ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​គ្រោង​វិ​និ​យោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន​នា​ពេល​ខាង​មុខ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​តែ​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​កំពុង​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​កម្ពុជា និង​គ្រោង​ចាប់ផ្តើម​គម្រោង​វិនិយោគ​របស់​ពួក​គេ​នា​ពេល​ខាង​មុខ​ទៅ​លើ​វិស័យ​ជា​ច្រើន​រួម​មាន ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សេវាកម្ម…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​កំពុង​តែ​ទាក់ទាញ​ក្រុមហ៊ុន​ជប៉ុន​ថ្មី​ៗ​ជា​ច្រើន​ទៀត ដែល​បច្ចុប្បន្ន​នេះ មាន​ក្រុមហ៊ុន​ជប៉ុន​ជា​ច្រើន​កំពុង​សិក្សា​ឈ្វេងយល់​បន្ថែម​ពី​កម្ពុជា និង​គ្រោង​ចាប់ផ្តើម​គម្រោង​វិនិយោគ​របស់​ពួក​គេ​នា​ពេល​ខាង​មុខ​ទៅ​លើ​វិស័យ​ជា​ច្រើន​រួម​មាន ឧស្សាហកម្ម កសិកម្ម វេជ្ជសាស្ត្រ សេវាកម្ម និង​ហិរញ្ញវត្ថុ ។

លោក អិុត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក យ៉ូ​ស៊ី កុន​ដូ (Yoshio Kondo) អគ្គនាយក​ក្រុមហ៊ុន​ប្រូ​ឃេ​ស អេ​ស៊ា (Procast Asia) របស់​ជប៉ុន កាលពី​ថ្ងៃ​ទី​២៤ តុលា ថា វិនិយោគិន​ជប៉ុន​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ជា​ច្រើន​ក្នុង​ការ​វិនិយោគ​នៅ​កម្ពុជា​ក្នុង​វិស័យ​ខាងលើ ។ លោក​បន្ត​ថា ក្រុម​វិនិយោគិន​ទាំងនេះ​បាន​សិក្សា​រួច​ហើយ​នា​ពេល​កន្លង​មក តាម​រយៈ​ព័ត៌មាន ហើយ​ពេល​នេះ ពួក​គេ​មក​ដើម្បី​វិនិយោគ​លើ​វិស័យ​ឧស្សាហ​កម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និង​សេវាកម្ម ។

ប្រធាន​ក្រុម​ប្រតិភូ​សមាគម​ថូ​កៃ​ហ្សៃ លោក​Tou Kaizaikai បាន​លើក​ឡើង​ថា ការ​អញ្ជើញ​មក​ដល់​កម្ពុជា​ពេល​នេះ គឺ​សិក្សា​ឈ្វេងយល់​បន្ថែម​ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន ហើយ​នៅ​ថ្ងៃ​អនាគត ក្រុមការងារ​របស់​ជប៉ុន​នឹង​វិនិយោគ​នៅ​កម្ពុជា ។ លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​ជប៉ុន​ចង់​វិនិយោគ​នៅ​កម្ពុជា ដោយសារ​មើលឃើញ​ថា ប្រទេស​កម្ពុជា នា​ពេល​អនាគត​រីក​ចម្រើន​ខ្លាំង ។

សមាគម​ថូ​កៃ​ហ្សៃ មា​នទី​តាំងនៅ​តំបន់​ណា​កូ​យ៉ាក់ ខេត្ត​អៃ​ជិ ប្រទេស​ជប៉ុន ជា​តំបន់​រីក​ចម្រើន​ខ្លាំង​លើ​វិស័យ​ឧស្សាហកម្ម ។ សមាគម​នេះ​មាន​ក្រុមហ៊ុន​ធំ​ៗ​មាន​សមាជិក​ជាង​៣០០​ក្រុមហ៊ុន ។

សេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ជប៉ុន​បាន​វិនិយោគ​លើ​មូលដ្ឋាន​សំខាន់​ៗ​សម្រាប់​រយៈពេល​វែង​នៅ​កម្ពុជា​រួច​ហើយ ដែល​បច្ចុប្បន្ន​នេះ វិនិយោគិន​ជប៉ុន​បាន​វិនិយោគ​សាងសង់​ខុន​ដូ សណ្ឋាគារ អា​ផាត​មិន ការិយាល័យ ភោជនីយដ្ឋាន មន្ទីរពេទ្យ ទីលាន​វាយ​កូន​ហ្គោ​ល ក៏​ដូច​ជា​សេវាកម្ម​ហិរញ្ញ​វត្ថុ​នានា ។ លោក​បន្ត​ថា តាម​រយៈ​មូលដ្ឋាន​ទាំងនេះ គឺជា​ភាព​ចាំបាច់​សម្រាប់​ទាក់ទាញ​វិនិយោគិន​ជប៉ុន​ឲ្យ​មក​បណ្ដាក់ទុន​រកស៊ី​នៅ​កម្ពុជា នា​ពេល​អនាគត​កាន់តែ​ច្រើន ។

លោក​បន្ត​ថា ៖« ការ​បើក​ជើងហោះហើរ​ត្រង់​របស់​អាកាសចរណ៍ ANA កាលពី​ចុងឆ្នាំ​មុន គឺជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ភ្ជាប់​ទំនាក់ទំនង​នយោបាយ និង​សេដ្ឋកិច្ច​ជប៉ុន​-​កម្ពុជា ឲ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត » ។

លោក​បណ្ឌិត អ៊ិ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​ថ្លែង​ថា កម្ពុជា​កំពុង​ក្លាយជា​ទីតាំង​ទាក់ទាញ​វិនិយោគិន ហើយ​វិនិយោគិន​មុន​នឹង​មក​វិនិ​យោគ​​នៅ​ប្រទេស​ណា ពួក​គេ​មើលទៅ​លើ​កត្តា​ចំនួន​៣​ដូច​ជា ស្ថិរភាព​នយោបាយ​និង​សន្តិភាព កំណើនសេដ្ឋកិច្ច​ដ៏​រឹង​មាំ និង​ស្ថិរភាព​សង្គម​រយៈពេល​វែង ។ លោក​បន្ត​ថា កម្ពុជា​កំពុង​សម្រេច និង​រក្សា​បាន​នូវ​ស្ថិរភាព​ទាំង​៣​ផ្នែក​នេះ ដែល​ជួយ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​សម្រាប់​វិនិយោគិន​មក​ពី​ជុំវិញ​ពិភពលោក ។

លោក​បន្ត​ថា ៖« រហូត​មក​ទល់​ពេល​នេះ មាន​ក្រុមហ៊ុន​សហគ្រាស​ជប៉ុន​ជាង​១.០០០​ហើយ​ដែល​បាន​វិនិយោគ​នៅ​កម្ពុជា ហើយ​ពួក​គេ​បាន​ទូទាត់​សាច់ប្រាក់​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ