ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​សង្ឃឹម​តម្លៃ​ជ្រូក​ក្នុងស្រុក​ងើបឡើង បើ​នៅ​តែ​បន្ដ​ហូរ​ចូល​ខុសច្បាប់​ពី​វៀតណាម

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក នឹង​គ្មាន​ថ្ងៃ​មើលឃើញ​តម្លៃ​ងើបឡើង​ឡើយ បើ​ទោះបីជា​ខំ​ស្រែក​យ៉ាងណា​ក៏​ដោយ ព្រោះថា ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​សព្វថ្ងៃ​កាន់តែ​ខ្លាំង​ឡើង​ៗ ពិសេស​គឺ​ជ្រូក​ពី​ប្រទេស​វៀតណាម ហើយ​ម្នាក់​ៗ​ចេះ​តែ​ឆ្ងល់​ថា បើ​ជ្រូក​វៀតណាម​នាំ​ចូល​មក…

រាជធានី​ភ្នំពេញ ៖ អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក នឹង​គ្មាន​ថ្ងៃ​មើលឃើញ​តម្លៃ​ងើបឡើង​ឡើយ បើ​ទោះបីជា​ខំ​ស្រែក​យ៉ាងណា​ក៏​ដោយ ព្រោះថា ការ​នាំ​ចូល​ពី​ប្រទេស​ជិតខាង​សព្វថ្ងៃ​កាន់តែ​ខ្លាំង​ឡើង​ៗ ពិសេស​គឺ​ជ្រូក​ពី​ប្រទេស​វៀតណាម ហើយ​ម្នាក់​ៗ​ចេះ​តែ​ឆ្ងល់​ថា បើ​ជ្រូក​វៀតណាម​នាំ​ចូល​មក ហើយ​លក់​ថោក​ជាង​ជ្រូក​ខ្មែរ​បែប​នេះ តើ​ចំណេញ​ឬទេ ?

ម្ចាស់​កសិដ្ឋាន ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​នានា​បាន​បកស្រាយ​ថា នៅ​តែ​ចំណេញ បើ​ទោះបី​ជា​តម្លៃ​លក់​ទាប​ជាង​ជ្រូក​ខ្មែរ​ក៏​ដោយ ព្រោះ​ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​អស់​តិច។

លោក នាង ច​ន្ថា ម្ចាស់​កសិដ្ឋាន​ដ៏​ធំ​មួយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បានឱ្យ​ដឹង​ថា ជ្រូក​នាំ​ចូល​ពី​វៀតណាម ហើយ​លក់​ក្នុង​តម្លៃ​ទាប​បែប​នេះ គឺ​នៅ​តែ​អាច​ចំណេញ ព្រោះ​ការ​ចំណាយ​លើ​ការ​ចិញ្ចឹម​របស់​គេ​អស់​តិច​ជាង​កម្ពុជា ។ លោក​ថា ៖« ភ្លើង​នៅ​វៀត​ណាម តម្លៃ​ទាប​ជាង​នៅ​ខ្មែរ​យើង​ជាង​១០​ដង​ឯណោះ ហើយ​បើ​ភ្លើង​ថោក អ្វី​ៗ​ក៏​ថោក​ដែរ ដូច​ជា ការ​ចំណាយ​លើ​ការ​ផលិត​ចំណី​ជ្រូក​ជាដើម ធ្វើ​ឲ្យ​តម្លៃ​ចំណី​ជ្រូក​ក៏​ទាប​ជាង​នៅ​កម្ពុជា​ដែរ ។ ដូចនេះ បើ​គេ​លក់​ជ្រូក​ថោក​ជាង​កម្ពុជា ក៏​គេ​នៅ​តែ​ចំណេញ​ដែរ ។ កត្តា​នេះ​ហើយ​ជា​ការ​ព្រួយបារម្ភ និង​សម្លាប់​កសិករ​ចិញ្ចឹម​ជ្រូក​ខ្មែរ​យើង ហើយ​បើ​នៅ​តែ​បណ្ដែតបណ្ដោយ​ឲ្យ​ជ្រូក​វៀតណាម​ហូរ​ចូល​បែប​នេះ​ទៀត​នោះ កុំ​សង្ឃឹមថា តម្លៃនឹង​ប្រសើរ​ឡើង » ។

យ៉ាងណា​ក៏​ដោយ លោក​គិត​ថា បើសិនជា​រាជរដ្ឋាភិបាល​កំណត់​ចំនួន​នាំ​ចូល ហើយ​អនុវត្ត​បាន​ត្រឹមត្រូវ បូក​រួម​នឹង​មន្ត្រី​គយ​តាម​ព្រំដែន​រឹត​បន្តឹង​ផង​នោះ តម្លៃ​ជ្រូក​ខ្មែរ​អាច​នឹង​ងើបឡើង​វិញ ។ ប៉ុន្តែ​កសិករ​លែង​មាន​ជំនឿ​ទៅ​ហើយ ព្រោះ​សព្វថ្ងៃ ឈ្មួញ​សម្រុក​ដឹក​ចូល​ទាំង​រថយន្ដ និង​ម៉ូតូ​យ៉ាង​មមាញឹក បើ​ទោះបីជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​មាន​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​កំណត់​ឲ្យ​នាំ​ចូល​តែ​១.២៥០​ក្បាល​ក្នុង​១​ថ្ងៃ​ក៏​ដោយ ។

លោក​ថា ៖« ខ្ញុំ​ប្រហែលជា​បិទ​រោង​កសិដ្ឋាន​ចោល​ហើយ ព្រោះ​តម្លៃ​ជ្រូក​សព្វថ្ងៃ វា​មិន​ត្រឹមតែ​មិន​ចំណេញ​ទេ តែ​ថែម​ទាំង​ខាត​កាន់តែ​ច្រើន​ឡើង​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។ រាល់​ថ្ងៃនេះ ជ្រូក​ល្មម​ត្រូវ​ចាប់ តែ​គ្មាន​អ្នក​មក​ចាប់​ទេ បើ​ទោះបីជា​តម្លៃ​ទាប​ក៏​ដោយ ព្រោះ​កុងស៊ី​កាប់​ជ្រូក​ខ្មែរ គេ​មិន​ចង់​មក​ចាប់​ជ្រូក​ខ្មែរ​ទេ គេ​ចាំ​ទទួល​ជ្រូក​វៀតណាម​ដែល​ឈ្មួញ​ដឹក​ដល់​កន្លែង​តែ​ម្ដង » ។

លោក​បន្ថែម​ថា បើ​សមត្ថកិច្ច​តាម​ព្រំដែន និង​ថ្នាក់ដឹកនាំ​នៅ​តែ​មិន​ខ្វល់​ពី​ការ​ហូរ​ចូល​ជ្រូក​រស់​ពី​ប្រទេស​ជិតខាង​ទេ​នោះ ជ្រូក​ខ្មែរ​គ្មាន​ថ្ងៃ​ងើបឡើង​វិញ​ទេ ហើយ​ម្ចាស់​កសិ​ដ្ឋាន​នៅ​ខេត្តស្វាយរៀង ក៏​ដូច​ជា​នៅ​រាជធានី​ភ្នំពេញ ឬ​ទូ​ទាំង​ប្រទេស អាច​នឹង​បោះបង់​ចោល​របរ​នេះ ព្រោះតែ​មិន​អាច​ទប់​ការ​ចំណាយ​ដែល​ចេះ​តែ​ខាត​រៀង​រាល់​ខែ ។

សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ចេញ​សេចក្តីជូនដំណឹង​មួយ​ដល់​សមាជិក​របស់​ខ្លួន​ថា ជ្រូក​រស់​របស់​ខ្មែរ​បាន​ធ្លាក់​ដល់​តម្លៃ​ទាប​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​គ្មាន​ឈ្មួញ​ចុះ​មក​ចាប់​ជ្រូក​ពី​កសិដ្ឋាន​ខ្មែរ​ទៅ​ទៀត ។ ទាំងនេះ​ហើយ​ជា​ការ​ព្រួយបារម្ភ​កាន់តែ​ខ្លាំង​ទៅ​លើ​ទីផ្សារ​ជ្រូក​រស់​របស់​ខ្មែរ ។

លោក ជេ​ត ភី​រម្យ អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន ការ​នាំ​ចូល​ជ្រូក​រស់​ពី​វៀតណាម​ដោយ​ស្របច្បាប់​មិនសូវ​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​សកម្មភាព​នាំ​ចូល​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​ខិលខូច ដោយ​ឃុបឃិត​ជាមួយ​ពេទ្យសត្វ​ក្នុងស្រុក និង​មន្ត្រី​ព្រំដែន មាន​ចំនួន​ច្រើន​ក្នុង​មួយ​ថ្ងៃ​ៗ ។ ដូចនេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​មិន​អាច​ងើបឡើង​វិញ​បាន ។

លោក​ថា ៖« តម្លៃ​ជ្រូក​ខ្មែរ​បាន​ធ្លាក់​ចុះ​ទាប​បំផុត ស្រប​ពេល​នឹង​រដូវ​នេះ​ជា​រដូវ​សម្បូរ​ត្រី​ដែរ​។ ដូចនេះ ពលរដ្ឋ​ទិញ​ត្រី​មក​ធ្វើ​ម្ហូបអាហារ​ជំនួស​សាច់​ជ្រូក ហើយ​គាប់​ជួន​ការ​នាំ​ចូល​ខុសច្បាប់​កាន់តែ​ច្រើន​នោះ ទើប​ធ្វើ​ឲ្យ​តម្លៃ​ជ្រូក​កាន់តែ​ធ្លាក់​ចុះ » ។

លោក​បន្ត​ថា បច្ចុប្បន្ន ជ្រូក​របស់​កសិករ​លក់​ក្នុង​តម្លៃ​ចន្លោះ​ពី​៥.០០០ ទៅ​៥.៥០០​រៀល​ក្នុង​១​គីឡូ​ក្រោម ប៉ុន្តែ​ជ្រូក​របស់​ក្រុមហ៊ុន ដូច​ជា ម៉ុង​ឫ​ទ្ធី និង CP ជាដើម អាច​លក់​បាន​ក្នុង​តម្លៃ​៦.០០០​រៀល​ក្នុង​១​គីឡូក្រាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ