ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៉ុ​ល ហំ​ម ​៖ រំលាយ ឬ​មិន​រំលាយ [CNRP] មិន​ប៉ះពាល់​ខ្ញុំ​ទេ

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ​ម ​បាន​ថ្លែងប្រាប់​អ្នក​​យក​ព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ចំពោះ​ការ​គំរាម​កំ​ហែង​រំលាយ​ចោល​គណ​បក្ស​ប្រឆាំង គឺ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​រូប​លោក​នោះ​ទេ ព្រោះ​លោក​នឹង​លា​ចេញពី​ឆាក​នយោ​បាយ…

​រាជធានី​ភ្នំពេញ​ ៖ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក ប៉ុ​ល ហំ​ម ​បាន​ថ្លែងប្រាប់​អ្នក​​យក​ព័ត៌មាន​នៅ​វិមាន​រដ្ឋសភា ចំពោះ​ការ​គំរាម​កំ​ហែង​រំលាយ​ចោល​គណ​បក្ស​ប្រឆាំង គឺ​មិន​មាន​អ្វី​ប៉ះពាល់​ដល់​រូប​លោក​នោះ​ទេ ព្រោះ​លោក​នឹង​លា​ចេញពី​ឆាក​នយោ​បាយ ។​

​លោក ប៉ុ​ល ហំ​ម​ ដែល​មាន​វត្តមាន​តែ​ម្នាក់ឯង​ក្នុង​នាម​ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍​រដ្ឋ​សភា​​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ​វត្តមាន​របស់​លោក​ក្នុង​កិច្ចប្រជុំ​ថ្ងៃ​ទី​៧ វិច្ឆិកា​នេះ ​គឺ​ក្នុង​នាម​លោក​ជា​សមាជិក​សភា​ធម្មតា​មួយ​រូប ។ លោក​បាន​បន្ត​ថា​ ថ្នាក់​ដឹក​នាំ​គណបក្ស​នៅ​មិន​ទាន់​បាន​ប្រជុំ​ជជែក​ពិ​ភា​ក្សា​គ្នា​នៅឡើយ​ទេ​ ពាក់ព័ន្ធ​នឹង​បញ្ហា​ដែល​ថា បក្ស​ប្រឆាំង​អាច​នឹង​ត្រូវ​រំលាយ​នា​ថ្ងៃ​ទី​១៦ វិច្ឆិកា ជា​ពេលវេលា​ដែល​តុលាការ​កំពូល​គ្រោង​​ប្រកាស​សាលដីកា​លើ​បណ្តឹង​របស់​ក្រសួងមហាផ្ទៃ​ស្នើ​ឱ្យ​រំលាយ​បក្ស​ប្រឆាំង​មួយ​​នេះ​។

​យ៉ាងណា​ក្តី​លោក ប៉ុ​ល ហំ​ម ​បាន​អះអាង​ថា​៖ «​ខ្ញុំ​ផ្ទាល់ គឺ​ខ្ញុំ​ចាស់​ហើយ ដូច​ខ្ញុំ​ថា​ មុន​អញ្ចឹ​ង រំលាយ​ ឬ​មិន​រំលាយ វា​ដល់​ពេល​ចូល​និវត្តន៍​ហើយ ជាង​៧០​ឆ្នាំ​​ហើយ​ ទុក​កន្លែង​ឱ្យ​គេ​ក្មេង​ៗ​គេ​ធ្វើ​»​។​

​បើសិនជា​គណបក្សប្រឆាំង​ត្រូវ​រំលាយ​មែន​នោះ ថ្នាក់ដឹកនាំ​ក្នុង​ជួរ​សមាជិក​គណៈ​អចិ​ន្ត្រៃយ៍​​បក្ស​ប្រឆាំង​ប្រមាណ​ជា ១០០​នាក់​ នឹង​ត្រូវ​ហា​ម​ឃាត់​ក្នុង​ការ​ធ្វើ​នយោបាយ​៥​ឆ្នាំ តែ​លោក​ ប៉ុ​ល ហំ​ម​ លើក​ឡើង​ថា ដូច​ជា​គ្មាន​បញ្ហា​សម្រាប់​លោក​នោះ​ទេ ។

​លោក ប៉ុ​ល ហំ​ម​ បញ្ជាក់​ថា៖ «​វា​មិន​ប៉ះពាល់​អី​លើ​ខ្ញុំ​ទេ ពីព្រោះ​បើ​មិន​ទុក​ឱ្យ​ខ្ញុំ​ធ្វើ​នយោ​បាយ ក៏​ដល់​ពេល​ដែល​ខ្ញុំ​ត្រូវ​ឈប់​ដែរ​ហើយ ។ បើ​ច្បាប់​កំណត់​អ​ញ្ចឹ​ង ក៏​អ​ញ្ចឹ​ង​ទៅ ប៉ុន្តែ​សម្រាប់​ខ្ញុំ បើ​ទោះបីជា​មិន​ឱ្យ​ខ្ញុំ​ធ្វើ​នយោបាយ ក៏​ដល់​ពេល​ដែល​ខ្ញុំ ត្រូវ​លាឈប់​ដែរ​ហើយ គឺ​ត្រូវ​រ៉ឺ​ត្រែ​ត​ហើយ ជាង​៧០​ឆ្នាំ​ហើយ​»​។

​នៅ​ពេល​សួរ​បញ្ជាក់​ថា ​អ​ញ្ចឹ​ង​មាន​ន័យ​ថា​លោក​លាចាក​ពី​ជីវភាព​នយោបាយ លោក ប៉ុល ហំ​ម ​បញ្ជាក់​ជំហរ​ថា​៖ «​បើ​មិន​រំលាយ​ក៏​បន្ត​រហូត​ដល់​ដាច់​អាណត្តិ​ហើយ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ