ខេត្តកំពត ៖ ជនជាតិបរទេសជាច្រើននាក់បានចូលរួមក្នុងពិធីបុណ្យមួយដែលគេសរសេរថា «បុណ្យតន្ត្រីឆ្នេរកែប»។ ពិធីបុណ្យនេះគេបានប្រារព្ធកាលពីរសៀលថ្ងៃទី៥ មីនា នៅឆ្នេរកែប ។ អ្នកសង្កេតការណ៍បានមើលឃើញថា អ្នកចូលរួមបុណ្យតន្ត្រីឆ្នេរកែបនេះភាគច្រើន គឺជនជាតិបរទេស ហើយនៅរសៀលនោះគេមិនឃើញវត្តមានមន្ត្រីផ្លូវការណាមួយចូលរួមទេ ។ មន្ត្រីផ្នែកទេសចរណ៍គួរតែចូលរួមជួយលើកទឹកចិត្តដល់អ្នកផ្តើមបុណ្យបែបនេះ ផ្ទុយទៅវិញមានតែក្រុមតន្ត្រី និងព្រះសង្ឃសូត្រមន្តប្រោះព្រំទឹកមន្តដល់ជនជាតិបរទេសប្រុស ស្រីដែលអង្គុយនៅលើឆ្នេរខ្សាច់កែបប៉ុណ្ណោះ។ លោកអាចារ្យដែលចេះភាសាបរទេសបាននិយាយថា ពិធីបុណ្យតន្ត្រីឆ្នេរកែបនេះ គឺជនបរទេសទាំងអស់ដែលជាម្ចាស់ផ្ទះសំណាក់បានរួមគ្នាធ្វើឡើងឱ្យឈ្មោះថា បុណ្យតន្ត្រីឆ្នេរកែប។ លោកគ្រូអាចារ្យនិយាយថា បុណ្យនេះពួកគេចង់បង្ហាញថា ខេត្តកែបគឺជាខេត្តមួយសំបូរទៅ ដោយរមណីយដ្ឋាន និងកន្លែងកំសាន្តនានាមានសភាពស្ងៀមស្ងាត់ និងមួយផ្នែកទៀតពួកគេអាចទាក់ទាញអ្នកទេសចរបរទេសឱ្យកាន់តែច្រើនមកកំសាន្តឆ្នេរកែបប្រទេសកម្ពុជាតាមការ ផ្សាយនេះ។
លោកស្រី ជា យាន់ដាន់ ជាជនបរទេស និងជាម្ចាស់ផ្ទះសំណាក់ឆ្នេរបានប្រាប់កោះសន្តិភាពថា នេះជាលើកទី១ហើយដែលមានការរួមគ្នាធ្វើពិធីបុណ្យនៅជាប់ឆ្នេរកែបនេះ។ ការធ្វើបុណ្យនេះបង្ហាញប្រាប់អ្នកទេសចរផ្សេងៗឱ្យមកចូលរួម ម្យ៉ាងវិញទៀតបង្ហាញពីភាពសប្បាយរីករាយរបស់ពួកគេដែលបញ្ជាក់ថា ខេត្តកែបមានសន្តិសុខល្អ។ លោកស្រីជាយាន់ដាន់ និយាយថា ពិធីបុណ្យនេះចំណាយលុយអស់ច្រើន ប៉ុន្តែនេះជាមុខមាត់របស់ខេត្តកែបដែរ។
លោកឆាយ ឃឿន ប្រធានមន្ទីរទេសចរណ៍មិនបានធ្វើអត្ថាធិប្បាយអ្វីទេ គឺលោកបានផ្តាច់ទូរស័ព្ទទៅវិញនៅពេលយើងទាក់ទងទៅ។ លោកហាស់ សារ៉េត អភិបាលខេត្តកែបធ្លាប់បានមានប្រសាសន៍នៅក្នុងពិធីផ្សេងៗថា អ្នកទេសចរមកកំសាន្តនៅឆ្នេរកែបមានកំណើនជាងបណ្តាឆ្នាំមុនៗដែលបង្ហាញថា ឆ្នេរកែបនៅ តែមានសក្តានុពល ៕




ចែករំលែកព័តមាននេះ