ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ផលិត​ក្នុងស្រុក​ស្នើ​ឱ្យ​បន្ធូរបន្ថយ​តម្លៃ​ជួល​ស្តង់​តាំង​ផលិតផល​ខ្មែរ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជា​ទូទៅ ជា​ពេលវេលា​សម្រាប់​អ្នក​នាំ​ចូល និង​អ្នក​ផលិត​នូវ​ផលិតផល​នានា​ដាក់​តាំង​លក់ និង​ផ្សព្វផ្សាយ​ពី​ផលិតផល និង​ម៉ាក​សញ្ញា​របស់​ខ្លួន ក៏​ប៉ុន្តែ​ផលិតផល​ក្នុងស្រុក ជា​រៀង​រាល់​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក ជា​ទូទៅ ជា​ពេលវេលា​សម្រាប់​អ្នក​នាំ​ចូល និង​អ្នក​ផលិត​នូវ​ផលិតផល​នានា​ដាក់​តាំង​លក់ និង​ផ្សព្វផ្សាយ​ពី​ផលិតផល និង​ម៉ាក​សញ្ញា​របស់​ខ្លួន ក៏​ប៉ុន្តែ​ផលិតផល​ក្នុងស្រុក ជា​រៀង​រាល់​ឆ្នាំ មិនសូវ​ឃើញ​បង្ហាញ​វត្តមាន​ទេ គឺ​ឃើញ​តែ​ផលិតផល​ម៉ាក​សញ្ញា​បរទេស និង​គ្រឿង​ស្រវឹង ។

ដើម្បី​ឲ្យ​ផលិតផល​ខ្មែរ ដែល​ផលិត​ក្នុងស្រុក​បាន​បង្ហាញខ្លួន​នៅ​ក្នុង​ឱកាស​ធំ​ៗ​បែប​នេះ អ្នក​ផលិត​ក្នុងស្រុក​ជា​ច្រើន​ស្នើ​សុំ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ជួយ​សម្រួល និង​បន្ធូរបន្ថយ​តម្លៃ​ជួល​ស្តង់​សម្រាប់​ដាក់​តាំង​ផលិតផល​ក្នុង​ឱកាស​ពិសេស​ៗ​បែប​នេះ​លើក​ក្រោយ​ទៀត​។

លោក អ៊ុ​ង ចេ​រ៉ា ប្រធាន​ផ្នែក​លក់​នៃ​ក្រុមហ៊ុន​វ៉​ត (Wot) លក់​ផលិតផល​ធ្វើ​ពី​ម្រុំ​ខ្មែរ បាន​ឲ្យ​ដឹង​ថា ការ​ចូលរួម​ដាក់​តាំង​បង្ហាញ​ផលិតផល​នានា​នៅ​ក្នុង​ពិធី​ពិសេស​បែប​នេះ គឺជា​ឱកាសល្អ​ដែល​ក្រុមហ៊ុន​នានា​អាច​ផ្សព្វផ្សាយ​ដល់​សាធារណជន​ដែល​ដើរ​កម្សាន្ត ។ ម្យ៉ាងទៀត ក្រុមហ៊ុន​ក៏​មានឱកាស​ផ្ដល់​ព័ត៌មាន​ដោយ​ផ្ទាល់​ដល់​អតិថិជន​របស់​ខ្លួន និង​ពង្រីក​ទីផ្សារ​កាន់តែ​ធំ​ឡើង​ផង​ដែរ ។

លោក​បន្ត​ថា តាម​រយៈ​ការ​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​នៅ​ក្នុង​ពិធីបុណ្យ​ធំ​ៗ​នេះ ជា​ឱកាស​ដ៏​ល្អ​ណាស់​ដែល​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នានា​គួរតែ​យក​ផលិតផល​របស់​ខ្លួន​មក​បង្ហាញ​ជូន​ពលរដ្ឋ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ស្គាល់​ផលិតផល​ខ្មែរ និង​លើក​ស្ទួយ​ប្រើប្រាស់​របស់​ខ្មែរ​ទាំងអស់​គ្នា ។

លោក​ថា ៖« ក្នុង​អំឡុង​បុណ្យអុំទូក យើង​ឃើញ​ថា សាធារណជន​ដែល​ដើរ​កម្សាន្ត​នៅ​ក្នុង​ពិធីបុណ្យ​អុំទូក មានការ​ចាប់អារម្មណ៍​ខ្លាំង​ទៅ​លើ​ផលិតផល​ខ្មែរ ហើយ​អតិថិជន​ខ្លះ​ទៀត​បាន​មក​ដល់​មុន និង​រង់ចាំ​ទិញ​ផលិតផល​តាំងពី​ស្តង់​មិន​ទាន់​បើក​ម្ល៉េះ ។ ដូចនេះ អាច​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​យើង​កាន់តែ​ច្រើន​បាន​គាំទ្រ​ផលិតផល​ខ្មែរ ហើយ​វា​ក៏​ជា​ការ​លើកទឹកចិត្ត​ដល់​ម្ចាស់​សហគ្រាស​ដទៃ​ទៀត​ឲ្យ​បង្កើន​ការ​ផលិត​របស់​ខ្លួន ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក៏​កំពុង​ជួយ​យើង​ដែរ » ។

លោក​បន្ថែម​ថា មាន​អ្នក​ផលិត​ក្នុងស្រុក​ជា​ច្រើន​ចង់​យក​ផលិតផល​មក​ដាក់​តាំង​បង្ហាញ​ក្នុង​ឱកាស​ពិសេស​បែប​នេះ​ណាស់ ដើម្បី​បង្ហាញ​ដល់​សាធារណជន និង​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​ទៅ​កាន់​ពលរដ្ឋ​ខ្មែរ ក៏​ប៉ុន្តែ​អ្វី​ជា​បញ្ហា​នោះ ត្រង់​តម្លៃ​ជួល​ស្តង់​សម្រាប់​ដាក់​តាំង​លក់​មាន​តម្លៃ​ខ្ពស់​បន្តិច ។ ជាក់ស្ដែង ស្តង់​ដែល​លោក​ជួល​ក្នុង​រយៈពេល​៣​ថ្ងៃ អស់​ទឹកប្រាក់​៧០០​ដុល្លារ​អា​មេ​រិ​ក​ឯណោះ ។

លោក​និយាយ​ថា ៖« ខ្ញុំ​សូម​ស្នើ​ដល់​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​ស្ថាប័ន​ពាក់ព័ន្ធ​ដទៃ​ទៀត មេត្តា​ជួយ​សម្រួល ធ្វើ​យ៉ាងណា​ឲ្យ​ផលិតផល​ខ្មែរ​បាន​ដាក់​បង្ហាញ​ក្នុង​ពិធី​ពិសេស​ៗ​បែប​នេះ ជា​ពិសេស ជួយ​សម្រួល​ដល់​តម្លៃ​ជួល​ស្តង់​ដាក់​បង្ហាញ ព្រោះ​អី​អ្នក​ផលិត​ខ្មែរ​មួយ​ចំនួន​គ្មាន​ធនធាន​សម្រាប់​ផ្សព្វផ្សាយ​ផលិតផល​ខ្លួន​ទៅ​កាន់​ពលរដ្ឋ​ទេ ។ អីចឹង បើ​មានការ​សម្រួល​ខាង​តម្លៃ ខ្ញុំ​ជឿ​ថា នឹង​មាន​អ្នកចូលរួម​តាំង​បង្ហាញ​ច្រើន » ។

កញ្ញា ហួរ លី​ការ ម្ចាស់​ស្តង់​ដាក់​លក់ និង​បង្ហាញ​ពី​ផលិតផល​ប្រេងកូឡា​ផលិត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ឲ្យ​ដឹង​ដែរ​ថា ការ​ដាក់​តាំង​បង្ហាញ និង​លក់​ផលិតផល​នៅ​ក្នុង​ឱកាស​​បុណ្យអុំទូក មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ទេ ព្រោះ​គ្រាន់តែ​ជួល​ស្តង់​ដើម្បី​ដាក់​តាំង​ក្នុង​រយៈពេល​៣​ថ្ងៃ អស់​រាប់រយ​ដុល្លារ​ទៅ​ហើយ ហើយ​ក្រុមហ៊ុន​ក៏​មិន​អាច​លក់​ផលិតផល​ឲ្យ​ថ្លៃ​ជាង​តម្លៃ​ទីផ្សារ​ដែរ មាន​តែ​បញ្ចុះតម្លៃ និង​ថែម​ជូន ប៉ុន្តែ​អ្វី​ដែល​ក្រុម​ហ៊ុន​ទទួល​បាន​នោះ គឺ​ធ្វើ​ឲ្យ​ពលរដ្ឋ និង​អតិថិជន​ស្គាល់ និង​បាន​ប្រើប្រាស់​ផលិតផល​របស់​ខ្លួន ។

កញ្ញា​បន្ត​ថា ៖« រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យអុំទូក យើង​បាន​ចំណាយ​៥០០​ដុល្លារ​អា​មេ​រិ​ក​ទៅ​ហើយ​សម្រាប់​ជួល​ស្តង់​ដាក់​បង្ហាញ​ផលិតផល ហើយ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ យើង​ក៏​មិន​ទទួល​បាន​ផល​ចំណេញ​អ្វី​ពី​ការ​លក់​ផលិតផល​ដែរ ប៉ុន្តែ​យើង​ចង់​យក​ផលិតផល​ដែល​ផលិត​បាន​មក​បង្ហាញ​បងប្អូន​ខ្មែរ ដែល​ដើរ​កម្សាន្ត​ក្នុង​ពិធីបុណ្យ​អុំទូក » ។

កញ្ញា​ក៏​បាន​អំពាវនាវ និង​ស្នើ​សុំ​ឲ្យ​លើកលែង​ពិសេស​សម្រាប់​ផលិតផល​ដែល​ផលិត​ដោយ​សហគ្រាស​ខ្នាត​តូច និង​មធ្យម ដើម្បី​ឲ្យ​ពួក​គាត់​មាន​លទ្ធភាព​បង្ហាញ​ផលិតផល​ក្នុង​ពិធីបុណ្យ​ធំ​ៗ​ដែល​មាន​មនុស្ស​ម្នា​ច្រើន ។ កញ្ញា​ថា ៖« ឆ្នាំ​ក្រោយ ខ្ញុំ​សុំ​ឲ្យ​បន្ធូរបន្ថយ ឬ​រក​កន្លែង​តាំង​ផលិតផល​ខ្មែរ​មួយ​ត្រឹមត្រូវ និង​មាន​មនុស្ស​ម្នា​ច្រើន​បានឃើញ ដើម្បី​លើក​ស្ទួយ​ផលិតផល​ខ្មែរ » ។

គួរ​បញ្ជាក់​ថា ក្រសួងពាណិជ្ជកម្ម​កម្ពុជា ក៏​តែងតែ​រៀបចំ​ព្រឹត្តិការណ៍​ផ្សព្វផ្សាយ​ផលិត​ផល​ខ្មែរ​ទៅ​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​បាន​ស្គាល់ និង​ងាក​មក​ប្រើប្រាស់​ផលិតផល​ដែល​ផលិត​ក្នុងស្រុក ជំនួស​ឲ្យ​ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង ។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ដែល​អនុញ្ញាត​ឲ្យ​អ្នក​ផលិត និង​ម្ចាស់​សហគ្រាស​ក្នុងស្រុក​ទាំងអស់​យក​ផលិតផល​ខ្លួន​មក​បង្ហាញ​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​បាន​ស្គាល់ និង​សាកល្បង​ប្រើប្រាស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ