ប្រវតិ្ត ‹គងរីង›


ពាក្យ​គង​រីង គឺជា​ពាក្យ​ដើម​របស់​ជនជាតិព្នង ដែល​រស់នៅ​ក្នុង​ខេត្ដមណ្ឌលគិរី ក្នុង​ឃុំ​ប៊ូ ទយ ។ តាម​ប្រសាសន៍​របស់​លោកតា​បូត ខាំ ហៅ​ក្អាត់ ជា​ជនជាតិ​ព្នង​ថា “​គង​រីង មាន​ន័យថា ភ្លេង​កេះ​” ។ ឧបករណ៍​នេះ​មិន​ប្រើប្រាស់នៅ​ក្នុង​វង់ភ្លេង​ណា​ឡើយ គឺ​សំរាប់​កេះ​ស្ដាប់កំសាន្ដ​ក្នុង​ពេល​អផ្សុក ក្នុង​ពេល​មានទុក្ខព្រួយ​បន់ស្រន់ ឬ​ថ្វាយ​អ្នកតា អ្នក​កេះ​គង​រីង កេះ​ផង​ច្រៀង​ផង ។

នៅ​ពាក់កណ្ដាល​ឆ្នាំ​១៩៦៥ ក្រុម​យើងខ្ញុំ ដែល​ជា​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ​ផ្នែក​តន្ដ្រីបុរាណ រួម​ជាមួយ​ក្រុមរបាំ​ប្រពៃណី​ដឹកនាំ​ដោយ​លោក​សាស្ដ្រាចារ្យ ឆេ​ង ផុ​ន បាន​ចុះ​ទៅ​ធ្វើការ​សិក្សា​ស្រាវជ្រាវតន្ដ្រី និង​របាំ​នៅ​តំបន់​ខាងលើ​នេះ ។ នៅទីនោះ​យើង​បាន​សិក្សា និង​បាន​ទិញ​ឧបករណ៍ គង​រីង​នេះ ពី​ជនជាតិ​ព្នង​ផ្ទាល់ ថែម​ទាំង​បាន យក​ឧបករណ៍​នោះមក​ទុក​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ​ទៀត​ផង​។ ឧបករណ៍នេះ​មាន​២​បែប ៖ ១​បែប​មាន​ខ្សែ​សំនៀង​ធ្វើអំពី​សរសៃ​សំបក​ឫស្សី ១​បែប​ទៀត​ធ្វើ​អំពី សរសៃ​លោហធាតុ (​ហ្វ្រាំ​កង់​) ។

គង​រីង​ដែល​ប្រើ​សរសៃ​សំបក​ឫស្សី​ជា​ខ្សែសំនៀង គឺជា​គង​រីង​ដើម​ដែល​ធ្វើ​ឡើង​ដោយមាន ៖ បំពង់​សំនៀង​ធ្វើ​អំពី​បំពង់​ឫស្សី​មួយ សាច់​មាន​ថ្នាំង​សងខាង ។ ខ្សែ​សំនៀង​ធ្វើឡើង​ដោយ​យក​ចុង​កាំបិត​ស្រួច​ឆ្កឹះ​សំបកឫស្សី​ពី​បំពង់​សំនៀង​ឱ្យ​មាន​សរសៃ​ឆ្មារ​ៗ ចំនួន​៧ រាយ​ចន្លោះ​ស្មើគ្នា​ជុំវិញ​បំពង់​នោះ ។ នៅ​ចុង​បំពង់​សងខាង​គេ​យក​ចំរៀកផ្ដៅ​មក​រុំ យ៉ាង​ជាប់ ដើម្បី​ទប់​កុំឱ្យ​សរសៃ​សំនៀង​ទាំងនោះ​រហែក​បាន ។ គេ​យក​កំណល់​តូច​ៗ​មកកល់​ខ្សែ​សំនៀង​ចុង​ដើម​ឱ្យ​ហើប​ផុត​ពី​បំពង់ និង​សំរាប់​រាវរក​សំនៀង​ត្រូវ​របស់​ខ្សែនីមួយ​ៗ ។ នៅ​ចន្លោះ​ខ្សែ​នីមួយ​ៗ ។ មានចោះ​ប្រហោង​តូច​វែង​សំរាប់​ឱ្យ​សំនៀង​លាន់ ឮ​ចេញ​មក​ក្រៅ ។

ចំណែកឯ​គង​រីង​ដែល​ប្រើ​សរសៃ​លោហធាតុ​មាន​បំពង់​សំនៀង​ដូច​គ្នា និង​គង​រីង​ដែលប្រើ​សរសៃ​សំបក​ឫស្សី​ដែរ ។ នៅ​ចុង​បំពង់ម្ខាង​គេ​ចោះ​រន្ធ​តូច​ៗ​ចំនួន​១៣ ដើម្បី​ស៊ក​ខ្សែ ចង​ភ្ជាប់​នឹង​បំពង់​នៅ​ចុង​ម្ខាង​ទៀត មានព្រ​លួត​តូច​ៗ​ប៉ុន​ចង្កឹះ​សំរាប់​រឹតខ្សែ​សំនៀង និង​មាន​កំណល់​តូច​សំរាប់​កល់​ខ្សែ​សំនៀង​ឱ្យ ហើប​ពី​បំពង់ព្រមទាំង​មាន​ប្រហោង​មូលតូច​ៗ​ជា​ច្រើន​តាម​ចន្លោះ​ខ្សែ​ចោះ​សំរាប់​ឱ្យសំនៀង​លាន់​ចេញ​មក​ក្រៅ ។
នៅ​ពេល​កេះ​ម្ដង​ៗ គេ​យក​បំពង់​សំនៀងមក​ទល់​នឹង​ពោះ ហើយ​ប្រើ​ម្រាមដៃ​ទាំងអស់​សំរាប់​កេះ​ខ្សែ ប៉ុន្ដែ​បើ​អង្គុយ​កេះ​វិញ គេត្រូវ​ដាក់​បំពង់​សំនៀង​ផ្ដេក​ត្រង់​ទៅ​មុខ ដោយ​កំលាំង​ទាំង​ពីរ ឬ​យក​ខ្នងជើង​ម្ខាង​មកជួយ​ទល់​ទ្រ​ផង​ដែរ ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តចារ្យសិល្បៈតន្រ្តី)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ