ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នក​ណាខ្លះ​ស្គាល់​សត្វ​នេះ​! សត្វ​ដ៏​កម្រ​​នេះ រក​ឃើញ121​សំបុក​​នៅ​ខ្ពង់រាប

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ WCS​ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តី​ប្រកាស​របស់​ WCS​ កាលពី​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៧​ថា ក្រុម​អ្នក​ស្រាវជ្រាវ​នៃ​ក្រសួងបរិស្ថាន អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ ​(WCS) និង​ប្រជា​សហគមន៍​បាន​រក​ឃើញ​សំបុក​ពង​កូន​សត្វ​ត្រដក់​តូច​ដែល​ជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​ចំនួន​១២១​សំបុក នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន និង​ដែន​ជម្រក​ព្រៃ​ឆែប​នៃ​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា សម្រាប់​រដូវ​កាល​ពង​កូន​ឆ្នាំ​នេះ ។ តាម​រយៈ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប អង្គការ WCS​បាន​ជួល​ប្រជា​សហគមន៍​ចំនួន​១០​ក្រុម​ឱ្យ​យាម​សំបុក​ត្រដក់​ទាំង​អស់នោះ រហូត​ដល់​ពេល​កូន​វា​ញាស់ និង​ហើរ​ចេញពី​សំបុក ។ កម្មវិធី​នេះ​ធានា​ថា​សំបុក​ពង​កូន​សត្វ​ស្លាប​ប្រភេទ​រង​គ្រោះជា​សាកល ត្រូវ​បានការ​ពារ​ពី​អ្នកប្រមាញ់ ការ​ប្រមូល​យក​ពង​កូន និង​ការ​រំខាន​ជាដើម ។

ត្រដក់​តូច គឺជា​សត្វ​ស្លាបមាន​មាឌធំ មាន​កម្ពស់​រហូត​ដល់​១៣០​សង្ទីម៉ែត្រ ហើយ​ស្លាប​របស់​វា​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​មាន​ប្រវែង​ជាង​២​ម៉ែត្រ ។ ទោះបីជា​ចំនួន​របស់​វា​នៅ​លើ​សាកលលោក​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​មាន​ជាង​១​ម៉ឺន​ក្បាល ប៉ុន្តែ​តួលេខ​នេះ​កំពុង​តែ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៅ​តំបន់​អាស៊ី ។ ដូច្នេះ​ហើយ​វា​ត្រូវ​បាន​គេ​ចាត់ជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ។

លោក​រស់ វ៉ា​ន់ ប្រធាន​ក្រុម​ស្រាវជ្រាវ​សត្វព្រៃ​ប្រចាំ​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព​នៃ​ក្រសួងបរិស្ថាន និង​អង្គការ WCS បាន​និយាយ​ថា «​អរគុណ​ដល់​ម្ចាស់​ជំនួយ​ដូច​ជា មជ្ឈមណ្ឌល​សំ វាសនា Margaret A. Cargill Phianthropies និង​សហភាព​អឺរ៉ុប គិត​ចាប់ពី​ដើមខែ​តុលា​មក ក្រុម​ស្រាវជ្រាវ​បាន​រក​ឃើញ​សំបុក​ត្រដក់​តូច​ចំនួន​១២១​សំបុក​នៅ​ក្នុង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។ សំបុក​ត្រដក់​តូច​ចំនួន​៦៥​មាន​ទីតាំង​ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប និង​៥៦​សំបុក​ស្ថិត​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន ព្រហ្ម​ទេព។

ក្រុម​អ្នក​ស្រាវជ្រាវ នៅ​តែ​បន្ត​ស្វែងរក​សំបុក​ត្រដក់​តូច និង​កំពុងធ្វើការ​រួម​គ្នា​ជាមួយ​សមាជិក​សហគមន៍​ដើម្បី​ការពារ​សំបុក និង​ទីតាំង​ពង​កូន​របស់​ពួក​វា ។

ត្រដក់​តូច​ចូល​ចិត្ត​ធ្វើ​សំបុក​ពង​កូន​នៅ​លើ​ដើមឈើ​ខ្ពស់​ដែល​ជា​ប្រភេទ​ព្រៃ​ល្បោះ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង ។ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ គឺជា​ទីជម្រក​សំខាន់​បំផុត​មួយ​សម្រាប់​ហ្វូង​សត្វ​ត្រដក់​តូច ។

លោក​សុង ច័ន្ទ​សុ​ជាតិ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះ​សីហ​នុ បាន​និយាយ​ថា «​ត្រដក់​តូច​គឺជា​ប្រភេទ​ងាយ​រង​គ្រោះជា​សាកល ។ ការ​ការពារ​ទីជម្រក​ពង​កូន​របស់​ពួក​វា ពិត​ជា​ចាំបាច់​ខ្លាំង​ណាស់​ដើម្បី​ធានា​ដល់​ការ​រស់រាន​នៃ​ប្រភេទ​សត្វ​ដ៏​កម្រ​មួយ​នេះ ។ តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​ក្នុង​ខេត្តព្រះវិហារ គឺជា​ទីជម្រក​ពង​កូន​សំខាន់​ជាង​គេ​បង្អស់​ទី​២​នៅ​កម្ពុជា បន្ទាប់​ពី​តំបន់​រ៉ា​ម​សារ​ព្រែក​ទាល់ ខេត្តបាត់ដំបង ។ សូម​ចូលរួម​ការពារ​សត្វព្រៃ​នៅ​កម្ពុជា ដោយ​បញ្ឈប់​ការ​បរបាញ់ ការ​បំពុល ឬ​បរិភោគ​សាច់សត្វ​ព្រៃ​ជាដើម »​។

តាម​រយៈ​កម្មវិធី​ការពារ​សំបុក​សត្វ​ស្លាប​ដូច​ជា​សត្វ​ត្រដក់​នេះ ប្រជា​សហគមន៍​ដែល​ធ្លាប់តែ​ប្រមូល​យក​ពង​សត្វ​មក​ធ្វើ​ជា​ចំណីអាហារ ឥឡូវនេះ​បាន​ងាក​មក​ថែរក្សា និង​ការពារ​សត្វ​ស្លាប​ទាំង​អស់នោះ​វិញ ។

លោក​សំ ឃឿ​ន គឺជា​សមាជិក​សហគមន៍​ម្នាក់​ក្នុង​ចំណោម​ចំនួន​២០​នាក់ ដែល​អង្គការ WCS​បាន​ជួល​ឱ្យ​យាម​សំបុក​ត្រដក់​តូច​ឆ្នាំ​នេះ ហើយ​វា​ក៏​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​លោក​បាន​ការពារ​សំបុក​សត្វ​ត្រដក់​តូច​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​គូលែន​ព្រហ្ម​ទេព ។

លោក​សំ ឃឿ​ន អ្នកយាម​សំបុក​សត្វ​ត្រដក់​តូច​ម្នាក់ និយាយ​ថា​៖«​ខ្ញុំ​រីករាយ​ខ្លាំង​ណាស់​ដែល​ហ្វូង​ត្រដក់​តូច​មក​ធ្វើ​សំបុក​ពង​កូន​នៅ​ទី​នេះ​ម្តងទៀត ។ ខ្ញុំ​នឹង​ព្យាយាម​ការពារ​ត្រដក់​​ទាំង​អស់នេះ និង​សំបុក​ពង​កូន​របស់​ពួក​វា​ឱ្យ​បាន​ល្អ​ដូច​២​ឆ្នាំ​កន្លង​ទៅ ។ ក្រោយ​ពេល​អង្គការ​WCS បាន​ជួល​ខ្ញុំ និង​កូន​ឱ្យ​យាម​សំបុក​នេះ ខ្ញុំ​បាន​ផ្លាស់​ប្តូរ​វេន​គ្នា​យាម​ជា​ប្រចាំ​ដើម្បី​ការពារ​កុំឱ្យ​មាន​អ្នក​មក​រំខាន ឬ​បរបាញ់​ពួក​វា​ជាដើម​។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​លទ្ធភាព​ដើម្បី​ការពារ​រហូត​ដល់​ពួក​វា​ញាស់ និង​ហើរ​ចេញពី​សំបុក »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ