ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ផលិតភាព​យន្ត​ខ្មែរ​ក្នុង​មួយ​រឿង​ជា​មធ្យម​5​ម៉ឺន​ដុល្លារ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ទទួល​បានការ​គាំទ្រ​ខ្លាំង ហើយ​ការ​ផលិត​ទៀត​សោត​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ ទាំង​ការ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ និង​តាម​រោង​ភាពយន្ត ។ ទំហំ​នៃ​ការ​ផលិតភាព​យន្ត​ខ្មែរ​មួយ​រឿង​គិត​ជា​មធ្យម​ប្រមាណ​៥​ម៉ឺន​ដុល្លារ ។…

រាជធានី​ភ្នំពេញ ៖ វិស័យ​ភាពយន្ត​នៅ​កម្ពុជា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គឺ​ទទួល​បានការ​គាំទ្រ​ខ្លាំង ហើយ​ការ​ផលិត​ទៀត​សោត​ក៏​មាន​ចំនួន​កើនឡើង​ផង​ដែរ ទាំង​ការ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ និង​តាម​រោង​ភាពយន្ត ។

ទំហំ​នៃ​ការ​ផលិតភាព​យន្ត​ខ្មែរ​មួយ​រឿង​គិត​ជា​មធ្យម​ប្រមាណ​៥​ម៉ឺន​ដុល្លារ ។ នេះ​បើ​យោង​តាម​លោក​ប៉ុក បូ​រក្ស ប្រធាន​ស្តីទី​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

លោក​ប៉ុក បូ​រក្ស បញ្ជាក់​ថា ​ចំនួន​ទឹកប្រាក់​សម្រាប់​ការ​ផលិត​គឺ​មិន​អាច​ទៀងទាត់​ឡើយ ពោល​វា​អាច​ប្រែប្រួល​ទៅ​តាម​ការ​ផលិត​ជាក់ស្តែង ព្រោះ​ការ​ផលិតភាព​យន្ត​ខ្លះ​ការ​ចំណាយ​ក៏​អាច​ទាប​ជាង​នេះ ឬ​ច្រើន​ជាង​៥ ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​ក៏​មាន​ដែរ ។ ការ​ចំណាយ​ក្នុង​ការ​ផលិតភាព​យន្ត គឺ​ប្រែប្រួល​ទៅ​តាម​ការ​ចង់បាន​របស់​ផលិតករ​ផ្ទាល់ ដែល​ចង់​ឲ្យ​សាច់​រឿង​របស់​ខ្លួន​មានគុណ​ភាព ។ ប៉ុន្តែ​ជា​ទូទៅ​បើ​គិត​ជា​មធ្យម គឺ​ការ​ចំណាយ​ប្រហាក់ប្រហែល​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​ការ​ផលិតភាព​យន្ត​មួយ​រឿង​សម្រាប់​រឿង​ដុំ ឬ​ក៏​រឿង​ភាគ ។ ជាក់ស្តែង​នៅ​ឆ្នាំ​២០១៧​នេះ មាន​ខ្សែភាពយន្ត​ខ្មែរ​មួយ​រឿង គឺ​រឿង «​ហ្លួង​ព្រះស្តេច​កន​» បាន​ចំណាយ​ការ​វិនិយោគ​ច្រើន ។

លោក​ប៉ុក បូ​រក្ស ឲ្យ​ដឹង​ថា គិត​ត្រឹម​៩​ខែ​នៅ​ឆ្នាំ​២០១៧​នេះ មាន​ខ្សែភាពយន្ត​ខ្មែរ​ចំនួន​១៨​រឿង​ត្រូវ​ក្រសួង​ផ្តល់​ទិដ្ឋាការ​ឱ្យ​ផ្សព្វផ្សាយ ខណៈ​ពេល​ដែល​៣២​រឿង​ទៀត​កំពុង​តែ​បញ្ជូន​មក​ក្រសួង​ដើម្បី​សុំ​សិទ្ធិ​ក្នុង​ការ​ផលិត​។

បើ​តាម​លោក​ប៉ុក បូ​រក្ស ទំហំ​នៃ​ការ​វិនិយោគ និង​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ បើ​ទោះបី​មាន​សន្ទុះ​កើនឡើង​ក៏​ពិតមែន តែ​នៅ​មាន​ចំណែក​តូច​នៅ​ក្នុង​ទីផ្សារ​ក្នុងស្រុក ក្នុង​ពេល​ដែល​ការ​នាំ​ចូល​ខ្សែភាពយន្ត​បរទេស​នៅ​តែ​មានការ​កើនឡើង​ខ្លាំង ។

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការ​រិះគន់​របស់​បណ្តា​ផលិតករ​ខ្មែរ​មួយ​ចំនួន​ទៅ​លើ​ការ​ចេញ​ច្បាប់​យកពន្ធ​ពី​ការ​ផលិត​ខ្សែភាពយន្ត​ខ្មែរ​នោះ លោក​ប៉ុក បូ​រក្ស អះអាង​ថា​អ្វី​ដែល​នាំ​ឲ្យ​កើត​មានការ​រិះគន់​នេះ​ឡើង គឺ​ភាគច្រើន​ចេញពី​ផលិតករ​ដែល​មិន​បាន​ចូលរួម​សិក្ខា​សាលា​​ដែល​ក្រសួង​បាន​ធ្វើ​ឡើង​នា​ពេល​កន្លង​មក ។ វិធានការ​៥​ចំណុច​ដែល​យើង​បាន​ដាក់​ជូន​នៅ​សិក្ខាសាលា​នា​ពេល​នោះ​គឺ​ដើម្បី​លើក​ស្ទួយ​ដល់​វិស័យ​ភាពយន្ត​ខ្មែរ​ប៉ុណ្ណោះ ។

លោក​ប៉ុក បូ​រក្ស ថ្លែង​ថា​៖ «​ជាក់ស្តែង​ការ​យកពន្ធ​ពី​ការ​លក់​សំបុត្រ​ក្នុង​ការ​ដាក់​បញ្ចាំង​តាម​រោង​ភាពយន្ត​នោះ ជា​ទូទៅ​គឺ​ផលិតករ​ត្រូវ​កាត់​ពន្ធ​១០% ទៅ​លើ Vat លើ​តម្លៃ​សំបុត្រ​៣​ដុល្លារ ប៉ុន្តែ​ក្នុង​អង្គ​សិក្ខាសាលា​យើង​បាន​សម្រេច​ឲ្យ​ពួក​គាត់​លក់​សំបុត្រ ៣,៣​ដុល្លារ​វិញ ហើយ​៣​កាក់​នេះ​សម្រាប់​បង់ពន្ធ​ចូល​រដ្ឋ ។ ការ​បង់ពន្ធ​រដ្ឋ​ក្នុង​ចំនួន​នេះ​មិនមែន​ជា​បន្ទុក​របស់​ផលិតករ​នោះ​ឡើយ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​វា​ជា​បន្ទុក​របស់​អ្នក​មើល ចំណែក​ចំណូល​សម្រាប់​ផលិតករ​គឺ​នៅ​រក្សា​ដដែល​មិន​មានការ​កាត់​ឡើយ​»​។

កាលពី​ថ្ងៃ​២៥ ខែតុលា សិក្ខាសាលា​មួយ​រៀបចំ​ឡើង​ដោយ​នាយកដ្ឋាន​ភាពយន្ត ដែល​មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ជំទាវ​រដ្ឋមន្ត្រី ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ថ្នាក់ដឹក​នាំ​ក្រសួង​ព័ត៌មាន និង​តំណាង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ស្ដី​ពី​វិបត្តិ​ព​ន្ឋ​ដារ​ក្នុង​វិស័យ​ភាពយន្ត ។ ក្រោយ​បូក​សរុប​អង្គ​សិក្ខាសាលា​ថ្នាក់ដឹកនាំ​តំណាង​ឱ្យ​ក្រសួង​ទាំង​ពីរ​ក៏​បាន​​ឯកភាព​តាម​ការ​ស្នើ​សុំ​របស់​ប្រធាន​សមាគម​ភាពយន្ត លោក​ឆាយ ប៉ូ​រា ដែល​បាន​ដាក់​សំណើ​៥​ចំណុច​ជូន​តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ស្នើ​សុំ​រដ្ឋាភិបាល «​មេត្តា​ពិនិត្យ និង​អនុគ្រោះ​ពន្ធ​ចំនួន​១០​ឆ្នាំ​លើ​វិស័យ​ភាពយន្ត​» ដោយ​យោង​លើ​កម្មវត្ថុ​៖ បន្ថយ​បន្ទុក​ពន្ធ ទុក​ឱកាស​ឱ្យ​ផលិតករ​ភាពយន្ត​កាត់​បន្ថយ​លើ​ការ​ចំណាយ មាន​ភាព​ងាយស្រួល​ដើម្បី​បង្កើន​ផលិត​ស្នាដៃ​ភាពយន្ត​ឲ្យ​មានគុណ​ភាព ស្រប​តាម​ការ​ជំរុញ​ការ​អនុវត្ត​វិធានការ​៥​ចំណុច​របស់​រដ្ឋាភិបាល ដើម្បី​លើក​ស្ទួយ​វិស័យ​សិល្បៈ​និង​ភាពយន្ត​ខ្មែរ​។ តំណាង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ក្រសួង​សេដ្ឋកិច្ច ហិរញ្ញវត្ថុ បាន​ឯកភាព​លើ​សំណើ​ទាំ​៥​ចំណុច​នេះ ស្នើ​ទៅ​រដ្ឋាភិបាល​ហើយ​។ ក្រោយ​សិក្ខាសាលា​នេះ​ចប់ ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​បាន​សំណូមពរ​ដល់​ផលិតករ ចាងហ្វាង​ផលិតកម្ម​ទាំងអស់ «​មេត្តា​រក្សា​ភាព​ស្ងប់ស្ងាត់ ក្រសួង​វប្បធម៌​បាន​ទទួល​សំណើ ហើយ​ក្រសួង​នឹង​ធ្វើ​ការងារ​ក្នុង​នាម​ជា​ស្ថាប័ន​អាណាព្យាបាល ដើម្បី​លើក​ស្ទួយ​វិស័យ​នេះ​» ។

លោក​ប៉ុក បូ​រក្ស អះអាង​ថា​ក្រសួង​មាន​ផែនការ​ក្នុង​ការ​យកពន្ធ​នៃ​ការ​ចាក់​បញ្ចាំង​ភាព​យន្ត​បរទេស​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ដើមឆ្នាំ​ក្រោយ​ផង​ដែរ ។ លោក​បញ្ជាក់​ថា​៖ «ដោយ​​ឡែក​បញ្ហា​មួយទៀត​ពាក់ព័ន្ធ​ទៅ​នឹង​ការ​នាំ​ចូល​ភាពយន្ត​បរទេស ជា​ពិសេស​ភាព​យន្ត​ភាគ​ដែល​ដាក់​បញ្ចាំង​តាម​កញ្ចក់​ទូរទស្សន៍ គឺ​យើង​នឹង​ចាប់​អនុវត្ត​ការ​យកពន្ធ​គិត​ចាប់ពី​ដើមឆ្នាំ​២០១៨​នេះ​តទៅ​»​។

ក្រសួង​វប្បធម៌​ក៏​បាន និង​កំពុង​បង្កើត​នូវ​មូល​ធិ​និ​ទ្រទ្រង់​ដល់​វិស័យ​សិល្បៈ​ដែល​ប្រឈម ហើយ​ក្រសួង​បាន​ប្រមែប្រមូល​នូវ​ធនធាន ដើម្បី​ឲ្យ​មូលនិធិ​នេះ​ដំណើរការ​បាន​សម្រាប់​ជួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ ។ វិស័យ​សិល្បៈ​ដែល​មានការ​ប្រឈម​នោះ​បច្ចុប្បន្ន​មាន ល្ខោនខោល របាំ អា​យ៉ៃ ។​ល​។ ក្នុង​នោះ​ក៏​មាន​វិស័យ​ភាពយន្ត​នេះ​ផង​ដែរ ។

ចំពោះ​បញ្ហា​ទីតាំង​ដែល​ផលិតករ​មួយ​ចំនួន​តែងតែ​ត្អូញត្អែរ​ពី​ការ​លំបាក​សុំ​ការ​ថត​នោះ ក្រសួង​បាន​បង្កើត​ជា​គណៈកម្មការ​អន្តរក្រសួង​មួយ​រៀបចំ​ឯកសារ​បញ្ជូន​ទៅ​កាន់​គណៈ​រដ្ឋមន្ត្រី​រួច​ហើយ ដើម្បី​សម្រួល​ឲ្យ​ចេញ​លិខិតអនុញ្ញាត​ដល់​ផលិតករ​សុំ​ទីតាំង​ថត​ដែល​ទទួលស្គាល់​ពី​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ។ រដ្ឋាភិបាល​ក៏​បាន​អនុគ្រោះ​ក្នុង​ការ​ព្យួរ​ទុក​ពន្ធ​អាករ​ជា​បន្ទុក​របស់​រដ្ឋ​លើ​ការ​នាំ​ចូល​សម្ភារ ដើម្បី​បម្រើ​ការ​ផលិត​របស់​ផលិតករ​ក្នុង​ស្រុក​​ផង​ដែរ ។ មាន​ន័យ​ថា ប្រសិនបើ​ផលិតកម្ម​ណាមួយ​មាន​ភាព​ស្របច្បាប់ ហើយ​មាន​បំណង​ទិញ​សម្ភារ​ក្នុង​ការ​ផលិត​នោះ គឺ​រដ្ឋាភិបាល​មិន​យកពន្ធ​នាំ​ចូល​ឡើយ តែ​ផ្ទុយ​ទៅ​វិញ​គឺ​រដ្ឋាភិបាល​ជា​អ្នក​បង់ពន្ធ​ជំនួស ។

លោក​ប៉ុក បូ​រក្ស បញ្ជាក់​បន្ថែម​ថា អ្វី​ដែល​ក្រសួង​ខិតខំ​ជំរុញ និង​លើក​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ក្នុងស្រុក​ទៀត​នោះ គឺ​លោក​ជំទាវ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌​បាន​សម្រេច​ដោយ​តម្រូវ​​ឲ្យ​ការ​ថត​ស្ប៉ត​ពាណិជ​កម្ម ផ្សេង​ៗ គឺ​ត្រូវ​ប្រើប្រាស់​តួ​សម្តែង និង​ប្រើប្រាស់​ទីតាំង​នៅ​​ក្នុងស្រុក​ឲ្យ​បាន​ច្រើន​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ