ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣នាក់​ឪពុក​​ និង​កូន​ឆក់​ចរន្ត​​ភ្លើង​​បន្ត​​បន្ទាប់​ស្លាប់​ម្នាក់​ របួសធ្ងន់​​២នាក់

15 ឆ្នាំ មុន

​ខេត្ត​បន្ទាយមានជ័យ​ ៖ ​ក្មេង​ប្រុស​ម្នាក់​ត្រូវបានស្លាប់ រីឯ​បង​ប្រុស និង​​ឪពុក​​​បាន​រង​របួស​​​ធ្ងន់​ធ្ងរ​ក្នុង​ឧបទ្ទវហេតុ​​​គ្រោះថ្នាក់​​​​​ឆក់​ចរន្ត​ភ្លើង​​​។ ហេតុការណ៍​នេះ​បានកើតឡើង​​​នៅ​​វេលា​ម៉ោង​​​៧​និង​​៣០នាទី​​ព្រឹកថ្ងៃទី​​២៦ មីនា ឆ្នាំ​២០១១ ​នៅ​​ភូមិ​​វត្ត​​ចាស់ ឃុំ​-ស្រុក​​ម៉ាឡៃ ។​

​តាម​ប្រភពពី​លោក​នាយ​​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​​ម៉ាឡៃ បាន​ឱ្យ​​ដឹង​ថា ជនរងគ្រោះ​​ដែលស្លាប់​ក្នុងឧប្បត្តិហេតុ​​ខាង​លើ​​ ឈ្មោះ​យ៉ែម ​ណា ភេទ​ប្រុស អាយុ​​៩​ឆ្នាំ ​នៅភូមិ​​​កើតហេតុ ។ ​មុនពេល​កើតហេតុ​​ កុមារា ​រងគ្រោះ​បានឡើង​​ដើម​ដូង​ដែលមាន​កម្ពស់​ប្រហែល​​៤ម៉ែត្រ ​​ដើម្បីកាប់​​ធាង​ដូង​​ដែលចុង​​ធាង​បាន​គងលើ​​ខ្សែ​ភ្លើង​​​​ស្រាត ស្រប​ពេល​នោះ​មេឃ​ភ្លៀង​រលឹម ​ទើប​បណ្តាល​ឱ្យ​​​ចរន្ត​ភ្លើង​​​ឆ្លង​​ឆក់ស្លាប់​​នៅលើ​ចុង​ដូង​ភ្លាមៗ​មួយ​​រំពេច ​។ ស្រប​ពេលនោះ​​ឪពុក​ឈ្មោះ​អ៊ូច យឿន ឃើញ កូន​ត្រូវ​ខ្សែ​ភ្លើង​​​ឆក់​ស្លាប់​ដូច្នោះ​ក៏ស្ទុះ​ឡើង​​ដើម​​ដូង ដើម្បី​​​ជួយ​យក​សព​ចុះ​​មក​ដី ប៉ុន្តែ​​គ្រាន់តែ​​ឡើងដល់​​​​ចុង​ដូង​​​​ក៏ត្រូវ​ចរន្ត​​​ភ្លើង​ឆក់​​ជាប់នៅចុង​​ដូង​ ឯ​សព​កូន​​​ប្រុស​ក៏​​ធ្លាក់​មក​ដី ។ ជាមួយគ្នានោះ កូនប្រុស​​​​ច្បង​​ឈ្មោះ​​យ៉ែម ​​យ៉ាន់ ​អាយុ​​​២០​ឆ្នាំ ​​ឃើញ​ឪពុក​​​ឆក់ខ្សែ​ភ្លើង​ ក៏​ស្ទុះ​​ឡើង​​ទៅជួយ​ឪពុក​​​​តែ​ត្រូវ​​ចរន្ត​​​ភ្លើង​ឆក់​​​ធ្លាក់​មក​​​ដីទាំង​​២នាក់​ឪពុក​ និង​កូន បណ្តាល​ឱ្យ​រង​របួស​ធ្ងន់​ ​ត្រូវបាន​​​​អ្នក​ជិតខាង​​​​ជួយដឹក​យក​ទៅ​សង្គ្រោះ​​​ភ្លាមៗ នៅ​មន្ទីរពេទ្យ​​បង្អែក​​ស្រុកម៉ា​ឡៃ ​​ទាន់ពេល ដែល​បច្ចុប្បន្ន​​អ្នក​រង​គ្រោះ​ទាំង​​២​បាន​ដឹង​ខ្លួន រួច​ផុត​ពី​​ការ​ស្លាប់​​ហើយ ប៉ុន្តែ​​​ដើរ​មិន​ទាន់រួច​នៅ​​ឡើយ ។​

លោកនាយ​ប៉ុស្តិ៍​​​បាន​បន្ត​​ថា ​តាម​​ព័ត៌មាន​​ក្រៅ​ផ្លូវ​​ថា ​នៅ​ថ្ងៃ​​កើតហេតុ​​​ឈ្មោះ​រ៉ន ភេទស្រី អាយុ​​៤៨​ឆ្នាំ ​ត្រូវ​​ជា​ម្តាយ​​ធំរបស់​​ក្មេង​ប្រុស​​​រង​គ្រោះ​និយាយ​​ថា រក​​អ្នក​ឡើង​​កាប់​ធាង​ដូង​ដែល​គង​លើ​ខ្សែ​ភ្លើង ​បាន​​ឱ្យ​​​២.០០០​រៀល ​ពេលនោះ​ក្មេង​​ប្រុស​​​រងគ្រោះឈ្មោះ​​​​យ៉ែម ណា បាន​​​ចិត្ត​ឡើង​​កាប់ ក៏​ជួប​​នូវគ្រោះថ្នាក់​នេះតែម្តង ​ហើយ​ឆក់​ជា​បន្ត​បន្ទាប់​​​ដល់​អ្នកជួយ​ទៀត​ ។​

លោក​​វរសេនីយ៍​ត្រី​​ម៉ី សាម៉ន អធិការ​នគរ​បាល​​​ស្រុកម៉ាឡៃ បាន​ឱ្យ​​ដឹង​ថា ​ដើមដូង​នោះគឺ​ជា​របស់​ឈ្មោះរ៉ន ត្រូវជា​​ម្តាយ​ធំ​កុមារ​រង​គ្រោះ ​​ហើយ​​ដើម​​ដូងនោះ​​​​​រយៈ​កាលកន្លងមក ​ក្មេងៗ ​តែង​តែ​ឡើង​បេះផ្លែ​​ ​ប៉ុន្តែ​​មិន​មាន​បញ្ហាទេ ​តែ​ដល់​ក្មេង​ប្រុស​​រងគ្រោះ​​ឡើង​កាប់​ធាង ស្រប​ពេល​​​ដែលមេឃ​ភ្លៀង​រលឹម ​ទើប​បណ្តាល​​ឱ្យ​ចរន្ត​ភ្លើង​​​ឆ្លង​ឆក់​ស្លាប់ ហើយ​​​​ឪពុក និង​កូនប្រុស​ច្បង​ទៅជួយ​ក៏​​​ត្រូវ​ឆក់ជា​បន្តបន្ទាប់​​ ប៉ុន្តែ​មិន​រង​គ្រោះ​​​​ថ្នាក់​ដល់​​ជីវិតទេ ​គ្រាន់តែ​​រង​របួស​ធ្ងន់ ។ បច្ចុ​ប្បន្ន​​​សពកុមារា​រងគ្រោះ​​ត្រូវបាន​​រៀប​ចំ​ធ្វើ​បុណ្យ​​តាមប្រពៃណី​​ក្រោម​ដំណក់​ទឹកភ្នែក​​ឪពុក​ម្តាយ​ បង​ប្អូន និង​សាច់​​ញាតិ ក្នុងក្តី​អាឡោះ​​អាល័យ​​​​​អាណិត​អាសូរ​​​​ពន់ពេក ៕