាំ​គណៈកម្មការ​ចម្រុះ​ចុះ​ធ្វើការ​រុះរើ​សំណង់​រំលោ.ភ​ដី​ផ្លូវ

6 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក សូរ ប្លា​តុង…

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៧ កម្លាំង​គណៈកម្មការ​ចម្រុះ​ខេត្ត ដឹកនាំ​ដោយ លោក សូរ ប្លា​តុង អភិបាល នៃ​គណៈ​អភិបាលក្រុង​សៀមរាប រួម​នឹង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត បាន​ចុះ​ធ្វើ​ប្រតិបត្តិការ ក្នុង​ការ​រុះរើ​សំណង់​ផ្សារ​កុងតឺន័រ​មួយ​កន្លែង​ដែល​បាន​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវឌឿងហែម ព្រមទាំង​ផ្អាក​សំណង់​ជួសជុល​មួយ​កន្លែង​ដែល​អ្នក​ជាប់​ព្រំ​ធ្វើការ​ប្តឹង​ជំទាស់ ដែល​ស្ថិត​នៅ​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយ​ដង្គំ ក្រុង​ខេត្តសៀមរាប ។

តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក សូរ ប្លា​តុង អភិបាលក្រុង​សៀមរាប បាន​ឲ្យ​ដឹង​ថា ការ​ចុះ​ប្រតិបត្តិការ​របស់​គណៈកម្មការ​ចម្រុះ​ពេល​នេះ ដោយ​ផ្ដោត​លើ​សំណង់​ផ្សារ​កុងតឺន័រ ដែល​សាងសង់​គ្មាន​ច្បាប់ និង​រំលោភ​លើ​ដី​ផ្លូវ​សាធារណៈ ។

លោក​បន្ត​ទៀត​ថា កន្លង​មកនេះ​រដ្ឋបាល​សាលាក្រុង​សៀមរាប បាន​ធ្វើ​សេចក្តីជូនដំណឹង​ដល់​ម្ចាស់​សំណង់ ដើម្បី​ឲ្យ​ធ្វើការ​រុះរើ ។ តែ​ថ្ងៃនេះ​គណៈកម្មការ​ចម្រុះ​ខេត្ត រួម​ទាំង​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត ចុះ​មក​អនុវត្ត​សេចក្តីជូនដំណឹង របស់​រដ្ឋបាល​សាលាក្រុង​សៀមរាប សូម​ឲ្យ​ម្ចាស់​ផ្សារ​កុងតឺន័រ​ខុសច្បាប់​នេះ ដែល​បាន​សាងសង់​រំលោភ​លើ​ផ្លូវ​សាធារណៈ ។ ក្នុង​ការ​ចុះ​ប្រតិបត្តិការ​រុះរើ​នេះ ម្ចាស់​សំណង់​ក៏​បាន​ចូលរួម​សហការ​ជាមួយ​គណៈកម្មការ​ចម្រុះ ដើម្បី​ធ្វើការ​រុះរើ​សំណង់​ខុសច្បាប់​ដោយ​ស្ម័គ្រចិត្ត ព្រមទាំង​ធ្វើ​កិច្ចសន្យា​ជាមួយ​គណៈកម្មការ ក្នុង​រយៈពេល​៣​ថ្ងៃ ធ្វើការ​រុះរើ​ឲ្យ​បាន​រួចរាល់ បើ​មិន​ដូច្នោះ​ទេ គឺ​ត្រូវ​ចាត់ការ​ទៅ​តាម​នីតិវិធី​ច្បាប់ ។

បន្ត​មក​គណៈកម្មការ​ចម្រុះ​ក៏​បាន​ចុះ​ធ្វើការ​ផ្អាក​សំណង់​ជួសជុល​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​នោះ​ដែរ បាន​ធ្វើការ​ជួសជុលផ្ទះ​របស់​ខ្លួន ហើយ​ត្រូវ​បាន​អ្នក​ជាប់​ព្រំផ្ទះ​ទាំង​សងខាង បាន​ធ្វើការ​ប្តឹង​ទៅ​តុលាការខេត្ត ដោយ​បាន​ចោទប្រកាន់​ម្ចាស់ផ្ទះ​ជួសជុល កែ​លំអ​សោ​ភណ្ឌ​ភាព​ផ្ទះ ក្នុង​ការ​ធានា​ភាពរឹងមាំ​នៃ​ផ្ទះ​របស់​ខ្លួន ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​ទាំង​សងខាង ដោយ​ម្នាក់​ៗ​បាន​ប្រកាន់​រៀង​ៗ​ខ្លួន​ទៀត​ផង ។ ដើម្បី​បញ្ចប់​នូវ​បញ្ហា​ទាំងនេះ គណៈកម្មការ​ចម្រុះ​ក៏​បាន​ធ្វើការ​សម្រុះសម្រួល​ភាគី​ទាំង​បី សូម​ឲ្យ​មានការ​យោគយល់​គ្នា​ជា​អ្នក​ជិតខាង​នឹង​គ្នា ដែល​តែងតែ​មានការ​លើ​ខ្វះ​នឹង​គ្នា ។

ក្នុង​នោះ​ដែរ​គណៈកម្មការ​ចម្រុះ ក៏​បាន​ធ្វើការ​កោះ​អញ្ជើញ​ភាគី​ទាំង​បី ដែល​មាន​បញ្ហា​នឹង​គ្នា ដើម្បី​ចូលរួម​ធ្វើការ​ដោះស្រាយ ក្នុង​ការ​បញ្ចប់​វិវាទ​ព្រំប្រទល់ នៅ​រដ្ឋបាល​សាលាខេត្ត នា​រសៀល​ថ្ងៃ​ដដែល​នេះ​ផង​ដែរ ។ ក្នុង​នោះ​ដែរ​លោក សូរ ប្លា​តុង ក៏​បាន​សំណូមពរ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​សៀមរាប ត្រូវ​តែ​ធ្វើការ​ស្វែង​យល់​អំពី​ច្បាប់​សាងសង់​សំណង់ ដើម្បី​បញ្ចៀស​នូវ​រាល់​ផល​ប៉ះពាល់​ផ្សេង​ៗ ដែល​ធ្វើ​ឲ្យ​ខូចខាត​នូវ​ផលប្រយោជន៍​របស់​បងប្អូន ។ ដូច្នេះ​យើង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​ភាព​ច្បាស់លាស់ និង​ស្របច្បាប់​ក្នុង​ការ​ទិញ​ជួល ។
លោក​បាន​គូសបញ្ជាក់​ថា រាល់​ច្បាប់​សាងសង់ សមត្ថកិច្ច​យើង​បាន​ធ្វើការ​បែងចែក​កម្រិត​៥០០​ម៉ែត្រក្រឡា ស្នើ​សុំ​នៅ​សាលាក្រុង លើស​ពី​ផ្ទៃ​៥០០​ម៉ែត្រក្រឡា ត្រូវ​ស្នើ​សុំ​ទៅ​ថ្នាក់​ខេត្ត ហើយ​ក៏​មាន​ដាក់​តារាង​កំណត់​តម្លៃ​សេវា ជូន បងប្អូន​ឲ្យ​បាន​ដឹងផង​ដែរ ។ ម្យ៉ាងទៀត​ក៏​សូម​ឲ្យ​បងប្អូន​ទៅ​រក​សេវា​ដោយ​ខ្លួនឯង ដើម្បី​ជៀសវាង​បញ្ហា​ការ​ពឹងពាក់ ឬ​អ្នក​រត់ការ ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ផ្សេង​ៗ​កើតឡើង និង​ចំណាយ​ថវិកា​ច្រើន​ទៀត​ផង ៕ 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ