ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​រិះគន់ ឡុ​ង សុ​ភី ធ្វើ​បាន​ល្អ​ខ្លាំង​ក្នុង​ជំនួប​ជាមួយ​កីឡាករ​ថៃ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​លើក​ទី​៣​ជាមួយ​កីឡាករ​ថៃ Kamlay Phit កាលពី​ថ្ងៃ​ទី​២៩ តុលា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា ឡុ​ង…

រាជធានី​ភ្នំពេញ ៖ ជំនួប​ប៉ះ​គ្នា​ជា​លើក​ទី​៣​ជាមួយ​កីឡាករ​ថៃ Kamlay Phit កាលពី​ថ្ងៃ​ទី​២៩ តុលា នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ កីឡាករ​កម្ពុជា ឡុ​ង សុ​ភី ត្រូវ​គេ​កត់​សម្គាល់ថា​ធ្វើ​បាន​ល្អ​ខ្លាំង ដោយសារ​តែ​លោក​ប្រើ​ពេល​ត្រឹមតែ​មួយ​ទឹក​ប៉ុណ្ណោះ ក៏​ទទួល​​បាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន ដោយ​អាច​ធ្វើ​ឱ្យ​កីឡាករ​ថៃ​សន្លប់​ស្ដូក​លើ​រេញ ដែល​គ្មាន​អ្នក​ណា​នឹក​ស្មាន​ដល់ ។ នេះ​ជា​ជំនួប​លើក​ទី​៣​របស់​ឡុ​ង សុ​ភី និង​កីឡាករ​ថៃ​រូប​នេះ ហើយ​ក៏​ជា​ជោគជ័យ​ដំបូង​មួយ​ចាប់តាំងពី​បាន​ប៉ះ​គ្នា​ផង​ដែរ ខណៈ​លទ្ធផល​ដែល​លោក​សម្រេច​បាន​នា​ពេល​នេះ​បាន​លាង​ជម្រះ​ទាំងស្រុង​នូវ​ភាព​អាម៉ាស់​ដែល​លោក​ធ្វើ​មិន​បាន​ល្អ​ធៀប​នឹង​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ Chhouk Chhai ដែល​ធ្វើ​ឱ្យ​អ្នក​ទស្សនា​រិះគន់​ខ្លាំង​។

កីឡាករ ឡុ​ង សុ​ភី បាន​អះអាង​ថា​លោក​បាន​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ
Kamlay Pit ចំនួន​៣​លើក​ហើយ ដោយ​ការ​ប្រកួត​មុន​ៗ​គឺ​ស្ថិត​នៅ​ក្រៅ​សង្វៀន​ប៉ុស្ដិ៍​អាស៊ី​អាគ្នេយ៍ ដោយ​លទ្ធផល​នា​ពេល​នោះ គឺ​លោក​ធ្លាប់​ទទួល​ការ​បរាជ័យ​ម្ដង និង​ស្មើ​ម្ដង ។ ការ​ប្រកួត​ជា​ថ្មី​របស់​លោក​ជាមួយ​កីឡាករ​ថៃ​ដដែល​មិនសូវ​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ទុកចិត្ត​ប៉ុន្មាន​ទេ សូ​ម្បី​តែ​លោក​ខ្លួនឯង​ក៏​យល់​ឃើញ​បែប​នេះ​ដូច​គ្នា​ផង​ដែរ បន្ទាប់​ពី​លោក​ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​នេះ​កាលពី​២​លើក​កន្លង​មក​គឺ​មិន​ដែល​ទទួល​បាន​ជ័យជម្នះ​ទាល់តែ​សោះ គឺ​បាន​ត្រឹមតែ​ស្មើ ។

នៅ​វិនាទី​ប៉ះ​គ្នា​ដំបូង​កាលពី​ថ្ងៃ​ទី​២៩ តុលា កីឡាករ​ឡុ​ង សុ​ភី និង​គ្រូបង្វឹក​រំពឹង​ត្រឹម​ថា​នឹង​ឈ្នះ​ពិន្ទុ​ដើម្បី​សងសឹក​ប៉ុណ្ណោះ នៅ​ពេល​គណៈកម្មការ​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​សម្រេច​ឱ្យ​ប៉ះ​គ្នា​ជាមួយ​ដៃគូ​ចាស់​ដែល​លោក​មិន​ដែល​ស្គាល់​ឈ្នះ​ទាល់តែ​សោះ​នោះ​។

គ្រាន់តែ​បើក​ឆាក​ក្នុង​ទឹក​ទី​១​ភ្លាម កីឡាករ ឡុ​ង សុ​ភី បាន​បើក​ការ​វាយ​សម្រុក​យ៉ាង​ចាស់ដៃ​តែ​ម្ដង ក្នុង​ពេល​កីឡាករ​ថៃ​វាយ​តបត​វិញ​ដូច​ព្យុះ​រហូត​មើល​មិនដឹង​ថា​នោះ​គឺជា​ទឹក​ទី​១ ដែល​កីឡាករ​ភាគច្រើន​ប្រើប្រាស់​សម្រាប់​ស្ទាបស្ទង់​សមត្ថភាព ។ ការ​ប្រកួត​របស់​អ្នក​ទាំង​ពីរ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ហើយ​ក៏​មាន​អ្នកគាំទ្រ​ទស្សន៍​ទាយ​ថា​នឹង​ចេញ​លទ្ធផល​បែប​នេះ​បែប​នោះ​តាម​ការ​យល់​ឃើញ​ផង​ដែរ​។

យ៉ាងណាមិញ សម្រាប់​លទ្ធផល​ប្រកួត​បាន​លេច​ចេញ​តែ​មួយប៉ប្រិចភ្នែក​ប៉ុណ្ណោះ បន្ទាប់​​ពី​ឡុ​ង សុ​ភី ស្រាប់តែ​មានឱកាស​វាយ​ត្រូវ​គុម្ព​ថ្គាម​គូប្រកួត​យ៉ាងដំណំ​បណ្ដាល​ឱ្យ​កីឡាករ​ថៃ​ដួល​សន្លប់​បាត់​ជំហរ​លើ​រេញ​តែ​ម្ដង ធ្វើ​ឱ្យ​ម្នាក់​ៗ​ស្រឡាំងកាំង​ក្រោយ​ពី​កីឡា​ករ​ថៃ​ត្រូវ​បាន​រាប់​ដល់​១០​ទៅ​ហើយ នៅ​តែ​មិន​អាច​ក្រោក​បាន​។

កីឡាករ Kamlai Phit គឺជា​ជើង​ខ្លាំង​មាន​សមត្ថភាព​មិនធម្មតា​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​លោក​ឡើង​មក​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ម្ដង​ៗ ក៏​មិនសូវ​បរាជ័យ​នោះ​ដែរ ជា​ពិសេស​ក្នុង​ពេល​ប៉ះ​គ្នា​ចំនួន​២​ដង​កន្លង​មក​គឺ​មិន​ដែល​ស្គាល់​ចាញ់​ក្រោម​ដៃ​ឡុ​ង សុ​ភី​ទាល់តែ​សោះ ទើបតែ​លើក​នេះ​ក៏​ទំនងជា​ភ្លាត់ស្នៀត​បណ្ដាល​ឱ្យ​ត្រូវ​ពេញទំហឹង​ចំ​គុម្ព​ថ្គាម​មិន​អាច​តស៊ូ​ទៅ​ទៀត​បាន ។ ការ​បរាជ័យ​របស់​កីឡាករ​ថៃ​រូប​នេះ បាន​ធ្វើ​ឱ្យ​ម្នាក់​ៗ​ភ្ញាក់​ផ្អើល ហើយ​ក៏​មានការ​សរសើរ​ចំពោះ​កីឡាករ​កម្ពុជា​ច្រើន​ដែរ ដែល​អាច​ទទួល​បាន​ជោគជ័យ​ដល់​ម្លុ​ឹ​ង​លើស​ពី​ការ​គ្រោងទុក ។

នេះ​ក៏​ជា​លទ្ធផល​ដែល​ធ្វើ​ឱ្យ​ការ​បរាជ័យ​ដែល​លោក​ទើបតែ​ជួប​មុន​នេះ​ជាមួយ​កីឡាករ​ថៃ​មួយ​រូប​ផ្សេង​ទៀត​ត្រូវ​គេ​លែង​រិះគន់​ផង​ដែរ​ក្នុង​ពេល​ដែល​លោក​ធ្លាប់​ធ្វើ​ឱ្យ​ម្នាក់​ៗ​ខកចិត្ត​ក្នុង​ជំនួប​ជាមួយ​កីឡាករ​បរទេស ស្រាប់តែ​មក​មានសំណាង​បាន​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​មួយ​វិញ​យ៉ាង​ឡូយ​នៅ​លើ​សង្វៀន​​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដដែល ។ គេ​ឃើញ​កីឡាករ​ឡុ​ង សុ​ភី ញញឹម​បិទ​មាត់​មិន​ជិត​នោះ​ទេ ក្រោយ​ពី​ត្រូវ​បាន​ប្រកាស​ថា​ឈ្នះ​កីឡាករ​ថៃ Kamlai Phit និង​ទទួល​បាន​ទឹកប្រាក់​លើកទឹកចិត្ត​ពីលើ​តម្លៃ​ខ្លួន​ចំនួន​១​លាន​រៀល​ផង​ដែរ ទើប​ធ្វើ​ឱ្យ​អ្នក​ណា​ក៏​សប្បាយចិត្ត​ជំនួស​កីឡាករ​រូប​នេះ​ដោយសារ​តែ​គេ​បាន​ឈ្នះ​ជើង​ខ្លាំង​ថៃ​ហើយ​ថែម​ទាំង​លុបលាង​ភាព​អាម៉ាស់ និង​បាន​ទាំង​ប្រាក់​រង្វាន់​លើស​តម្លៃ​ខ្លួន​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ