ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថប្រយោជន៍​នៃ​ស្លាក​លេខ​មាន QR Code សម្រាប់​រថយន្ដ និង​ម៉ូតូ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ​ដែល​មាន QR Code ពិតជា​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ម្ចាស់​យានយន្ដ និង​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ផ្ទៀងផ្ទាត់​នៅ​ពេល​មាន​បញ្ហា ។ លោក…

រាជធានី​ភ្នំពេញ ៖ ការ​បំពាក់​ស្លាក​លេខ​រថយន្ដ និង​ម៉ូតូ​ដែល​មាន QR Code ពិតជា​បាន​ផ្ដល់​អត្ថប្រយោជន៍​ដល់​ម្ចាស់​យានយន្ដ និង​ងាយស្រួល​ដល់​សមត្ថកិច្ច​ក្នុង​ការ​ផ្ទៀងផ្ទាត់​នៅ​ពេល​មាន​បញ្ហា ។

លោក ហ៊ា​ង សុ​ន្ធា​យុ​ត្តិ ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​​សាធារណការ និង​ដឹក​ជញ្ជូន បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​១ វិច្ឆិកា ថា បន្ទាប់​ពី​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ប្រើ QR Code នៅ​ខែកក្កដា​ឆ្នាំ​នេះ​មក មាន​រថយន្ត និង​ម៉ូតូ​សរុប​ប្រមាណ​១០​ម៉ឺន​គ្រឿង​បាន​ប្រើប្រាស់​។

លោក​បន្ដ​ថា ស្លាក​លេខ​ដែល​មាន QR Code នេះ អាច​ឱ្យ​ម្ចាស់​យានយន្ត​ផ្ទៀងផ្ទាត់​ភាព​ត្រឹម​ត្រូវជា​ម្ចាស់​កម្មសិទ្ធិ និង​ជៀស​ផុត​ពី​ការ​ក្លែងបន្លំ​បាន ។

លោក​បន្ត​ថា ៖« ការ​ប្រើប្រាស់​បច្ចេកវិទ្យា​QR Code នៅ​លើ​ស្លាក​លេខ​យានយន្ត​នេះ ផ្តល់​ផលប្រយោជន៍​ទៅ​ដល់​អ្នក​ប្រើប្រាស់​រថយន្ត និង​ម៉ូតូ​អាច​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ​ទៅ​លើ​រថយន្ត និង​ម៉ូតូ កាត់​បន្ថយ​ការ​ភ័យ​ព្រួយ​របស់​ប្រជាពលរដ្ឋ​ពី​ការ​លួច​ស្លាក​លេខ និង​ផ្តល់​ភាព​ងាយស្រួល​ដល់​មន្ត្រី​ប៉ូលិស​ក្នុង​ការ​ផ្ទៀងផ្ទាត់​ពេល​មាន​បញ្ហា​អ្វីមួយ​កើត​ឡើង ។ តួយ៉ាង ស្លាក​លេខ​ម៉ូតូ​ហុងដា​ឌ្រី​ម គេ​លួច​ទៅ​ដាក់ (​ប្រើ​) នៅ​ម៉ូតូ​ស្កូ​ប​ពី ពេល​គេ​ស្គេ​ន QR Code ឃើញ​ព័ត៌មាន​បង្ហាញ​ថា ជា​ម៉ូតូ​ហុងដា​ឌ្រី​ម អីចឹង ប៉ូលិស​ចាប់​បាន ។ ជាង​នេះ​ទៀត នឹង​ជួយ​ឱ្យ​សមត្ថកិច្ច​ងាយស្រួល​ផ្ទៀងផ្ទាត់ ព្រោះ​អ្នកខ្លះ​មាន​ម៉ូតូ​ថ្លៃ នាំ​មក​គេចពន្ធ អត់​ស្លាក​លេខ បែរ​ទៅ​យក​ស្លាក​លេខ​ម៉ូតូ​ទើបតែ​ចុះបញ្ជី ដែល​មាន​ម៉ាក​ខុស​គ្នា​មក​ប្រើប្រាស់​ជាដើម » ។

លោក​បញ្ជាក់​ថា ស្លាក​លេខ​រថយន្ត និង​ម៉ូតូ​ដែល​មាន QR Code ជាង​១០​ម៉ឺន​គ្រឿង ក្នុង​នោះ រថយន្ត​មាន​ប្រមាណ​៣,៥​ម៉ឺន​គ្រឿង និង​ម៉ូតូ​មាន​ប្រហែល​៧​ម៉ឺន​គ្រឿង ។ ស្លាក​លេខ​ប្រើ QR Code នេះ​ចែក​ជា​២​ប្រភេទ​គឺ QR Code ប្រើ​នៅ​លើ​ប័ណ្ណ​សម្គាល់ និង QR Code ប្រើ​លើ​ស្លាក​លេខ​រថយន្ត និង​ម៉ូតូ អាច​បញ្ជាក់​ភាព​ត្រឹមត្រូវ​ស្របច្បាប់​បាន​សម្រាប់​អ្នក​ប្រើប្រាស់ ។

និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក ហុ​ន វិចិត្រ បានឱ្យ​ដឹង​ថា ៖«​នៅ​ពេល​ប្រើប្រាស់​ម៉ូតូ​មាន​ស្លាក​លេខ QR Code នេះ​មាន​អារម្មណ៍​ថា មាន​សុវត្ថិភាព​ជាង អ្នក​ប្រើប្រាស់​ស្លាក​លេខ​ស៊េរី​ចាស់ ប្រសិនបើ​មាន​បញ្ហា​អ្វីមួយ​វា​ពិបាក​ដោះស្រាយ ព្រោះ​មិនដឹង​ថា ស្លាក​លេខ​នេះ​ទិញ ឬ​យក​មកពីណា​មិនដឹង​។ ប៉ុន្តែ​សម្រាប់​ម៉ូតូ​មាន​ស្លាក​លេខ QR Code ពេល​មាន​បញ្ហា​អ្វីមួយ​អាច​ស្គេ​ន QR Code ដើម្បី​បញ្ជាក់​ភាព​ត្រឹម​ត្រូវជា​ម្ចាស់​កម្មសិទ្ធិ​បាន » ។

និស្សិត​រូប​នេះ​លើក​ឡើង​ថា ស្រប​ពេល​បច្ចេកវិទ្យា​កាន់តែ​រីក​ចម្រើន ហើយ​អ្នក​ប្រើ​ប្រាស់​ម៉ូតូ​កាន់តែ​ច្រើន ការ​ដាក់​ឱ្យ​មាន​ស្លាក​លេខ​ម៉ូតូ ឬ​យានយន្ត​មាន QR Code ផ្តល់​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់ ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ។

ប្រធាន​នាយកដ្ឋាន​ព័ត៌មាន និង​ទំនាក់ទំនង​សាធារណៈ​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មាន​ប្រសាសន៍​ថា អ្នក​ប្រើប្រាស់​មាន​មោទនភាព​ក្នុង​ការ​ប្រើប្រាស់​ស្លាក​លេខ​នេះ ដែល​មាន​គេ​ទទួលស្គាល់​ថា ជា​របស់​ពិតប្រាកដ ខុស​ពី​ពេល​មុន មាន​ស្លាក​លេខ​ហើយ នៅ​តែ​មិនដឹង​ថា​ពិត ឬ​មិន​ពិត ។ ស្លាក​លេខ​ទម្រង់ QR Code ថ្មី​នេះ បង្កើន​ការ​ទុកចិត្ត​ឱ្យ​អ្នក​ប្រើប្រាស់ ជួយ​ឱ្យ​ប៉ូលិស​ងាយស្រួល​ផ្ទៀងផ្ទាត់ មិន​ចាំបាច់​រក​ឯកសារ​វែង​ឆ្ងាយ ស្គេ​ន​តែ QR Code ដឹង​បាន​ភ្លាម តាម​រយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​ស្គេ​ន QR Code លើ​ស្លាក​លេខ ឬ​ប័ណ្ណ​ដើម្បី​ទទួល​បាន Link ទៅ​កាន់​ទំព័រ​ផ្ទៀងផ្ទាត់​នៅ​លើ​គេហទំព័រ​ក្រសួង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ