ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លៃ​សាកលវិទ្យាល័យ​នៅ​អា​មេ​រិ​ក​កើនឡើង​ទៀត​ហើយ

6 ឆ្នាំ មុន

ទីក្រុង​ញូ​វ​យ៉​ក ៖ ថ្លៃ​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​លឿន​ជាង​អត្រា​អតិផរណា​ម្តងទៀត​ហើយ ។ យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​មហាវិទ្យាល័យ​ឲ្យ​ដឹង​ថា ថ្លៃ​សាលា​កើន​ឡើងជា​មធ្យម​នេះ កើត​មាន​ឡើង​ទាំង​ក្នុង​សាកលវិទ្យាល័យ​ឯកជន​និង​រដ្ឋ ។ វា​កើនឡើង​ពីរ​វាង​២,៩% ទៅ​៣,៦%​ក្នុងឆ្នាំនេះ…

ទីក្រុង​ញូ​វ​យ៉​ក ៖ ថ្លៃ​សាកលវិទ្យាល័យ​នៅ​សហរដ្ឋអាមេរិក​បាន​កើនឡើង​លឿន​ជាង​អត្រា​អតិផរណា​ម្តងទៀត​ហើយ ។

យោង​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​គណៈកម្មការ​មហាវិទ្យាល័យ​ឲ្យ​ដឹង​ថា ថ្លៃ​សាលា​កើន​ឡើងជា​មធ្យម​នេះ កើត​មាន​ឡើង​ទាំង​ក្នុង​សាកលវិទ្យាល័យ​ឯកជន​និង​រដ្ឋ ។ វា​កើនឡើង​ពីរ​វាង​២,៩% ទៅ​៣,៦%​ក្នុងឆ្នាំនេះ ។ ជាមួយ​គ្នា​នេះ អត្រា​អតិផរណា​បាន​កើនឡើង​ប្រមាណ​តែ​២% ។

តម្លៃ​ប្រចាំឆ្នាំ​បាន​កើនឡើង​ប្រមាណ​៣០០​ដុល្លារ​ក្នុង​មហាវិទ្យាល័យ​រដ្ឋ និង​កើន​៨០០​ដុល្លារ​សម្រាប់​មហាវិទ្យាល័យ​ឯកជន ។

លោក Robert Kelchen ជំនួយការ​សាស្ត្រាចារ្យ​ផ្នែក​អប់រំ​កម្រិត​ខ្ពស់​ក្នុង​មហាវិទ្យាល័យ Seton Hall បាន​ឲ្យ​ដឹង​ថា ៖« មាន​កត្តា​ជា​ច្រើន​ដែល​ជំរុញ​ឲ្យ​ថ្លៃ​សាលា​កើនឡើង » ។
ការ​ចំណាយ​ក្នុង​មហាវិទ្យាល័យ​ភាគច្រើន គឺ​ទាក់ទិន​នឹង​បុគ្គលិក ការ​ថែរក្សា​សុខភាព​របស់​ពួក​គេ និង​អត្ថប្រយោជន៍​ដែល​ពួក​គេ​ទទួល​បាន ។

លោក Kelchen កត់​សម្គាល់ថា ការ​កាត់​បន្ថយ​ការ​ផ្តល់​ជំនួយ​ពី​រដ្ឋ ក៏​ជា​កត្តា​មួយ​ប៉ះពាល់​ដល់​មហាវិទ្យាល័យ​រដ្ឋ​ផង​ដែរ ។

ប៉ុន្តែ​មិនមែន​គ្រប់​រដ្ឋ​កាត់​បន្ថយ​ជំនួយ​សម្រាប់​ការ​អប់រំ​កម្រិត​ខ្ពស់​ទេ ។ ទីក្រុង​ញូ​វ​យ៉​ក​, Oregon, Tennessee និង Rhode Island បាន​បន្ថែម​ជំនួយ​ដើម្បី​ឲ្យ​ពលរដ្ឋ​មួយ​ចំនួន​ទទួល​បានការ​អប់រំ​ដោយ​ឥត​គិតថ្លៃ​ទៀត​ផង ។

លោក Kelchen បន្ត​ថា កត្តា​មួយទៀត​ដែល​ជំរុញ​ដល់​ការ​ឡើងថ្លៃ​នេះ គឺ​ការ​បញ្ចុះតម្លៃ​។ មហាវិទ្យាល័យ​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ដល់​សិស្ស​កាន់តែ​ច្រើន ។

សិស្ស​ទទួល​បាន​ជំនួយ​ហិរញ្ញវត្ថុ​ច្រើន​ជាង​ឆ្នាំ​មុន ប៉ុន្តែ​នៅ​តែ​មិន​គ្រប់​គ្រាន់បើ​ធៀប​នឹង​ថ្លៃ​សាលា​កើនឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ