ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ចាត់​ទុក​កម្ពុជា​ជា​មិត្តភក្ដិ​ពិសេស គ្មាន​ថ្ងៃ​ប្រែប្រួល​ឡើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក Iwao HORII បាន​ថ្លែង​ថា គោល​បំណង​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​នៅ​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ជប៉ុន​ចាត់​ទុក​កម្ពុជា​គឺជា​មិត្តភក្តិ​ពិសេស…

រាជធានី​ភ្នំពេញ ៖ អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក Iwao HORII បាន​ថ្លែង​ថា គោល​បំណង​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​នៅ​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ជប៉ុន​ចាត់​ទុក​កម្ពុជា​គឺជា​មិត្តភក្តិ​ពិសេស ហើយ​ជំហរ​នេះ​នឹង​ពុំ​មានការ​ប្រែប្រួល​ឡើយ។

លោក​បាន​ថ្លែង​បែប​នេះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា កន្លង​មក ក្នុង​ឱកាស​ជួប​សន្ទនា​ជាមួយ​លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរ​ជាតិ នៅ​ទីស្ដីការក្រសួង ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្តែង​នូវ​ការ​ស្វាគមន៍​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​លោក Iwao HORII នៅ​កម្ពុជា និង​បាន​គូសបញ្ជាក់​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ប៉ុន គឺ​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ខួប​៦០​ឆ្នាំ​នៃ​ដំណើរ​ទស្សន​កិច្ច​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​១៩៥៧ របស់​អតីត​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក Nobusuke Kishi ហើយ​ក៏​ជា​ខួប​លើក​ទី​២៥​នៃ​ការ​ចូលរួម​របស់​កងកម្លាំង​ជប៉ុន​លើក​ដំបូង ក្នុង​ការ​ថែរក្សា​សន្តិភាព​នៅ​កម្ពុជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​វាយតម្លៃ​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក Iwao HORII ក្នុង​ពេល​នេះ នឹង​ជួយ​ពង្រឹងពង្រីក​បន្ថែម​ទៀត ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ ។

លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​សម្តែង​នូវ​ការ​រីករាយ​ពេញ និង​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ថា គោលបំណង​ទស្សនកិច្ច​នៅ​កម្ពុជា​របស់​លោក​នៅ​ពេល​នេះ គឺ​ដើម្បី​បង្ហាញ​ឱ្យ​ឃើញ​ថា ជប៉ុន​ចាត់​ទុក​កម្ពុជា​គឺជា​មិត្តភក្តិ​ពិសេស ហើយ​ជំហរ​នេះ​នឹង​ពុំ​មានការ​ប្រែប្រួល​ឡើយ ។

លោក​ក៏​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ថា ជប៉ុន​នឹង​បើក​ស្ថាន​កុងស៊ុល​របស់​ជប៉ុន​ប្រចាំ​នៅ​ខេត្តសៀមរាប នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៨ ខាង​មុខ​នេះ ហើយនឹង​បន្ត​យក ចិត្ត​ទុកដាក់​ពង្រឹង​បន្ថែម​ទៀត​នូវ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ជប៉ុន​-​កម្ពុជា ។ លោក​អនុ​រដ្ឋមន្ត្រី​ការ​បរទេស បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ដ៏​ល្អ​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​គឺ​ការ​ផ្លាស់​ប្តូរ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក នៅ​លើ​វេទិកា​តំបន់ និង​វេទិកា​អន្តរ​ជាតិ​ជា​ច្រើន ។

លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីក​ចម្រើន​នៅ​កម្ពុជា​បច្ចុ​ប្បន្ន និង​បាន​អះអាង​ជូន​លោក​ទេស​រដ្ឋមន្ត្រី​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ឧបត្ថម្ភ​ដល់​កម្ពុជា ក្រោម​កម្មវិធី​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន និង​កម្ពុជា ។ លោក​ក៏​បាន​ជម្រាប​ជូន​អំពី​ការ​គិតគូរ​របស់​រដ្ឋាភិបាល​ជប៉ុន ក្នុង​ការ​ជួយ​ដល់​កម្ពុជា​លើ​ការ​កែ​ទម្រង់​គ្រប់​វិស័យ ពិសេស​ការ​បង្កើន​សមត្ថភាព​របស់​កំពង់​ផែ​ក្រុងព្រះសីហនុ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ទាក់ទាញ​ក្រុមហ៊ុន​របស់​ជប៉ុន​ឱ្យមក​ធ្វើ​វិនិយោគទុន​នៅ​កម្ពុជា ហើយ​និង​ការ​ដោះស្រាយ​បញ្ហា​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ ។

លោក​បាន​គូសបញ្ជាក់​ថា បច្ចុប្បន្ន​ជប៉ុន​បាន​ចាប់ផ្តើម​ធ្វើការ​សិក្សា​អំពី​គម្រោង​បង្កើត​រថភ្លើង​ធុន​ស្រាល​លើ​អាកាស​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍ ។

ជាមួយ​គ្នា​នេះ លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ប្រទេស​រវាង​ប្រទេស​ទាំង​ពីរ ពិសេស​គឺ​តាម​រយៈ​ការ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ការពារ​ជាតិ នៅ​ប្រទេស​ជប៉ុន​ក្នុង​ខែកញ្ញា​កន្លង​មកនេះ​។ លោក​ក៏​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ទំនាក់ទំនង​រវាង​ប្រជាជន​និង​ប្រជាជន ពិសេស​គឺ​យុវជន​នៃ​ប្រទេស​ទាំង​ពីរ ។

លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​គូសបញ្ជាក់​ថា ការ​រីក​ចម្រើន​របស់​កម្ពុជា​រហូត​ដល់​ពេល​នេះ គឺ​មិន​អាច​កាត់​ផ្តាច់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​ជា​ច្រើន​របស់​ជប៉ុន ហើយ​ក៏​បាន​សម្តែង​នូវ​អំណរ​គុណ​ចំពោះ​ការ​អះអាង​របស់​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ដែល​ថា ជប៉ុន​នឹង​បន្ត​ផ្តល់​ជំនួយ​ដល់​កម្ពុជា និង​ថា​ការ​គាំទ្រ​របស់​ជប៉ុន​ចំពោះ​កម្ពុជា​នឹង​ពុំ​មានការ​ផ្លាស់​ប្តូរ​ឡើយ ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​កើនឡើង​យ៉ាង​ខ្លាំង​នៃ​ការ​វិនិយោគ​ទុន​ជប៉ុន​នៅ​កម្ពុជា ដែល​នៅ​ក្នុង​ឆ្នាំ​២០១៦ កន្លង​មក បាន​កើនឡើង​ដល់​ចំនួន​ជាង​៨០០​​លាន​ដុល្លារ ។

លើ​វិស័យ​ទេសចរណ៍ លោក​ទេស​រដ្ឋមន្ត្រី និង​លោក​អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បាន​សម្តែង​ការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​កើនឡើង​នៃ​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍ ពិសេស​ចាប់តាំងពី​ការ​បង្កើត​ឡើង​នូវ​ជើងហោះហើរ​ត្រង់​រវាង​ប្រទេស​ទាំង​ពីរ​កាលពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០១៦ កន្លង​មក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ