ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បច្ចុប្បន្ន ការ​ប្រើប្រាស់​កម្លាំង​គោក្របី​ក្នុង​វិស័យ​កសិកម្ម​នៅ​សល់​ត្រឹមតែ​ជាង​6%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​ពលកម្ម​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​កាន់តែ​ថយ​ចុះ​ជា​បន្ត​បន្ទាប់ និន្នាការ​ប្រើប្រាស់​កម្លាំង​គ្រឿងយន្ត​សម្រាប់​វិស័យ​មួយ​នេះ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់​ទៅ​វិញ ។ ជាក់ស្ដែង នៅ​ពេល​បង្កបង្កើន​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ…

រាជធានី​ភ្នំពេញ ៖ ខណៈ​កម្លាំង​ពលកម្ម​មនុស្ស​ក្នុង​វិស័យ​កសិកម្ម​កាន់តែ​ថយ​ចុះ​ជា​បន្ត​បន្ទាប់ និន្នាការ​ប្រើប្រាស់​កម្លាំង​គ្រឿងយន្ត​សម្រាប់​វិស័យ​មួយ​នេះ​បាន​កើន​ឡើងជា​បន្ត​បន្ទាប់​ទៅ​វិញ ។ ជាក់ស្ដែង នៅ​ពេល​បង្កបង្កើន​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧​នេះ បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ឲ្យ​ដឹង​​ថា ការ​ប្រើប្រាស់​គ្រឿងយន្ត​ក្នុង​វិស័យ​កសិកម្ម​បាន​កើនឡើង​ដល់​៩៣,៧៩% ខណៈ​ការ​ប្រើប្រាស់​កម្លាំង​គោ ក្របី សម្រាប់​ភ្ជួរ​រាស់​នៅ​សល់​តែ​៦,៣%​ប៉ុណ្ណោះ ។

តាម​របាយការណ៍​ដដែល​បាន​បង្ហាញ​ថា ផ្ទៃដី​ភ្ជួរ​រាស់​សម្រាប់​ដំណាំ​ស្រូវ​ក្នុង​ឆ្នាំ​២០១៧​នេះ សរុប​មាន​២.៨៩១.៩៤២​ហិ​កតា ក្នុង​នោះ​ផ្ទៃដី​ភ្ជួរ​ដោយ​គ្រឿងយន្ត​កសិកម្ម​មាន​ចំនួន​២.៧១២.៤០៧​ហិ​កតា និង​ភ្ជួរ​ដោយ​កម្លាំង​គោ ក្របី មាន​ត្រឹមតែ​១៧៩.៥៣៥​ហិកតា​ប៉ុណ្ណោះ ។

យោង​ទៅ​លើ​របាយការណ៍​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិស័យ​កសិ​កម្ម​កម្ពុជា​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ហាក់​មាន​កំណើន​ឡើង​វិញ​បន្តិច និង​បាន​រុញ​ឲ្យ​កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​សន្ទុះ​ល្អ​ប្រសើរ​ឡើង​វិញ ជំនួស​ឲ្យ​វិស័យ​ផ្សេង​ទៀត​ហាក់​មាន​កំណើន​ថមថយ ។ ក៏​ប៉ុន្តែ​ធនាគារពិភពលោក​បាន​ជំរុញ​ឲ្យ​កម្ពុជា គួរ​អភិវឌ្ឍន៍​វិស័យ​​ផ្សេង​ដើម្បី​ឲ្យ​កំណើនសេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ ដូច​ជា វិស័យ​ឧស្សាហកម្ម និង​ការ​ផលិត​នូវ​ឧបករណ៍​ណា​ដែល​អាច​នាំ​ចេញ​ទៅ​កាន់​បរទេស និង​លក់​បាន​តម្លៃ​ខ្ពស់ ខណៈ​បច្ចុប្បន្ន មួយ​ផ្នែក​ធំ​នៃ​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន​ពឹង​លើ​វិស័យ​នាំ​ចេញ​សម្លៀក​បំពាក់ និង​វាយនភ័ណ្ឌ ហើយ​វា​ក៏​បាន​ស្រូប​ទាញ​កម្លាំង​ពលកម្ម​លើ​វិស័យ​កសិកម្ម មក​បម្រើ​ការ​នៅ​ក្នុង​វិស័យ​កាត់ដេរ​ជំនួស​វិញ ។

លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ក៏​បាន​លើក​ឡើង​ដែរ​ថា បច្ចុប្បន្ន កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​បាន​ធ្លាក់​មក​នៅ​ត្រឹមតែ​៤២% ខណៈ​ឆ្នាំ​១៩៩៣​កម្ពុជា​មាន​កម្លាំង​ពលកម្ម​លើ​វិស័យ​នេះ​ជាង​៨០%​ឯណោះ ។ លោក​រដ្ឋមន្ត្រី​កសិកម្ម​បញ្ជាក់​ថា កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​នឹង​ធ្លាក់​បន្ត​ទៀត ដែល​តាម​ការ​ព្យាករ​នឹង​ធ្លាក់​នៅ​២៩%​នៅ​ឆ្នាំ​២០២០ ដោយ​ជំនួស​មក​វិញ​នូវ​ការ​ប្រើប្រាស់​កម្លាំង​គ្រឿងយន្ត ។

លោក លី សូ​ដេ​ត សេដ្ឋវិទូ​ជាន់ខ្ពស់​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា ក៏​បាន​លើក​ឡើង​​ដែរ​ថា បើ​វិស័យ​កសិកម្ម​ធ្លាក់​ចុះ កម្លាំង​ពលកម្ម​ធ្លាក់ នឹង​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើនសេដ្ឋកិច្ច​ទេ ព្រោះ​បច្ចុប្បន្ន​នេះ វិស័យ​កសិកម្ម​កម្ពុជា​បាន​រួមចំណែក​កំណើន​សេដ្ឋកិច្ច​តិចតួច​ណាស់ ប៉ុន្តែ​កម្ពុជា​គួរ​សម្លឹង​មើល​វិស័យ​អាទិភាព​ណា​ផ្សេង​ដូច​ជា ឧស្សាហកម្ម និង​សេវាកម្ម​ជាដើម ។

ខណៈ​កម្លាំង​ពលកម្ម​វិស័យ​កសិកម្ម​ធ្លាក់​ចុះ វា​ជា​ឱកាស​សម្រាប់​បណ្ដា​ក្រុមហ៊ុន​លក់​គ្រឿងយន្ត​កសិកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​វិញ​។ ជាក់ស្ដែង តំណាង​ក្រុមហ៊ុន​លក់​គ្រឿងយន្ត​កសិកម្ម​មួយ​នៅ​កម្ពុជា​បានឱ្យ​ដឹង​ថា កំណើន​នៃ​ការ​លក់​គ្រឿងយន្ត​កសិកម្ម​របស់​ក្រុមហ៊ុន​ខ្លួន​បាន​កើន​ឡើងជា​បន្តបន្ទាប់ ហើយ​ក្រុមហ៊ុន​ក៏​បាន​នាំ​ចូល​គ្រឿងយន្ត​ទំនើប​ៗ​ដើម្បី​ជួយ​សម្រួល និង​ព​ន្លឿ​ន​ដល់​ការងារ​កសិកម្ម​របស់​ប្រជា​កសិករ​កម្ពុជា ខណៈ​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ថយ​ចុះ​បន្តិច​ម្ដង​ៗ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ