ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វេ​ស​ប៊ុ​ក​ជំរុញ​ឱ្យ​ឃោសនា​បន្ថែម​ ដើម្បី​បង្កើន​ការ​ទិញ​ពី​អតិថិជន

6 ឆ្នាំ មុន

ទីក្រុង​បាងកក ៖ ហ្វេ​ស​ប៊ុ​ក​និយាយ​ថា អ្នក​ទីផ្សារ​គួរ​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​ទូរស័ព្ទ​ចល័ត និង​វាស់វែង​តាម​លទ្ធផល​ដើម្បី​បង្កើន​ការ​ទិញ​ពី​អតិថិជន ។ លោក John Wagner នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្រចាំ​ប្រទេស​ថៃ…

ទីក្រុង​បាងកក ៖ ហ្វេ​ស​ប៊ុ​ក​និយាយ​ថា អ្នក​ទីផ្សារ​គួរ​ចំណាយ​ប្រាក់​ជា​ច្រើន​លើ​ទូរស័ព្ទ​ចល័ត និង​វាស់វែង​តាម​លទ្ធផល​ដើម្បី​បង្កើន​ការ​ទិញ​ពី​អតិថិជន ។

លោក John Wagner នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ប្រចាំ​ប្រទេស​ថៃ និយាយ​ថា ៖« សព្វថ្ងៃ មាន​គម្លាត​រវាង​ចំនួន​ទឹកប្រាក់​ចំណាយ​លើ​ការ​ផ្សាយពាណិជ្ជកម្ម​តាមទូរស័ព្ទ និង​ពេលវេលា​ដែល​ពលរដ្ឋ​ថៃ​ចំណាយ​លើ​ទូរស័ព្ទ ។ ក្នុង​ចំណោម​ការ​ចំណាយ​ផ្សាយ​ពាណិជ្ជកម្ម​ឌី​ជី​ថ​ល​នៅ​ថៃ​ប្រមាណ​១៥ ទៅ​២០% គឺ​មាន​តែ​៧%​ប៉ុណ្ណោះ​ជា​ការ​ផ្សព្វ​ផ្សាយ​ពាណិជ្ជកម្ម​លើ​ទូរស័ព្ទ ខណៈ​ពលរដ្ឋ​ថៃ​ចំណាយពេល​៤​ម៉ោង​ក្នុង​១​ថ្ងៃ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន » ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​បាន​គ្របដណ្តប់​ការ​ផ្សាយពាណិជ្ជកម្ម ទោះបីជា​មនុស្ស​ចំណាយពេល​តិច​ក្នុង​ការ​ទស្សនា​វា​ក្តី ។

ស​ន្ទ​ស្សន៍​បណ្តាញ​សកល​ឆ្នាំ​២០១៧ រាយការណ៍​ថា ពលរដ្ឋ​ថៃ​បាន​ចំណាយពេល​៤​ម៉ោង​​ក្នុង​១​ថ្ងៃ​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​, ៣​ម៉ោង​មើល​ទូរទស្សន៍​, ២​ម៉ោង​លើ​កុំព្យូទ័រ​, ១​ម៉ោង​អាន​​​កាសែត និង​៥៥​នាទី​ទៀត​ស្តាប់​វិទ្យុ ។ ស​ន្ទ​ស្សន៍​នេះ​ផ្អែក​លើ​ការ​ស្ទង់​មតិ​អ្នក​ឆ្លើយ​ឆ្លង​ប្រមាណ ៣.២០០​នាក់​ក្នុង​ប្រទេស​ថៃ ។

លោក Wagner បន្ត​ថា ៖« យើង​រំពឹង​ថា ក្រុមហ៊ុន​នៅ​ថៃ​នឹង​បម្រុង​ថវិកា​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​ដល់​២០%​នៅ​ឆ្នាំ​២០១៨ ព្រោះ​ពលរដ្ឋ​ថៃ​ចំណាយពេល​កាន់តែ​ច្រើន​​លើ​ឧបករណ៍​ទាំងនេះ » ។

លោក​បន្ត​ថា អ្នក​ទីផ្សារ​អាច​ប្រើ​បណ្តាញ​សង្គម​សម្រាប់​បំពេញតម្រូវការ​អតិថិជន ដោយ​មិន​ចាំបាច់​រង់ចាំ ។

យោង​តាម eMarketer 2017 ឲ្យ​ដឹង​ថា ជា​មធ្យម ក្រុមហ៊ុន​មួយ​នៅ​ថៃ បាន​ចំណាយ​ថវិកា​ពី​១៥ ទៅ​២០%​ដើម្បី​ផ្សាយពាណិជ្ជកម្ម​តាម​ប៉ុស្តិ៍​ឌី​ជី​ថ​ល ។

នៅ​ប្រទេស​អូស្ត្រាលី ក្រុមហ៊ុន​នានា​បាន​បែងចែក​ថវិកា​របស់​ពួក​គេ​៥០% សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​ឌី​ជី​ថ​ល ។ លោក Wagner និយាយ​ថា ថៃ​នៅ​តែ​មានឱកាស​លូត​លាស់ ខណៈ​ប្រទេស​នេះ អ្នក​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​កើន​ដល់​៤៨​លាន​នាក់ ស្មើ​៩៦% ។

ហ្វេ​ស​ប៊ុ​ក​ក៏​អាច​ដើរតួ​នាទី​ជា​វេទិកា​សម្រាប់​ម៉ាក​ទើប​បង្កើត​ផង​ដែរ ។ យោង​តាម​ការ​សិក្សា​របស់ TNS លើ​អ្នក​ប្រើ​បណ្ដាញ​សង្គម​ថៃ​ចំនួន​១​ពាន់​នាក់​មាន​អាយុ​លើស​ពី​១៨​ឆ្នាំ ឲ្យ​ដឹង​ថា ជនជាតិ​ថៃ​៩៣% បាន​រក​ឃើញ​ផលិតផល និង​ម៉ាក​ថ្មី​ៗ​នៅ​លើ​បណ្តាញ​សង្គម ។

យោង​តាម​ទិន្នន័យ​ផ្ទៃក្នុង​របស់​ហ្វេ​ស​ប៊ុ​កថា ចាប់ពី​ខែតុលា ដល់​ខែធ្នូ​ឆ្នាំ​មុន ការ​ទិញ​៧២% គឺ​តាម​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​ក្នុង​ទូរស័ព្ទ​ដៃ ហើយ​អតិថិជន​ថៃ​៦២% មាន​អាយុ​ពី​១៨ ទៅ​៣៤​ឆ្នាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ