ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កែប​កំពុង​ពង្រីក​កន្លែង​លំហែកាយ និង​ចំណតរថយន្ត មុន​បុណ្យ​សមុទ្រ​មក​ដល់

6 ឆ្នាំ មុន
  • កំពត

ខេត្ត​កែប ៖ បន្ទាប់​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ទើបតែ​បញ្ចប់ នៅ​ឯ​ខេត្ត​កែប​វិញ មន្ត្រីរាជការ​ស្ថាប័នរដ្ឋ​កំពុង​តែ​បន្ត​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ​នេះ ។ លោក ប៉ុក…

ខេត្ត​កែប ៖ បន្ទាប់​ពី​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ​ទើបតែ​បញ្ចប់ នៅ​ឯ​ខេត្ត​កែប​វិញ មន្ត្រីរាជការ​ស្ថាប័នរដ្ឋ​កំពុង​តែ​បន្ត​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​ទទួល​ស្វាគមន៍​ពិធីបុណ្យ​សមុទ្រ ដែល​នឹង​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ​នេះ ។

លោក ប៉ុក ទាំង អនុប្រធាន​មន្ទីរ​ទេស ចរណ៍​ខេត្ត បាន​ប្រាប់​កោះសន្តិភាព​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា​ថា ខេត្ត​កំពុង​តែ​មមាញឹក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​បន្ថែម​ទៀត​សម្រាប់​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា​ក្នុង​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ ដែល​នឹង​ឈាន​មក​ដល់​នា​ខែ​ក្រោយ ។

លោក​បន្ដ​ថា ក្នុង​ពេល​នេះ យើង​កំពុង​តែ​ពង្រីក​ចាក់​ដី និង​កន្លែង​ដើរ​កម្សាន្ដ​បន្ថែម​ទៀត​នៅ​តាម​មាត់​ឆ្នេរ ដើម្បី​ងាយស្រួល​ដល់​ភ្ញៀវ​មក​ទស្សនា​បាន​សម្រាក​លំហែកាយ និង​មាន​កន្លែង​ចត​រថយន្ត ។

លោក សោម ពិសិដ្ឋ អភិបាលរង​ខេត្ត ធ្លាប់​ថ្លែងប្រាប់​កោះសន្តិភាព​ថា ៖« កម្មវិធី​បុណ្យ​សមុទ្រ​ឆ្នាំ​នេះ គឺ​រំពឹង​ថា នឹង​មាន​មនុស្ស​មក​លេង​កម្សាន្ដ​ចូល​ខ្ទង់លាន​នាក់ ព្រោះ​នឹង​មានកម្ម​វិធី​សម្តែង​សិល្បៈ របាំ កីឡា​លើ​ខ្សាច់ លើ​ទឹក និង​មាន​ល្បែង​ជា​ច្រើន​ប្រភេទ​ទៀត ដូច​ជា ហត្ថពល​កម្ម​ជាដើម ហើយ​ខេត្ត​ពុំ​ទាន់​មាន​សមត្ថភាព​ផ្គត់ផ្គង់​សណ្ឋាគារ និង​ផ្ទះសំណាក់​ឲ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ​ទេ គឺ​មាន​តែ​ពឹងផ្អែក​លើ​ខេត្ត​ជិតខាង​ប៉ុណ្ណោះ » ។

ចំណែក​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​ដែល​ទើបនឹង​បញ្ចប់​វិញ ខេត្ត​កែប​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ប្រមាណ​ជា​១០​ម៉ឺន​នាក់ ។

លោក ប៉ុក ទាំង បាន​ថ្លែង​ថា ៖« ក្នុង​ពិធីបុណ្យ​អុំទូក​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ​ឃើញ​ថា គ្មាន​បញ្ហា​អ្វី​កើតឡើង​ទេ ដោយ​ខេត្ត​បាន​ទទួល​ស្វាគមន៍​ភ្ញៀវ​សរុប​ទាំងអស់​ចំនួន​៨១.២៤៩​នាក់ ក្នុង​នោះ​ភ្ញៀវ​អន្តរជាតិ​ចំនួន​១.២២៨​នាក់ » ។

កញ្ញា គី​ម ស្រី​ពេជ្រ អ្នកលក់​ម្ហូបអាហារ​ដល់​ភ្ញៀវ​ដែល​ទៅ​កម្សាន្ដ បាន​និយាយ​ថា រយៈពេល​បុណ្យអុំទូក​នេះ ឃើញ​មាន​ភ្ញៀវ​មក​ទស្សនា​ច្រើន​ដូច​រាល់​ឆ្នាំ​ដែរ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ម្ហូបអាហារ​លក់​មិនសូវ​ដាច់​ដូច​ពិធីបុណ្យ​សព្វមួយដង​ទេ ។ នេះ​ប្រហែលជា​ពួក​គាត់​វេច​ខ្ចប់​មក​ពី​ផ្ទះ​ស្រាប់​ក៏​ថា​បាន ។

កញ្ញា​បញ្ជាក់​ថា ៖ « តម្លៃ គឺ​ខ្ញុំ​មិន​ឡើងថ្លៃ​អី​ណាស់ណា​ទេ គ្រាន់តែ​លើស​ថ្ងៃ​មិនមែន​បុណ្យ​ទាន ប្រហែល​១០%​ប៉ុណ្ណោះ តែ​នៅ​តែ​លក់​មិន​ដាច់ ។ ខ្ញុំ​សង្ឃឹមថា បុណ្យ​សមុទ្រ​ខាង​មុខ​នេះ នឹង​មាន​ភ្ញៀវ​ចូល​មក​ទស្សនា​ខេត្ត​កែប​ច្រើន​ជាង​ឆ្នាំ​មុន » ។

គួរ​បញ្ជាក់​ផង​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា បាន​កំណត់​យក​ថ្ងៃ​ទី​២២-២៣-២៤ ខែធ្នូ ឆ្នាំ​២០១៧ ជា​កាលបរិច្ឆេទ​ប្រារព្ធ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ ជុំ​ទី​២ នៅ​ខេត្ត​កែប ដែល​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​នេះ នឹង​បើក​ជា​ផ្លូវការ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន នា​ថ្ងៃ​ទី​២៣ ធ្នូ នៅ​មុខ​សាលាខេត្ត​កែប ក្រោម​ប្រធានបទ «​ឆ្នេរសមុទ្រ​បៃតង ៖ អនាគត គឺ​បច្ចុប្បន្ន​» និរន្តរភាព​ទេសចរណ៍​ដើម្បី​អភិវឌ្ឍន៍ ក្រោម​ការ​សម្រេច​ពី​រាជរដ្ឋាភិបាល​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ