ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆ្នាំ​2020 កម្ពុជា​ត្រូវការ​ធនធាន​លើ​វិស័យ​ទេសចរណ៍​1​លាន​នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា នឹង​កើនឡើង​ដល់​៧​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ចិន…

រាជធានី​ភ្នំពេញ ៖ កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កាន់​ប្រទេស​កម្ពុជា កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។ ក្រសួងទេសចរណ៍​បាន​ព្យាករ​ថា នៅ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា នឹង​កើនឡើង​ដល់​៧​លាន​នាក់ ក្នុង​នោះ​ភ្ញៀវ​ចិន រំពឹង​ថា នឹង​មាន​កំណើន​លើស​ពី​២​លាន​នាក់ ។ កត្តា​ទាំងនេះ​ហើយ​ដែល​កម្ពុជា​ត្រូវការ​ធនធានមនុស្ស​លើ​វិស័យ​ទេសចរណ៍ ដើម្បី​ឱ្យ​សេវាកម្ម​ពាក់ព័ន្ធ​នឹង​ទេស​ចរណ៍​កាន់តែ​មាន​ភាពល្អ​ប្រសើរ និង​ទទួល​បានការ​គាំទ្រ​ពី​ភ្ញៀវ​ទេសចរ​អន្តរជាតិ​។

ថ្លែង​នៅ​ក្នុង​វេទិកា​ថ្នាក់​ជាតិ ស្តី​ពី​ការ​ពង្រឹង​ឧស្សាហកម្ម​ទេសចរណ៍​កម្ពុជា​សម្រាប់​ទីផ្សារ​​ចិន កាលពី​ព្រឹក​ថ្ងៃ​ទី​៣១ តុលា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ លោក ថោ​ង ខុន រដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍ បាន​មាន​ប្រសាសន៍​ថា ទេសចរណ៍​កម្ពុជា ត្រូវ​បាន​ចាត់ទុកជា​វិស័យ​អាទិភាព​មួយ ដើរតួ​នាទី​ជា​មាស​បៃតង រួមចំណែក​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម និង​ការ​ការពារ​បរិស្ថាន ពោល​គឺ​ចូលរួម​ដល់​ការ​កសាង​សេដ្ឋកិច្ច​បៃតង​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​គាំទ្រ​ការ​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។

លោក​ថា ៖« ឆ្នាំ​២០១៦ យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​៥% ជាមួយនឹង​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៥​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​៣.៤០០​លាន​ដុល្លារ​អា​មេ​រិ​ក​ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ រួមចំណែក​ប្រមាណ​១៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប និង​បង្កើត​ការងារ​ដោយ​ផ្ទាល់​ប្រមាណ​៦២​ម៉ឺន​នាក់ » ។

លោក​បន្ត​ថា រយៈពេល​៨​ខែ ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៥៣៦.៥៣០​នាក់ កើន​១១,៨% និង​រំពឹង​ថា នឹង​ទទួល​បាន​៥,៦​លាន​នាក់​នៅ​ដំណាច់​ឆ្នាំ​២០១៧ ហើយ​ឆ្នាំ​២០២០​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​អន្តរជាតិ​៧​លាន​នាក់ ដែល​អាច​នាំ​ចំណូល​សរុប​ប្រមាណ​៥​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ព្រមទាំង​បង្កើត​ការងារ​បាន​១​លាន​នាក់​។ លោក​ថា ៖« ស្រប​តាម​កំណើន​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ដល់​ប្រទេស​កម្ពុជា​កើន​ជា​បន្តបន្ទាប់​ដូចនេះ យើង​ត្រូវការ​ធនធានមនុស្ស​លើ​វិស័យ​នេះ​ប្រមាណ​១​លាន​នាក់​នៅ​ឆ្នាំ​២០២០ និង​ប្រមាណ​២​លាន​នាក់​នៅ​ឆ្នាំ​២០៣០ ដែល​ទាមទារ​ឲ្យ​ធនធាន​មនុស្ស​​លើ​វិស័យ​មួយ​នេះ​ត្រូវ​មាន​ជំនាញ និង​ចំណេះដឹង​ពាក់ព័ន្ធ ដើម្បី​បម្រើ​សេវាកម្ម​ផ្សេង​ៗ​ជូន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ទាំងនោះ » ។

លោក​បន្ថែម​ថា បច្ចុប្បន្ន​នេះ ចិន​គឺជា​ទីផ្សារ​ធំ​សម្រាប់​វិស័យ​ទេសចរណ៍​របស់​កម្ពុជា ហើយ​ថ្ងៃ​ខាង​មុខ ចិន​ក៏​នៅ​តែ​ជាទី​ផ្សារ​ធំ​ដដែល​។ ក្រៅពី​នេះ ទេសចរ​ចិន​ក៏​បាន​ទៅ​ទស្សនា​នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត ទាំង​នៅ​អាស៊ី និង​អឺរ៉ុប ហើយ​ពិភពលោក​កំណត់​យក​ចិន ជាទី​ផ្សារ​ទេសចរណ៍​សំខាន់​មួយ ។ លោក​និយាយ​ថា ៖« បច្ចុប្បន្ន ទីផ្សារ​​​លើ​វិស័យ​ទេសចរណ៍​សម្រាប់​កម្ពុជា ៧០%​ជា​ទេសចរ​មក​ពី​អាស៊ី​, ១៧%​មក​ពី​អឺរ៉ុប និង​ប្រមាណ​១០% ទេសចរ​របស់​អា​មេ​រិ​ក ក្នុង​នោះ​ចិន​ជាប់​ចំណាត់ថ្នាក់​លេខ​១ ។ ដូចនេះ សម្រាប់​អនាគត​អ្នកចេះ​ភាសា​ចិន ពិតជា​ល្អ​ណាស់​នៅ​ក្នុង​វិស័យ​ទេសចរណ៍ ហើយ​យើង​ក៏​គួរតែ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​សម្រាប់​ទីផ្សារ​ចិន​ផង​ដែរ » ។

លោក អ៊ូច សំបូរ នាយក​សាលា​បណ្ដុះបណ្ដាល​វិជ្ជា​វិ​ជ្ជៈ​ដុន​បូ​ស្កូ ខេត្ត​ព្រះ​សីហ​នុ ដែល​មាន​បណ្ដុះបណ្ដាល​លើ​ជំនាញ​វិស័យ​សណ្ឋាគារ និង​បដិសណ្ឋារកិច្ច​ផង​នោះ បានឱ្យ​ដឹង​ថា ក្នុង​១​ឆ្នាំ​ៗ សិស្ស​រៀន​ចប់​ពីសា​លា មិន​មាន​សិស្ស​ណា​ម្នាក់​អត់​ការងារ​ធ្វើ ឬ​ពិបាក​​ស្វែងរក​ការងារ​ទេ ។ លោក​ថា ៖« ធម្មតា សិស្ស​រៀន​នៅ​សាលា​នេះ​មាន​រយៈ​ពេល​​២​ឆ្នាំ ហើយ​នៅ​ពេល​សិស្ស​ជិត​ចប់ តែងតែមាន​ក្រុមហ៊ុន ឬ​ស្ថាប័ន​ផ្សេង​ៗ​មក​ទាក់​ទង​ទៅ​ធ្វើ​ការងារ​ភ្លាម ហើយ​ក៏​មាន​ក្រុមហ៊ុន និង​ស្ថាប័ន​មួយ​ចំនួន​មក​សុំ​ឲ្យ​សិស្ស​ចេញ​ទៅ​ហ្វឹកហាត់​មុន​បញ្ចប់​ការ​សិក្សា​ទៅ​ទៀត » ។

តាម​ការ​បញ្ជាក់​ពី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អនាគត​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា មិន​អាច​កាត់​ផ្ដាច់​ចេញពី​ការ​ស្រូប​ទាញ​កំណើន​យ៉ាង​គំហុក​នៃ​លំហូរ​ទេសចរ​ចេញ​ក្រៅ​របស់​ភ្ញៀវ​ទេសចរ​ចិន ក្នុង​បរិបទ​កំណើន​ទេសចរណ៍​ជា​រួម​របស់​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​សកលលោក ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទេសចរណ៍​កម្ពុជា បាន​ឲ្យ​ដឹង​ថា ទេសចរណ៍​ជា​ឧស្សាហ​កម្ម​គ្មាន​ផ្សែង និង​អាច​រក​ចំណូល​បាន​ច្រើន​ក្នុង​១​ឆ្នាំ​ៗ​ពី​វិស័យ​នេះ ។

ជាក់ស្ដែង ប្រទេស​រៀបចំ​បាន​ស្អាត​ល្អ ទាក់ទាញ​បាន​កំណើន​ទេសចរណ៍​ច្រើន ប្រទេស​នោះ​នឹង​ទទួល​បាន​ចំណូល​ច្រើន​ពី​វិស័យ​ទេសចរណ៍ ។

តាម​ការ​ព្យាករ​របស់​ធនាគារពិភពលោក ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា​មាន​​ភាពរឹងមាំ សេវាកម្ម​ទេសចរណ៍​មាន​កំណើន ប៉ុន្តែ​វិស័យ​ផ្សេង​ៗ​ហាក់​មាន​កំណើន​ថមថយ​បន្តិច ដូច​ជា វិស័យ​កាត់ដេរ​សម្លៀក​បំពាក់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ