ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ធ្វើ​ឱ្យ​ពលរដ្ឋ​ស្គាល់​ផលិតផល​ខ្លួនឯង​កាន់តែ​ច្បាស់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយសារ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​កាលពី​ឆ្នាំ​មុន​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ឆ្នាំ​នេះ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​រៀបចំ​ឡើង​ម្ដងទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្គាល់​ផលិតផល​របស់​ខ្លួន និង​ងាក​មក​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​គោលបំណង​ដើម្បី​សុវត្ថិភាព​ផង និង​លើក​ស្ទួយ​ផលិតផល​ខ្លួន​ផង ។ យុទ្ធនាការ​សម្រាប់​ឆ្នាំ​២០១៧​នេះ…

រាជធានី​ភ្នំពេញ ៖ ដោយសារ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​កាលពី​ឆ្នាំ​មុន​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ប្រជាពលរដ្ឋ​កម្ពុជា ឆ្នាំ​នេះ​ក្រសួងពាណិជ្ជកម្ម​ក៏​បាន​រៀបចំ​ឡើង​ម្ដងទៀត ដើម្បី​ឱ្យ​ពលរដ្ឋ​កម្ពុជា​ស្គាល់​ផលិតផល​របស់​ខ្លួន និង​ងាក​មក​ប្រើប្រាស់​កាន់តែ​ច្រើន ក្នុង​គោលបំណង​ដើម្បី​សុវត្ថិភាព​ផង និង​លើក​ស្ទួយ​ផលិតផល​ខ្លួន​ផង ។ យុទ្ធនាការ​សម្រាប់​ឆ្នាំ​២០១៧​នេះ បាន​ចាប់ផ្ដើម​នៅ​រាជធានី​ភ្នំពេញ រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​២៩ តុលា ២០១៧ នៅ​ទល់មុខ​វិមាន​សុភមង្គល ស្ទឹង​មាន​ជ័យ ។

លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​មាន​ប្រសាសន៍​ថា យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ គឺជា​សំឡេង​ជួង​ពញ្ញាក់​ស្មារតី​ដល់​អ្នក​ប្រើប្រាស់​ទាំងឡាយ​ឱ្យ​ងាក​មក​ប្រើប្រាស់​ទំនិញ​ក្នុងស្រុក កាត់​បន្ថយ​ការ​ហូរ​ចូល​ទំនិញ​ពី​បរទេស ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ខ្មែរ​ទៅ​ក្រៅប្រទេស រួមចំណែក​ជួយ​ពង្រឹងសមត្ថភាព​ផលិត និង​បង្កើន​ការងារ​ក្នុងស្រុក ។

លោក​ថា ៖« យុទ្ធនាការ​នេះ ក៏​នឹង​ផ្ដល់​ការ​យល់​ដឹង​ខ្ពស់​ដល់​អ្នក​ផលិត​ក្នុងស្រុក ធ្វើ​យ៉ាងណា ឱ្យ​ផលិត​នូវ​ទំនិញ​មានគុណ​ភាព​ខ្ពស់ មាន​អនាម័យ ធានា​សុវត្ថិភាព​ប្រើ​ប្រាស់ មាន​សោភ័ណ​ភាព​ទាក់ទាញ និង​មាន​តម្លៃ​សមរម្យ អាច​ប្រកួតប្រជែង​ជាមួយ​ទំនិញ​នាំ​ចូល » ។

លោក​បន្ត​ថា ការ​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ នឹង​ជួយ​​កម្ពុជា​ឱ្យ​បង្ក​បាន​នូវ​បរិយាកាស​អាជីវកម្ម ពាណិជ្ជកម្ម​ក្នុងស្រុក​កាន់តែ​ល្អ​ប្រសើរ បង្កើន​លទ្ធភាព​ផលិតកម្ម​ក្នុងស្រុក និង​បង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ក្នុងស្រុក​បានជា​អតិបរមា​, ផលិត​នូវ​ទំនិញ​ថ្មី​ៗ បម្រើ​សេចក្ដី​ត្រូវការ​ក្នុងស្រុក កាត់​បន្ថយ​ការ​នាំ​ចូល និង​ជំរុញ​ការ​នាំ​ចេញ​, ធ្វើ​ពិពិធ​កម្ម​មុខទំនិញ​ថ្មី​ៗ ដែល​មាន​លទ្ធភាព​ប្រកួតប្រជែង​ទាំង​លើ​ទីផ្សារ​ក្នុងស្រុក ទីផ្សារ​ក្នុង​តំបន់ និង​ទីផ្សារ​ពិភពលោក ។ បង្កើត​បាន​នូវ​ការងារ​ថ្មី​ៗ​ថែម​ទៀត ជួយ​បង្កើន​ប្រាក់​ចំណូល ជួយ​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក និង​រួមចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ ។

លោក​បន្ថែម​ថា ក្រៅពី​សកម្មភាព​ដាក់​តាំង​បង្ហាញ​ផលិតផល​ខ្មែរ ការ​រៀបចំ​សិក្ខា​សាលា និង​ការ​ប្រគំ​តន្ត្រី​ក្នុង​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ ក្រសួងពាណិជ្ជកម្ម​បាន​សហការ​ជាមួយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​, ក្រសួងទេសចរណ៍​, ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ រៀបចំ​វេទិកា​ជំនួប​ពិគ្រោះ​យោបល់​ចំនួន​២​លើក​រួច​មក​ហើយ រវាង​អ្នក​ផលិត អ្នក​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ និង​អ្នក​បញ្ជា​ទិញ អ្នក​ប្រើប្រាស់ ផលិតផល​ខ្មែរ ដូច​ជា ផ្សារ​ទំនើប សណ្ឋាគារ និង​ភោជនីយ​ដ្ឋាន ។

លោក​ថ្លែង​ថា ៖« នៅ​ក្នុង​ជំនួប​ដ៏​កម្រ​នោះ ភាគី​អ្នក​ផលិត អ្នក​ផ្គត់ផ្គង់​ផលិតផល​ខ្មែរ និង​ភាគី​អ្នកបញ្ជា​ទិញ អ្នក​ប្រើប្រាស់​ផលិតផល​ខ្មែរ មានឱកាស​បាន​លើក​ឡើង​ពី​ចំណុច​ខ្លាំង ចំណុចខ្សោយ ភាព​ងាយស្រួល ការ​លំបាក និង​សំណូមពរ​របស់​ខ្លួន​ជូន​រដ្ឋមន្ត្រី​ទាំង​៤​ក្រសួង​ដើម្បី​ឆ្លើយ​តប និង​ដោះស្រាយ​ជូន​តាម​សមត្ថកិច្ច​រៀង​ៗ​ខ្លួន ។ ក្រសួង​ទាំង​៤​បាន​សន្យា​ថា នឹង​រៀបចំ​វេទិកា​ដ៏​មាន​សារសំខាន់​បែប​នេះ​បន្ត​ទៀត​នា​ពេល​ខាង​មុខ » ។

លោក​ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ ប៊ិ​ន ឈិ​ន រដ្ឋមន្ត្រី​ស្តីទី​នៃ​ទីស្តីការគណរដ្ឋមន្ត្រី ក៏​បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​ដ៏​មាន​សារសំខាន់​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ជំរុញ​សកម្មភាព​ពាណិជ្ជកម្ម ពង្រីក​ទីផ្សារ​ទាំង​ក្នុង និង​ក្រៅប្រទេស បង្ហាញ​ពី​បរិយា​កាស​ធុរកិច្ច និង​សក្តានុពល​វិនិយោគ ព្រមទាំង​បង្ហាញ​អំពី​គោលនយោបាយ​គាំពារ​វិនិយោគ និង​ធុរកិច្ច​នៅ​កម្ពុជា​។ តាម​រយៈ​ពិព័រណ៍​ពាណិជ្ជកម្ម​ផលិតផល​ខ្មែរ​នេះ លោក​សង្ឃឹមថា អ្នក​ប្រើប្រាស់​នឹង​បាន​ស្គាល់​កាន់តែ​ច្បាស់ ព្រមទាំង​ជួយ​គាំទ្រ​ទំនិញ​ក្នុងស្រុក ។

លោក កុយ សុវណ្ណ ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៃ​ក្រុមហ៊ុន​ផលិត​ទឹកដោះគោ Angkormilk ដែល​ជា​ផលិតផល​ខ្មែរ និង​បាន​ដាក់​តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​នោះ​ឲ្យ​ដឹង​ថា ព្រឹត្តិការណ៍​យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​នេះ ពិតជា​មាន​សារសំខាន់​ណាស់ ដែល​អាច​ផ្ដល់​ឱកាស​ដល់​ម្ចាស់​សហគ្រិន​កម្ពុជា​ទាំងឡាយ​ផ្សព្វផ្សាយ និង​បង្ហាញ​ផលិតផល​ខ្លួន​ទៅ​កាន់​ប្រជាពលរដ្ឋ​កម្ពុជា ។ លោក​ថា ៖« បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​តែងតែ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ចំណីអាហារ​ដែល​នាំ​ចូល​ពី​បរទេស ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​នៅ​មិន​ទាន់​ដឹង​ថា តើ​ផលិតផល​ណាមួយ​ជា​របស់​ខ្មែរ និង​បង្កើត​នៅ​ស្រុក​ខ្មែរ​ពិតប្រាកដ តែ​នៅ​ពេល​ព្រឹត្តិការណ៍​រៀបចំ​ធ្វើ​ឡើង ពេល​នោះ ពលរដ្ឋ​កាន់តែ​ស្គាល់​ពី​ផលិតផល​ក្នុងស្រុក និង​អាច​ងាក​មក​ប្រើ​ផលិតផល​ក្នុងស្រុក​វិញ » ។

លោក​បន្ត​ថា ផលិតផល​របស់​ក្រុមហ៊ុន​លោក​អាច​ផ្គត់ផ្គង់​គ្រប់​ទីផ្សារ​កម្ពុជា បើ​ទោះបី​គ្មាន​ការ​ចូល​ពី​ប្រទេស​ជិតខាង​ក៏​ដោយ ហើយ​ក្រុម​ហ៊ុ​ន​ក៏​នឹង​គ្រោង​ពង្រីក​សង្វា​ក់​ផលិត​ផល​បន្ថែម​ទៀត​ដើម្បី​ផ្គត់ផ្គង់​ឲ្យ​បាន​ទូលំទូលាយ​នៅ​ក្នុង​ប្រទេស ខណៈ​ពលរដ្ឋ​ខ្មែរ​បាន​ស្គាល់​​កាន់តែ​ច្រើន​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ