ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ស្មាន​ថា ម្ចាស់​មេដាយ​មាស​ពិភព​លោក មាន​ប្រវត្តិ​កម្សត់​បែបនេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ឬ​ហៅ​ថា​ កីឡា​លើក​សាច់ដុំ តាំង​ពី​ឆ្នាំ​២០០៩ កីឡាករ សំបូរ ណា​ន ដែល​មានឱកាស​ទទួល​បាន​មេដាយ​ជា​ច្រើន​ពី​ការ​​ប្រកួត…

រាជធានី​ភ្នំពេញ ៖ ឆ្លងកាត់​ការ​ប្រកួត​កីឡា​កាយ​វប្បកម្ម ឬ​ហៅ​ថា​ កីឡា​លើក​សាច់ដុំ តាំង​ពី​ឆ្នាំ​២០០៩ កីឡាករ សំបូរ ណា​ន ដែល​មានឱកាស​ទទួល​បាន​មេដាយ​ជា​ច្រើន​ពី​ការ​​ប្រកួត បាន​អះអាង​ថា លោក​មិន​ដែល​បាន​ស្គាល់​លុយ​ពាន់​-​ម៉ឺន​ដុល្លារ​ពី​ការ​ប្រកួត​ឈ្នះ​នោះ​ទេ គឺ​ទើបតែ​ក្រោយ​ពី​បាន​ទទួល​មេដាយមាស​ពិភពលោក​កាលពី​ចុង​ស​ប្ដា​ហ៍​ទី​១​ដើមខែ​តុលា​មុន​នេះ​ប៉ុណ្ណោះ ដែល​លោក​ប្រកាស​ថា​នឹង​ទទួល​បានការ​ឧបត្ថម្ភ​ពី​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ បើ​ទោះជា​ថវិកា​នោះ​មិន​ទាន់​ត្រូវ​បាន​សម្ដេច និង​ក្រសួង​អប់រំ យុវជន និង​កីឡា កំណត់​ថ្ងៃ​ឱ្យទៅ​យក​នៅឡើយ​ក្ដី​។ លោក​​ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ពី​ប្រវត្តិ​ក្រីក្រ​ទម្រាំ​តែ​បាន​ក្លាយជា​កីឡាករ​កាយ​វប្បកម្ម​ល្បីឈ្មោះ​នា​ពេល​នេះ​ផង​ដែរ ។

ម្ចាស់​មេដាយមាស​ពិភពលោក​ផ្នែក​កីឡា​កាយ​វប្បកម្ម​កីឡាករ សំបូរ ណា​ន បាន​អះ
អាង​ថា លោក​កើត​នៅ​ឆ្នាំ​១៩៨១​ក្នុង​ត្រកូល​កសិករ​ក្រីក្រ​មួយ​ដោយ​លោក​មិន​មាន​លទ្ធភាព​សូ​ម្បី​តែ​ហូប​ឆ្អែត​ក្នុង​វ័យ​សិក្សា ទើប​លោក​សម្រេចចិត្ត​ឈប់​រៀន​កាលពី​អាយុ​៨​ឆ្នាំ ហើយ​បន្ត​ផ្សងព្រេង​ដើរ​ស៊ីឈ្នួល​គេ​ពី​មួយ​ទៅ​មួយ​ដើម្បី​បាន​លុយ​ជួយ​ឪពុក​ម្ដាយ ដែល​ពឹង​តែ​លើ​មុខរបរ​ធ្វើស្រែ ។ ក្នុង​ចំណោម​បងប្អូន​៧​នាក់ លោក​អះអាង​ថា គ្រួសារ​លោក​ខ្វះ​មុខ​ខ្វះ​ក្រោយ​ស្ទើរ​មិន​មានឱកាស​បាន​ហូប​បាយ​បី​ពេល​នោះ​ទេ ទើប​បងប្អូន​របស់​លោក​ទាំងអស់​ដែល​មាន​កម្លាំង​ពេញ​ត្រូវ​តែ​ជួយ​រក​លុយ​តាំងពី​តូច ហើយ​បញ្ឈប់​ការ​សិក្សា​ដែល​ជា​ក្ដី​ស្រមៃ​របស់​ខ្លួន ។ លោក​បាន​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ទៅ​ធ្វើ​ជា​កម្មករ​នៅ​ក្នុង​ប្រទេស​ថៃ​តាំងពី​ឆ្នាំ​២០០៧ ក្នុង​វ័យ​១៦​ឆ្នាំ ខណៈ​ដែល​ស្ថានភាព​ធ្វើការ​ឆ្ងាយ​ស្រុក​របស់​លោក​នា​ពេល​នោះ​បាន​ធ្វើ​ឱ្យ​លោក​មាន​សម្ពាធ​យ៉ាង​ខ្លាំង ព្រោះ​ត្រូវ​ប្រើ​កម្លាំង​សុទ្ធសាធ ។

យ៉ាងណា​ក៏​ដោយ​លោក​ក៏​បាន​វិ​វត្ត​ខ្លួន​ក្លាយជា​កីឡាករ​ដែល​ចូល​ចិត្ត​លេង​សាច់ដុំ​ក្នុង​រយៈពេល​បម្រើ​ការ​នៅ​ថៃ​នោះ​ផង​ដែរ ដោយសារ​តែ​លោក​ទំនេរ​ពី​ការងារ​រោងចក្រ​នៅ​ក្នុង​ទីក្រុង​បាងកក​ក៏​ចាប់ផ្ដើម​ហ្វឹកហាត់​យក​សាច់ដុំ​ដោយ​ការ​អត់ធ្មត់​ជា​រៀងរាល់ថ្ងៃ ។ ក្នុង​ឆ្នាំ​២០០៩ ដោយសារ​តែ​លោក​អាច​ប្រើប្រាស់​ភាសា​ថៃ​ផង ហើយ​មាន​រាង​កាយ​ល្អ​ត្រូវ​លក្ខខណ្ឌ​ប្រកួត​ផង លោក​ក៏​សម្រេចចិត្ត​ចូល​ប្រឡង​សាច់ដុំ​ដែល​រៀបចំ​ដោយ​ប្រទេស​​ថៃ​នា​ពេល​នោះ ហើយ​ក៏​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ទាំង​មិន​នឹក​ស្មាន​ដល់​រហូត​ធ្វើ​ឱ្យ​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ថៃ សម្រេច​ផ្ដល់​សញ្ជាតិ​ឱ្យ​លោក​ដើម្បី​ឱ្យ​លោក​ក្លាយជា​កីឡាករ​ថៃ​ពេញ​សិទ្ធិ ។ ប៉ុន្តែ​លោក​មិន​បាន​ទទួល​នោះ​ទេ ដោយសារ​តែ​ក្រោយ​ពេល​ជាប់​ខាង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា​ក៏​បាន​ស្នើ​លោក​ឱ្យ​ចូល​ជា​កីឡាករ​ជម្រើស​ជាតិ​ស្របគ្នា​ផង​ដែរ ។ លោក​ថា នៅ​ក្នុង​ពេល​នោះ​បើ​លោក​ទទួលយក​សញ្ជាតិ​របស់​ថៃ គឺ​លោក​មិន​អាច​មក​ធ្វើ​ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បាន​ទេ ។ ដោយសារ​តែ​លោក​មិន​អាច​ទៅ​ជ្រកកោន​នៅ​ក្នុង​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​ថៃ ហើយ​លើក​ទង់ជាតិ​ថៃ​ក្នុង​ពេល​ប្រកួត​លើក​ក្រោយ​ៗ​ទៀត​បាន ទើប​លោក​សម្រេចចិត្ត​មិន​ចូល ហើយ​បាន​ចុះ​ឈ្មោះ​ធ្វើ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​តាម​ការ​ស្នើ​សុំ​របស់​សហព័ន្ធ​កីឡា​កាយ​វប្បកម្ម​កម្ពុជា ។ លោក​បាន​ចេញ​ប្រកួត​ក្រោម​ការ​រៀបចំ​របស់​សហព័ន្ធ​កម្ពុជា​រាប់​មិន​អស់​នា​ពេល​កន្លង​មក តែ​លោក​មិន​បាន​លាឈប់​ការងារ​ជា​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ដោយសារ​តែ​នោះ​គឺជា​ឆ្នាំងបាយ​ដ៏​ធំ​របស់​លោក​តាំងពី​លោក​ចាក​ចេញពី​ស្រុក​កំណើត ។

លោក​ថាឱ្យ​តែ​មានការ​ប្រកួត​ត្រូវ​ចាប់ផ្ដើម គឺ​លោក​បាន​សុំ​ច្បាប់​មិន​ធ្វើការ​នៅ​ក្នុង​ប្រទេស​​​ថៃ​មួយ​ខែ ឬ​កន្លះ​ខែ ហើយ​ក្នុង​ពេល​ខ្លះ​នៅ​ពេល​ត្រឡប់​ទៅ​វិញ​គឺ​កន្លែង​ការងារ​ចាស់​មិន​ទទួល​ឱ្យធ្វើ​ការ​វិញ​ទេ ដោយ​លោក​ត្រូវ​ស្វែងរក​ការងារ​នៅ​ឯ​រោងចក្រ​មួយ​ផ្សេង ។ លោក​ទើបតែ​បាន​បញ្ចប់ជីវិត​ជា​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ​កាលពី​ប្រមាណ​១​ឆ្នាំ​មុន​ប៉ុណ្ណោះ គឺ​បន្ទាប់​ពី​លោក​សន្សំ​បាន​លុយ​គួរសម​សម្រាប់​ទ្រទ្រង់​ជីវិត និង​បាន​បើក​ជា​ក្លិប​ហាត់ប្រាណ​មួយ​ផង​នៅផ្ទះ​កំណើត​នា​ពេល​បច្ចុប្បន្ន​ដើម្បី​គ្រាន់​ហាត់​ខ្លួនឯង​ផង បង្រៀន​សិស្ស​ផង និង​ដើម្បី​គ្រាន់​រក​ចំណូល​ផង ។ លោក​អះអាង​ថា មុខរបរ​ថ្មី​នោះ​ទទួល​បាន​ផល​កម្រៃ​មិន​ច្រើន​នោះ​ទេ ដោយសារ​តែ​ទីតាំង​ដែល​លោក​បើក​ក្លិប​គឺ​ដាច់​ស្រយាល ហើយ​ជា​ក្លិប​ដែល​ស្ថិត​នៅ​ស្រុកស្រែ​មិនមែន​នៅ​ទីប្រជុំជន ។ លោក​ថា ស្ថានភាព​រស់នៅ​របស់​លោក​គឺ​អាចរ​ស់បាន ដោយសារ​តែ​លោក​បើក​ក្លិប​ហាត់ប្រាណ​ផង និង​ពឹង​លើ​របរ​ធ្វើស្រែ​ផង ធ្វើ​ឱ្យ​ស្ថានភាព​រស់នៅ​ល្អ​ប្រសើរ​ជាង​មុន ។

លោក​អះអាង​ថា លោក​មាន​ភរិយា​រួច​ហើយ និង​មានកូន​ប្រុស​ម្នាក់​អាយុ​៣​ឆ្នាំ និង​កូន​ស្រី​ម្នាក់​អាយុ​៩​ខែ ។ លោក សំបូរ ណា​ន បន្ត​ថា ក្នុង​ចំណោម​បងប្អូន​របស់​លោក​៧​នាក់​គឺ​ភាគច្រើន​ជា​កម្មករ​រោងចក្រ​នៅ​ក្នុង​ប្រទេស​ថៃ ដោយសារ​តែ​ភាព​ខ្វះខាត​កាលពី​អតីតកាល ប៉ុន្តែ​លោក​ក៏​ចាត់​ទុក​ថា​នោះ​ជា​ការងារ​មួយ​ដែល​ជួយ​ឱ្យ​បងប្អូន​លោក​មាន​ជីវភាព​ល្អ​ប្រសើរ​ផង​ដែរ បើ​ធៀប​នឹង​អតីត​កាលដែល​ស្ទើរ​មិន​មាន​បាយ​ហូប​។

ក្នុង​នោះ​បងប្អូន​លោក​រហូត​ដល់​៣​នាក់ ក៏​ជា​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​ផង​ដែរ ដោយ​បងប្រុស​លោក សំបូរ នួន ក៏​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​មេដាយ និង​ប្អូនប្រុស​លោក​សំបូរ សោ​ភ័​ណ្ឌ ក៏​ទើបនឹង​ឈ្នះ​មេដាយ​ជើងឯក​នៅ​ក្នុង​ប្រទេស​ថៃ​ក្នុង​ចំណោម​កីឡាករ​មក​ប្រកួត​១០​ប្រទេស​កាល​ពី​ដើមឆ្នាំ​២០១៧ ។ លោក​ថា ក្នុង​ចំណោម​បងប្អូន​លោក​ទាំង​៣​ដែល​បាន​បម្រើ​ការងារ​ជា​ពលករ​នៅ​ក្នុង​ប្រទេស​ថៃ ត្រឡប់​មក​វិញ​តែ​លោក​ម្នាក់​ប៉ុណ្ណោះ ចំណែក​បងប្រុស​លោក និង​ប្អូនប្រុស​លោក​គឺ​នៅ​តែ​បម្រើ​ការងារ​នៅ​ទីនោះ ហើយ​លុះ​ត្រាតែ​មានការ​ប្រកួត​កើតឡើង​ទើប​ពួក​លោក​ចាក​ចេញពី​ថៃ ឬ​ពី​ស្រុក​កំណើត​មក​ហ្វឹក​ហាត់​នៅ​ភ្នំពេញ​មួយ​រយៈ​ដើម្បី​ត្រៀម​ប្រកួត ។ ការ​ប្រកួត​មុន​ៗ​លោក​ថា​គឺជា​បន្ទុក​ចំណាយ​​ខ្លួនឯង​នោះ​ផង ដោយសារ​តែ​លោក​ស្រឡាញ់​ការ​ប្រកួត​ផ្នែក​សាច់ដុំ​នេះ​ខ្លាំង​ពេក ប៉ុន្តែ​សម្រាប់​ការ​ប្រកួត​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​គឺជា​បន្ទុក​របស់​សហព័ន្ធ ។ លោក​ថា ការ​ប្រកួត​ឈ្នះ​កន្លង​មក​លោក​ក៏​មិន​ដែល​មាន​តម្រុយ​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​នោះ​ដែរ គឺ​ទើបតែ​បាន​ឈ្នះ​មេដាយ​ពិភពលោក​កាលពី​ថ្ងៃ​ទី​៧ តុលា មុន​នេះ​ប៉ុណ្ណោះ ដែល​លោក​ត្រូវ​បាន​ដាក់​បញ្ចូល​ឱ្យ​ទទួល​ទឹកប្រាក់​ប្រមាណ​ជា​៣​ម៉ឺន​ដុល្លារ​ពី​សម្ដេច​តេ​ជោ​ក្នុង​ពេល​ខាង​មុខ ។

លោក​ថា កាលពី​ឆ្នាំ​២០១៥ លោក​បាន​ឈ្នះ​មេដាយ​ប្រាក់​ម្ដង​ហើយ​ក្នុង​ការ​ប្រកួត​កម្រិត
ពិភពលោក​ដូច​គ្នា ប៉ុន្តែ​អត់​មានឈ្មោះ​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ទេ អ៊ីចឹង​ហើយ​ទើប​​លោក​យល់​ថា ការ​ប្រកួត​ដែល​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី​កាលពី​ថ្ងៃ​ទី​៧ តុលា មុន​នេះ គឺជា​ការ​ប្រកួត​បើក​ឆាក​មួយ​ដែល​លោក​បាន​ទទួល​មេដាយមាស​ក្នុង​ចំណោម​​អ្នក​ប្រកួត​ប្រមាណ​ជា​៤០​ប្រទេស ហើយ​ក៏​ជា​ការ​ប្រកួត​មួយ​ដែល​គ្រាន់តែ​លោក​​បាន​ទទួល​មេដាយមាស​ភ្លាម ក៏​មាន​គោលការណ៍​តម្រូវ​ឱ្យ​លោក​ទទួល​បាន​ទឹក​ប្រាក់​ប្រមាណ​ជាង​១០០​លាន​រៀល​ស្មើនឹង​៣​ម៉ឺន​ដុល្លារ ដែល​លោក​បាន​ហៅ​ប្រាក់​រង្វាន់​​នេះ​ថា​ ជា​រឿង​មិន​ធ្លាប់​ជួប​នៅ​ក្នុង​ជីវិត ។ លោក សំបូរ ណា​ន ប្រកាស​ថា លោក​នឹង​តស៊ូ​ក្នុង​ជីវិត​ជា​កីឡាករ​ផ្នែក​កាយ​វប្បកម្ម​ដោយ​មិន​ឈប់​នោះ​ទេ ដោយសារ​តែ​លោក​ស្រឡាញ់ និង​ថា​ការ​ប្រកួត​បែប​នេះ គឺ​ក្រៅពី​បាន​មុខមាត់​កិត្តិយស​ក៏​មាន​សុខ​ភាព​ល្អ​ទៀត​ផង ។ ជាក់ស្ដែង​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​ម៉ុង​ហ្គោ​លី​នោះ លោក​យល់​​ថា ​មាន​បរិយាកាស​ល្អ ដោយសារ​តែ​លោក​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម​បូក ហើយ​ជា​ប្រភេទ​វិញ្ញាសា​ដែល​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​ផ្សេង​ៗ​ចូល​ប្រកួត​ច្រើន​ដែរ​បើ​ធៀប​នឹង​វិញ្ញាសា​ផ្សេង​ៗ​។ លោក​ថា សប្បាយចិត្ត ដែល​បាន​ចូល​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​កាយ​វប្បកម្ម​ពិភពលោក ហើយ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ​១ ឬ​មេដាយមាស ដែល​លោក​បាន​ហៅ​ចំណាត់ថ្នាក់​នេះ​បាន​ជួយ​ឱ្យ​លោក​លេចធ្លោ​និង​ទទួល​បាន​ប្រាក់​រង្វាន់​ច្រើន​លើស​លប់​ដែល​លោក​នឹង​ទទួល​បាន​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ លោក​មាន​គម្រោង​យក​ប្រាក់​រង្វាន់​ប្រមាណ​៣​ម៉ឺន​ដុល្លារ​នេះ​ទៅ​ពង្រីក​ក្លិប​ហាត់ប្រាណ​របស់​លោក​ដែល​ខ្វះ​ដើមទុន​ទិញ​សម្ភារ​ដាក់​បញ្ចូល​ធ្វើ​យ៉ាងណា​ឱ្យ​ក្លិប​មាន​សម្ភារ​ហ្វឹកហាត់​គ្រប់គ្រាន់​សម្រាប់​បម្រើ​សេចក្ដី​ត្រូវការ​ដល់​អ្នក​និយម​ហាត់ប្រាណ​នៅ​ក្នុង​ក្លិប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ