ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​ឥណ្ឌូ​នេ​ស៊ី កើនឡើង​ប្រមាណ​៤៥០​លាន​ដុល្លារ​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​មាន​ការ​​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ តួយ៉ាង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ​និង​ឥណ្ឌូ​នេ​ស៊ី​ គឺ​កើន​ឡើងជា​បន្តបន្ទាប់​ ដែល​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ប្រមាណ​៤៥០​លាន​ដុល្លារ ។ នេះ​​​បើ​តាម​លោក Pitono Purnomo…

​រាជធានី​ភ្នំពេញ​៖ ទំហំ​ពាណិជ្ជកម្ម​របស់​ប្រទេស​កម្ពុជា​ជាមួយ​បណ្តា​ប្រទេស​នានា​មាន​ការ​​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ តួយ៉ាង​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ​និង​ឥណ្ឌូ​នេ​ស៊ី​ គឺ​កើន​ឡើងជា​បន្តបន្ទាប់​ ដែល​បច្ចុប្បន្ន​នេះ​មាន​ទំហំ​ប្រមាណ​៤៥០​លាន​ដុល្លារ ។ នេះ​​​បើ​តាម​លោក Pitono Purnomo ឯកអគ្គរដ្ឋទូត​ឥណ្ឌូ​នេ​ស៊ី ជម្រាប​ជូន​សម្តេច​តេ​ជោ នា​ឱកាស​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី​អនុញ្ញាតិ​ឱ្យ​ចូល​ជួប​សម្តែង​ការ​គួរសម ពិភាក្សា​ការងារ និងជំរាបលា​មុន​បញ្ចប់​បេសកកម្ម​នៅ​កម្ពុ​ជានា​ថ្ងៃ​ទី​៦ វិច្ឆិកា​នេះ ។​

​ក្នុង​ជំនួប​នេះ​លោក Pitono Purnomo បាន​កោតសរសើរ​ចំពោះ​ភាព​រីក​ចម្រើន​របស់​ប្រទេស​​កម្ពុជា​ ជា​ពិសេស​កំណើនសេដ្ឋកិច្ច ស្ថេ​រ​ភាព និង​សន្តិភាព​ក្នុង​ប្រទេស​ ព្រម​ទាំង​​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ មាន​ភាពល្អ​ប្រសើរ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។ លោក Pitono Purnomo បង្ហាញ​ពី​ការ​រីករាយ​ចំពោះ​វិស័យ​ការពារ​ជាតិ​ដែល​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​គ្នា​យ៉ាង​ជិត​ស្និ​ទ ដែល​កន្លង​មក​មាន​ការ​បណ្តុះបណ្តាល​ជួយ​លើកកម្ពស់​សមត្ថភាព​កងទ័ព​ជាដើម​។ ជាមួយ​គ្នា​នេះ​ដែរ ឥណ្ឌូ​នេ​ស៊ី ក៏​បាន​ជួយ​បណ្តុះបណ្តាល​និស្សិត​កម្ពុជា​ជាង​៦០០​នាក់ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ផង​ដែរ​។​

​សម្តេច​តេ​ជោ បាន​អរគុណ​ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ដែល​បានឃើញ​ច្បាស់​អំពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ទន្ទឹម​នឹង​នោះ​ដែរ ​សម្តេច​តេ​ជោ​បាន​សំណូមពរ​ឱ្យ​ខិតខំ​ជំរុញ​ការ​ងារ​​ពាណិជ្ជកម្ម​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ឱ្យ​មាន​សន្ទុះ​កើនឡើង​ថែម​ទៀត​។ នៅ​​ក្នុង​តំបន់​អាស៊ាន ឥណ្ឌូ​នេ​ស៊ី គឺជា​ប្រទេស​ដែល​មាន​ប្រជាជន​ប្រមាណ​ជាង​២៦០​លាន​​នាក់ ហើយ​ក៏​ជាទី​ផ្សារ​ធំ​ជាងគេ​នៅ​ក្នុង​តំបន់​អាស៊ាន និង​ជាទី​ផ្សារ​ដ៏​ធំ​របស់​កម្ពុជា​ផង​ដែរ​។ បច្ចុប្បន្ន​នេះ វិនិយោគិន​ឥណ្ឌូ​នេ​ស៊ី ក៏​បាន​មក​វិនិយោគ​នៅ​កម្ពុជា​ផង​ដែរ ដូច​ជា​វិស័យ​សុខាភិបាល​ជាដើម​។​

​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អរគុណ​ឥណ្ឌូ​នេ​ស៊ី​ដែល​កន្លង​មកនេះ​បាន​ជួយ​ពលករ​ខ្មែរ​ដែល​រង​គ្រោះ​នៅ​តាម​ទូក​នេសាទ​ខុសច្បាប់​ ដោយ​អំពើ​បង្ខិតបង្ខំ​ធ្វើ​បាប​​​ឱ្យធ្វើ​ការ​ហួសកម្លាំង ហើយ​បាន​បញ្ជូន​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​។ ដោយសារ​កំណើន​ភ្ញៀវ​ទេសចរ​មក​កម្ពុជា​កាន់តែ​កើនឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សម្តេច​តេ​ជោ បាន​​ជំរុញ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ខ្លាំង​ថែម​ទៀត លើ​វិស័យ​ទេសចរណ៍​នៃ​ប្រទេស​ទាំង​ពីរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ