ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ប្រឡង​ជ្រើសរើស​មគ្គុទ្ទេសក៍​តំបន់ឆ្នេរ ខណៈ​ទេសចរ​មាន​កំណើន​ខ្ពស់

6 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពត ៖ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់ឆ្នេរ ដែល​ជា​សមា​ជិក​នៃ​ក្លិប​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ក្រសួង​ទេស​ចរណ៍​បាន​រៀបចំ​ប្រឡង​ជ្រើសរើស​សិក្ខាកាម​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេស​ចរណ៍​​តំបន់ឆ្នេរ​ជំនាន់​ទី​៣ ក្រោម​ជំនួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេស​ចរណ៍ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)…

ខេត្តកំពត ៖ ដើម្បី​ឆ្លើយ​តប​នឹង​កំណើន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​តំបន់ឆ្នេរ ដែល​ជា​សមា​ជិក​នៃ​ក្លិប​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​ពិភពលោក កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា ក្រសួង​ទេស​ចរណ៍​បាន​រៀបចំ​ប្រឡង​ជ្រើសរើស​សិក្ខាកាម​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​មគ្គុទ្ទេសក៍​ទេស​ចរណ៍​​តំបន់ឆ្នេរ​ជំនាន់​ទី​៣ ក្រោម​ជំនួយ​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទេស​ចរណ៍ នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយ​មាន​បេក្ខជន​ប្រឡង​ចំនួន​៧០​នាក់ លើ​ភាសា​​ឯកទេស​ចំនួន​៧​មាន អង់គ្លេស បារាំង ចិន ជប៉ុន កូរ៉េ ថៃ និង​វៀតណាម នៅ​វិទ្យា​ល័យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ខេត្តកំពត ។

ការ​ប្រឡង​ត្រូវ​បាន​រៀបចំ​តាម​យន្តការ និង​វិធាន​ដែល​គណៈកម្មការ​ចម្រុះ​នៃ​ក្រសួង​ទេសចរណ៍​បាន​រៀបចំ និង​ដាក់ចុះ​សម្រាប់​ការ​ប្រឡង​ជ្រើសរើស​សិក្ខាកាម​មគ្គុទ្ទេសក៍​ទេសចរណ៍ ក្រោម​អធិបតីភាព​លោក ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​​ជា​ប្រធាន​គណៈកម្មការ​ចម្រុះ ព្រមទាំង​ជា​តំណាង​លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ ។

លោក ប៉ាក់ សុខុម បាន​ណែនាំ​ដល់​បេក្ខជន​ប្រឡង​ឲ្យ​ខិតខំ​យកចិត្តទុកដាក់​គោរព​វិន័យ​ប្រឡង ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​មាន​សមត្ថភាព​ខ្ពស់​បម្រើ​វិជ្ជាជីវៈ​ជា​មគ្គុ​ទ្ទេស​ក៍​ទេសចរណ៍​តាម​តំបន់ឆ្នេរ រួម​មាន ខេត្តកំពត កែប ព្រះ​សីហ​នុ និង​ខេត្តកោះកុង។

បេក្ខជន​ត្រូវ​ចូលរួម​ប្រឡង​វិញ្ញាសាសរសេរ និង​ផ្ទាល់មាត់​ដ៏​តឹងរ៉ឹង​បំផុត ហើយ​អ្នក​ដែល​ទទួល​បាន​ជ័យ​លា​ភី នឹង​សិក្សា​រយៈពេល​១៦០​ម៉ោង​ផ្នែក​ទ្រឹស្តី និង​ចុះ​កម្មសិក្សា​អនុវត្ត​ផ្ទាល់​ផង​ដែរ ។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ សិក្ខាកាម​ត្រូវ​ស្នើ​សុំ​អាជ្ញា​ប័ណ្ណ​​មគ្គុទ្ទេសក៍​ទេសចរណ៍​ថ្នាក់​តំបន់​តាម​ប្រព័ន្ធ​អន​ឡាញ ឬ​មន្ទីរ​ទេសចរណ៍ ដើម្បី​អាច​ប្រកប​វិជ្ជាជីវៈ​របស់​ខ្លួន​ស្របច្បាប់ ។

បេក្ខជន​ដែល​បាន​ប្រឡង​ជ្រើសរើស​ជា​សិក្ខាកាម​ចូល​រៀន​វគ្គ​បណ្ដុះបណ្ដាល​មគ្គុ​ទេសក៍​​ទេសចរណ៍​បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា ការ​មក​ប្រឡង​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សមត្ថភាព និង​ចង់​សម្រេច​បំណងប្រាថ្នា​របស់​គេ ។

លោក តូ សូន បេក្ខជន​រូប​នេះ​បាន​និយាយ​ថា ៖« សម្រាប់​ខ្ញុំ ពិតជា​មានចិត្ត​សប្បាយ​ណាស់​​ដែល​ក្រសួង​បាន​រៀបចំ​ការ​ប្រឡង​នេះ​ឡើង ព្រោះថា នេះ​ជា​បំណង​របស់ខ្ញុំ​ដែល​​ចង់​ធ្វើ​ជា​អ្នក​មគ្គុទេសក៍ ។ ចំពោះ​ការ​ប្រឡង​វិញ គឺ​មាន​ភាព​សុក្រឹត​ណាស់ ដោយ​ក្រសួង​មិន​តម្រូវ​ឲ្យ​បេក្ខជន​ប្រឡង​មាន​ទូរស័ព្ទ ឬ​ឯកសារ​ចូល​ក្នុង​បន្ទប់​ប្រឡង និង​មិន​ចេញ​វិញ្ញាសា​មុន​ទេ គឺ​ដល់​ម៉ោង​ប្រឡង ទើប​សំណួរ​ចេញ​មក » ។

លោក​បន្ត​ថា ការ​ប្រឡង​មាន​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១ ប្រឡង​វិញ្ញាសា​សរសេរ​ទាក់ទង​នឹង​វប្បធម៌​ទូទៅ​, ទី​២ វិញ្ញាសា​ភាសា​ខ្មែរ​ទៅ​ជា​អង់គ្លេស និង​ទី​៣ តេស្ត​ភាសា​ផ្ទាល់មាត់ ។

ការ​ផ្ដល់​ជំនាញ និង​ការងារ​ជូន​យុវជន​កម្ពុជា ជា​យុទ្ធសាស្ត្រ​អាទិភាព​មួយ​ដែល​ក្រសួង
ទេសចរណ៍​បាន​យកចិត្តទុកដាក់​ខ្ពស់​ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​បន្ន ដោយ​ឈរ​លើ​ទស្សនទាន «​ស្អាត និង​បៃតង​» ។ ក្នុង​ន័យ​នេះ ក្រសួង​បាន​លើកទឹកចិត្ត​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល និង​ភាគី​ពាក់ព័ន្ធ​នានា ឲ្យ​ខិតខំ​បណ្ដុះបណ្ដាល​អ្នក​កំពុង​បម្រើ​ការងារ និង​យុវជន​ក្មេង​ៗ​ឲ្យ​ទទួល​បាន​ជំនាញ​ច្បាស់លាស់ ស្រប​តាម​ស្តង់ដា​កម្មវិធី​សិក្សា និង​វិ​ថី​អភិវឌ្ឍន៍​ជំនាញ​ទេសចរណ៍ ដែល​ក្រសួងទេសចរណ៍​បាន​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ប្រើប្រាស់ ។

យ៉ាងណាមិញ វគ្គ​សិក្សា​នេះ បាន​បង្កើត​ឱកាស​ការងារ​បន្ថែម​ទៀត​ដល់​យុវជន​នៅ​តំបន់ឆ្នេរ ឱ្យ​បម្រើ​ការងារ​ជា​មគ្គុទ្ទេសក៍​ទេសចរណ៍ ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់​ភ្ញៀវ​ទេសចរ​ដ៏​ច្រើន​កុះករ​មក​ទស្សនា​តំបន់ឆ្នេរ ដែល​ជា​សមាជិក​នៃ​ក្លិប​ឆ្នេរ​ដ៏​ស្អាត​បំផុត​លើ​ពិភពលោក ក៏​ដូច​ជា​ត្រៀម​ចូលរួម​អបអរសាទរ និង​រង់ចាំ​ទទួល​បម្រើ​ទេសចរ​ក្នុង​អំឡុង​បុណ្យ​សមុទ្រ​លើក​ទី​៦ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខេត្ត​កែប នា​ថ្ងៃ​ទី​២២-២៤ ខែធ្នូ ឆ្នាំ​២០១៧ ខាង​មុខ ។

សូម​រំឭក​ថា ដោយ​មាន​សុខ​សន្តិភាព និង​សុវត្ថិភាព​ពេញ​ផ្ទៃ​ប្រទេស ទេសចរ​អន្តរជាតិ​មក​ទស្សនា​កម្ពុជា​បាន​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ជាក់ស្តែង កាលពី​ឆ្នាំ​២០១៦ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​ជាង​៥​លាន​នាក់ ក្នុង​កំណើន​៥% នាំ​ចំណូល​ចូលជាតិ​ប្រមាណ​៣.៤០០​លាន​ដុល្លារ ស្មើនឹង​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​បាន​បង្កើត​ការងារ​ផ្ទាល់​ប្រមាណ​ជាង​៦២​ម៉ឺន​នាក់ ស្មើនឹង​១៣%​នៃ​ការងារ​សរុប ។

ដោយឡែក ក្នុង​រយៈពេល​៩​ខែ​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរជាតិ​៤.៥២២.៣៨៣​នាក់ កើនឡើង​១២%​ធៀប​នឹង​រយៈពេល​ដូច​នា​ឆ្នាំ​២០១៦ ក្នុង​នោះ​តំបន់ឆ្នេរ​ទទួល​បាន​៥៥៤.៦១៣​នាក់ កើនឡើង​១៥,៧% ។ ជា​ចក្ខុវិស័យ​ឆ្នាំ​២០២០ កម្ពុជា​រំពឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៧​លាន​នាក់ នាំ​ចំណូល​ចូលជាតិ​ប្រមាណ​៥​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​ផ្ទាល់​ជិត​១​លាន​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ