ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចេកវិទ្យា​រីក​ចម្រើន ធ្វើ​ឱ្យ​អ្នកមាន​ជំនាញ​ទាប​បាត់បង់​ការងារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណាក់កាល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ ឬ​យុគ សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ បាន​នាំ​មក​នូវ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ។ បញ្ហា​ប្រឈម​ធំ​ៗ​នៃ​យុគសម័យ​បច្ចេកវិទ្យា​រីក​ចម្រើន​នេះ នឹង​ធ្វើ​ឱ្យ​អ្នកមាន​ជំនាញ​ទាប​នៅ​តាម​ប្រទេស​ជា​សមាជិក​អាស៊ាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ដំណាក់កាល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន​ឥត​ឈប់​ឈរ ឬ​យុគ សម័យ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ បាន​នាំ​មក​នូវ​កាលានុវត្តភាព និង​បញ្ហា​ប្រឈម ។

បញ្ហា​ប្រឈម​ធំ​ៗ​នៃ​យុគសម័យ​បច្ចេកវិទ្យា​រីក​ចម្រើន​នេះ នឹង​ធ្វើ​ឱ្យ​អ្នកមាន​ជំនាញ​ទាប​នៅ​តាម​ប្រទេស​ជា​សមាជិក​អាស៊ាន បាត់បង់​ការងារ​របស់​ខ្លួន ដែល​បង្ក​ឡើង​ដោយ​ការ​ធ្វើ​ស្វ័យប្រវត្តិកម្ម និង​ភាព​កាន់តែ​ទំនើប​ជឿនលឿន​នៃ​បច្ចេកវិទ្យា​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា កន្លង​មក ។

របាយការណ៍​គូសបញ្ជាក់​ថា ៖« ការងារ​ដដែល​ៗ ប្រើ​ជំនាញ​កម្រិត​ទាប ដូច​ជា កម្មករ​ក្នុង​ខ្សែ​សង្វា​ក់​ផលិតកម្ម​ផ្នែក​បង្គុំ គឺជា​អ្នក​ងាយ​ប្រឈម​នឹង​ហានិភ័យ ។ លើស​ពី​នេះ ការងារ​ផ្តល់​សេវា ក៏​កាន់តែ​ទទួល​រង​ការ​គំរាមកំហែង​ផង​ដែរ » ។

របាយការណ៍​លើក​ឡើង​ថា ដើម្បី​ឆ្លើយ​តប​បន្ទាន់​ទៅ​នឹង​ការ​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា​នេះ ត្រូវ​ផ្តល់​លទ្ធភាព​ឱ្យ​កម្មករ​គ្មាន​ជំនាញ​អាច​បង្កើន​កម្រិត​ជំនាញ​របស់​ខ្លួន ។ វា​នឹង​ជួយ​ទប់ទល់​បញ្ហា​គ្មាន​ការងារ​ធ្វើ​នៅ​តាម​ប្រទេស​បញ្ជូន​ពលករ ក៏​ដូច​ជា​ជួយ​ធ្វើ​ឱ្យ​កំណើន​​​សម្រេច​បាន​ក្នុង​ប្រទេស​ទទួល​ពលករ បន្ត​និរន្តរភាព​ទៅ​មុខ​ទៀត ។ ជាមួយ​គ្នា​នេះ ក៏​អាច​ជួយ​កាត់​បន្ថយ​បញ្ហា​វិសមភាព​សេដ្ឋកិច្ច​ដែល​កំពុង​បន្ត​កើនឡើង​រវាង​តំបន់​និង​តំបន់ ឬ​រវាង​ប្រទេស​មួយ​និង​ប្រទេស​មួយទៀត ។

លើស​ពី​នេះ ការ​ផ្លាស់​ប្តូរ​ក្នុង​ល្បឿន​លឿន​បែប​នេះ តម្រូវ​ឱ្យ​ផ្តល់​ការ​បណ្តុះបណ្តាល និង​ឱកាស​រៀនសូត្រ​ពេញ​មួយ​ជីវិត​ដល់​មនុស្ស​ពេញវ័យ ពោល​គឺ​មិន​ត្រឹមតែ​ជា​ការ​អប់រំ​ក្នុង​វ័យ​ដំបូង​ៗ​នៃ​ជីវិត​ប៉ុណ្ណោះ​ទេ ។

លោក​ជេ​ត ជាលី សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ធ្លាប់​មាន​ប្រសាសន៍​​ថា ៖« មុខ​វិជ្ជា​បច្ចេកវិទ្យា​នេះ បើសិនជា​ក្មេង [​និស្សិត​] ចេះ​មានគំនិត​ច្នៃប្រឌិត និង​វាងវៃ​បន្ថែម​បន្តិច​នោះ ឱកាស​ទទួល​បានការ​ងារ​ស្រួល​រក​មែនទែន ព្រោះ​នៅ​គ្រប់​កន្លែង​ការងារ​និង​អាជីវកម្ម គឺ​ប្រើប្រាស់​បច្ចេកវិទ្យា ។ នៅ​ពេល​ឆាប់​ៗ​នេះ យើង​នឹង​បើក​មជ្ឈមណ្ឌល​មួយ​ដើម្បី​ភ្ជាប់​នឹង​ជំនាញ​របស់​ខ្លួន ធ្វើ​យ៉ាងម៉េច ងាយស្រួល​រក​ការងារ » ។

លោក​សាកល​វិទ្យា​ធិ​ការ​បញ្ជាក់​ថា ៖«​សម្រាប់​និស្សិត​រៀន​មុខ​វិជ្ជា IT បន្ទាប់​ពី​ខ្ញុំ​ចូល​មក​កាន់​​នៅ​ទី​នេះ​រយៈពេល​៣​ឆ្នាំ គឺ​អត់​មានការ​ធ្លាក់​ចុះ​ទេ បើ​ទោះបី​នៅ​ឆ្នាំ​ប្រឡង​បាក់​ឌុ​ប​ដែល​​ក្រសួង​អប់រំ​រឹត​បន្តឹង​ខ្លាំង ហើយ​សិស្ស​ធ្លាក់​ច្រើន​ក្តី​ក៏​សាលា​ទទួល​បាន​និស្សិត​ចូល​រៀន​ច្រើន​ដែរ ។ អីចឹង ជំនាញ​នេះ​មាន​ប្រជាប្រិយភាព ហើយ​សាលា​ផ្សេង​ទៀត ក៏​ទទួល​​បាន​ច្រើន​ដូច​គ្នា​ដែរ » ។

នៅ​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ស្តី​ពី​អាស៊ាន​នៅ​កម្ពុជា កាលពីដើម​ឆ្នាំ​នេះ ប្រធាន​បទ​នៃ​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច​តាម​បែ​បច្ចេកវិទ្យា ត្រូវ​បាន​លើក​ឡើង និង​ផ្តោត​យ៉ាង​ស៊ីជម្រៅ ដែល​បរិបទ​ពិភពលោក បាន​ហៅ​សេដ្ឋកិច្ច​បច្ចុប្បន្ន​ថា ជា​សេដ្ឋកិច្ច​បច្ចេកវិទ្យា ដែល​ជា​បដិវត្តន៍​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤ ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា​ដោយសារ​ការ​នាំ​មក​នូវ​បច្ចេកវិទ្យា ចំណេះដឹង និង​បទ​ពិសោធន៍​ថ្មី​ៗ​ពី​វិនិយោគិន និង​អ្នកជំនាញ​មក​ពី​បរទេស បាន​ផ្តល់​ផល​ចំណេញ​ដល់​កម្ពុជា​ទាំង​លើ​ទុន និង​ចំណេះដឹង ដែល​​កម្ពុជា​ត្រូវ​រៀនសូត្រ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ