ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យឹ​ម វ​ណ្ណា គ្រូបង្វឹក​កីឡាបាល់ទះ​ជន​ពិការ​ រៀប​រាប់​ពី​ជីវិត​តស៊ូ​រហូត​ដល់​បច្ចុប្បន្ន

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម វ​ណ្ណា អតីត​កីឡាករ​បាល់ទះ​ជន​ពិការ​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​យ៉ាងច្រើន​មក​ជូន​ជាតិ​នោះ រហូត​មក​ទល់​ពេល​នេះ ​បើ​ទោះជា​រូប​លោក​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ​មិន​អាច​លេង​កីឡា​ដូច​មុន​ទៀត​បាន ក៏​រូប​លោក​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​ជួយ​ឱ្យ​ក្រុម​បាល់ទះ​អង្គុយ​របស់​លោក​ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើន​ពី​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅប្រទេស ។…

រាជធានី​ភ្នំពេញ ៖ លោក យឹ​ម វ​ណ្ណា អតីត​កីឡាករ​បាល់ទះ​ជន​ពិការ​ដែល​ធ្លាប់​ដណ្ដើម​បាន​មេដាយ​ពី​ការ​ប្រកួត​យ៉ាងច្រើន​មក​ជូន​ជាតិ​នោះ រហូត​មក​ទល់​ពេល​នេះ ​បើ​ទោះជា​រូប​លោក​មាន​វ័យ​ចំណាស់​បន្តិច​ទៅ​ហើយ​មិន​អាច​លេង​កីឡា​ដូច​មុន​ទៀត​បាន ក៏​រូប​លោក​បន្ត​ធ្វើ​ជា​គ្រូបង្វឹក​ជួយ​ឱ្យ​ក្រុម​បាល់ទះ​អង្គុយ​របស់​លោក​ដណ្ដើម​បាន​មេដាយ​យ៉ាងច្រើន​ពី​ការ​ប្រកួត​ទាំង​ក្នុង​និង​ក្រៅប្រទេស ។

ជួប​អ្នក​យក​ព័ត៌មាន​កោះសន្តិភាព លោក យឹ​ម វ​ណ្ណា បាន​រៀបរាប់​ពី​ប្រវត្តិ​របស់​ខ្លួន​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ថា បច្ចុប្បន្ន​លោក​មាន​អាយុ​៥០​ឆ្នាំ​ហើយ និង​មានស្រុក​កំណើត​នៅ​សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ប្រពន្ធ​របស់​លោក​ឈ្មោះ​វ៉​ន សុ​ផា អាយុ​៤៥​ឆ្នាំ ជា​មេផ្ទះ និង​មានកូន​៤​នាក់​ ប្រុស​២​នាក់​ស្រី​២​នាក់ ។ លោក​បាន​ក្លាយ​ជា​ជន​ពិការ​ជើង​ខាងស្ដាំ​នៅ​ឆ្នាំ​១៩៨៧ ដោយ​សារ​ដើរ​ជាន់​គ្រាប់​មីន​នៅ​ពេល​រូប​លោក​ធ្វើ​ជា​សេនា​ជន​ចេញ​ទៅ​បំពេញភារកិច្ច​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ។ ទោះបី​ក្លាយ​ខ្លួន​ជា​ជន​ពិការ​យ៉ាងណា​ក៏​ដោយ ក៏​រូប​លោក​នៅ​តែ​តស៊ូ​រស់​និង​ក្លាយជា​មនុស្ស​រឹង​មាំ​មិន​ចាញ់​អ្នក​ដែល​មាន​កាយសម្បទា​គ្រប់គ្រាន់​ឡើយ ជាក់ស្ដែង​លោក​បាន​រៀប​ការ​ដូច​គេឯង​នៅ​ឆ្នាំ​១៩៩៦ ​ក៏​ព្រោះតែ​ភរិយា​លោក​មើលឃើញ​ពី​គុណសម្បត្តិ​លោក​ដូច​រៀប​រាប់​​ខាងលើ​នេះ​ដែរ ។

លោក យឹ​ម វ​ណ្ណា បន្ត​ថា លោក​បាន​ចូល​លេង​កីឡាបាល់ទះ​តាំងពី​ឆ្នាំ​១៩៩៨​មក​ម្ល៉េះ​ហើយ​ត្រូវ​បាន​ជ្រើសរើស​ជា​កីឡាករ​ជម្រើស​ជាតិ​តាំងពី​ពេល​នោះ​មក ។ លោក​និង​មិត្ត​រួម​ក្រុម​ដែល​មាន​គ្នា​៩​នាក់​ត្រូវ​បាន​បញ្ជូន​ឱ្យទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​ថៃ​ជា​លើក​ដំបូង​ដោយ​ដណ្ដើម​បាន​មេដាយ​ប្រាក់ ។ រហូត​ដល់​ឆ្នាំ​២០០០ ក្រុម​លោក​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ជន​ពិការ​ពិភពលោក​នៅ​ទីក្រុង​ស៊ី​ដ​នី ប្រទេស​អូស្ត្រាលី ជា​អកុសល​មិន​ទទួល​បាន​មេដាយ​ត្រឡប់​មក​វិញ​ឡើយ គឺ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​៦​ប៉ុណ្ណោះ ។ ក្រោយ​មក​ក្រុម​លោក​បាន​បន្ត​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​កូរ៉េ​ក្នុង​ឆ្នាំ​២០០២ ដោយ​ដណ្ដើម​បាន​មេដាយមាស​ត្រឡប់​មក​វិញ ។ លុះដល់​ឆ្នាំ​២០០៧ ពេល​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡាបាល់ទះ​ជន​ពិការ​ពិភពលោក ក្រុម​របស់​លោក​បាន​ត្រឹមតែ​ទទួល​បាន​មេដាយ​សំរឹទ្ធ​ប៉ុណ្ណោះ ។

លោក​ថា ចាប់ពី​ពេល​នោះ​មក​លោក​ក៏​បាន​លាឈប់​ពី​កីឡាករ​ហើយ​ត្រូវ​បាន​លោក យី វាសនា អគ្គលេខាធិការ​កីឡា​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​ជ្រើសរើស​រូប​លោក​ឱ្យធ្វើ​ជា​គ្រូ​កីឡា​បាល់​ទះ​ជន​ពិការ​អង្គុយ​នៅ​ក្នុង​ឆ្នាំ​២០១១ ។ ចាប់តាំងពី​រូប​លោក​ក្លាយជា​គ្រូបង្វឹក​រហូត​មក​ទល់​ពេល​នេះ លោក​បាន​ដឹកនាំ​កូនក្រុម​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​បាន​ចំនួន​៣​លើក​ហើយ ។ លើក​ទី​១​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​​ឥណ្ឌូ​ណេ​ស៊ីក្នុង​ឆ្នាំ​២០១១​ដោយ​មិន​ទទួល​បាន​មេដាយ​ឡើយ ។ លើក​ទី​២​នៅ​ឆ្នាំ​២០១៣​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ី​ហ្គេ​ម​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ដណ្ដើម​បាន​មេ​ដាយ​សំរឹទ្ធ និង​លើក​ទី​៣​ទៅ​ចូលរួម​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ឆ្នាំ​២០១៧​ដែល​ទើបតែ​បញ្ចប់​ទៅ​កាលពី​ពេល​ថ្មី​នេះ ដោយ​ដណ្ដើម​បាន​មេដាយ​ប្រាក់។
លោក​បញ្ជាក់​ថា អ្វី​ដែល​នាំ​ឱ្យ​ក្រុមកីឡា​បាល់ទះ​ជន​ពិការ​កម្ពុជា​ដណ្ដើម​បាន​ជោគជ័យ​ជា​បន្តបន្ទាប់​បែប​នេះ​ក៏​ដោយសារ​តែ​បានការ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង​ពី​លោក យី វាសនា​ដែល​លោក​តែងតែ​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្រុម​កីឡា​ជន​ពិការ​ទាំងអស់​ប្រៀប​បាន​ទៅ​នឹង​ឪពុក​បង្កើត​ទៅ​ហើយ ។

ជាក់ស្ដែង លោក យី វាសនា ដោយ​មើលឃើញ​គ្រួសារ​លោក​ជួប​ការ​លំបាក​ខ្លាំង​ពេក គាត់​បាន​ធ្វើ​ផ្ទះ​ឱ្យ​មួយ​ខ្នង​នៅ​ខេត្តកំពង់ស្ពឺ​ទុកជា​ទ្រព្យ​ផ្ទាល់ខ្លួន ។ ប៉ុន្តែ​ដោយសារ​ផ្ទះ​នោះ​នៅ​ឆ្ងាយ លោក​និង​ក្រុម​គ្រួ​សារបាន​មក​ជួល​ផ្ទះ​គេ​នៅ​ក្រុង​តា​ខ្មៅ​ព្រោះ​ជិត​រោង​ចក្រ​​កូន​ធ្វើការ​ហើយ​លោក​ក៏​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​មក​បង្ហាត់​កីឡាករ​ផង​ដែរ ។ តាម​ពិត រូប​លោក​សព្វថ្ងៃ​ទទួល​បាន​ប្រាក់​កម្រៃ​ពី​ការ​លេង​កីឡា​បន្តិចបន្តួច គួប​ផ្សំ​ជាមួយ​ប្រាក់ខែ​ជន​ពិការ​ក្នុង​១​ខែ​៤១​ម៉ឺន​រៀល​ក៏​លោក​នៅ​តែ​ពេញ​ចិត្តនឹង​ជីវភាព​ដ៏​សាមញ្ញ​នេះ​ណាស់ ។ លោក​ក៏​សប្បាយ​ចិត្តនឹង​ការងារ​ធ្វើ​ជា​គ្រូបង្វឹក​នេះ​ផង​ដែរ ថែម​ទាំង​មាន​បំណង​ចង់​ដឹកនាំ​ក្រុម​ឱ្យ​កាន់តែ​មានការ​រីក​ចម្រើន ព្រោះថា​អ្វី​ៗ​កើត​ចេញពី​ទឹកចិត្ត​ស្រឡាញ់​ដោយ​ស្មោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ