ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាក់ស៊ី និង​ម៉ូតូ​កង់​បី​កំពុង​ប្រឈម​នឹង​ការ​មក​ដល់​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​ដឹក​អ្នកដំណើរ​ក្រៅ​ប្រព័ន្ធ​ដូច​ជា ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី​​លក្ខណៈ​ឯកជន កំពុង​តែ​មាន​បញ្ហា​ប្រឈម​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​ចូល​មក​កាន់ និង​កំពុង​គ្រប់គ្រង​ទីផ្សារ​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង ដោយសារ​ការ​បំពាក់​បច្ចេក​វិទ្យា​ទំនើប ។…

រាជធានី​ភ្នំពេញ ៖ អាជីវកម្ម​ដឹក​អ្នកដំណើរ​ក្រៅ​ប្រព័ន្ធ​ដូច​ជា ម៉ូតូឌុប ម៉ូតូ​កង់​បី និង​តាក់ស៊ី​​លក្ខណៈ​ឯកជន កំពុង​តែ​មាន​បញ្ហា​ប្រឈម​ជាមួយ​ក្រុមហ៊ុន​បរទេស​ដែល​ចូល​មក​កាន់ និង​កំពុង​គ្រប់គ្រង​ទីផ្សារ​មួយ​នេះ​កាន់តែ​ខ្លាំង​ឡើង ដោយសារ​ការ​បំពាក់​បច្ចេក​វិទ្យា​ទំនើប ។ តួយ៉ាង ក្រុមហ៊ុន​អា​មេ​រិ​ក ដែល​មក​ដល់​ស្រុក​ខ្មែរ​កាលពី​ប៉ុន្មាន​ខែ​មុន​នោះ គឺ​ក្រុមហ៊ុន​អ៊ូ​ប័​រ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​លើ​ទូរស័ព្ទ​ដៃ​សម្រាប់​ស្វែងរក​មធ្យោបាយ​ធ្វើ​ដំណើរ ឬ​ហៅ​ថា Apps ។

លោក ឯ សុភា​ស់ ប្រធាន​សមាគម​រួម​គ្នា​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា ដែល​មាន​សមាជិក​ជា​អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ម៉ូតូឌុប បានឱ្យ​ដឹង​ថា ផល​ប៉ះពាល់​នៃ​អាជីវកម្ម​រត់​ម៉ូតូឌុប និង​កង់​បី ក៏​ដូច​ជា​តាក់ស៊ី វា​ពិតជា​មាន ពីព្រោះ​ពួក​គាត់​ទាំងនោះ​ភាគច្រើន​នៅ​តែ​ប្រកប​របរ​ដែល​​មាន​លក្ខណៈ​ប្រពៃណី និង​ទម្លាប់​ដដែល​ៗ ។

លោក​និយាយ​ថា ៖« បើសិនជា​អ្នក​ប្រកប​អាជីវកម្ម​ទាំងនោះ​នៅ​តែ​ធ្វើ​ទៅ​តាម​លក្ខណៈ​បុរាណ និង​គ្មាន​ការ​ផ្លាស់​ប្តូរ​ទេ​នោះ ថ្ងៃ​អនាគត វា​នឹង​កាន់តែ​មាន​ផល​ប៉ះពាល់​ខ្លាំង​ឡើង​ៗ រហូត​ដល់​ឈាន​ទៅ​អត់​ប្រាក់​ចំណូល​ជាដើម » ។

លោក​បន្ត​ថា ទោះជា​យ៉ាងណា​ក៏​ដោយ ក៏​មាន​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​បែប​នេះ បាន​​ផ្លាស់​ប្តូរ​មួយ​ចំនួន​ហើយ ដោយ​ពួក​គាត់​បាន​ចូលរួម​ជាមួយ​ក្រុមហ៊ុន​បច្ចេកវិទ្យា និង​បំពាក់ Apps ក្នុង​ទូរស័ព្ទ ក៏​ប៉ុន្តែ​ចំនួន​អ្នក​ភ្ជាប់​បច្ចេកវិទ្យា​សម្រាប់​ឲ្យ​អតិថិជន​ស្វែង​រក​នៅ​តិចតួច​នៅឡើយ ដោយសារ​តែ​អ្នក​រត់​កង់​បី​ភាគច្រើន​នៅ​ប្រើ​ម៉ូតូ​ធម្មតា ដែល​មិន​អាច​ភ្ជាប់​បាន​ដូច​អ្នក​ប្រើ​តាក់ស៊ី​កង់​បី​ទើបតែ​នាំ​ចូល​មក​ថ្មី​ៗ​នោះ ព្រោះ​ម៉ូតូ​ធម្មតា​ពិបាក​ទុកដាក់​ស្មា​ត​ហ្វូ​ន​របស់​ពួក​គាត់ ។

លោក​បន្ថែម​ថា ៖« ដោយសារ​តែ​កម្ពុជា​ជា​ប្រទេស​ប្រកាន់​យក​ទីផ្សារសេរី យើង​មិន​អាច​ទប់ស្កាត់​ការ​ចូល​មក​នៃ​ក្រុមហ៊ុន​ដឹក​ជញ្ជូន ដែល​ប្រើ​បច្ចេកវិទ្យា​ថ្មី​ៗ​ទេ យើង​មាន​តែ​អំពាវ​នាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ប្រកបរ​បរជា​អ្នក​ដឹក​ជញ្ជូន ចូលរួម​ទទួលយក​នូវ​អ្វី​ថ្មី​ៗ​ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ទៀត ព្រោះ​បើ​នៅ​តែ​ធ្វើ​អាជីវកម្ម​លក្ខណៈ​បុរាណ​ទៀត​នោះ ប្រាក់​ចំណូល​នឹង​កាន់តែ​ថយ​ចុះ ហើយ​ឱកាស​នៃ​ការ​អត់​ការងារ​កាន់តែ​ច្រើន » ។
លោក​​បញ្ជាក់​ថា ដើម្បី​ឱ្យ​សមាជិក​ទាំងនោះ ទទួល​បាន​ប្រាក់​ចំណូល​ឡើង​វិញ និង​កាន់​តែ​ច្រើន ក្នុង​នាម​ជា​សមាគម លោក​នឹង​រៀបចំ​ឱ្យ​ពួក​គាត់​ត្រូវ​ប្តូរ​ឥរិយាបថ​ឱ្យ​មាន​របៀប​របប​ត្រឹមត្រូវ ព្រោះ​បច្ចុប្បន្ន​នេះ សាធារណជន​ជា​ច្រើន​មើលឃើញ​ថា ក្រុម​អ្នក​រត់​ម៉ូតូ និង​កង់​បី នៅ​មាន​ភាព​រញ៉េរញ៉ៃ​នៅឡើយ​ទាំង​ការ​បើក​របរ និង​ឯកសណ្ឋាន ។ ដូចនេះ ត្រូវ​ហៅ​ពួក​គាត់​មក​អប់រំ​ណែនាំ​ក្នុង​ការ​បើកបរ និង​មាន​សម្លៀក​បំពាក់​ឯកសណ្ឋាន​មួយ​ស្តង់ដា ។

លោក ផង់ សុ​គា ប្រធាន​សមាគម​តាក់ស៊ី​កម្ពុជា បាន​ឲ្យ​ដឹង​ថា សម្រាប់​អ្នក​រត់​តាក់ស៊ី​នៅ​កម្ពុជា​វិញ បញ្ហា​ប្រឈម​របស់​ពួក​គាត់​ចំពោះ​មុខ​នេះ គឺ​ពួក​គាត់​នៅ​ប្រើប្រាស់​រថយន្ត​​ចាស់​ៗ​នៅឡើយ ដោយ​មិន​ទាន់​មាន​លទ្ធភាព​ទិញ​រថយន្ត​ថ្មី​ទំនើប​ៗ​ដឹក​អ្នក​ដំណើរ​ទេ ។ ទាំងនេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ធំ​ៗ​ដណ្ដើម​យក​ទីផ្សារ​អស់​មួយ​ចំនួន។

លោក​ថា ៖« ការ​ប្រើប្រាស់​រថយន្ត​ចាស់​ៗ​ទាំងនេះ បាន​ធ្វើ​ឱ្យ​អតិថិជន​បាត់បង់​ជំនឿ​ជាក់​មក​លើ​ម្ចាស់​រថយន្ត ព្រោះ​មាន​អ្នកដំណើរ​ខ្លះ ពេល​ទូរស័ព្ទ​មក​សួរ​រក​រថយន្ត សុទ្ធតែ​សួរ​បញ្ជាក់​ថា តើ​រថយន្ត​នោះ​ប្រភេទ​អី ឬ​ស៊េរី​អី ។ ដូចនេះ បើសិនជា​រថយន្ត​យើង​ចាស់ គេ​អាច​ប្តូរ​ចិត្ត​មិន​ប្រើ​សេវា​របស់​យើង » ។

លោក​បន្ត​ថា ដោយសារ​តែ​ការ​ប្រកួតប្រជែង​ខាង​បច្ចេកវិទ្យា​នេះ​កាន់តែ​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា សមាគម​អ្នក​រត់​តាក់ស៊ី​កម្ពុជា ក៏​បាន​បង្កើត Apps មួយ​ដើម្បី​ឱ្យ​អ្នក​ស្វែង​រក​មធ្យោបាយ​ដឹក​ជញ្ជូន ងាយស្រួល​រក​សមាជិក​អ្នក​រត់​តាក់ស៊ី​នៅ​ក្នុង​សមាគម ។ មិន​តែប៉ុណ្ណោះ សមាគម​ក៏​បាន​បើក​ទូលាយ​ដល់​សមាជិក​ផ្សេង​ៗ​ដែល​ចង់ទៅ​បំពាក់ Apps ជាមួយ​ក្រុមហ៊ុន​ដទៃ​បាន​ផង​ដែរ ដើម្បី​ឲ្យ​អាជីវកម្ម​ពួក​គេ​កាន់តែ​ប្រសើរ និង​រក​ចំណូល​បន្ថែម​ទៀត ។

លោក សាន ស៊ា​ន អ្នក​រត់​តាក់ស៊ី​ម៉ែត្រ​ដែល​បំពាក់​បច្ចេកវិទ្យា PassApp Taxi បាន​ឲ្យ​ដឹង​ថា ដើម្បី​ក្លាយជា​អ្នក​រត់​តាក់ស៊ី​នេះ​បាន អ្នកបើកបរ​ត្រូវ​មាន​ប័ណ្ណបើកបរ មានបទ​ពិសោធន៍ និង​ស្គាល់​ភូមិសាស្ត្រ​ច្រើន ។

លោក​បន្ដ​ថា ៖« ការ​ជិះ​តាក់ស៊ី​ម៉ែត្រ​នេះ វា​ងាយស្រួល តម្លៃ​ឃើញនឹងភ្នែក និង​មិនបាច់​តថ្លៃ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​មាន​ទំនុកចិត្ត​ខ្ពស់ ។ សេវាកម្ម​នេះ ពេល​ឡើង​ជិះ​ភ្លាម ដឹង​តែ​គិតលុយ​ភ្លាម គឺ​គិត​ជា​គីឡូម៉ែត្រ ហើយ​តម្លៃ​សេវាកម្ម​ក្រុមហ៊ុន​ខ្ញុំ​គឺ​៣​ពាន់​រៀល​ក្នុង​១​គីឡូម៉ែត្រ » ។

គួរ​បញ្ជាក់​ថា បច្ចេកវិទ្យា​កាន់តែ​ទំនើប នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​លក្ខណៈ​ប្រពៃណី កាន់តែ​ធ្លាក់​​ចុះ ក្នុង​ន័យ​នេះ​មិនមែន​បច្ចេកវិទ្យា​ទំនើប​ធ្វើ​ឲ្យ​ប្រទេស​ធ្លាក់​ចុះ​ទេ ប៉ុន្តែ​ត្រូវ​ទាមទារ​ឲ្យ​មានការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​លើ​វិស័យ​បច្ចេកវិទ្យា ។

សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក៏​បាន​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​ជាន់​ថ្នាក់​នៅ​កម្ពុជា ត្រូវ​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ឱ្យ​ការងារ​បាន​រហ័ស​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ