ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រមានអ្នកកាសែត​ដែល​ធ្វើការ​មិន​គោរព​​​តាម​វិជ្ជាជីវៈ ឬ​ក្រមសីលធម៌​

6 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​មន្ទីរ​ព័ត៌មាន លោកស្រី ប៊​ន សុ​ភី បាន​ព្រមាន ថា អ្នកកាសែត​ដែល​ធ្វើការ​មិន​គោរព​ទៅ​តាម​វិជ្ជាជីវៈ ឬ​ក្រមសីលធម៌​គឺ​ទៅ​ថ្ងៃ​ខាង​មុខ​អាចប្រឈម​ការ​ចាត់វិធានការ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។…

ខេត្តក្រចេះ ៖ អភិបាលរង​ខេត្ត​ទទួល​បន្ទុក​មន្ទីរ​ព័ត៌មាន លោកស្រី ប៊​ន សុ​ភី បាន​ព្រមាន ថា អ្នកកាសែត​ដែល​ធ្វើការ​មិន​គោរព​ទៅ​តាម​វិជ្ជាជីវៈ ឬ​ក្រមសីលធម៌​គឺ​ទៅ​ថ្ងៃ​ខាង​មុខ​អាចប្រឈម​ការ​ចាត់វិធានការ​ទៅ​នឹង​បទល្មើស​ព្រហ្មទណ្ឌ​។ លោកស្រី​អភិបាលរង​ខេត្ត និង​ជា​អតីត​អ្នកនាំពាក្យ​សាលាខេត្ត​ផង​ដែរ​នោះ បាន​ប្រាប់​ឲ្យ​អ្នកកាសែត​ជិត​២០០​ស្ថាប័ន អង្គភាព ដែល​មាន​វត្ត​មាននៅ​ខេត្តក្រចេះ​ត្រូវធ្វើ​ការងារ​គោរព​ទៅ​តាម​វិជ្ជាជីវៈ និង​ក្រមសីលធម៌​ឲ្យ​បាន​ខ្ជាប់ខ្ជួន​កុំ​ធ្វើ​អ្វី​លើសលួស​ហួស​ព្រំដែន​ដែល​ច្បាប់​បាន​កំណត់។

ការ​ព្រមាន​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​ក្រុម​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​អង្គភាព​ផ្សេង​ៗ​គ្នា​ដូច​ជា គេហទំព័រ ទូរទស្សន៍​អន​ឡាញ អ្នក​សារព័ត៌មាន​បោះពុម្ព អ្នក​ថត​ទូរ​ទស្សន៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ តុលា នៅ​សាល​ប្រជុំ​មន្ទីរ​ព័ត៌មាន​ខេត្ត ក្នុង​ពិធី​ជួបជុំ​ដើម្បី​ពង្រឹង​ក្រមសីលធម៌​វិជ្ជាជីវៈ​ច្បាប់​ស្តី​ពី​របប​សារព័ត៌មាន ក៏​ដូច​ជា​ការ​រឹត​បន្តឹង​គុណភាព​អ្នក​សារព័ត៌មាន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ។

បើ​តាម​មន្ត្រី​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខេត្តក្រចេះ​មាន​អ្នក​សារព័ត៌មាន​មិន​តិច​ជាង ២០០​នាក់​មក​ពី​ស្ថាប័ន អង្គភាព​ផ្សេង​ៗ​ក្នុង​នោះ​មាន​១៤៣​ស្ថាប័ន អង្គភាព​បាន​មក​ចុះ​ឈ្មោះ​នៅ​មន្ទីរ​ព័ត៌មាន​ខេត្ត​ក្នុង​ឆ្នាំ​២០១៧​នេះ​។ មន្ត្រី​ដដែល​បាន​ឲ្យ​ដឹង​ថា កន្លង​មក​មាន​អ្នក​សារព័ត៌មាន​ក្នុង​ខេត្ត​នេះ​ជា​ច្រើន​នាក់ បាន​ប្រព្រឹត្ត​នូវ​សកម្មភាព​ខុស​ពី​វិ​ជ្ជ​ជីវៈ ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សង្គម​និង​សន្តិសុខ​ការ​រស់ នៅ​របស់​ប្រជាពលរដ្ឋ ហើយ​សកម្មភាព​របស់​ពួក​គាត់​ខ្លះ អាច​ប៉ះពាល់​ដល់​បទល្មើស​ព្រហ្មទណ្ឌ​ទៀត​ផង ។

កាលពី​ពេល​ថ្មី​ៗ​នេះ អាជ្ញាធរ​ស្រុក​ស្នួល​ធ្លាប់​បាន​ឃាត់ខ្លួន​អ្នកកាសែត​ជា​ច្រើន​នាក់​នៅ​ស្រុក​ស្នួល​មក​ធ្វើការ​អប់រំ​ណែនាំ​ក្រោយ​ពី​ពួក​គាត់​បាន ធ្វើ​សកម្មភាព​ប្រមូលផ្តុំ ដែល​អាជ្ញាធរ​អះអាង​ថា ជា​សកម្មភាព​ខុសច្បាប់ ។ដោយសារ​តែ​ទ​ង្វើ​របស់​អ្នក​សារព័ត៌មាន​មួយ​ចំនួន​នោះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ទ​ង្វើ​មិន​គប្បី​ប៉ះពាល់​ដល់​សង្គម ទើប​អាជ្ញាធរ​ខេត្ត​បាន​កោះហៅ​ពួក​គាត់​ដែល​មាន​វត្តមាន​ក្នុង​បញ្ជី​របស់​មន្ទីរ​ព័ត៌មាន​ឲ្យ​មានការ​ជួបជុំ និង​ជំរុញ​ឲ្យ​ពួក​គាត់​ធ្វើ​កិច្ច​ការងារ​គោរព​តាម​វិជ្ជាជីវៈ ។

អភិបាលរង​ខេត្ត លោកស្រី​ប៊​ន សុ​ភី បាន​លើក​ឡើង​ទៀត​ថា ការ​ជួបជុំ​នេះ​គឺ​នឹង​ត្រូវធ្វើ​ឡើងជា​រៀង​រាល់​១​ឆ្នាំ​ម្តង​រវាង​មន្ទីរ​ព័ត៌មាន​ជាមួយនឹង​អ្នក​សារព័ត៌មាន​ទាំងអស់​ដែល​មាន​វត្ត​មាននៅ​ទឹកដី​ខេត្តក្រចេះ​។ លោកស្រី​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា ការ​មក​ជួបជុំ​រវាង​អាជ្ញាធរ និង​អ្នក​សារព័ត៌មាន​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​សារព័ត៌មាន​ទាំង​អស់នេះ​ធ្វើ​ការងារ​គោរព​តាម​វិជ្ជាជីវៈ ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ​ច្បាប់​ស្តី​ពី របប​សារព័ត៌មាន ក៏​ដូច​ជា​ការ​រឹត​បន្តឹង​គុណភាព​អ្នក​សារព័ត៌មាន​ឲ្យ​មាន​ភាពល្អ​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ