ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ម កែវ​ដា និង សេង ស្រឿ​ន ប៉ះ​ថៃ​យក​៣​ពិន្ទុ ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​ទី​២៨ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ដោយប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។…

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ម៉ោង​២​ថ្ងៃ​ទី​២៨ តុលា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​ដល់កំណត់​ត្រូវ​ប្រកួត​ដណ្ដើម​ពិន្ទុ​អន្តរជាតិ​ទៀត​ហើយ ដោយប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​ការ​ប្រកួត​លើក​នេះ​កីឡាករ​កម្ពុជា​ល្បីឈ្មោះ​ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ចាស់​មក​ពី​ប្រទេស​ថៃ​ដែល​មិន​ទាន់​ដឹង​ថា​អ្នក​ណា​នឹង​យក​បាន​៣​ពិន្ទុ​នៅឡើយ​ទេ។

កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង ឌុ​ម កែវ​ដា និង​សេង ស្រឿ​ន នឹង​ក្លាយជា​គូប្រកួត​ស៊ី
សាច់​ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ​។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​ត្រូវ​ប៉ះ​គ្នា​ក្នុង​វគ្គ​សន្សំ​ពិន្ទុ ។ លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​៤​រូប​ដែល​មានឈ្មោះ​ដណ្ដើម​យក​ខ្សែក្រវាត់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នោះ កីឡាករ ឌុ​ម កែវ​ដា គឺជា​ជើង​ខ្លាំង​វ័យក្មេង​ម្នាក់​ដែល​លោក​រំពឹង​ខ្ពស់ បើ​ទោះជា​គេ​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​ល្អជា​គូប្រកួត​ក្ដី ។ គេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phat Phayak
ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​។

លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​សំខាន់ដោយសារ​អ្នក​ណា​ឈ្នះ​ក្រៅពី​បាន​ពិន្ទុ​ហើយ គឺ​ត្រូវ​ទទួល​បាន​ទំនុកចិត្ត​ពី​អ្នកគាំទ្រ​ទៅ​ទៀត ផ្ទុយ​ទៅ​វិញ បើ​ចាញ់​មិន​ខុស​ពី​បាក់មុខ និង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នោះ​ទេ ។ លោក​ថា កីឡាករ ឌុ​ម កែវ​ដា អាច​ចាត់​ទុក​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​ឌុ​ម កែវ​ដា ជាមួយ​កីឡាករ​ជា​ដៃគូ​ពិតជា​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​សមត្ថភាព ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​ក៏​ល្អ​ទើប​លោក​យល់​ថា​គេ​អាច​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នៅ​ថ្ងៃស្អែក បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ និង​មិនសូវ​ល្អ​ខ្លះ​នៅ​លើ​សង្វៀន​អន្តរជាតិ ។ លោក​និយាយ​ថា ឌុ​ម កែវ​ដា នៅ​តែ​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​លើក​នេះ ។

កីឡាករ​ថៃ​ដែល​ត្រូវ​ប្រកួត​ជាមួយ ឌុ​ម កែវ​ដា ធ្លាប់​ប្រកួត​៧៦​លើក ឈ្នះ​៦៥​លើក ចាញ់​១១​លើក និង​ស្មើ​១០​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​រហូត​ដល់​៨១​លើក ឈ្នះ​៦៦​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ។

សម្រាប់​កីឡាករ សេង ស្រឿ​ន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ថៃ​ឈ្មោះ​Phat Chhayden ក្នុង​នាម​ជា​គូ​រង​ឯក​អន្តរជាតិ ។ លោក​ថា ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល​សេង ស្រឿ​ន គឺជា​កីឡាករ​ខ្លាំង​មិនធម្មតា និង​ជាធនធាន​កីឡាករ​វ័យក្មេង​ដ៏​កម្រ​នោះ​ផង​។ ជាក់ស្ដែង​គេ​ឈ្នះ​ជា​ប្រចាំ​គ្រប់ពេល​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ទើប​មានមុខ​បាន​ឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​។

លោក​ថា កីឡាករ​ថៃ​ជា​ដៃគូ​គេ​គឺជា​កីឡាករ​វ័យក្មេង​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨០​លើក ឈ្នះ​៦៤​លើក ចាញ់​១៦​លើក និង​មិន​ដែល​ស្មើ រីឯ​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​៦៥​លើក ឈ្នះ​៥៥​លើក ចាញ់​១០​លើក និង​មិន​ធ្លាប់​ស្មើ​ដូច​គ្នា​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​ថ្ងៃអាទិត្យ​នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ខណៈ​នៅ​ប៉ុស្តិ៍​លេខ​៥​ព្រែក​កំ​ពិស មានការ​ប្រកួត​ជម្រុះ​១៦​នាក់​យក​៨​នាក់​ក្នុងស​ប្ដា​ហ៍​ទី​៩​ចាប់ពី​ម៉ោង​៥​ល្ងាច​តទៅ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ