ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​តា​និវត្តជន​កំសត់ សុំលាត​ត្រដាង​ពី​ទុក្ខ​លំបាក និង​សួរ​រក​ប្រាក់​ឧបត្ថម្ភ២០%

13 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​​១​ច្បាប់​ពី​​និវត្ត​ជន​មួយ​រូប​ដែល​គាត់​បាន​ដាក់​ចំណង​ជើង​ថា «និវត្ត​​ជន​មាន​ចម្ងល់» ។ ​​ដោយ​មិន​ធ្វើ​ការ​បរិយាយ​​​បន្ថែម ​យើង​​ខ្ញុំ​សូម​​ចំលង​តាម​ច្បាប់ដើម​ទាំង​ស្រុង​​​នៃ​លិខិត​នេះ ​ដើម្បី​ឱ្យ​ស្ថាប័ន​ជំនាញ​​​ពាក់​ព័ន្ធ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់ និង​កែ​លំអ​​រាល់​អ្វី​ដែល​​ត្រូវ​បាន​លាត​ត្រដាង​ខាង​ក្រោម​នេះ ៖ និវត្ត​​ជន​មាន​ចម្ងល់ ៖ និវត្ត​ជន​កំសត់​ម្នាក់សំណូម​ពរ ៖

រាជធានីភ្នំពេញ ៖ កោះ​សន្តិ​ភាព​បាន​ទទួល​លិខិត​​១​ច្បាប់​ពី​​និវត្ត​ជន​មួយ​រូប​ដែល​គាត់​បាន​ដាក់​ចំណង​ជើង​ថា «និវត្ត​​ជន​មាន​ចម្ងល់» ។ ​​ដោយ​មិន​ធ្វើ​ការ​បរិយាយ​​​បន្ថែម ​យើង​​ខ្ញុំ​សូម​​ចំលង​តាម​ច្បាប់ដើម​ទាំង​ស្រុង​​​នៃ​លិខិត​នេះ ​ដើម្បី​ឱ្យ​ស្ថាប័ន​ជំនាញ​​​ពាក់​ព័ន្ធ​បង្កើន​ស្មារតី​យក​ចិត្ត​ទុក​ដាក់ និង​កែ​លំអ​​រាល់​អ្វី​ដែល​​ត្រូវ​បាន​លាត​ត្រដាង​ខាង​ក្រោម​នេះ ៖

  • ​និវត្ត​​ជន​មាន​ចម្ងល់

​កាល​​ណា​គេ​ឮ​ពាក្យ «និវត្ត​ជន» ឬ​អ្នក​ខ្លះ​ប្រើ​ពាក្យ​កំចី​ថា «អ្នក​រ៉ឺត្រែត» គេ​ពិត​ជា​យល់​​យ៉ាង​ច្បាស់​​ថា គឺ មនុស្ស​ដែល​មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង ដែល​គេ​ហៅ​ថា «មនុស្ស​ចាស់» បើ​ធ្វើ​ដំណើរ​ទៅ​ទី​ណា​គេ​ហៅ​ថា «តាៗ ឬ​
យាយៗ» ។ និវត្ត​ជន​ ឬ​អ្នក​រ៉ឺត្រែត​ទាំង​អស់​សុទ្ធ​តែ​​ជា​អ្នក​ធ្លាប់​​បាន​បំរើ​​ការ​ងារ​​​ជួយ​ស្តារ​ប្រទេស​ជាតិ​តាំង​ពី​ឆ្នាំ​១៩៧៩​ មក ។ ក្នុង​នោះ​មាន​អ្នក​ខ្លះ​សកម្ម​ការ​ងារ​អាច​​ចាត់​ជា​គំរូ ដោយ​ទទួល​បាន​ប័ណ្ណ​សរសើរ​រៀង​រាល់​ឆ្នាំ​ស្ទើរ​រក​ជញ្ជាំង​ព្យួរ​​មិន​បាន ។ កំពុង​តែ​មោទនៈ​ក្នុង​​ស្នាដៃ​​ដែល​ទទួល​បាន​ជា​ជន​គំរូ​ឈាន​មុខ ស្រាប់​តែ​មាន​ប្រកាស​ចេញ​មក​ថា ត្រូវ​ចូល​និវត្តន៍​ ពេល​នោះ​ទើប​ដឹង​​កំសត់​​ខ្លួន​មែន​ទែន ។

កំសត់​ទី​១ ​គឺ ប្រាក់​​ធ្លាប់​​បើក​រាល់​ខែ​បាន​ឆាប់​ហើយ​ច្រើន​​ ដល់​ចូល​និវត្តន៍​ប្រាក់​ខែ​នៅ​សល់​តិច ព្រោះ​ប្រាក់​បំណាច់​ផ្សេងៗ​រដ្ឋកាត់​យក​វិញ​អស់ ​ហើយ​បើក​មិន​ទៀង​ពេល​ទៀត ។ ប្រាក់​ខែ​កាល​នៅ​ធ្វើ​ការ​​ចាយ​​គ្រប់​​រៀង​រាល់​ខែ ឥឡូវ​ចាយ​បាន​១០​ថ្ងៃ​ទាល់​តែ​​សំចៃ​ខ្លាំង ។​

កំសត់​ទី​២ គឺ ​​វ័យ​កាន់​តែ​ចាស់ ក្រពះ​កាន់​តែ​ឃ្លាន ប្រាក់​កាន់​តែ​អត់ ឃើញ​គេ​អង្គុយ​តៀម​កាហ្វេ​ នឹក​ឃើញ​កាល​នៅ​ធ្វើ​ការ​ចង់​ចូល​តៀម​ណា​ក៏​បាន ចង់​ហូប​អី​ក៏​អត់​បញ្ហា ឥឡូវ​បាន​ត្រឹម​ឃើញ​ ហើយ​ឃ្លាន​តែ​ប៉ុណ្ណោះ ។ មែន! ​អ្នក​អត់​លុយ ម៉េច​ក៏​ឃ្លាន​ម៉្លេះ?

កំសត់​ទី​៣ គឺ​ អាយុ​កាន់​តែ​ច្រើន ជរា​កាន់​​​តែ​ជិត ជំងឺ​រួម​រឹត​ជីវិត​កាន់​​តែ​ខើច កំលាំង​កាន់​តែ​ខ្សោយ ធ្វើ​អ្វី​ក៏​មិន​បាន​ដូច​ចិត្ត សូម្បី​ដើរ​​​ចិត្ត​ចង់​លឿន តែ​លើក​ជើង​មិន​រួច។

ខ្ញុំ​​និយាយ​នេះ​សំរាប់​​តែ​និវត្ត​​ជន​ដែល​កំសត់​ភាគ​ច្រើន​ប៉ុណ្ណោះ ។ បើ​ចង់​ដឹង​ការ​ពិត សូម​អញ្ជើញ​ទៅ​មើល​នៅ​មន្ទីរ​សង្គម​កិច្ច​រាជ​ធានី ក្នុង​ថ្ងៃ​បើក​ប្រាក់​​ខែ​ចុះ នឹង​ឃើញ​តាៗ យាយៗ​ទាំង​នោះ​តស៊ូ​ប្រជៀត​គ្នា​យ៉ាង​ណា? សុខ​ភាព​​គាត់​យ៉ាង​ណា​ហើយ…។ ​នៅ​បណ្តា​ប្រទេស​​ជឿន​លឿ​ន ខ្ញុំ​ឮ​មិត្ត​ភក្តិ​គេ​និយាយ​ប្រាប់​​ថា អ្នក​ធ្វើ​ការ​គេ​បន់​ឱ្យ​តែ​ដល់​អាយុ​ចូល​និវត្តន៍​​ឆាប់ៗ​នឹង​បាន​ដេក​ចាយ​​​ប្រាក់​ឧបត្ថម្ភ​​ដែល​រដ្ឋ​គេ​ផ្តល់​ឱ្យ ។ ចំណែក​ប្រទេស​យើង​ដែល​ជា​ប្រទេស​ក្រីក្រ​ យើង​ខ្ញុំ​មិន​ទាម​ទារ​ដូច​គេ​ទេ គឺ​សុំ​ត្រឹម​បើក​ឱ្យ​បាន​ឆាប់ បើ​មិន​បាន​មុន ក៏​សុំ​ស្មើ​នឹង​អ្នក​ធ្វើ​​ការ​ទៅ​ចុះ ព្រោះ​ប្រាក់​ដែល​បើក គឺ​ចេញ​ពី​ថវិកា​រដ្ឋ​ដូច​គ្នា​​ទេ​តើ?

មាន​បញ្ហា​មួយ​ទៀត​ដែល​តាៗ​ និង​​យាយៗ ​ជា​និវត្ត​ជន​កើត​ជំងឺ​ងឿង​ឆ្ងល់​មិន​ឈប់​នោះ គឺ​ប្រាក់​ឧបត្ថម្ភ​របស់​រាជ​រដ្ឋា​ភិបាល​ចំនួន​២០%ថា ហេតុ​អ្វី​មិន​បញ្ចូល​ក្នុង​ប្រាក់​ប្រចាំ​ខែ​ឱ្យ​ហើយ? ឬ​មួយ​វា​ខុស​នឹង​គណ​នេយ្យ​ភាព?…ក្រែង​ប្រាក់​នេះ រាជ​រដ្ឋា​ភិបាល​ឧបត្ថម្ភ​ជា​ផ្លូវ​ការ​ហើយ​តើ!… ម៉េច​ក៏​ចាំ​ទុក​ធ្វើ​ប្រាក់​រំលឹក? ហើយ​ប្រាក់​រំលឹក​នេះ​ទៀត​សោត​មាន​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​ហើយ​នៅ​តែ​មិន​​ទាន់​បាន​ តើ​មក​ពី​អ្វី?…ទៅ​សួរ​ម្តង​ថា ខែ​៦ ​ទៅ​ម្តង​ទៀត​​ថា ខែ​៨ ដល់​ខែ៨​ទៅ​សួរ​ថា ខែ​១០ ចុង​ក្រោយ​ថា ដាច់​ឆ្នាំ ឥឡូវ​ដាច់​ឆ្នាំ​២០១០ ចូល​២០១១ ជិត​ដាច់​ខែ​មករា​ទៀត​ហើយ តើ​ដោះ​សា​ថា​ម៉េច​ទៀត? បើ​​មិន​ជួយ​សង្គ្រោះ​​ចាស់ៗ​ទេ មេត្តា​កុំ​សង្កត់​.ក​គាត់​ថែម ទុក​ឱ្យ​គាត់​មើល​ឃើញ​ការ​សប្បាយ​របស់​ក្មេងៗ​ជំនាន់​ក្រោយ​ផង ព្រោះ​គាត់​ក៏​បាន​ចូល​រួម​ចំណែក​​​ស្តារ​ប្រទេស​ជាតិ​ពី​គំនរ​ផេះ​ផង់​ដែរ ។

  • សំណូម​ពរ ៖

១-​សូម​បើក​ប្រាក់​​ប្រចាំ​​ខែ​ឱ្យ​​ឆាប់​ស្មើ​នឹង​អ្នក​ធ្វើ​ការ​តាម​អង្គ​ភាព ។
២-សូម​បញ្ចូល​ប្រាក់​ឧបត្ថម្ភ​ក្នុ​ងប្រាក់​ខែ​ប្រចាំ​​ខែ​ឱ្យ​ហើយ ខែ​ណា​បញ្ចូល​មិន​ទាន់​ចាំ​​ធ្វើ​រំលឹក ។
៣-សូម​បន្ថយ​កន្លែង​ពិនិត្យ​សៀវ​ភៅ​ពី​៤​មក​២​កន្លែង​បាន​ហើយ នៅ​មន្ទីរ​សង្គម​កិច្ច​​ គឺ​អ្នក​ពិនិត្យ​ដំបូង​ និង​អ្នក​បើក​ប្រាក់ ហើយ​យក​អ្នក​ពិនិត្យ​២​ក្រុម​ទៀត បែង​ចែក​តាម​ខណ្ឌ ។
៤-សូម​ដាក់​ក្តារ​ខៀន​មួយ​នៅ​ក្រោម​មន្ទីរ ដើម្បី​សរសេរ​ដំណឹង​បើក​ប្រាក់​ខែ​​ផង កុំ​ចាំ​ចូល​សួរ ឬ​ទូរស័ព្ទ​សួរ ។
ទំនាស់​ខុស​យ៉ាង​ណា​សូម​មេត្តា​អធ្យា​ស្រ័យ ៕

ពីមិត្ត​​អ្នក​អាន
ជានិវត្ត​ជន​កំសត់​ម្នាក់