ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ក សុ​វ​ណ្ណា​រី មាន​ប្រាថ្នា​មួយ​ក្រោយ​ប្រឡង The Voice kids Cambodia

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្រី​តូច​មាន​សំឡេង​ពីរោះ​លំនាំ​អ្នកស្រី​រស់ សេរី​សុទ្ធា គឺ​កុមារី​អ៊ុ​ក សុ​វ​ណ្ណា​រី ។ ក្មេង​ស្រី​នេះ​អ្នកគាំទ្រ​ជា​ច្រើ​ន្រ​ឡាញ់​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ទឹកដម​សំឡេង​របស់​នាង ។ សុ​វ​ណ្ណា​រី​ទទួល​បានការ​សរសើរ​ថា…

រាជធានី​ភ្នំពេញ ៖ ស្រី​តូច​មាន​សំឡេង​ពីរោះ​លំនាំ​អ្នកស្រី​រស់ សេរី​សុទ្ធា គឺ​កុមារី​អ៊ុ​ក សុ​វ​ណ្ណា​រី ។ ក្មេង​ស្រី​នេះ​អ្នកគាំទ្រ​ជា​ច្រើ​ន្រ​ឡាញ់​ពេញចិត្ត​ខ្លាំង​ណាស់​ចំពោះ​ទឹកដម​សំឡេង​របស់​នាង ។ សុ​វ​ណ្ណា​រី​ទទួល​បានការ​សរសើរ​ថា មាន​ទឹកដម​សំឡេង​ពីរោះ​ពី​ធម្មជាតិ​កម្រ​រកបាន ។

អ៊ុ​ក សុ​វ​ណ្ណា​រី មាន​ឪពុក​ជា​មន្ត្រី​នគរបាល និង​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ។ កុមារី​សំឡេង​ពីរោះ​រណ្តំ​រូប​នេះ​មាន​ចំណូលចិត្ត​ខ្លាំង​ក្នុង​ការ​សិក្សា​រៀន​ភាសា​អង់គ្លេស ប៉ុន្តែ​ដោយសារ​តែ​ជីវភាព​មិនសូវ​អំណោយផល នាង​បាន​ត្រឹមតែ​រៀន​ក្នុង​សាលា​រដ្ឋ​ប៉ុណ្ណោះ មិន​បាន​រៀន​នៅ​សាលា​ឯកជន​ល្បី​ៗ​ទេ ។

អ៊ុ​ក សុ​វ​ណ្ណា​រី កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នាង​រៀន​ថ្នាក់​ទី​៧ ។ នាង​បាន​ផ្អាក​រៀន​អង់គ្លេស​មួយ​រយៈ​ដោយសារ​តែ​ខ្វះ​ប្រាក់​បង់​សាលា​ឯកជន ។ ចំណែក​ផ្ទះ​ដែល​នាង​រស់នៅ​សព្វ​ថ្ងៃជា​ផ្ទះ​របស់​ជីតា​ខាង​ឳ​ពុក គឺ​អត់​មានផ្ទះ​ជា​កម្មសិទ្ធិ​របស់​ឳ​ពុក ម្តាយ​នាង​ទេ ។ ម្ល៉ោះហើយ​នាង​តែងតែ​ចូលរួម​ច្រៀង​តាម​ទូរទស្សន៍​មួយ​ចំនួន កាល​ពី​មុន​ពេល​ចូលរួម​ប្រឡង​កម្មវិធី​ធំ​លំដាប់​អន្តរជាតិ​របស់​ទូរទស្សន៍​ហង្ស​មាស ដើម្បី​បាន​ប្រាក់​ខ្លះ​ជួយ​ជីវភាព​រស់នៅ​របស់​ក្រុម​គ្រួសារ ។

មុន​ពេល​ប្រឡង​នៅ​ទូរទស្សន៍​ហង្ស​មាស​អ៊ុ​ក សុ​វ​ណ្ណា​រី ធ្លាប់​ប្រឡង​នៅ​ក្នុង​កម្មវិធី​«​ទេព​កោសល្យ​កុមារ​» របស់​ទូរទស្សន៍​អ៊ី​ធី​វី​កាលពី​អាយុ​១០​ឆ្នាំ​ជាប់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​១​ច្រៀង​បទ​«​ដូនជី​អភ័ព្វ​» ។

អ៊ុ​ក សុ​វ​ណ្ណា​រី ចេះ​ច្រៀង​តាំងពី​អាយុ​៥​ឆ្នាំ​ដោយ​តែងតែ​ច្រៀង​លេង​ក្នុង​ផ្ទះបាយ តែ​អ្នក​ផ្ទះ​មិនសូវ​ជា​ចាប់អារម្មណ៍​ទេ ។ ក្រោយ​ប៉ា ម៉ាក់​ដឹង​កូនស្រី​មាន​សំឡេង​ល្អ​ក៏​ឲ្យ​ចូលរួម​ប្រឡង​ចម្រៀង​ជា​បន្តបន្ទាប់​តាម​ការ​ស្នើ​សុំ​របស់​នាង ។

ពេល​នេះ​កុមារី​អ៊ុ​ក សុ​វ​ណ្ណា​រី ចង់បាន​កន្លែង​ច្រៀង​មួយ​សមរម្យ ប្រសិនបើ​មាន​គេ​ចាប់​អារម្មណ៍ ប៉ុន្តែ​បើ​ច្រៀង​ប្រចាំ​នៅ​តាម​ហាង ឬ​បៀរហ្គាឌិន ម្តាយ​នាង​មិន​អនុញ្ញាត​ទេ ព្រោះ​​នៅ​ក្មេង​ពេក ។ ម្ល៉ោះហើយ​ទើប​រំពឹង​ថា​បណ្តា​ផលិតកម្ម​មួយ​ចំនួន​នឹង​ចាប់​អារម្មណ៍​ចំពោះ​ទឹកដម​សំឡេង​របស់​នាង ។

ម្តាយ​របស់​អ៊ុ​ក សុ​វ​ណ្ណា​រី ថ្លែង​ថា «​ពេល​ឃើញ​កូន​មាន​គេ​ស្គាល់ មាន​ស្នាដៃ ក្នុង​នាម​ជា​ម្តាយ​មាន​តែ​លើក​ម្រាមដៃ​ដប់ បើសិនជា​មាន​ទូរទស្សន៍ ឬ​ក្រុមហ៊ុន​ណា​ចង់​យក​កូន​របស់​ខ្ញុំ​ទៅ​ច្រៀង គឺ​ពេញចិត្ត​ឲ្យ​ប្រឡូក​តែ​បើសិនជា​ចង់​ឲ្យ​ច្រៀង​នៅ​តាម​ហាង គឺ​ខ្ញុំ​មិន​រើសអើង​ទេ តែ​ក៏​មិន​ឲ្យ​ទៅ​ដែរ​ព្រោះ​នៅ​ក្មេង​ជា​កូនស្រី​ទៀត​អាណិត​គាត់ បើសិនជា​គ្មាន​ផលិតកម្ម​ណា​ទទួល​ខ្ញុំ និង​ស្វាមី​ក៏​មិន​អន់ចិត្ត​ដែរ គឺ​មាន​តែ​តាម​ហ្នឹង​ចុះ​ធ្វើ​ម៉េច​បើ​បែប​នេះ ។

ខ្ញុំ និង​ស្វាមី​ទោះជា​លំបាក​យ៉ាងណា​នឹង​ស៊ូ​ឲ្យ​កូន​បាន​រៀន ចិញ្ចឹម​ឲ្យ​បាន​ល្អ​ដើម្បី​ឲ្យ​គ្នា​សប្បាយចិត្ត និង​កក់ក្តៅ​ពេល​នៅ​ក្បែរ​អ្នក​មានគុណ​» ។

អ៊ុ​ក សុ​វ​ណ្ណា​រី ពេល​ប្រឡង​នៅ​ទូរទស្សន៍​ហង្ស​មាស​វគ្គ​ទី​១​ច្រៀង​បទ​«​ឱ​ភូមិ​បាក់​ព្រា​»​ត្រូវ​គណៈកម្មការ​ទាំង​៣​ចុច​យក ហើយ​នាង​បាន​ជ្រើសរើស​សុគន្ធ និសា ជា​គ្រូបង្វឹក ។ ប៉ុន្តែ​នាង​បាន​ធ្លាក់​ចេញពី​ការ​ប្រកួត​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ