ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផា​ន់ គ្រាន់ និង ធន់ ចាន់​តាក់ ប៉ះ​ថៃ​យក​៣​ពិន្ទុ​ស្អែក​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​១១ វិច្ឆិកា ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដល់​កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា ២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​ល្បីឈ្មោះ…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​សៅរ៍​ទី​១១ វិច្ឆិកា ស្អែក​នេះ កម្មវិធី​ប្រកួត​ប្រដាល់​​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដល់​កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា ២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​ល្បីឈ្មោះ ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​យក​បាន​៣​ពិន្ទុ​នៅឡើយ​ទេ​សម្រាប់​ការ​ប្រកួត​ដ៏​ក្តៅ​គគុក​នេះ ។

ការ​ប្រកួត​នៅ​រសៀល​ស្អែក​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​រសៀល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​មក​ទស្សនា​ដល់​ស្ទី​ឌី​យោ ហើយ​នៅ​ចន្លោះ​ការ​ប្រកួត​របស់​គូ​នីមួយ​ៗ​ក៏​មានការ​ប្រគំ​តន្ត្រី​ផង ដែល​តាម​ការ​ជាក់ស្ដែង​ការ​ប្រដាល់​ជា​ទម្រង់​អន្តរជាតិ​បែប​នេះ អ្នក​ទស្សនា​រមែង​មក​កកកុញ​ស្រាប់ ដោយសារ​តែ​មុន​ការ​ប្រដាល់​គឺជា​វេទិកា​តន្ត្រី​បន្ត​ផ្ទាល់​។

កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង​ផា​ន់ គ្រាន់ និង​កីឡាករ​វ័យក្មេង​ធន់ ចាន់​តាក់ នឹង​ក្លាយ​ជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ក្នុង​ថ្ងៃ​នោះ ដោយសារ​ជ័យជម្នះ​លើក​នេះ គឺជា​ការ​កាត់ក្ដី​មួយ​យ៉ាង​ប្រសើរ​ក្នុង​ការ​បោះ​ជំហាន​បន្ត ។ អ្នក​រៀបចំ​ការ​ប្រកួត​​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ។ លោក​ថា កីឡាករ​កម្ពុជា​ទាំង​ពីរ​រូប​ត្រៀមខ្លួន​យ៉ាង​ម៉ត់ចត់​មុន​ពេល​ការ​ប្រកួត​មក​ដល់​ដោយ​បាន​ចំណាយពេល​ច្រើន​ជាង​មួយ

ស​ប្ដា​ហ៍​​ក្នុង​ការ​ហ្វឹកហាត់​នោះ​ផង ។ អ្នកគាំទ្រ​ភាគច្រើន​លែង​ហ៊ាន​ប្រកាស​ថា ភាគី​ណាមួយ​នឹង​ឈ្នះ​ដោយ​ច្បាស់​ក្នុង​ចិត្ត​ដូច​មុន​ទៀត​ហើយ បន្ទាប់​ពី​ការ​ប្រកួត​របស់​កីឡាករ​ម្ខាង សុទ្ធតែ​មាន​ទំនុកចិត្ត​មិនធម្មតា​រៀងខ្លួន​បែប​នេះ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​នោះ កីឡាករ ផា​ន់ គ្រាន់ គឺជា​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អជា​គូប្រកួត​ក្ដី ។ គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ផា យ៉ាក់​ឡេ​ក ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ នៅ​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា ជំនួប​រវាង​ពួក​គេ​ជា​រឿង​សំខាន់ ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។

លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​ទី​២​ក្នុង​ខែ​១១​នេះ​តែ​ម្ដង ដើម្បី​ឱ្យ​អ្នក​តាមដាន​កាន់តែ​ចង់​ទស្សនា ។ លោក​ថា កីឡាករ ផា​ន់ គ្រាន់ អាច​​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិ​ការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​ផា​ន់ គ្រាន់ ជាមួយ​កីឡាករ​ថៃ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ កីឡាករ​កម្ពុជា​រូប​នេះ​ត្រូវ​បាន​លោក​សរសើរ​ថា​មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​ល្អ​ផង​ដែរ ទើប​លោក​យល់​ថា​គេ​អាច​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​ថ្ងៃស្អែក បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ និង​មិនសូវ​ល្អ​ខ្លះ នៅ​លើ​សង្វៀន​អន្តរជាតិ​ក៏​ដោយ ។

លោក​និយាយ​ថា ផា​ន់ គ្រាន់ នៅ​តែ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​នេះ ។ កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ​ផា​ន់ គ្រាន់ ធ្លាប់​​ប្រកួត​១០៤​លើក ឈ្នះ​៧៨​លើក ចាញ់​២៥​លើក និង​ស្មើ​១០​លើក​ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​រហូត​ដល់​១០១​លើក ឈ្នះ​៨៣​លើក ចាញ់​១៦​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ ធន់ ចាន់​តាក់ លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ផង​ដែរ​ឈ្មោះ កង សា​យ៉ា​ម នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរ​ជាតិ​ដណ្ដើម​ពិន្ទុ​នេះ​ដែរ ក្នុង​នាម​ជា​គូ​រង​ឯក ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​ធន់ ចាន់​តាក់ គឺជា​កីឡាករ​មិនធម្មតា ដោយ​លោក​បាន​ចាត់​ទុក​ថា​គឺជា​ជើង​ខ្លាំង និង​ធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង ។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​កីឡាករ​វ័យក្មេង ប៉ុន្តែ​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៧៨​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦២​លើក ឈ្នះ​៥២​លើក ចាញ់​តែ​១០​លើក និង​មិន​ធ្លាប់​ស្មើ ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​ដែល​នៅ​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស​ក៏​មានការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​៨​នាក់​ក្នុង​ស​ប្ដា​ហ៍​ទី​២ ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ