ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំឡូង​មី​នឹង​មាន​តម្រូវការ​ខ្ពស់​នៅ​ក្នុង​តំបន់ និង​ពិភពលោក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភពលោក ដំឡូង​មី​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី​២១ ដែល​បាន​ដាំ​ដុះ​រាប់​តាំងពី​លក្ខណៈ​គ្រួសារ រហូត​ដល់​ការ​នាំ​ចេញ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើ​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការ​ផលិត​ប្រេងឥន្ធនៈ​អេតាណុល ។…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភពលោក ដំឡូង​មី​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា ជា​កសិផល​ប្រចាំ​សតវត្សរ៍​ទី​២១ ដែល​បាន​ដាំ​ដុះ​រាប់​តាំងពី​លក្ខណៈ​គ្រួសារ រហូត​ដល់​ការ​នាំ​ចេញ​ទ្រង់ទ្រាយ​ធំ ដើម្បី​បម្រើ​ឧស្សាហកម្ម​ម្ហូបអាហារ និង​ការ​ផលិត​ប្រេងឥន្ធនៈ​អេតាណុល ។ នៅ​ថ្ងៃ​អនាគត ដំឡូង​មី​នឹង​មាន​តម្រូវការ​ខ្ពស់​ទាំង​នៅ​ក្នុង​តំបន់ និង​ពិភពលោក​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម ។

ថ្លែង​ក្នុង​ទិវា​ដំឡូង​មី​លើក​ទី​២ ដែល​ប្រារព្ធ​ធ្វើ​នៅ​ខេត្ត​ប៉ៃលិន​កាលពី​ថ្ងៃ​ទី​៧ វិច្ឆិកា ម្សិល​មិញ លោក ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា និន្នាការ និង​​ការ​រំពឹង​ទុក​នៃ​តម្រូវការ​ដំឡូង​មី​សម្រាប់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក នឹង​មាន​កំណើន​កាន់តែ​ខ្ពស់ ដែល​នេះ​គឺជា​កាលានុវត្តភាព​ថ្មី​សម្រាប់​កម្ពុជា ដើម្បី​អភិវឌ្ឍន៍​សង្វា​ក់​តម្លៃ​ដំឡូង​មី តាម​រយៈ​ការ​ពង្រឹង និង​ពង្រីក​ផលិតកម្ម ការ​កែ​ច្នៃ​ចំណិត​ដំឡូង​មី និង​សមត្ថ​ភាព​នាំ​ចេញ សំដៅ​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​នា​ពេល​អនាគត ។

« ដើម្បី​ចាប់​យក​កាលានុវត្តភាព​នេះ កម្ពុជា​ចាំបាច់​ត្រូវ​វិនិយោគ​បន្ថែម និង​ការ​ឯកភាព​ជា​ធ្លុង​មួយ​រវាង​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ហានិ​ភ័យ​នានា​ដូច​ជា ភាព​ទន់ខ្សោយ​នៃ​ខ្សែ​សង្វា​ក់​តម្លៃ កង្វះ​ព័ត៌មាន​ទីផ្សារ ការ​ផ្គត់ផ្គង់​មិន​ទៀងទាត់ និង​គុណភាព​ប្រែប្រួល​នៃ​ដំឡូង​មី ដែល​ជា​កត្តា​រាំងស្ទះ​ដល់​ការ​លូតលាស់​នៃ​ឧស្សាហកម្ម​ដំឡូង​មី​នៅ​កម្ពុជា » ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​រដ្ឋមន្ត្រី ។

ថ្លែង​នា​ឱកាស​នោះ​ដែរ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក វេ​ង សា​ខុន បាន​លើកយក​កំណើន​ការ​ដាំ​ដុះ និង​សក្តានុពល​ដំឡូង​មី ដែល​ជា​ដំណាំ​យុទ្ធ​សាស្ត្រ​​របស់​កម្ពុជា ព្រមទាំង​កត្តា​ប្រឈម​មួយ​ចំនួន​ដែល​ទាមទារ​ឲ្យ​មាន​គោល​នយោ​បាយ​ជាក់លាក់ និង​ស៊ីជម្រៅ ស្រប​តាម​មូលដ្ឋាន​នៃ​ការ​អភិវឌ្ឍ​បៃតង ដែល​មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដូច​ជា គ្រឹះស្ថាន​អប់រំ​កសិកម្ម អង្គការក្រៅរដ្ឋាភិបាល និង​វិស័យ​ឯកជន ជាដើម ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖« កម្ពុជា គឺជា​ប្រទេស​ផលិត​ដំឡូង​មី​លំដាប់​ទី​៨​លើ​ពិភពលោក និង​លំដាប់​ទី​៤​នៅ​ក្នុង​តំបន់ ។ ការ​អនុវត្ត​គោលនយោបាយ​យុទ្ធសាស្ត្រ និង​កម្មវិធី​ពាក់​ព័ន្ធ​តាម​វិស័យ​នានា តម្រង់​ឆ្ពោះទៅ​រក​ទីផ្សារ​ក្នុង​បណ្តា​ឆ្នាំ​កន្លង​មក បាន​ជួយ​ជំរុញ​កំណើន​នាំ​ចេញ​កសិផល​កម្ពុជា​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ក្នុង​ល្បឿន​មួយ​គួរ​ជាទី​មោ​ទ​នៈ » ។

ប្រទេស​កម្ពុជា ការ​ដាំ​ដុះ​ដំឡូង​មី​បាន​រីក​ចម្រើន​យ៉ាង​គំហុក ចាប់ពី​១៦​ពាន់​ហិ​កតា​នៅ​ក្នុង​ឆ្នាំ​២០០០ ដល់​ទៅ​ជាង​៦០០​ពាន់​ហិ​កតា ហើយ​បាន​ផ្តល់​ទិន្នផល​សរុប​១៣​លាន​តោន​​កាលពី​ឆ្នាំ​២០១៦ ប៉ុន្ដែ​វិស័យ​មួយ​នេះ​នៅ​តែ​មាន​បញ្ហា​ប្រឈម​នៅឡើយ ពិសេស​គឺ​បញ្ហា​ទីផ្សារ និង​តម្លៃ ។ ដោយ​មើលឃើញ​នូវ​ឱកាស និង​បញ្ហា​ប្រឈម​ទាំងនេះ លោក​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​អំពាវនាវ​ដល់​វិស័យ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ បង្កើន​ការ​វិនិយោគ​លើ​ការ​អភិវឌ្ឍ​សង្វា​ក់​តម្លៃ​ដំឡូង​មី ដើម្បី​ធានា​និរន្តរភាព​ពាណិជ្ជកម្ម​ដំឡូង​មី​នៅ​កម្ពុជា ។

ថ្លែង​នៅ​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ «​វេទិកា​ធុរកិច្ច និង​វិនិយោគ​ដំឡូង​មី​» ដែល​រៀបចំ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ វិច្ឆិកា នៅ​ឯ​មជ្ឈមណ្ឌល​សន្និសីទ​សុខា​អង្គរ ខេត្តសៀមរាប លោក ប៉ាន សូរ​ស័ក្ដិ បាន​មាន​ប្រសាសន៍​ថា ដំឡូង​មី គឺជា​ពាណិជ្ជកម្ម​ដ៏​សំខាន់ និង​មាន​សក្តានុពល​បំផុត ដែល​អាច​បង្កើត​ការងារ​ពហុ​វិស័យ​ជូន​ប្រជាពលរដ្ឋ និង​នាំ​មក​នូវ​ប្រាក់​ចំណូល​យ៉ាងច្រើន​សម្រាប់​សេដ្ឋកិច្ចជាតិ ។

លោក​ថ្លែង​ថា ៖« វា​តម្រូវ​ឱ្យ​មានការ​វិនិយោគ​កាន់តែ​ច្រើន​ពី​វិស័យ​ឯកជន និង​ភាគី​ពាក់​ព័ន្ធ​លើ​ខ្សែ​សង្វា​ក់​តម្លៃ រាប់​តាំងពី​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​កសិកម្ម​, ក្រុមហ៊ុន​ផលិត​ជី និង​គ្រាប់ពូជ​, អ្នក​ផលិត និង​កែ​ច្នៃ​ម្ហូបអាហារ​, ភ្នាក់ងារ​ផ្សព្វផ្សាយ​ទីផ្សារ និង​ជំរុញ​ការ​នាំ​ចេញ ព្រមទាំង​ក្រុមហ៊ុន​ភ័ស្តុភារ និង​ដឹក​ជញ្ជូន » ។

បន្ថែម​លើស​នេះ លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ពាណិជ្ជកម្ម និង​ការ​វិនិយោគ និង​បាន​បង្ហាញ​អំពី​ដំណោះស្រាយ​សម​ស្រប​ចំពោះ​ការ​ផ្លាស់​ប្តូរ​ចំនួន​៣ ដែល​កម្ពុជា​កំពុង​ប្រឈម​សព្វថ្ងៃ​នៅ​ក្នុង​វិស័យ​ដំឡូង​មី រួម​មាន ៖

១-​ការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​របស់​ប្រទេស​កម្ពុជា និង​របៀប​ដែល​កម្ពុជា​អាច​ទាញ​យក​ផលប្រយោជន៍​ពាណិជ្ជកម្ម និង​លំហូរ​វិនិយោគ ដើម្បី​ព​ន្លឿ​ន​កំណើន​លូតលាស់ និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​សេដ្ឋកិច្ច​ពិភពលោក ។

២-​របៀប​ដែល​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ត្រូវ​បាន​ផ្សារ​ភ្ជាប់​គ្នា​កាន់តែ​ខ្លាំង​ឡើង​នៅ​ក្នុង​សេដ្ឋកិច្ច​ដំឡូង​មី ។

៣-​របៀប​ដោះស្រាយ​បញ្ហា​ប្រឈម​ចេញពី​ទស្សនវិស័យ​គោលនយោបាយ ។

លោក នី​ក ប៊ឺ​រេស​ហ្វ​ត (Nick Beresford) នាយក​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) បាន​មាន​ប្រសាសន៍​ថា ផលិតកម្ម​ដំឡូង​មី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ដោយ​សារ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​ទីផ្សារ​សកល ដើម្បី​កែ​ច្នៃ​ជា​ផលិតផល​សម្រេច​ផ្សេងៗ​។ កត្តា​នេះ បាន​ផ្តល់​នូវ​ប្រភព​កំណើន​ថ្មី​សម្រាប់​កម្ពុជា ឱកាស​សម្រាប់​អភិវឌ្ឍន៍​តំបន់​ជនបទ និង​ការ​បង្កើន​ប្រាក់​ចំណូល​ប្រជាពលរដ្ឋ​ដែល​មិន​ត្រឹមតែ​សម្រាប់​ឧស្សាហ​កម្ម​ទេ ប៉ុន្តែ​ក៏​សម្រាប់​គ្រួសារ​កសិករ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ផង​ដែរ ។

«​យើង​មើលឃើញ​ករណី​អាជីវកម្ម​ច្បាស់លាស់​មួយ​សម្រាប់​ការ​វិនិយោគ​វិស័យ​ឯកជន​លើ​ដំឡូង​មី​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផ្តល់​តម្លៃ​ប្រកួតប្រជែង​ខ្ពស់​សម្រាប់​ដំឡូង​មី​ឆៅ និង​កែ​ច្នៃ ។ ប្រទេស​នេះ​សម្បូរ​ដី​មាន​ជីវជាតិ អាច​ផលិត​បាន​ដំឡូង​មី​២០​តោន​ក្នុង​១​ហិ​កតា ខ្ពស់​ជាង​ឧស្សាហកម្ម​ស្តង់ដា​ទាំង​១២​ផ្សេង​ទៀត​»​។ នេះ​បើ​តាម​លោក នី​ក ប៊ឺ​រេស​ហ្វ​ត បាន​គូសបញ្ជាក់ ។

លោកនាយក​អង្គការ UNDP ក៏​បាន​សង្កត់ធ្ងន់​ពី​តួនាទី​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស ក្រសួងពាណិជ្ជកម្ម ក្នុង​ការ​ផ្តល់​នូវ​បរិយាកាស​ចាំបាច់​សម្រាប់​កាត់​បន្ថយ​ហានិភ័យ និង​ស្រូប​ទាញ​ការ​វិនិយោគឯកជន​កម្រិត​ខ្ពស់ ដូច​ជា ការ​បង្កើត​គោល​នយោបាយ​ច្បាស់លាស់ និង​ការ​វិនិយោគសាធារណៈ​នៅ​ក្នុង​វិស័យ​សំខាន់​ៗ​ដើម្បី​ត​ភ្ជាប់​​កសិករ និង​ក្រុមហ៊ុន​ឯកជន ជាមួយ​កាលានុវត្តភាព​សេដ្ឋកិច្ច ។

យោង​តាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី​កម្ពុជា ត្រូវ​បាន​ពង្រីក​ទីផ្សារ​ពី​៤​ប្រទេស​ក្នុង​ឆ្នាំ​២០១៤ ទៅ​១៦​ប្រទេស​​ក្នុង​ឆ្នាំ​២០១៦ ។

ទិន្នន័យ​ដដែល​បញ្ជាក់​ថា ការ​នាំ​ចេញ​ផលិតផល​ដំឡូង​មី (​ដំឡូង​មី​ស្រស់​, ចំណិត​ដំឡូង​​មី​ក្រៀម និង​ម្សៅដំឡូង​មី​) បាន​កើនឡើង​ពី​០,២២​លាន​តោន​ក្នុង​ឆ្នាំ​២០១២ ដល់​ជាង​៣,៦​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ។ ចំណែក​នៅ​ក្នុង​រយៈពេល​៩​ខែ​ដើមឆ្នាំ​២០១៧ ការ​នាំ​ចេញ​ដំឡូង​មី សម្រេច​បាន​ជាង​១,៨​លាន​តោន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ