ខេត្តរតនគិរី ៖ ត្រាក់ទ័រសណ្តោងរ៉ឺម៉កមួយគ្រឿងដឹកសម្ភារសំណង់ និងកម្មករចំការចំនួន១១នាក់ ត្រូវក្រឡាប់ពេលបើកបរចុះចំណោតបណ្តាលឱ្យសង្កត់លើអ្នករួមដំណើរម្នាក់ស្លាប់ភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចផ្លូវចុះចំណោតអូរត្រាវ ស្ថិតក្នុងភូមិភ្នំ សង្កាត់យក្សលោម ក្រុងបានលុង វេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ មីនា ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ត្រាក់ទ័រសណ្តោងរ៉ឺម៉កនោះ មានមនុស្សជិះ១១នាក់ អង្គុយពីលើសម្ភារសំណង់ មានស៊ីម៉ង់ត៍ ឥដ្ឋ និងខ្សាច់ ដែលបើកបរធ្វើដំណើរពីក្រុងបានលុង ឆ្ពោះទៅភូមិតាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ តាមបណ្តោយផ្លូវជាតិលេខ៧៨A ក្នុងទិសដៅពីលិចទៅកើត ដែលបើកបរដោយឈ្មោះផៃ ភេទប្រុស អាយុ៣៧ឆ្នាំ ស្រុកកំណើតខេត្តកំពង់ចាម ហើយបានរត់គេចខ្លួនក្រោយពេលកើតហេតុ ។
ប្រភពពីកន្លែងហេតុការណ៍បានឱ្យដឹងថា ត្រាក់ទ័រសណ្តោងរ៉ឺម៉កនោះមកដល់ផ្លូវចុះចំណោតមានល្បឿនលឿនទំនងជាន់ហ្វ្រាំងមិនជាប់ ស្រាប់តែកន្ទុយរ៉ឺម៉កដែលផ្ទុកធ្ងន់បានរុញបុកតួរថយន្តខាងមុខ បណ្តាលឱ្យរេចង្កូតធ្លាក់ស្នាមភ្លោះខាងឆ្វេងជាចំណុចផ្លូវកោង ហើយមនុស្សដែលជិះលើនោះនាំគ្នាលោតប្រសាចចុះមកដី តែជាអកុសលមនុស្សម្នាក់លោតទៅខាងឆ្វេងចូលស្នាមភ្លោះ ត្រូវក្បាលរបស់ត្រាក់ទ័របុកដើមទ្រូងផ្ទប់ប្រឡាយ បណ្តាលឱ្យស្លាប់នៅនឹងកន្លែង ក្រៅពីនោះពុំមានរងគ្រោះថ្នាក់អ្វីទេ ។
ប្រភពពីប៉ូលិសក្រុងបានលុងបានឱ្យដឹងថា អ្នករងគ្រោះស្លាប់ឈ្មោះលាប អាយុប្រហែល៣៥ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មកស្នាក់នៅធ្វើចំការនៅភូមិតាម៉ែនតូច ឃុំសាមគ្គី ស្រុកអូរជុំ ។ បន្ទាប់ពីកើតហេតុ ប៉ូលិសក្រុងបានលុងបាននាំយករថយន្តស្ទូចអូសយកត្រាក់ទ័រសណ្តោងរ៉ឺម៉ក ដែលក្រឡាប់នោះមករក្សាទុកនៅអធិការដ្ឋានក្រុង និងដឹកសាកសពទៅតម្កល់ទុកនៅវត្តភូមិថ្មី (រស្មីសាមគ្គី) រង់ចាំសាច់ញាតិមកទទួល។ ទាក់ទិននឹងហេតុការណ៍នេះពុំមានការបំភ្លឺណាមួយដល់ប៉ូលិសអំពីអត្តសញ្ញាណរបស់ម្ចាស់ត្រាក់ទ័រនោះទេ ៕


ចែករំលែកព័តមាននេះ