ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាច់ត្រីមាស​ទី​3 កម្ពុជា​នាំ​ចេញ​មាន​ទឹកប្រាក់​ជិត​8​ពាន់លាន​ដុល្លារ​អា​មេ​រិ​ក

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មាន​កំណើន​ជា​បន្ដបន្ទាប់ ។ ជាក់ស្តែង ការ​នាំ​ចេញ​រយៈពេល​៩​ខែ​ឆ្នាំ​នេះ មាន​ទំហំ​ទឹកប្រាក់​៧.៧០០​លាន​ដុល្លារ កើនឡើង​១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន…

រាជធានី​ភ្នំពេញ ៖ ដោយសារ​ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​មាន​កំណើន​ជា​បន្ដបន្ទាប់ ។ ជាក់ស្តែង ការ​នាំ​ចេញ​រយៈពេល​៩​ខែ​ឆ្នាំ​នេះ មាន​ទំហំ​ទឹកប្រាក់​៧.៧០០​លាន​ដុល្លារ កើនឡើង​១៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

យោង​តាម​ទិន្នន័យ​របស់​ក្រសួងពាណិជ្ជកម្ម ដែល​កោះសន្តិភាព​ទើប​ទទួល បាន​ឲ្យ​ដឹង​កាល​​ពី​ថ្ងៃ​ទី​៥ វិច្ឆិកា ថា ទឹកប្រាក់​នាំ​ចេញ​នេះ​ភាគច្រើន គឺ​បាន​មក​ពី​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ និង​ស្បែកជើង និង​ទំនិញ​ផ្សេង​ៗ​ទៀត ដែល​ស្ថិត​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) និង​ផែនការ​ប្រទេស​អនុគ្រោះ​ខ្លាំង​បំផុត (MFN) ដែល​បាន​អនុញ្ញាត​ឲ្យ​ផលិតផល​កម្ពុជា​​ជា​ច្រើន​ចូល​ទីផ្សារ ដោយ​កាត់​បន្ថយពន្ធ​នាំ​ចូល ឬ​មិន​យកពន្ធ ។

ទិន្នន័យ​ដដែល​បាន​ឲ្យ​ដឹង​ថា ក្នុង​ចំនួន​នេះ ការ​នាំ​ចេញ​សម្លៀក​បំពាក់​មាន​តម្លៃ​៤,៩​ពាន់​​លាន​ដុល្លារ កើនឡើង​៨,៣%, ការ​នាំ​ចេញ​ស្បែកជើង មាន​តម្លៃ​៦៣៦,៧៦​លាន​ដុល្លារ កើនឡើង​៤៣% និង​វាយនភ័ណ្ឌ​មាន​តម្លៃ​៧៦,៨៨​លាន​ដុល្លារ ខណៈ​ផលិតផល​មិន​ជាក់លាក់​ផ្សេង​ទៀត​មាន​តម្លៃ​៥៦១,៤៥​លាន​ដុល្លារ កើនឡើង​ដល់​៤២,៥១% ។

តួលេខ​បាន​បង្ហាញ​តម្លៃ​នាំ​ចេញ​អង្ករ​មាន​ចំនួន​២០៦,៩១​លាន​ដុល្លារ ធ្លាក់​ចុះ​៦,៧% ។
ការ​នាំ​ចេញ​សរុប​ទៅ​សហភាព​អឺរ៉ុប ជាទី​ផ្សារ​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា បាន​កើន​ឡើង​ដល់​៣.០០០​លាន​ដុល្លារ កើនឡើង​៥,៩៤% បើ​ធៀប​នឹង​រយៈពេល​៩​ខែ​កាលពី​ឆ្នាំ​មុន ។ កំណើន​ដ៏​រឹង​មាំ​ត្រូវ​បាន​កត់ត្រា​នៅ​ក្នុង​ការ​នាំ​ចេញ​ទៅ​ជប៉ុន ដែល​មាន​ចំនួន​៥៣៤,២៥​លាន​ដុល្លារ កើនឡើង​២៥,៨៤% ។ រីឯ​ការ​នាំ​ចេញ​ទៅ​អា​មេ​រិ​ក ជាទី​ផ្សារ​ដ៏​សំខាន់​សម្រាប់​ក្រុមហ៊ុន​ចេញ​សម្លៀក​បំពាក់​កម្ពុជា មាន​ចំនួន​១,៤៧​ពាន់​លាន​ដុល្លារ ធ្លាក់​ចុះ​១% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា លោក​ឧកញ៉ា លឹ​ម ហេង បាន​ថ្លែង​ថា ស្ថានភាព​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​នៅ​តែ​ល្អ​ប្រសើរ ទោះបី​ស្ថានភាព​នយោបាយ​យើង​មានការ​បារម្ភ​​ពី​អ្នកខ្លះ​ក្តី ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​របស់​កម្ពុជា​ទេ ។ លោក​ថា ៖« ទំហំ​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា សម្រាប់​រយៈពេល​វែង​នៅ​តែ​ល្អ​ប្រសើរ ដោយសារ​សេដ្ឋកិច្ច​របស់​​យើង​នៅ​តែ​រក្សា​កំណើន ស្ថិរភាព​នយោបាយ និង​សង្គម​នៅ​តែ​មាន​ភាពល្អ​ប្រសើរ» ។

លោក​ឧកញ៉ា​បន្ត​ថា ៖« ទោះជា​យ៉ាងណា ការ​នាំ​ចេញ​របស់​កម្ពុជា​ភាគច្រើន​ជា​ផលិត​ផល​​ពាក់កណ្តាល​សម្រេច និង​ផលិតផល​មិន​ទាន់​កែ​ច្នៃ ដែល​មិន​អាច​ទាញ​យក​ផលិត​ផល​បន្ថែម​បាន​ច្រើន » ។ លោក​បន្ត​ថា ៖« បញ្ហា​តម្លៃ​អគ្គិសនី ថ្លៃ​ដឹក​ជញ្ជូន​ថ្លៃ និង​ធន​ធាន​មនុស្ស​ជំនាញ​នៅ​មាន​កម្រិត ជា​ឧបសគ្គ​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ក្រុមហ៊ុន​វិនិយោគ​ថ្មី​ៗ មក​កែ​ច្នៃ​ផលិតផល​កសិកម្ម​កម្ពុជា​ដើម្បី​នាំ​ចេញ » ។

លោក​បណ្ឌិត ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​ប្រចាំ​រាជ​បណ្ឌិតសភា​កម្ពុជា បាន​ថ្លែង​ថា កម្ពុជា​គួរ​ចាប់​យក​ទីផ្សារ​ជាមួយ​ប្រទេស​ដទៃ​ទៀត ដើម្បី​បង្កើន​ការ​នាំ​ចេញ​ផលិត​ផល​​របស់​ខ្លួន​ទៅ​កាន់​បរទេស ជា​ជាង​ពឹងផ្អែក​លើ​ទីផ្សារ​ប្រទេស​ជិតខាង ។ ធ្វើ​បែប​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ល្អ​ប្រសើរ និង​អាច​ពង្រីក​ទំហំ​នៃ​ការ​នាំ​ចេញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ