ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន បង្ហាញ​ការ​គាំទ្រ​ការ​អភិវឌ្ឍ​របស់​កម្ពុជា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖​ ជប៉ុន​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្រោម​ការដឹក​នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នែ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ…

​រាជធានី​ភ្នំពេញ​ ៖​ ជប៉ុន​បាន​ប្រកាស​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍន៍​របស់​កម្ពុជា​ក្រោម​ការដឹក​នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​សម្តេច​តេ​ជោ ហ៊ុន ​សែន ​នាយក​រដ្ឋ​មន្ត្រី​នែ​ព្រះរាជា​ណា​ចក្រ​​កម្ពុជា ។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ (H.E.Mr. Iwao HORII) អនុរដ្ឋមន្ត្រី​ការ​បរទេស​របស់​ប្រទេស​ជប៉ុន ជាមួយ​សម្តេច ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ នា​ព្រឹក​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០១៧ នៅ​វិមាន​រដ្ឋសភា​។

​លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ បាន​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​របស់​រាជរដ្ឋាភិបាល និង​រដ្ឋសភា​កម្ពុជា​ក្នុង​ការ អភិវឌ្ឍ​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ​។ អនុរដ្ឋមន្ត្រី​ការ​បរទេស​បាន​លើក​ឡើង​​ថា ជប៉ុន​គឺជា​ប្រទេស​មួយ ដែល​បា​នប​ញ្ចូ​ល​កម្លាំង​រក្សា​សន្តិភាព ក្នុង​ក្រប​ខ័ណ្ឌ​អង្គការសហប្រជាជាតិ​មក​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​កាលពី​ឆ្នាំ​១៩៩៣ ហើយ​បន្ទាប់​មក​ជប៉ុន​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា​ជា​បន្តបន្ទាប់​។

​វិស័យ​ពាណិជ្ជកម្ម​ និង​ទេសចរណ៍​រវាង​ប្រទេស​ទាំង​ពីរ មានការ​រីក​ចម្រើន​ជា​លំដាប់​។ ក្នុង​តួនាទី​ជា អនុរដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ បាន​ជម្រាប​ជូន​សម្តេច​ប្រធានរដ្ឋសភា​ថា លោក​នឹង​ខិតខំ​​បំពេញ​តួនាទី​របស់​ខ្លួន​ឲ្យ​បាន​ខ្លាំងក្លា​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ជាមួយ​ប្រទេស​កម្ពុជា​បន្ត​​ទៀត​។

​លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ បាន​លើក​ឡើង​ថា នៅ​ឆ្នាំ​២០១៨​ខាង​មុខ​នេះ ​ចំណង​ការទូត​រវាង​កម្ពុជា និង​ជប៉ុន បាន​ឈាន​ដល់​ខួប​៦៥​ឆ្នាំ ហើយ​ក្នុង​ខួប​៦៥​ឆ្នាំ​នេះ លោក​សង្ឃឹមថា​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ នឹង​រឹង​មាំ​ឡើង ​ហើយ​ត្រូវ​បាន​ពង្រីក​ឲ្យ​កាន់តែ​គ្រប់​ជ្រុងជ្រោយ ទាំង​ខាង​នីតិប្បញ្ញត្តិ​ និង​នីតិប្រតិបត្តិ​។​

​លោក អ៊ិវ៉ា​អុ ហូ​រី​អ៊ិ បាន​គូសបញ្ជាក់​ថា​៖ «ជប៉ុន​នឹង​បង្កើត​ការិយាល័យ​កុងស៊ុល​នៅ​ក្នុង​ខេត្ត​សៀមរាប នា​ខែមករា​ ឆ្នាំ​២០១៨​ខាង​មុខ​នេះ​។ ការ​បង្កើត​ការិយាល័យ​កុងស៊ុល​នេះ ជា​ចំណុច​វិជ្ជមាន​មួយ​ដែល​បង្ហាញ​ពី​ចំណងមិត្តភាព ​និង​កិច្ច​សហប្រតិបត្តិការ​ដ៏​រឹង​មាំ​រវាង​​កម្ពុជា​និង​ជប៉ុន​»​។​

​ក្នុង​ជំនួប​នោះ​ដែរ​ សម្តេច​ ហេង សំ​រិ​ន បាន​សម្តែង​ក្តី​សោមនស្ស​រីករាយ​ និង​បាន​គូស​បញ្ជាក់​ថា​៖ «​ប្រជាជន​កម្ពុជា​ចង​ចាំ​ថា រាជរដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ស្វែងរក​សន្តិភាព ​និង​ការ​ស្តារ​កសាង និង​អភិវឌ្ឍន៍​ដល់​កម្ពុជា​តាំងពី​មុន​ចាប់ផ្តើម​កិច្ចចរចា​សន្តិភាព​រហូត​ដល់​មាន​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស និង​បន្ត​ដល់​បច្ចុប្បន្ន​ធ្វើ​ឲ្យ​ជប៉ុន​ក្លាយជា​ដៃគូ​ដ៏​មាន​សក្តានុពល​ក្នុង​ដំណើរការ​អភិវឌ្ឍន៍​នៅ​កម្ពុជា​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ