ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាត់​ទុក​«​ខ្សែក្រវាត់ មួយ​ផ្លូវ​មួយ​»​ជា​យុទ្ធសាស្ត្រ ពង្រីក​ពាណិជ្ជកម្ម និងវិនិយោគ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (Asia-Pacific Regional Conference) ឆ្នាំ​២០១៧ ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​-​អូស្ត្រាលី សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ឯ​ទីក្រុង​ភឺ​ត​ស៍…

រាជធានី​ភ្នំពេញ ៖ ថ្លែង​ក្នុង​ឱកាស​ចូលរួម​កិច្ចប្រជុំ​ថ្នាក់​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក (Asia-Pacific Regional Conference) ឆ្នាំ​២០១៧ ដែល​រៀបចំ​ឡើង​ដោយ​សភាពាណិជ្ជកម្ម​អា​ល្លឺ​ម៉​ង់​-​អូស្ត្រាលី សហការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី នៅ​ឯ​ទីក្រុង​ភឺ​ត​ស៍ ប្រទេស​អូស្ត្រាលី នៅ​ព្រឹក​ថ្ងៃ​ទី​៤ វិច្ឆិកា រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្ដិ បាន​លើក​ឡើង​ពីសារ​សំខាន់​នៃ​កិច្ច​ផ្ដួចផ្ដើម​ផ្លូវ និង​ខ្សែក្រវាត់ ឬ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ (Road and Belt Initiative or One Belt One Road) ជា​គំនិត​ផ្ដួចផ្ដើម​របស់​លោក ស៊ី ជី​ន​ពីង (Xi Jinping) ប្រធានាធិបតី​ចិន នៅ​ឆ្នាំ​២០១៣ ដែល​មាន​គោលបំណង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ពាណិជ្ជកម្ម ដើម្បី​ត​ភ្ជាប់​ទ្វីបអាស៊ី​ជាមួយ​អឺរ៉ុប និង​អាហ្វ្រិក តាម​ផ្លូវ​ពាណិជ្ជកម្ម​សូត្រ​ពី​ជំនាន់​មុន ។

លោក​រដ្ឋមន្ត្រី​បន្ដ​ថា គំនិត​ផ្ដួចផ្ដើម​នេះ មិន​ត្រឹមតែ​នាំ​មក​នូវ​ឧត្ដម​ប្រយោជន៍​ជូន​ប្រទេស​ពាក់ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នឹង​ក្លាយជា​យុទ្ធសាស្ត្រ​រយៈពេល​វែង​ក្នុង​ការ​ជំរុញ​កា​រត​ភ្ជាប់ និង​សហប្រតិបត្តិការ​លើ​គ្រប់​វិស័យ​រួម​មាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វិនិយោគ និង​ហិរញ្ញវត្ថុ ក៏​ដូច​ជា​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន ផង​ដែរ ។

លោក​បញ្ជាក់​ថា ៖« តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​នេះ​ដែរ កម្ពុជា​-​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ស្ដី​ពី​កិច្ច​ពង្រឹង​សហប្រតិបត្តិការ និង​វិនិយោគ​លើ​វិស័យ​ឧស្សាហកម្ម កាលពី​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៥ នៅ​ទីក្រុង​ប៉េ​កាំ​ង » ។

លោក​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​អំពី​កិច្ច​វិនិយោគ និង​ពាណិជ្ជកម្ម​មួយ​ចំនួន​ដែល​កម្ពុជា​ទទួល​បាន​តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​ផ្លូវ និង​ខ្សែក្រវាត់ ដូច​ខាងក្រោម ៖

១) ការ​វិនិយោគ​រួម​រវាង​ក្រុមហ៊ុន China Huanneng Group របស់​ចិន​ជាមួយ​ក្រុមហ៊ុន Royal Group របស់​កម្ពុជា ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​៤០០MW នៅ​ទន្លេសេសាន​ក្រោម ដែល​នឹង​ក្លាយជា​រោងចក្រ​វា​រី​អគ្គិសនី​ធំ​ជាងគេ​នៅ​កម្ពុជា ដោយ​មាន​ទុន​វិនិយោគ​ប្រមាណ​៩០០​លាន​ដុល្លារ​អា​មេ​រិ​ក ។

២) ការ​វិនិយោគ​ប្រមាណ​១,៤​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​សាងសង់​រោងចក្រ​វា​រី​អគ្គិសនី​ទំហំ​២៤៦MW នៅ​ស្ទឹង​តា​តៃ ដែល​នឹង​មាន​សមត្ថភាព​ចែកចាយ​អគ្គិសនី​ចំនួន​៣០%​នៃ​អគ្គិសនី​ត្រូវការ​សរុប ។

៣) វិនិយោគ​លើ​គម្រោង​ផ្លូវ​ចំនួន​១៦ ក្រោម​តម្លៃ​សរុប​១,៦​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក ។

៤) វិនិយោគ​លើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​នៅ​ទីក្រុង​សៀមរាប ដែល​មាន​តម្លៃ ៨៨០​លាន​ដុល្លារ​អា​មេ​រិ​ក ។

៥) ទទួល​ទិញ​អង្ករ​ប្រមាណ​៣០​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៨ ។

ក្រៅពី​ចូលរួម​កិច្ច​ពិភាក្សា​នេះ លោក​រដ្ឋមន្ត្រី ក៏​បាន​ជួប​ពិភាក្សា​ខ្លី​ជាមួយ​លោក ម៉ា​រី អាល់​​កា​ទី​រី (Mari Alkatiri) នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ទី​ម័​រ​ឡេ​ស្ដេ ដើម្បី​លក់​អង្ករ​កម្ពុជា​ទៅ​កាន់​ប្រទេស​ទី​ម័​រ ក៏​ដូច​ជា​បាន​ជួប​ជាមួយ​តំណាង​សមាគម​ធុរកិច្ច​អា​ល្លឺ​ម៉​ង់​ប្រចាំ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​អា​ល្លឺ​ម៉​ង់​ប្រចាំ​ទីក្រុង​សៀង​ហៃ និង​ប៉េ​កាំ​ង ដោយ​បាន​លើកទឹកចិត្ត​ឲ្យ​មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ដើម្បី​ឈ្វេងយល់​បន្ថែម​អំពី​កាលានុវត្តភាព​វិនិយោគ​របស់​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​នៅ​ក្នុង​វិស័យ​មួយ​ចំនួន​ដូច​ជា រ៉ែ ឧស្សាហកម្ម​កម្មន្ដសាល​ធុន​ស្រាល យានយន្ត និង​គ្រឿងផ្សំ កែ​ច្នៃ​ផលិតផល​កសិកម្ម និង​ជីវ​ឥន្ធនៈ ជាដើម​។

សមាជិក​សភា និង​ជា​អនុប្រធាន​គណៈកម្មការ​កិច្ចការបរទេស លោក សួ​ស យ៉ា​រ៉ា បាន​លើក​ឡើង​ក្នុង​សន្និសីទ​ស្ដី​ពី «​ការ​លើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និង​តំបន់​ក្រោម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ​» នា​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ថា គម្រោង​នេះ​បាន​ផ្ដល់​សារ​ប្រយោជន៍​ជា​ច្រើន​ដល់​កម្ពុជា ដោយ​ជំរុញ​ឲ្យ​មាន​សន្ទុះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ដែល​ទំហំ​ពាណិជ្ជកម្ម​ចិន និង​កម្ពុជា​កាលពី​ឆ្នាំ​២០១៦​មាន​ទំហំ​ដល់​៤.៨០០​លាន​ដុល្លារ​អា​មេ​រិ​ក ។ លើស​ពី​នេះ គិត​ត្រឹម​ឆ្នាំ​២០១៦ ការ​វិនិយោគ​របស់​ចិន​មក​កម្ពុជា មាន​ចំនួន​៥.១០០​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​ភាគច្រើន​វិនិយោគ​លើ​វិស័យ​សំណង់ វាយនភ័ណ្ឌ និង​អគ្គិសនី ។

លោក​បន្ត​ថា ៖« លើស​ពី​នេះ កម្ពុជា​ក៏​ទទួល​បាន​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ទាំង​ជំនួយ​ឥត​សំណង និង​កម្ចី​ពី​ប្រទេស​ចិន ដើម្បី​ស្ថាបនា​និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល និង​វិស័យ​អប់រំ​ផង​ដែរ » ។

យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​កម្ពុជា បាន​បញ្ជាក់​ថា ប្រទេស​ចិន​ជា​ដៃគូ​នាំ​ទំនិញ​ចូល​កម្ពុជា​លំដាប់​លេខ​១ ចាប់ពី​ឆ្នាំ​១៩៩៨​មក ហើយ​ប្រទេស​ចិន ក៏​ជាទី​ផ្សារ​នាំ​អង្ករ​ចេញ​ធំ​បំផុត​របស់​កម្ពុជា​ផង​ដែរ ។ កាលពី​ឆ្នាំ​២០១៦ ចិន​បាន​នាំ​ចូល​មក​កម្ពុជា ក្នុង​ទំហំ​ទឹកប្រាក់​៤.៥៥០​លាន​ដុល្លារ​អា​មេ​រិ​ក ប្រមាណ​ជា​៣៦,៩%​នៃ​ការ​នាំ​ចូល​សរុប ។ ចំណែកឯ​ទំហំ​ទឹកប្រាក់​ដែល​កម្ពុជា​នាំ​ចេញ​ទៅ​ចិន​វិញ​មាន​ចំនួន​ត្រឹមតែ​៦០៩​លាន​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ស្មើនឹង​៦%​នៃ​ការ​នាំ​ចេញ​សរុប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ