ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​រិះគន់ សូត្រ ប៊ុ​ន​ធី ធ្វើបាន​ល្អ​ខ្លាំង​ក្នុង​ជំនួបជាមួយ​កីឡាករ​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​លើក​ទី​៣​ជាមួយ​កីឡាករ​ថៃ Lam Teuy កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា សូត្រ…

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​លើក​ទី​៣​ជាមួយ​កីឡាករ​ថៃ Lam Teuy កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា សូត្រ ប៊ុ​ន​ធី ត្រូវ​គេ​កត់​សម្គាល់ថា ធ្វើ​បាន​ល្អ​ខ្លាំង ដោយសារ​តែ​លោក​ប្រើ​ពេល​ត្រឹមតែ​២​ទឹក​ដំបូង​ប៉ុណ្ណោះ
ក៏​ទទួល​បាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន ដោយអាច​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​លើ​រេញ ដែលគ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់​ឡើយ ។ នេះ​ជា​ជំនួប​លើក​ទី​៣​របស់ សូត្រ ប៊ុ​ន​ធី និង​កីឡាករ​ថៃ​រូប​នេះ ហើយ​ក៏​ជា​ជោគជ័យ​ដំបូង​មួយ​ចាប់តាំងពី​បាន​ប៉ះ​គ្នា​ផង​ដែរ ខណៈ​លទ្ធផល​ដែល​លោក​សម្រេច​បាន គឺ​ពិតជា​លាង​ជម្រះ​ទាំងស្រុង​នូវ​ភាព​អាម៉ាស់​ដែល​លោក​ធ្វើ​មិន​បាន​ល្អជា​មួយ​កីឡាករ​ថៃ Lam Teuy រហូត​ដល់​អ្នក​ទស្សនា​រិះគន់​យ៉ាង​ខ្លាំង​ផង​ដែរ ។

យោង​តាម​ការ​បញ្ជាក់​របស់​កីឡាករ សូត្រ ប៊ុ​ន​ធី បាន​អះអាង​ថា នេះ​ជា​ជ័យជម្នះ​លើក​ដំបូង​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ Lam Teuy ដោយ​ការ​ប្រកួត​មុន​ៗ​គឺ​ស្ថិត​នៅ​ក្រៅ​សង្វៀន​ទូរទស្សន៍អាស៊ី​អាគ្នេយ៍ ដោយ​លទ្ធផល​នា​ពេល​កន្លង​មកមិនសូវ​ល្អ​ទាល់តែ​សោះ ទើប​ការ​ប្រកួត​ជា​ថ្មី​លើកនេះ អ្នក​ទស្សនា​ហាក់​មិន​ទុកចិត្ត​លោក​ប៉ុន្មាន​ទេ សូ​ម្បី​តែ​លោក​ខ្លួនឯង​ក៏​យល់​ឃើញ​បែប​នេះ​ដូច​គ្នា បន្ទាប់​ពី​លោក​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​រូប​នេះ​កាលពី​២​លើក​មុន​មិន​ទទួល​ជ័យជម្នះ​។

នៅ​ក្នុង​ការ​ប៉ះ​គ្នា​ជា​ថ្មី​កាលពី​ថ្ងៃ​ទី​៥ វិច្ឆិកាចាប់ផ្ដើម​ដំបូង​កីឡាករ​សូត្រ ប៊ុ​ន​ធី និង​គ្រូ​បង្វឹក​​រំពឹង​ត្រឹម​ឈ្នះ​ពិន្ទុ​ប៉ុណ្ណោះ លុះ​ចូល​ទឹក​ទី​ពីរ​កីឡាករ​ទាំង​ពីរ​បាន​បើក​ការ​វាយលុក
ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ធ្វើ​ឱ្យ​មានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​ទាំង​សងខាង និង​បាន​ទស្សន៍​ទាយ​ថា​នឹង​ចេញ​លទ្ធផល​បែប​នេះ​បែប​នោះ​តាម​ការ​យល់​ឃើញ​រៀង​ខ្លួន​ផង​ដែរ​។ សម្រាប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​នេះ​ស្រាប់តែ​លេច​ចេញ​លទ្ធផល​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ បន្ទាប់​ពី​សូត្រ ប៊ុ​ន​ធី មានឱកាស​វាយ​ត្រូវ​សៀតផ្កា គូប្រកួត​ពេញ​ទំហឹង​បណ្ដាល​ឱ្យ​ដួល​សន្លប់​បាត់​មាត់​ឈឹង​ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំងកាំង ទោះបី​​អាជ្ញាកណ្ដាល​រាប់​ដល់​១០​ទៅ​ហើយ នៅ​តែ​មិន​អាច​ក្រោក​ប្រកួត​បន្ត​ទៀត​បាន​។

កីឡាករ សូត្រ ប៊ុ​ន​ធី ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ក្រោយ​ពី​ត្រូវ​បាន​ប្រកាស​ថា ឈ្នះ​កីឡាករ​ថៃ Lam Teuy ក្នុង​ទឹក​ទី​២​ហើយ​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ពីលើ​តម្លៃ​ខ្លួន​ចំនួន​១​លាន​រៀល​ផង​ដែរ ទើប​ធ្វើ​ឱ្យ​អ្នក​ណា​ក៏​សប្បាយចិត្ត​ជំនួស​កីឡាករ​រូប​នេះ​ដែរ ។ ចំណែក​កីឡាករ​ថៃ​បាន​អះអាង​ថា ហេតុផល​ដែល​សូត្រ ប៊ុ​ន​ធី ទទួលលទ្ធផល​ល្អ​ដល់​ម្លុ​ឹ​ង​មិនមែន​ដោយសារ​តែ​សមត្ថភាព​ទាំងស្រុង​នោះ​ទេ គឺ​វា​ពាក់ព័ន្ធ​នឹង​សំណាង​នៅ​ក្នុង​នោះ​ផង​ដែរ​។

លោក ញាណ សុធី អ្នក​រៀបចំ​កម្មវិធី​ប្រដាល់​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះ​អាង​ថា កីឡាករ សូត្រ ប៊ុ​ន​ធី ប្រកួត​ជាមួយ​កីឡាករ​ថៃ​កន្លង​មក​មិនសូវ​រស់​រវើក​តាម​ការ​ចង់បាន​ប៉ុន្មាន​ទេ ឃើញ​តែ​ស្ទុះ​ឱប​គ្នា និង​ត្រូវ​អាជ្ញាកណ្ដាល​ចាប់​បំបែក​រហូត ។ ការ​ប្រកួត​នៅ​ក្នុង​ពេល​នោះ ដ្បិតថា​មិនសូវ​ទាក់ទាញ ប៉ុន្តែ​មិន​មាន​ន័យ​ថា លទ្ធផល​ដែល​កំណត់​ឱ្យ​សូត្រ ប៊ុ​ន​ធី ចាញ់​ពិន្ទុ​ដោយសារ​តែ​ចង់​បំបាក់​រឿង​គេ​ប្រកួត​មិន​បាន​ល្អ​នោះ​ក៏​ទេ​ដែរ ។ លោក​ថា​លទ្ធផល​ដែល​បាន​ស្ដែង​ឡើង​គឺ សូត្រ ប៊ុ​ន​ធី អត់​ពេញចិត្ត ប៉ុន្តែ​ផ្អែក​តាម​ការ​ប្រកួត​ពេញ​៥​ទឹក គឺ​កម្រិត​វាយ​ប្រកួត​របស់​គេ​មិនសូវ​ល្អ និង​ចាញ់​ប្រៀប​កីឡាករ​ថៃ​តែ​ម្ដង ទើប​ក្រោយ​បញ្ចប់​ការ​ប្រកួត​ទាំង​៥​ទឹក​ក៏​ត្រូវ​កំណត់​ឱ្យ​ចាញ់​តែ​ម្ដង ។

ងាក​ទៅ​កាន់ការ​ប្រកួត​លើក​ចុង​ក្រោយ សូត្រ ប៊ុ​ន​ធី ប្រកួត​រឹតតែ​មិនល្អ ដោយ​ក្នុង​ទឹក​ទី​១ គេ​ចំណាយ​កម្លាំង​ចោល​ទទេ ដោយ​មិន​ប្រឹង​សម្ញែង​សមត្ថភាព​ឱ្យ​រស់​រវើក​ដើម្បី​បំពេញ​ចិត្ត​អ្នក​ទស្សនា​នោះ​ទេ ។ ប៉ុន្តែ​ចូល​ដល់​ទឹក​ទី​២ កីឡាករ សូត្រ ប៊ុ​ន​ធី ធ្វើ​បាន​ល្អ​ហួស​ពី​ការ​ស្មាន​ដោយ​បើក​ការ​វាយ​សម្រុក​មិន​ដក​ដៃ​រហូត​អាច​ផ្ដួល​កីឡាករ​ថៃ​ឱ្យ​សន្លប់​តាម​ការ​ចង់បាន​ធ្វើ​ឱ្យ​លោក​រំពឹង​ថា ការ​ប្រកួត​លើក​ក្រោយ​គេ​នឹង​ធ្វើ​បាន​ល្អ​ទៀត​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ