ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ចង់ឱ្យ​កម្ពុជា​សម្រួលការ​ទូទាត់​លុយ​យន់​ដើម្បី​ទាញ​យក​ប្រយោជន៍

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ក្នុង​មួយ​ឆ្នាំ​ៗ​មិន​តិច​ជាង​១៣០​លាន​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៦០​ប៊ី​លាន​ដុល្លារ តំណាង​ធនាគារកណ្តាល​នៃ​ប្រទេស​ចិន​ចង់ឱ្យ​កម្ពុជា​សម្រួលការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ការ​ផ្តល់​សេវា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​ចំណាយ​​ប្រាក់​កាន់តែ​ច្រើន​នៅ​កម្ពុជា ។ លោក…

រាជធានី​ភ្នំពេញ ៖ ទន្ទឹម​នឹង​ប្រជាពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ក្នុង​មួយ​ឆ្នាំ​ៗ​មិន​តិច​ជាង​១៣០​លាន​នាក់ និង​មាន​ទឹកប្រាក់​ជាង​២៦០​ប៊ី​លាន​ដុល្លារ តំណាង​ធនាគារកណ្តាល​នៃ​ប្រទេស​ចិន​ចង់ឱ្យ​កម្ពុជា​សម្រួលការ​ទូទាត់​ជា​ប្រាក់​យន់​ក្នុង​ការ​ផ្តល់​សេវា​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​ជំរុញ​ឱ្យ​ភ្ញៀវ​ទេសចរ​ចិន​ចំណាយ​​ប្រាក់​កាន់តែ​ច្រើន​នៅ​កម្ពុជា ។

លោក Pan Hong Sheng តំណាង​ធនាគារកណ្តាល​ចិន មាន​ប្រសាសន៍​ក្នុង​សន្និសីទ​ស្តី​ពី ខ្សែក្រវាត់​មួយ ផ្លូវ​មួយ កាលពី​ថ្ងៃ​ទី​២៤ តុលា ថា ក្នុង​មួយ​ឆ្នាំ​ៗ ពលរដ្ឋ​ចិន​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស​ប្រមាណ​១៣៥​លាន​នាក់ គិត​ជា​ទឹកប្រាក់​២៦១​ប៊ី​លាន​ដុល្លារ ហើយ​​មាន​កំណើន​១២%​ជា​រៀង​រាល់​ឆ្នាំ មាន​ន័យ​ថា ពលរដ្ឋ​ចិន​ម្នាក់​ៗ​ចំណាយ​ប្រាក់​ជិត​​២​ពាន់​ដុល្លារ ស្មើនឹង​២១% នៃ​ទឹកប្រាក់​សរុប​ក្នុង​វិស័យ​ទេសចរណ៍​ចិន ។

តំណាង​ធនាគារកណ្តាល​ចិន​លើក​ឡើង​ថា ៖« ប្រសិនបើ​ប្រទេស​កម្ពុជា​សម្រួលការ​ទូទាត់​គិត​ជា​ប្រាក់​យន់ ពិសេស​រវាង​អ្នក​ផ្តល់​សេវា​ក្នុង​ប្រទេស​កម្ពុជា ជាមួយ​ភ្ញៀវ​ទេសចរ​មក​ពី​ប្រទេស​ចិន ពេល​នោះ អាច​ជំរុញ​ឲ្យ​ភ្ញៀវ​ទេសចរ​ចិន​ចាយប្រាក់​យន់​កាន់តែ​ច្រើន​សម្រាប់​ទីក្រុង​ភ្នំពេញ និង​សៀមរាប បើ​មានការ​អនុញ្ញាត​ទូទាត់​ជា​ប្រាក់​យន់ » ។

តំណាង​ធនាគារជាតិ​នៃ​កម្ពុជា បានឱ្យ​ដឹង​ថា នៅ​ខេត្តសៀមរាប និង​រាជធានី​ភ្នំពេញ តាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ធំ​ៗ រាល់​ការ​ទិញ​លក់​មានការ​ទូទាត់​លុយ​យន់ ប៉ុន្តែ​ការ​ទូទាត់​នៅ​តាម​ផ្លូវ​គ្មាន​ទេ ដោយ​អាជីវករ​កម្ពុជា​ភាគច្រើន​មិន​ទាន់​ស្គាល់​លុយ​យន់ និង​ការ​ប្រែប្រួល​នៃ​អត្រា​ប្តូរ​ប្រាក់​នៅឡើយ ។

លោក​បណ្ឌិត ឃូ វុ​ឌ្ឍី តំណាង​ធនាគារជាតិ​នៃ​កម្ពុជា មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣១ តុលា ថា ៖« ការ​ទូទាត់​ប្រាក់​យន់​សម្រាប់​ខេត្តសៀមរាប និង​ក្រុងភ្នំពេញ មាន​តែ​នៅ​តាម​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ទិញ​លក់​មាន​លក្ខណៈ​ធំ​ៗ តែ​ការ​ទូទាត់​ប្រាក់​យន់​នៅ​តាម​ផ្លូវ​សម្រាប់​ភ្ញៀវ​ទេសចរ​ចិន​មិន​ទាន់​មាន​ទេ ព្រោះ​អាជីវករ​ក្នុងស្រុក​មួយ​ចំនួន​ធំ​មិន​ទាន់​ស្គាល់​លុយ​យន់ និង​ការ​ប្រែប្រួល​នៃ​អត្រា​ប្តូរ​ប្រាក់​យន់ ។ ម្យ៉ាងទៀត ភ្ញៀវ​ទេសចរ​ចិន​មក​កម្សាន្ត​ភាគច្រើន រាល់​ការ​ចំណាយ​គឺ​ប្រើប្រាស់​លុយ​ដុល្លារ » ។

ទោះបី​ការ​ទូទាត់​លុយ​យន់​មិន​ទាន់​មាន​ច្រើន ប៉ុន្តែ​ការ​សម្រួលការ​ទូទាត់​នេះ លោក​បណ្ឌិត​សង្កត់ធ្ងន់​ថា ៖« កម្ពុជា​ទទួល​បាន​ផល​ចំណេញ​ផ្នែក​ពាណិជ្ជកម្ម និង​ការ​វិនិ​យោគ​ជាមួយ​ចិន ព្រោះ​មិន​ខាតបង់​ការ​ដោះ​ដូរ​អត្រា​ប្តូរ​ប្រាក់ ។ ដោយឡែក ចំពោះ​កម្ពុជា វា​ជួយ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ដុល្លារ មក​ប្រើប្រាស់​លុយ​យន់ ហើយ​នៅ​ពេល​បាន​លុយ​យន់ យក​ប្តូរ​ជា​លុយ​រៀល​នោះ វា​នឹង​ជួយ​ពង្រឹង​ការ​ប្រើប្រាស់​ប្រាក់​រៀល​បន្ថែម » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​នៃ​សម្ព័ន្ធ​ទេសចរណ៍​កម្ពុជា មាន​ប្រសាសន៍​ថា ៖« កម្ពុជា​បើកចំហ​ការ​ទូទាត់​រូបិយប័ណ្ណ​ផ្សេង​ៗ​នៅ​លើ​ទីផ្សារ​កម្ពុជា ស្រប​ទៅ​តាម​គោល​នយោ​បាយ​របស់​រាជរដ្ឋាភិបាល ។ អីចឹង យើង​ឃើញ​ការ​ចរាចរ​រូបិយប័ណ្ណ​នៅ​កម្ពុជា​មាន​លក្ខណៈ​ទូលំទូលាយ » ។

លោក​បន្ត​ថា កម្ពុជា​សម្រួលការ​ទូទាត់​ប្រាក់​យន់ ក្នុង​នោះ​វា​មិន​ត្រឹមតែ​ជួយ​សម្រួល​រូបិយប័ណ្ណ​របស់​ចិន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ពង្រឹង​ទំនាក់ទំនង​ការទូត និង​សម្រួល​ឯកសារ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល​បាន​ច្រើន​ទៅ​ដល់​ភ្ញៀវ​ទេសចរ​ចិន​ចូល​មក​កម្ពុជា ឈរ​នៅ​លំដាប់ថ្នាក់​ទី​១ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស ។ ជាង​នេះ ធ្វើ​ឲ្យ​ការ​ហោះហើរ​ត្រង់​ពី​គោលដៅ​ក្នុងស្រុក​ចិន​ចូល​មក​កម្ពុជា​ច្រើន​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ